ព្រះតេជព្រះគុណវរជិរគន្តោ សម ស៊ីណាន ប្រធានមជ្ឈមណ្ឌលអប់រំ សីលធម៌ព្រះពុទ្ធសាសនានៅទីក្រុងភ្នំពេញ មានថេរដីកាលើកឡើងថា ចំណែកកូនប្រុសកូនស្រីក៏គប្បីត្រូវប្រកាន់ឥរិយាបថដ៏ប្រពៃ និងវាចាទន់ភ្លន់ដោយគារវៈចំពោះឪពុកម្តាយជានិច្ច។ គារវៈបានន័យថាការគោរព ៖ «អ៊ីចឹងការគោរពចំពោះមាតាបិតាមានបីសណ្ឋាន គោរពដោយកាយ ដោយវាចា និងដោយចិត្ត»។
ព្រះអង្គមានថេរដីកាថា កូនចៅត្រូវមានកាយទន់ភ្លន់ ឱនលំទោននៅពេលដែលជួបមាតាបិតា។ គប្បីធ្វើការផ្គត់ផ្គង់បាយទឹកនំចំណី រៀបចំទីដេកអង្គុយ ជូនមាតាបិតាឲ្យបានសមរម្យ ដូចជាជួយបោសសម្អាត បោកគក់មុងកន្ទេល ភួយ សម្លៀកបំពាក់ ជូនលោកអ្នកទាំងពីរនោះ។ ដូចព្រះថេរដីការបស់ព្រះតេជព្រះគុណ សម ស៊ីណាន នេះដែរ លោក សុង ស៊ីវ បានសរសេរត្រង់ទំព័រទី៧០ ថា ជាពិសេសកូនខ្លះមិនសូវមានចិត្តជ្រះថ្លា លើកដៃសំពះ ឬគក់ច្របាច់ឪពុកម្តាយទេ តែបើចំពោះអ្នកដទៃវិញ ដែលគ្រាន់តែស្គាល់គេនោះ អាចលើកដៃសំពះគំនាប់គាប់គួរដោយទឹកមុខញញឹម។ កូនគួរគប្បីចេះជម្រាបសួរ ឬជម្រាបលាឪពុកម្តាយនៅពេលមុននឹងចេញទៅណា ឬពេលត្រឡប់មកវិញ។ចំណែកលោកអ្នកជាឪពុកម្តាយវិញ គួររកពាក្យតបទៅកូនវិញឲ្យបានសមរម្យដែរ ។
ព្រះតេជព្រះគុណ សម ស៊ីណាន មានថេរដីកាដូច្នេះ ៖ «ដើរទៅណាមកណាប្រពៃណីយើងលើកដៃសំពះ។ អ្នកខ្លះថ្វាយបង្គំទៀត អាត្មាឃើញគ្រួសារខ្លះគេរៀបចេញទៅណាអ៊ីចឹង គេថ្វាយបង្គំឪពុកម្តាយគេ ហើយបើទៅកាន់តែឆ្ងាយ គេថ្វាយបង្គំឪពុកម្តាយគេ ហើយគេខ្លាចមានបញ្ហាគ្រោះថ្នាក់ អ៊ីចឹងទៅគេថ្វាយបង្គំឪពុកម្តាយគេ។ គេថ្វាយបង្គំឪពុកម្តាយគេដូចជាថ្វាយបង្គំលោកសង្ឃអ៊ីចឹង។បើមិនថ្វាយបង្គំទេ គេសំពះលាម៉ាក់អើ្ហយ ប៉ាអ្ហើយកូនជម្រាបលាទៅសាលា កូនជម្រាបលាទៅធ្វើការ ហ្នឹងគោរពដោយកាយ»។
ព្រះភិក្ខុវរជិរគន្តោ សម ស៊ីណាន មានថេរដីកាបង្ហាញពីកំហុសរបស់កូនចៅខ្លះៗចំពោះកាយវិការមិនគប្បីចំពោះឪពុកម្តាយ ដូចជា៖ «បើអង្គុយទល់មុខ ត្រូវអង្គុយបត់ជើង។ ការអង្គុយក៏អ៊ីចឹងដែរ ត្រូវប្រយ័ត្នកូនចៅ កុំអង្គុយ ម្តាយអង្គុយនៅលើកន្ទេល និងឥដ្ឋ ឯងទៅអង្គុយចំទែងលើកៅអី លើពូកហ្នឹងអត់ល្អទេ។ ធ្វើម៉េចឲ្យទាបជាងគាត់រហូត គឺគិតអំពីសេនាសនៈហ្នឹងផ្តល់តម្លៃសុជីវធម៌ក្នុងការរស់នៅ បើថាកន្លែងសំរាន្តរបស់គាត់រៀបចំឲ្យខ្ពស់ជាងយើង។ ទោះជាកូនមានឋានៈប៉ុនមេឃក៏ដោយ ក៏ត្រូវឲ្យតម្លៃមាតាបិតា។ ធម្មតាបើយើងគោរពមាតាបិតាមិនត្រឹមតែមាតាបិតាឲ្យតម្លៃយើងទេ មនុស្សទូទៅក្នុងសង្គមទូទៅ ដោយហោចទៅកូនចៅយើងគេឃើញយើងក៏គេគោរពទៅតាមហ្នឹងដែរ បើយើងធ្វើមិនល្អចំពោះឪពុកម្តាយ កូនចៅវានឹងធ្វើតាមយើងដែរ»។
ចំពោះការប្រើពាក្យសម្ដីទៀតសោតព្រះតេជព្រះគុណ មានថេរដីកាថា កូនប្រុសស្រី គប្បីប្រើពាក្យសម្ដីទន់ភ្លន់ ប្រកបដោយសេចក្តីគោរពជានិច្ចជាទូទៅ កូនត្រូវស្រឡាញ់ និងគោរពស្តាប់បង្គាប់ឪពុកម្តាយ ៖ «អាត្មាឃើញគ្រួសារខ្លះគាត់អប់រំអ៊ីចេះ ក្នុងពាក្យសម្ដីហ្នឹងគាត់ទម្លាប់និយាយខ្លួនគាត់ឲ្យផ្អែមទៅ កូនពីតូចហ្នឹងវាយកតាម។ ផ្អែមនៅក្នុងឱកាសនេះ បានន័យថាវាចាសម្ដិដ៏ល្អ ហើយដល់កាយវាចាចិត្តយើងរៀនធ្វើឲ្យល្អ។ យើងគោរពបន្តគ្នាអីចឹងទៅ។ យើងគោរពម៉ែឪ កូនវាឃើញវាធ្វើតាមយើងអ៊ីចឹងទៅ ដោយអាការៈផ្សេងៗ កុំច្រងេងច្រងាង ទ្រគោះបោះបោក មិនល្អទេកូន។ សង្គមគ្រួសារណាគោរពដោយកាយល្អ វាគោរពអ៊ីចឹងដែរ កាលណាយើងគោរពដោយកាយមិនល្អ វាធ្វើអ៊ីចឹងដែរ»។
ព្រះអង្គលើករឿងដំណាលថា មានគ្រួសារមួយមានឪពុកចាស់ជរាម្នាក់រស់នៅជាមួយ ហើយបុរសនោះក៏មានកូនប្រុសម្នាក់ដែរ។ ថ្ងៃមួយបុរសនោះបានយកឈើដើមគមកចាំងធ្វើជាស្នូក ហើយនៅពេលដែលគាត់កំពុងចាំងធ្វើស្នូកនោះ កូនតូចបុរសនោះបានសួរឪពុកវាថា ៖ «ពុកៗៗពុកឯងធ្វើអី? ពុកចាំងស្នូក ។ ចាំងស្នូកទុកដាក់បាយឲ្យតាឯងពិសាហ្នឹង ។ ដល់ថ្ងៃក្រោយកូនប្រុសបុរសនោះក៏ធ្វើស្នូកដូចឪពុកគេដែរ។ កូននោះក៏ឆ្លើយប្រាប់ឪពុកវិញថា ខ្លួនធ្វើស្នូកសម្រាប់ដាក់បាយឲ្យឪពុកឯងពិសាដល់ពេលពុកឯងចាស់ដូចតា»។
ព្រះអង្គបានលើកឧទាហរណ៍មកបង្ហាញទៀត អំពីការប្រព្រឹត្តរបស់កូនចំពោះឪពុកម្តាយដែលមិនបានអប់រំកូនចៅពីភាពគួរសមក្នុងការនិយាយស្តី ជាពិសេសជាមួយមាតាបិតាខ្លួន ដោយគិតថា អ្នកទាំងនោះចាស់ហើយ ហើយមកជ្រកកោនជាមួយខ្លួន ៖ «គឺបើទម្លាប់ហៅម៉ាក់ ហៅប៉ា ក៏ហៅអ៊ីចឹងទៅ ខ្លះហៅពុកហៅម៉ែ ខ្លះហៅតាមសមគួរនៃការហៅ។ ប៉ុន្តែសម្ដីគឺមិនឲ្យប្រើពាក្យទ្រគោះបោះបោកចំពោះមាតាបិតាទេ ដោយអាការៈផ្សេងៗសម្ដីហ្នឹងមិនដឹងចេញមកពីណា អ៊ីចឹងសម្ដីអីក៏ដោយ សម្ដីត្រូវទន់ភ្លន់ ផ្អែមល្ហែមទៅរកមាតាបិតា ដែលគាត់ធ្លាប់ទន់ភ្លន់ជាមួយយើង ទោះបីជាគាត់ថាម៉េចក៏ដោយ។ យើងត្រូវអត់ធ្មត់ក្នុងការនិយាយ យ៉ាងម៉េចគឺត្រូវគោរពការនិយាយ គោរពរហូតចំពោះមាតាបិតា។ ម៉ែគេប្រើកូនឲ្យទៅហៅតាមកពិសាបាយ "តាៗ ម៉ាក់ហៅស៊ីបាយ" ដល់គេយកបាយឲ្យឆ្មាស៊ី នែម៉េវ ញ៉ាំបាយទៅម៉េវ និយាយជាមួយឆ្មាសុទ្ធតែញ៉ាំ ហៅតាសុទ្ធតែស៊ី»។
ព្រះភិក្ខុ សម ស៊ីណាន បានមានថេរដីកាថា គោរពដោយទឹកចិត្ត រាល់រូបជាមាតាបិតាត្រូវអប់រំកូន ឲ្យចេះរៀននិយាយពាក្យសម្ដីណាត្រូវនិយាយជាមួយអ្នកធំ ពាក្យសម្ដីណាគួរនិយាយជាមួយអ្នកតូច ពាក្យសម្ដីណាគួរនិយាយជាមួយមាតាបិតា ជាមួយចាស់ព្រឹទ្ធាចារ្យ ៖ «គេនិយាយថា គោរពទៅតាមវ័យ គោរពទៅតាមឋានៈ គោរពទៅតាមគុណធម៌។ អ៊ីចឹងយើងរាល់រូប បុត្រធីតាក៏អ៊ីចឹងដែរ ពាក្យសម្ដីហ្នឹង ទឹកចិត្តទៀត ដោយចិត្តហ្នឹងគេមិនអាចស្ទង់ទឹកចិត្តបានមែន តែគេមើលតាមអាការៈដឹង ព្រោះចិត្តជាធំជាអ្នកបញ្ជាកាយវាចា។ អ៊ីចឹងអ្នកណាគោរពដោយសុទ្ធចិត្តនិងមិនសុទ្ធចិត្ត គេមើលអាការៈខាងក្រៅបាន ដែលយើងធ្លាប់ថា អ្នកនេះធ្វើហ្នឹងគ្រាន់តែខាងក្រៅទេ តែចិត្តមិនល្អ»។
នៅក្នុងសៀវភៅសុជីវធម៌ប្រចាំសង្គមគ្រួសាររបស់លោក សុង ស៊ីវ ត្រង់ទំព័រ ៦៩ បានសរសេរថា ៖ មាតាបិតាមិនគួរចែកទ្រព្យឲ្យកូនទាល់តែអស់រលីងពីខ្លួន ហើយទៅរស់ដោយសង្ឃឹមទាំងស្រុងនៅជាមួយកូនឲ្យគេចិញ្ចឹមនោះទេ។ ឪពុកម្តាយគប្បីរំលែកទ្រព្យសម្បត្តិទុកខ្លះ សម្រាប់ចិញ្ចឹមជីវិតបានដរាបដល់ខ្លួនស្លាប់។ ចំណែកកូនប្រុសកូនស្រីក៏គប្បីត្រូវស្គាល់ឋានៈខ្លួនជាកូនថា អាត្មាអញគឺមាតាបិតាបានបង្កើតមក ហើយថែរក្សា ព្រួយលំបាកទាំងយប់ទាំងថ្ងៃ កូនត្រូវថែរក្សាចិញ្ចឹមថែឪពុកម្តាយវិញ៕