លោកអ្នកបានជ្រាបកាលពីសប្តាហ៍មុនៗមកហើយនូវព្រះថេរដីការបស់ព្រះភិក្ខុ ហួរ សារិទ្ធិ សាស្ត្រាចារ្យពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលព្រះអង្គបានអធិប្បាយជូនស្តាប់ពីកិច្ចសង្គ្រោះប្រាំប្រការដែលសិស្សានុសិស្សនិងគ្រូគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក។
នៅពេលនេះនាងខ្ញុំសូមលើកយកប្រសាសន៍អ្នកស្រី យឹម នីម៉ូឡា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសំឡេងស្រ្តីខ្មែរ បានមានប្រសាសន៍លើកឡើងពីបញ្ហាមួយចំនួនដែលជាកំហុសឆ្គងពីសំណាក់លោកគ្រូអ្នកគ្រូផងនិងពីសិស្សខ្លួនឯងផង។
អ្នកស្រីបញ្ជាក់ថាវាជាបញ្ហាមួយដែលឪពុកម្ដាយក៏ដូចអ្នកអាណាព្យាបាលដែរ ត្រូវយកចិត្តទុកដាក់ដើម្បីឲ្យកូនៗទាំងអស់មានអនាគត ត្រូវតែនាំគ្នាជួយអប់រំនិងកែលម្អទាំងអស់គ្នាឡើង ៖ «ករណីនេះមិនមែនជាករណីសាមញ្ញធម្មតាដែលយើងគិតថាជាជ្រុងតូចមួយដែលមិនគួរគិតទេ ត្រូវតែគិត ពីព្រោះបើយើងនិយាយពីបញ្ហាចំណុចហ្នឹង គឺក្មេងជាធនធានមនុស្សម្នាក់ក្នុងសង្គម ដែលវាជំនួសបន្តវេនឲ្យយើងជាមនុស្សចាស់។ យើងគិតពីដើមដែលច្រើនតែប្រើពាក្យថា ទំពាំងស្នងឫស្សី អ៊ីចឹងយើងត្រូវគិតថាបើប៉ះពាល់ទៅលើចំណុចដែលមានពាក់ព័ន្ធទៅក្មេងវាជារឿងមួយធំ មិនមែនជារឿងតូចទេ ហើយយើងគួរចាប់អារម្មណ៍ទាំងអស់គ្នាដើម្បីគិតពីចំណុចហ្នឹងផង»។
អ្នកស្រីនាយិកាបានមានប្រសាសន៍ថា អ្នកស្រីមិនបន្ទោសលោកគ្រូអ្នកគ្រូ ឬក៏បន្ទោសឪពុកម្តាយទេ ក៏ប៉ុន្តែអ្នកស្រីចង់លើកករណីខ្លះដើម្បីបង្ហាញជាឧទាហរណ៍ជូនដល់អ្នកគ្រូលោកគ្រូ ឬក៏លោកឪពុកអ្នកម្តាយរបស់សិស្សដើម្បីឲ្យពិចារណាទាំងអស់គ្នា ៖ «លោកគ្រូអ្នកគ្រូត្រូវប្រកាន់យកគោលការវិន័យឲ្យច្បាស់លាស់ដើម្បីអប់រំក្មេងឲ្យបានល្អ»។
អ្នកស្រីនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសំឡេងស្រ្តីខ្មែរបានលើកឡើងពីលក្ខណៈនៃការបង្រៀនសិស្សកាលពីជំនាន់មុននិងសម័យថ្មីថា ៖ «កាលពីរៀនពីដើមកន្លងមកខ្ញុំធ្លាប់ឃើញលោកគ្រូអ្នកគ្រូ គាត់ហៅសរសេរ ឬក៏សរសេរអ៊ីចឹងទៅ ក្មេងវាបានអនុវត្តក្នុងការសរសេរច្រើន។ ឥឡូវមានសំណួរដែលមានស្រាប់ៗទៀតសម្រាប់ឲ្យក្មេងឆ្លើយស្រាប់ៗ គូសយកៗក្មេងអត់បានយកខួរក្បាលរបស់វាគិតប៉ុន្មានទេ»។
ទន្ទឹមនឹងការបង្រៀននេះដែរ អ្នកស្រីបានលើកពីចំណុចខ្វះខាតដែលធ្វើឲ្យសិស្សមួយចំនួនរៀនខ្សោយថែមទាំងមិនសូវចេះចាំមេរៀនទៀតថា ៖ «ខ្ញុំឃើញថាវាអត់អាចធ្វើឲ្យកូនសិស្សខ្មែរយើង សង្គមឥឡូវអាចជឿនលឿនបានទេ ចំណេះវិជ្ជាហ្នឹងដូចថាយូរៗទៅកាន់តែរេចទៅៗ ដោយសារតែក្មេងវាអត់បានយកខួរក្បាលយកមកគិតពិចារណាច្រើន ព្រោះវាគិតថាមានតែលុយ៥០០រៀលទិញក្រដាសលោកគ្រូបានហើយ មិនបាច់កត់នាំឲ្យហត់អីទេ។ ហើយបើវាបានចងចាំអក្ខរាវិរុទ្ធវាក៏មិនសូវខុសដែរ។ ហើយសម័យនេះមានបាក់ឌុបហើយ ក្មេងចេញសម័យនេះ ខ្ញុំឃើញមួយចំនួនសរសេរអក្ខរាវិរុទ្ធអត់ត្រូវទេ វចនានុក្រមខ្មែរមានតែមិនដឹងយ៉ាងម៉េចសរសេរអត់ត្រូវ។ អ៊ីចឹងអត់បានឃើញពេលវាសរសេរមកវិញតើវាយ៉ាងម៉េច ខុសឆ្គងយ៉ាងម៉េចអត់បានណែនាំ។ ហើយមិនមែនត្រឹមតែណែនាំថ្នាក់បាក់ឌុបហើយទេ ត្រូវតែណែនាំតាំងពីថ្នាក់ក្រោមមក ព្រោះរៀនអក្សរខ្មែរមិនមែនរៀនអង់គ្លេសទេ។ ហើយបើថារៀនភាសាបរទេសខ្ញុំមិនថាទេ ប៉ុន្តែជាភាសាខ្មែរ ខ្លួនឯងសរសេរអត់ត្រូវជ្រុង វាជាបញ្ហាមួយដែរៗ។ ហើយអ្នកណាដែលយើងគិតថាជាបញ្ហា ព្រោះក្មេងហ្នឹងថ្ងៃក្រោយវាបន្តវេនឲ្យយើង ហើយចុះបើក្មេងហ្នឹងវាអត់ច្បាស់ខ្លួនឯងផង បន្តវេនទៅថ្ងៃក្រោយតើចៅរបស់យើងវាយ៉ាងម៉េច?»។
លោក សំណាង ជាអតិតនិស្សិតបានប្រៀបធៀបការអប់រំនៅសាលាសាធារណៈនិងសាលារៀនឯកជនថា តាមការសង្កេតរបស់លោកឃើញភាពមិនប្រក្រតីនិងភាពវិន័យធូររលុងចំពោះទង្វើរបស់គ្រូនៅក្នុងការកត់វត្តមានរបស់សិស្ស ៖ «ធូររលុង ខ្ញុំចង់និយាយថាភាគច្រើនសិស្សមិនចូលរៀន ម៉ោងចូលរៀនវាទៅដើរលេងជាមួយមិត្តភក្តិ មានមិត្តភក្ដិស្រីមិត្តប្រុសខារ៉ាអូខេអ៊ីចឹងទៅ វាទៅតាមហ្នឹង ដូច្នេះឥឡូវភាគច្រើនអ្នកដែលមានសមត្ថភាព គេឲ្យកូនចៅរៀននៅសាលាឯកជន។សាលារដ្ឋបើសិនជាសិស្សអត់ចូលរៀនអ៊ីចឹងទៅ យកលុយទៅសូកដើម្បីលុបអវត្តមានបាន បើសាលាឯកជនសិស្សអត់ចូលរៀនគេមានកម្មវិធីមួយដូចថា គេទូរស័ព្ទទៅសួរម៉ែឪអីទៅ»។
លោក សំណាង បានអធិប្បាយបន្តទៀតថា សិស្សមួយចំនួនបានយកប្រាក់សូកគ្រូបង្រៀនដើម្បីឲ្យលោកគ្រូ ឬអ្នកគ្រូជួយដាក់ឈ្មោះក្នុងបញ្ជីវត្តមាន។ នេះហើយគឺជាបញ្ហានៅគ្រឹះស្ថានអប់រំរបស់រដ្ឋដែលធ្វើឲ្យឪពុកម្តាយមួយចំនួនចាប់ផ្តើមលែងមានជំនឿ ហើយឪពុកម្តាយដែលមានលទ្ធភាពគេតែងបញ្ជូនកូនចៅគេឲ្យទៅរៀនសាលាឯកជនព្រោះគេយល់ថាមានវិន័យល្អ។
ចំពោះមតិរិះគន់និងការស្តីបន្ទោសទៅលើការអប់រំចាប់តាំងពីថ្នាក់បឋមឡើងទៅដែលថាមានភាពធូររលុង ហើយដែលជាបច្ច័យអាក្រក់ធ្វើឲ្យកម្រិតសិក្សារបស់សិស្សធ្លាក់ចុះនោះ ក៏ប៉ុន្តែមន្ត្រីក្រសួងអប់រំ លោក កើ ណៃលាង អគ្គនាយកនាយកដ្ឋានអប់រំបានបដិសេធថា បញ្ហាមិនស្ថិតនៅត្រង់នេះទេ។ លោកបានទទួលស្គាល់ថា ការអប់រំនៅសាលារៀនរដ្ឋមានភាពមិនហ្មឺងម៉ាត់មែន ព្រោះថាមកពីសាលារដ្ឋមានសិស្សច្រើនពេក ហើយពុំមានថ្នាក់រៀនគ្រប់គ្រាន់។
លោកបានមានប្រសាសន៍ថា ក្រសួងអប់រំកំពុងគិតគូររកដំណោះស្រាយពីបញ្ហានេះហើយ ៖ «សាលារដ្ឋធម្មតាទេក្មេងវាច្រើន សិស្សមួយថ្នាក់ៗមានច្រើនវាមិនដូចសាលាឯកជនទេ គេមានចំនួនរបស់គេតិចជាងចំនួនរបស់រដ្ឋ ហើយគ្រូបង្រៀនគេទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងសាលារដ្ឋ អ៊ីចឹងទៅធម្មតាទេគេត្រូវរឹតត្បិតវិន័យអី ប៉ុន្តែសាលារដ្ឋយើងក៏រឹតត្បិតដែរ គ្រាន់តែថាក្មេងវាច្រើនពេក ការគ្រប់គ្រង...។ កែលម្អមានហើយ យើងមានគោលនយោបាយរបស់យើង»។
លោក អ៊ូច សុផារ៉ាត់ អនុប្រធាននាយកដ្ឋានមធ្យមសិក្សា បានមានមតិជុំវិញការធ្លាក់ចុះនេះថា ៖ «បើយើងនិយាយពីគុណភាពនៃការអប់រំ គឺយើងត្រូវនិយាយបី។ ទី១ គុណភាពនៃការគ្រប់គ្រង ទី២ គុណភាពនៃការបង្រៀន និងទី៣ គុណភាពនៃការរៀន។ អ៊ីចឹងបានន័យក្នុងករណីនេះ គុណភាពនៃការគ្រប់គ្រងហ្នឹងខ្សោយ បានន័យថាអត់មានគុណភាពទេបានជាសាលាហ្នឹងទៅជាអ៊ីចឹង ព្រោះនេះទាក់ទងនឹងបទបញ្ជាផ្ទៃក្នុង»។
លោកអនុប្រធាននាយកដ្ឋានមធ្យមសិក្សាបានមានប្រសាសន៍បន្តទៀតថា ទាក់ទងនឹងបញ្ហាអប់រំនេះដែលគេនិយាយថាសិស្សមានគុណភាព គឺទាល់តែសិស្សនោះស្របទៅតាមសរសរស្តម្ភអប់រំទាំងបួនប្រការ គឺរៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីចេះរស់នៅដោយថ្លៃថ្នូរ និងរៀនដើម្បីចេះរស់នៅជាមួយគ្នាដោយសន្តិភាព និងដោយសុខដុមរមនា៕