អ្នកឯកទេសវេជ្ជសាស្ត្រផ្នែកកុមារបានឲ្យដឹងថា មូលហេតុមកពីថ្នាំបង្ការជំងឺមួយចំនួនថ្លៃពេក មិនមានគ្រប់គ្រាន់សម្រាប់គ្រប់គ្នា ហើយស្ថាប័នរដ្ឋពុំមានលទ្ធភាពនឹងផ្ដល់សេវាជូនពលរដ្ឋបានដោយឥតគិតថ្លៃ។
អង្គការមួយឈ្មោះ កម្មវិធីសម្រាប់បច្ចេកវិជ្ជាសមរម្យខាងសុខភាព ហៅកាត់ថា ផាឌ (PATH=Program for Appropriate Technology in Health) បានបំពេញបេសកកម្មថែទាំសុខភាពដល់កុមារខ្មែរ ដោយសហការជាមួយក្រសួងសុខាភិបាល ដើម្បីផ្ដល់ការចាក់ថ្នាំបង្ការរោគ ចាប់តាំងពីឆ្នាំ២០០១ មក។
អង្គការនេះបានជួយរៀបចំកម្មវិធីដល់មណ្ឌលសុខភាពស្រុកចំនួន ១២។ អង្គការ ផាឌ បានជួយផ្ដល់សេវាចាក់ថ្នាំបង្ការជំងឺដល់កុមារចំនួន ២ម៉ឺន៥ពាន់នាក់ ក្នុងឆ្នាំ២០០៣។ ដល់ឆ្នាំ២០០៦ ៦៧% នៃកុមារខ្មែរទូទាំងប្រទេសទទួលបានការចាក់ថ្នាំបង្ការ ឬវ៉ាក់សាំងពេញលេញគ្រប់គ្នា។ ក្នុងរយៈពេលប្រាំឆ្នាំ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ អត្រាទារកស្លាប់ក្រោយពីកើតមកភ្លាម បានធ្លាក់ចុះ ៤០%។
តាមស្ថិតិនៃអង្គការសុខភាពពិភពលោក ផ្សាយក្នុងខែកក្កដា ឆ្នាំ២០១២ អត្រាទារកស្លាប់ក្រោមអាយុ ១២ខែ មានចំនួន ៤៣% ហើយកុមារអាយុក្រោមប្រាំឆ្នាំស្លាប់មានចំនួន ៥១%។
វេជ្ជបណ្ឌិត ប្រាយ៉ិន ម៉ាកក្លគ្លិន (Brian McLaughlin) នាយកកម្មវិធី ផាឌ ប្រចាំកម្ពុជា និងថៃពន្យល់អំពីជោគជ័យក្នុងការកាត់បន្ថយមរណភាពលើទារក និងកុមារ បណ្ដាលមកពីជំងឺដែលអាចការពារជាមុនបាននោះថា ដំបូងក្រុមរបស់លោកបានសិក្សាអំពីកម្រិតនៃការយល់ដឹង និងអំពីទស្សនៈរបស់ប្រជាពលរដ្ឋ ហើយរៀបចំយុទ្ធសាស្ត្រជួយពួកគាត់។
វេជ្ជបណ្ឌិត ប្រាយ៉ិន ម៉ាកក្លគ្លិន៖ «យើងបានធ្វើការស្រាវជ្រាវជាច្រើនអំពីអ្វីដែលប្រជាពលរដ្ឋយល់ដឹង មិនយល់ដឹង អំពីថ្នាំចាក់បង្ការរោគ ទស្សនៈរបស់គាត់ ឧបសគ្គ និងអារម្មណ៍ដូចម្ដេច បើនាំកូនចៅទៅចាក់ថ្នាំនៅតាមមណ្ឌលសុខភាព។ រួចមក យើងរិះរកយុទ្ធវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីធ្វើឲ្យពួកគាត់នាំកូនចៅទៅកាន់មណ្ឌលសុខភាព»។
ទោះជាយ៉ាងណាក៏ដោយ ថ្នាំចាក់បង្ការរោគប្រភេទខ្លះ ស្ថាប័នរដ្ឋផ្នែកសុខភាពពុំអាចផ្ដល់ឲ្យកុមារខ្មែរបានគ្រប់គ្នា ដោយឥតគិតថ្លៃនោះបានទេ ព្រោះថា ថ្នាំនោះបរិមាណមិនសំបូរ ហើយមានតម្លៃថ្លៃ។ អ្នកឯកទេសផ្នែកសុខភាពកុមារថ្លែងថា បើចង់ឲ្យកូនចៅបានទទួលការចាក់ថ្នាំបង្ការរោគប្រភេទខ្លះ ដែលរដ្ឋមិនអាចផ្ដល់បាន មាតាបិតាអាចយកកូនចៅទៅចាក់ថ្នាំនោះ នៅតាមគិលានដ្ឋាន ឬមន្ទីរពេទ្យឯកជន ហើយបង់ប្រាក់ដោយខ្លួនឯងបើគេមានលទ្ធភាព។
អ្នកជំនាញវិជ្ជាពេទ្យកុមារ នៅមន្ទីរពេទ្យ រ៉ូយ៉ាល់ រតនៈ នៅក្នុងខេត្តសៀមរាប លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មានប្រសាសន៍អំពីកិច្ចការពារចាំបាច់ដល់សុខុមាលភាពទារកសម្រាប់យូរអង្វែង គឺចាក់ថ្នាំការពារជំងឺឆ្លងមួយចំនួនមុនគេបង្អស់ ហើយនិងភាពខុសគ្នានៃកម្មវិធីចាក់ថ្នាំបង្ការ ពីប្រទេសមួយ ទៅប្រទេសមួយ។
លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី៖ «យើងនៅស្រុកខ្មែរហ្នឹងវាខុសពីនៅអាមេរិក នៅស្រុកផ្សេងៗ សូម្បីតែខ្មែរយើង វៀតណាម ថៃ ក៏កម្មវិធីចាក់ខុសៗគ្នាដែរ។ នៅស្រុកយើង ជាសំខាន់កើតមកភ្លាម ចាក់ (ការពារ) ជំងឺរបេង រលាកថ្លើមបេ។ របេង និងរលាកបេ កើតមកភ្លាមចាក់ភ្លាមតែម្ដង។ ដល់ពេលបានមួយខែកន្លះ ពីរខែកន្លះ បីខែកន្លះ គេមានចាក់តេតាណូស ក្អកមាន់ ខាន់ស្លាក់ ស្វិតដៃ ជើង។ ចាក់ក្នុងពេលជាមួយថ្នាំតែមួយម្ជុល បានបួនប្រាំមុខអ៊ីចឹងតែម្ដង»។
លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ពន្យល់អំពីភាពចាំបាច់នៃការចាក់ថ្នាំបង្ការ ដើម្បីរក្សាសុខុមាលភាពកុមារទប់ទល់នឹងជំងឺបៀតបៀនទៅអនាគត ព្រមទាំងថេរវេលាដែលមាតាបិតា គួរចងចាំដើម្បីនាំកូនទៅចាក់ថ្នាំ៖ «ដល់អាយុប្រាំមួយខែ យើងចាក់ម្ដងទៀត (ចាក់ដដែលឡើងវិញសាជាថ្មី)។ ដល់អាយុប្រាំបួនខែ យើងចាក់ជំងឺកញ្ជ្រឹល ហ្នឹងនៅក្នុងពេទ្យរដ្ឋ។ ដល់ពេទ្យឯកជន គេមានកម្មវិធីរបស់គេផ្សេងទៀត ព្រោះខាងរដ្ឋ វ៉ាក់សាំងវាមានលីមីត (កំណត់)។ វ៉ាក់សាំងណាដែលថ្លៃៗ ដែលរដ្ឋមិនមានលទ្ធភាពនាំចូលសម្រាប់ប្រជាជន ព្រោះអីវ៉ាក់សាំងរបស់រដ្ឋគេចាក់ ហ្រ្វ៊ី (free) អ៊ីចឹងវ៉ាក់សាំងណាដែលថ្លៃ រដ្ឋយើងអត់អាចជួយដល់ពលរដ្ឋបានទេ។ អ៊ីចឹងខាងឯកជន គេមានវ៉ាក់សាំងហ្នឹងលក់ ជាពិសេសសម្រាប់អ្នកដែលមានលទ្ធភាព»។
លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី មានប្រសាសន៍ថា ការចាក់ថ្នាំបង្ការ គឺចាំបាច់បំផុតនៅពេលដែលកុមារមានអាយុក្រោមមួយឆ្នាំ៖ «ចាប់ពីអាយុមួយខួបទៅ យើងមានវ៉ាក់សាំងរលាកខួរក្បាល គេហៅ ជីអ៊ី (GE) ម៉េនិញចាយទិស អិនសេហ្វេឡាយទិស (meningitis encephalitis)។ ដល់មួយខួបកន្លះ បានគេរំឭកម្ដងទៀត កាលពីយើងចាក់ពីអាយុក្រោមមួយខួបនោះ ដើម្បីឲ្យអង់ទីគ័រយើងបាននៅយូរអង្វែង។ និយាយរួម វ៉ាក់សាំងដែលសំខាន់ គឺចាក់ក្រោមមួយខួប លើសពីមួយខួបទៅ គឺគ្រាន់តែរំឭកទេ»។
ចំពោះជំងឺអុតស្វាយ អ្នកជំនាញខាងវេជ្ជសាស្ត្រឲ្យចាក់លើកុមារអាយុពីរឆ្នាំ។
វិទ្យាស្ថានឈ្មោះ សេប៊ិន វ៉ាក់ស៊ីនអ៊ិនស្ទីទូត (Sabin Vaccine Institute) នៅរដ្ឋធានីវ៉ាស៊ីនតោន ស.រ.អា ដែលមានបេសកកម្មនៅកម្ពុជា ដើម្បីសិក្សា និងជួយផ្ដល់យោបល់ដល់ រដ្ឋាភិបាលខាងវិស័យការពារជំងឺ បានរាយការណ៍កាលពីឆ្នាំ២០១១ ទាក់ទងនឹងកម្មវិធី ពង្រីកការចាក់ថ្នាំភ្សាំជំងឺ ឬបង្ការរោគ (Expanded Program of Immunization=EPI) ថា កម្ពុជាអាចឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សវិស័យទី៤ គឺកាត់បន្ថយអត្រាមរណភាពកុមារ និងវិស័យទី៥ គឺបង្កើនសុខភាពមាតា លុះត្រាតែមានការកែប្រែគោលការណ៍នយោបាយផ្នែកសុខាភិបាល។
ទន្ទឹមគ្នានេះ តាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត អ៊ុង វិសុទ្ធមុនី ថ្នាំបង្ការរោគមួយចំនួន មិនបានទៅដល់ប្រជាពលរដ្ឋក្រីក្រ ដែលព្យាយាមនាំកូនចៅទៅស្វែងរកថ្នាំការពារជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីររដ្ឋនោះឡើយ៖ «រដ្ឋយើងអត់អាចផ្ដល់បានដូចជា វ៉ាក់សាំងរាក។ សព្វថ្ងៃនេះជំងឺរាក គេហៅ រ៉ូតាវ៉ាយរ៉ឹស (rotavirus) ហ្នឹង គេបន្តក់នៅពេល (ទារក) អាយុបានពីរខែ អាយុបួនខែ គេបន្តក់ពីរបន្តក់ដង នឹងអាចការពារបានជំងឺរាក។ វ៉ាក់សាំងហ្នឹង នៅរដ្ឋយើងអត់បានផ្ដល់ឲ្យប្រជាជនទេ។ ប៉ុន្តែនៅខាងសេវាឯកជន គេផ្ដល់បាន គេបង់ថ្លៃ។ យកលុយពីអ្នកមានលទ្ធភាព។ សេវារបស់មន្ទីរពេទ្យរដ្ឋ គេមានយុទ្ធនាការរបស់គេ ដល់រដូវត្រូវចាក់ គេផ្សាយវិទ្យុ ទូរទស្សន៍ គេបិទប្រកាស។ ឥឡូវយើងមានមណ្ឌលសុខភាព ហើយគ្រួសារនៅជិតមណ្ឌលសុខភាព គាត់អាចនាំកូនទៅចាក់ អត់មានបង់លុយទេ។ វ៉ាក់សាំងដែលមាននៅក្នុងពិភពលោកទាំងប៉ុន្មាន រដ្ឋយើងមិនអាចផ្ដល់ឲ្យបានទាំងអស់ទេ»។
វិទ្យាស្ថាន សេប៊ិន វ៉ាក់ស៊ីនអ៊ិនស្ទីទូត (Sabin Vaccine Institute) រាយការណ៍ថា បច្ចុប្បន្នថវិកាជាតិសម្រាប់សុខភាពពលរដ្ឋប្រមាណ ៧០% ចំណាយនៅឯក្រសួងថ្នាក់លើ ហើយ ៣០% ចំណាយសម្រាប់គម្រោងកម្មវិធីនៅថ្នាក់ក្រោម តាមខណ្ឌសុខាភិបាលចំនួន ៧៦ និងមណ្ឌលសុខភាពចំនួន ៩៣០ នៅទូទាំង ២៤ខេត្តក្រុង។
ឆ្នាំ២០០៥ រដ្ឋាភិបាលចំណាយ ២៦ដុល្លារ លើកុមារម្នាក់ៗ ដើម្បីផ្ដល់ការចាក់ថ្នាំភ្សាំជំងឺ ឬបង្ការរោគ ខាន់ស្លាក់ តេតាណូស និងក្អកមាន់។ រីឯនៅឆ្នាំ២០០៨ រដ្ឋាភិបាលចំណាយថវិកាសម្រាប់កុមារម្នាក់ៗចំនួន ១៧ដុល្លារ ដើម្បីចាក់ថ្នាំភ្សាំជំងឺ ឬបង្ការរោគ ខាន់ស្លាក់ តេតាណូស និងក្អកមាន់ លើកុមារទូទាំងប្រទេសចំនួនជាង បីសែនបីម៉ឺននាក់ (៣៣០,០០០)។
ក្នុងឆ្នាំ២០០៨ ទារកកើតមានចំនួនជិត បួនសែននាក់ (៤០០,០០០) ហើយស្លាប់ក្រោមអាយុប្រាំឆ្នាំមានចំនួនបីម៉ឺនពីរពាន់នាក់ (៣២,០០០)។ វិទ្យាស្ថាននោះរកឃើញថា បើមានកម្មវិធីចាក់ថ្នាំភ្សាំ និងបង្ការជំងឺទាំងបីប្រភេទនោះទៀងទាត់ កុមារនៅរស់រានមានជីវិតចំនួនជិតប្រាំពាន់នាក់ (៥,០០០) ហើយបើមានវ៉ាក់សាំងថ្មីៗ ចាក់ឲ្យកុមារទៀងទាត់ទៀតនោះ កុមារអាចនៅរស់រានមានជីវិតចំនួន ប្រាំបីពាន់នាក់ (៨,០០០)។ អ្នកវេជ្ជសាស្ត្រថ្លែងថា ជំងឺខ្លះគេអាចការពារទុកជាមុនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។