ការរម្លឹកអំពីប្រវត្តិសង្ខេបនៃទឹកដីខ្មែរកម្ពុជាក្រោម ការធ្វើយួនូនីយកម្មលើទឹកដីខ្មែរកម្ពុជាក្រោម ការងើបតស៊ូរបស់វីរជនខ្មែរកម្ពុជាក្រោម ព្រមទាំងការទាមទារសិទ្ធិស្វ័យសម្រេចរបស់ខ្មែរកម្ពុជាក្រោម ក្នុងឱកាសខួបលើកទី៧០ នៃការគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោម ដោយប្រទេសវៀតណាម។
ប្រវត្តិទឹកដីខ្មែរកម្ពុជាក្រោម៖
ទឹកដីកម្ពុជាក្រោម ឬដែលបារាំងហៅថាដែនដី កូសាំងស៊ីន (Cochinchine) ពីបរមបុរាណរបស់ខ្មែរ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់វៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក្រោមការចុះហត្ថលេខាប្រគល់ទឹកដីនេះទៅអោយប្រទេសវៀតណាម ដោយប្រធានាធិបតីបារាំង លោក វាំងសង់ អូរីយូល (Vincent Auriol)។
អ្នកដែលបានទៅដល់ដែនដីកម្ពុជាក្រោមនេះ ប្រាកដជាឃើញប្រត្យក្សផ្ទាល់នឹងភ្នែកថា នោះគឺជាទឹកដីដ៏សម្បូររុងរឿង និងដ៏មានជីរជាតិ ដែលពោរពេញទៅដោយសក្ដានុពលកសិកម្ម និងសេដ្ឋកិច្ច។
តាមពិត ជនជាតិវៀតណាម បាននាំគ្នាមកតាំងលំនៅលើដែនដីសណ្ដទន្លេមេគង្គកូសាំងស៊ីន នេះ តាំងពីដើមសតវត្សទី១៧ មកម្ល៉េះ។ នៅគ្រានោះ ព្រះរាជានៃប្រទេសកម្ពុជា គឺព្រះបាទជ័យជេដ្ឋាទី២ ឬព្រះបាទជ័យចេស្ដាទី២ មានព្រះជាយាជាជនជាតិវៀតណាម ដែលមានព្រះនាមថា ម្ចាស់ក្សត្រីអង្គចូវ។ ព្រះជាយារបស់ព្រះបាទព្រះបាទជ័យចេស្ដាទី២ នេះ គឺជាបុត្រីទី៨ របស់ព្រះចៅយួនអណ្ណាម។ គឺទំនាក់ទំនងរវាងកូនប្រសាជាស្ដេចខ្មែរ និងឪពុកក្មេកជាស្ដេចយួនអណ្ណាម នេះហើយ ដែលបើកផ្លូវអោយជនជាតិវៀតណាម ចូលមកតាំងលំនៅ នៅដែនដីកម្ពុជាក្រោមនេះ។
ឯកសារប្រវត្តិសាស្ត្រមួយចំនួនបានសរសេរថា នៅគ្រិស្តសករាជ១៦២១ ដោយយកលេសថា ប្រទេសយួន មានចម្បាំងជាមួយចិន គណៈបេសកកម្មទូតរបស់យួនមួយបាននាំសំបុត្រពីរច្បាប់របស់ព្រះចៅអណ្ណាម មកកម្ពុជា។ មួយច្បាប់ថ្វាយព្រះបាទជ័យចេស្ដា ជាកូនប្រសា និងមួយច្បាប់ទៀតថ្វាយម្ចាស់ក្សត្រីអង្គ ចូវ ឱ្យជួយទូលព្រះស្វាមី សុំខ្ចីដីខ្លះនៅតំបន់កម្ពុជាក្រោម ដើម្បីបង្ហាត់សេនាទាហានយួន។ ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះ មានរយៈពេល ៥ឆ្នាំ ហើយសន្យាថា គ្រប់ ៥ឆ្នាំ នឹងសងថ្វាយមកខ្មែរវិញ។
ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គ ចូវ ផង ព្រះជ័យចេស្ដា ក៏ទ្រង់យល់ព្រមអនុញ្ញាតតាមការស្នើសុំនេះ។
ចាប់តាំងពីពេលនោះមក ជនជាតិយួន បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរ កាន់តែច្រើនឡើងៗ។ ម្យ៉ាងទៀត ដោយយកលេសថាដើម្បីជួយអាជ្ញាធរខ្មែរក្នុងទីនោះ រក្សាសន្តិសុខអោយមានប្រសិទ្ធភាព ព្រះចៅយួនក្រុងវ៉េ (Hue) ក៏បានបញ្ជូនមេទ័ពរបស់គេម្នាក់ឱ្យមកឈរកាន់កាប់នៅតំបន់នោះទៀតផង។
បន្ទាប់ពីព្រះបាទជ័យចេស្តាទី២ ឬជ័យជេដ្ឋាទី២ ចូលទិវង្គតនៅឆ្នាំ១៦២៨ វត្តមាននៃជនជាតិយួន លើទឹកដីខ្មែរ ក៏មានកាន់តែច្រើនឡើងៗ ជាពិសេសនៅតំបន់ព្រះសួគ៌ា កំពង់ស្រកាត្រី និងព្រៃនគរ ហើយឥទ្ធិពលរបស់ប្រទេសអណ្ណាម មកលើកម្ពុជា ក៏កាន់តែមានខ្លាំងឡើងជាលំដាប់។ ចំណែកក្សត្រីអង្គ ចូវ ក៏ត្រូវបានព្រះស្វាមីលើកតម្កើងជាព្រះមហាក្សត្រិយានី ដែលមានព្រះបរមងារថា សម្ដេចព្រះភគវតី ព្រះស្រីវីរក្សត្រី។
ប្រទេសកម្ពុជា បានជួបប្រទះវិបត្តិផ្ទៃក្នុងជាបន្តបន្ទាប់ ពិសេសគឺវិបត្តិដណ្ដើមរាជ្យគ្នារវាងរាជវង្សានុវង្សខ្មែរ និងការប្រទាញប្រទង់គ្រប់គ្រងកម្ពុជា ពីសំណាក់ប្រទេសសៀម និងយួនអណ្ណាម ក្រោយពីព្រះបាទជ័យជេដ្ឋាទី២ ចូលទិវង្គត។ ស្របពេលជាមួយគ្នានេះ ប្រទេសសៀម និងយួនអណ្ណាម ក៏បានប្រទាញប្រទង់គ្នាដើម្បីជ្រើសយកព្រះរាជាខ្មែរណា ដែលគេគិតថា អាចបម្រើប្រយោជន៍គេបាន ឲ្យឡើងសោយរាជ្យ។ ប្រការនេះ បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាសមរភូមិប្រយុទ្ធរវាងខ្មែរ និងខ្មែរ និងរវាងប្រទេសឈ្លានពានជិតខាងទាំងពីរ។
វិបត្តិផ្ទៃក្នុងប្រទេសកម្ពុជា ក្រោយរជ្ជកាលព្រះបាទជ័យចេស្ដាទី២ បានអូសបន្លាយជាង ២០០ឆ្នាំ ពោលគឺបានអូសបន្លាយរហូតដល់ពេលព្រះបាទអង្គ ឌួង ដែលជារាជបុត្រពៅរបស់ព្រះបាទអង្គ អេង ឡើងគ្រងរាជ្យនៅឆ្នាំ១៨៤០។
ក្នុងខណៈដែលកម្ពុជាកំពុងមានវិបត្តិ ប្រទេសសៀម និងយួនអណ្ណាម ក៏បានឆ្លៀតឱកាសយកចំណេញពីប្រទេសកម្ពុជា តែរៀងៗ ខ្លួន។ ប្រទេសសៀម ឆ្លៀតយកទឹកដីខ្មែរជាច្រើនតាមដែលគេអាចធ្វើទៅបាន។ ចំណែកស្ដេចយួនអណ្ណាមវិញ បន្តបញ្ជូនពលរដ្ឋរបស់គេ មករស់នៅលើទឹកដីខ្មែរកាន់តែច្រើនឡើងៗ។ គិតត្រឹមពាក់កណ្ដាលទី២ នៃសតវត្សទី១៨ ពលរដ្ឋយួនអណ្ណាម បានមករស់នៅពាសពេញលើដែនដីកម្ពុជាក្រោមរួចទៅហើយ។
ការធ្វើយួនូបនីយកម្មលើកម្ពុជាក្រោម និងកម្ពុជា៖
ក្រោយពីបានចូលមកបោះទីតាំងរឹងមាំលើទឹកដីខ្មែរហើយ រដ្ឋអំណាចយួនចាប់ផ្ដើមរកមធ្យោបាយការពារទឹកដីទាំងនេះ និងបានប្រើគ្រប់មធ្យោបាយ ដើម្បីលុបបំបាត់អត្តសញ្ញាណរបស់ខ្មែរ។
នៅឆ្នាំ១៨១៥ យួនបានកេណ្ឌប្រជារាស្ត្រខ្មែរជាច្រើនពាន់នាក់ ឲ្យសង់បន្ទាយទាហានមួយយ៉ាងធំនៅមាត់ជ្រូក ប្រយោជន៍ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់ព្រះរាជាខ្មែរ។ យួនបានបង្ខំខ្មែរឲ្យជីកព្រែក វិញតេ (Vinh Te) ឬឯកសារខ្លះហៅថា ព្រែកយួន ឬព្រែកជីក កាត់ពីខេត្ត មាត់ជ្រូក ទៅដល់ខេត្ត ពាម ដែលមានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រ។ បំណងសំខាន់ គឺដើម្បីយកព្រែកជីកនេះ ទុកធ្វើជាខ្សែបន្ទាត់ព្រំដែនរវាងខ្មែរ និងយួន នៅថ្ងៃក្រោយ។
ជំហានបន្ទាប់ មេដឹកនាំយួនអណ្ណាម បានផ្លាស់ប្ដូរឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ក្រុង ខ្មែរឲ្យទៅជាឈ្មោះយួន ស្ទើរតែទាំងអស់។ ឈ្មោះខេត្តក្រុងខ្មែរទាំង២១ ត្រូវយួនផ្លាស់ប្ដូរដូចតទៅ៖
ព្រៃនគរ ទៅជា សាយហ្កន (Sài Gòn) ឬបច្ចុប្បន្នគេដូរមួយសារទៀតទៅជាក្រុង ហូ ជីមិញ, ទួលតាមោក ទៅជា ធូវឌូវមូក (Thủ Dầu Một), ចង្វាត្រពាំង ជា បៀងហ្វា (Biên Hòa), ព្រះសួគ៌ា ជា បារៀ (Bà Rịa), អូកាប់ ជា វុងតាវ (Vũng Tàu), រោងដំរី ជា តៃនិញ (Tây Ninh), កំពង់គោ ជា ឡុងអាង (Long An), មេស ជា មីថ (Mỹ Tho), កោះគង ជា ហ្កកុង (Gò Công), កំពង់ឫស្សី ជា ប៊េនត្រែ (Bến Tre), លង់ហោរ ជា ឡុងហូ (Long Hồ), ផ្សារដែក ជា សាឌែក (Sa Đéc), ព្រះត្រពាំង ជា ត្រាវិញ (Trà Vinh), ព្រែកឫស្សី ជា កឹងធើ (Cần Thơ), បារ៉ាជ ជា ឡុងសៀង (Long Xuyên), មាត់ជ្រូក ជា ចូវដុក (Châu Đốc), ពាម ជា ហាទៀង (Hà Tiên), ក្រមួនស ជា រ៉ាត់យ៉ា (Rạch Giá), ឃ្លាំង ជា សុកត្រាំង (Sóc Trăng), ពលលាវ ជា បាកលីវ (Bạc Liêu), និងទឹកខ្មៅ ជា កាម៉ាវ (Cà Mau)។
មិនត្រឹមតែផ្លាស់ប្ដូរឈ្មោះខេត្ត និងតំបន់ខ្មែរនៅកម្ពុជាក្រោមទៅជាឈ្មោះយួន ប៉ុណ្ណោះទេ សូម្បីតែឈ្មោះតំបន់មួយចំនួននៅក្នុងទឹកដីកម្ពុជាកណ្ដាលឯណេះ ក៏វៀតណាមបានផ្លាស់ប្ដូរឱ្យទៅជាឈ្មោះយួនដែរ។ ឧទាហរណ៍៖ ភ្នំពេញ គេហៅថា ណាំយ៉ាង (Nam Vang), ឧត្តុង្គ ទៅជា បាក់កូណាម (Bac Co Nam), ខេត្តកំពត ទៅជា កឹងវ៉ូក (Can Vot), ព្រៃវែង ទៅជា ឡាវេន (La Ven),
លង្វែក ទៅជា ឡូវៀត (Lo Viet), និងសំរោងទង ទៅជាឡុងតូង (Long Tong) ជាដើម។
លោកអ្នកនាងក៏ប្រហែលធ្លាប់ឮរួចមកហើយថា ពលរដ្ឋខ្មែរកម្ពុជាក្រោម មាននាមត្រកូលស្រដៀងៗ គ្នា ហើយមានសូរសៀងដូចភាសាវៀតណាម។ នេះក៏មកពីការបង្ខំឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ ដូរត្រកូលខ្មែរចេញដែរ។ ដើម្បីងាយស្រួលសម្គាល់ និងងាយស្រួលគ្រប់គ្រងខ្មែរ អធិរាជយួនអណ្ណាម ឈ្មោះ យ៉ាឡុង និងមេដឹកនាំយួន បន្តបន្ទាប់មកទៀត បានបង្ខំខ្មែរឲ្យប្ដូរត្រកូលរបស់ខ្លួន ហើយប្រើត្រកូលរួមគ្នាទៅតាមខេត្ត និងតំបន់នីមួយៗ។ ត្រកូលទាំងនោះរួមមាន៖ ថាច់ (Thach) សឺន (Son) គៀន (Kien) គីម (Kim) ចៅ (Chau) យ៉ាញ់ ឬដាញ់ (Danh) កាវ (Cao) និងដាវ (Dao) ជាដើម។
ត្រកូល យ៉ាញ់ ឬ ដាញ់ ត្រូវបានប្រើសម្រាប់ខ្មែរនៅខេត្តក្រមួនស ត្រកូល ថាច់ គីម សឺន គៀន សម្រាប់ខ្មែរនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង ខេត្តពលលាវ និងខេត្តទឹកខ្មៅ ត្រកូល កាវ សម្រាប់ខេត្តរោងដំរី និងត្រកូល ដាវ សម្រាប់ខេត្តព្រែកឫស្សី។
ដោយឡែក សម្រាប់ខេត្តមាត់ជ្រូក ត្រកូល ចៅ ត្រូវឱ្យគេប្រើសម្រាប់បុរស ចំណែកស្ត្រីវិញ គេឱ្យប្រើត្រកូល នាង (Neang)។
ក្រៅពីនេះ ក៏នៅមានត្រកូលមួយចំនួនផ្សេងទៀតដែរ ដូចជា លី (Ly) យៀប (Diep) លឹម (Lim) តាំង (Tang) ញឹង (Nhan) ហ្វឹន (Huynh) ត្រឹង (Tran) ង៉ូ (Ngo) តូ (To) យឿង (Duong) និង លូ (Luu)។
កម្ពុជាក្រោម ក្រោមការត្រួតត្រារបស់បារាំង៖
នៅឆ្នាំ១៨៨៤ តុងកឹង (ភាគខាងជើងនៃប្រទេសវៀតណាម) និងអណ្ណាម (ភាគកណ្ដាលនៃប្រទេសវៀតណាម) បានស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង។ បីឆ្នាំក្រោយមក គឺនៅឆ្នាំ១៨៨៧ ប្រទេសកម្ពុជា ទឹកដីខ្មែរកម្ពុជាក្រោម ឬកូសាំងស៊ីន (Cochinchine) តុងកឹង (Tonkin) និងអណ្ណាម (Annam) ត្រូវបានបារាំងដាក់បញ្ចូលគ្នា ឱ្យទៅជាសហព័ន្ធឥណ្ឌូចិន។
ការប្រគល់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាម៖
នៅឆ្នាំ១៩៤៩ សភាជាតិបារាំង បើកកិច្ចប្រជុំដើម្បីសម្រេចថា តើគួរប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យមកកម្ពុជា ឬក៏ឱ្យទៅប្រទេសវៀតណាម។ គ្មានអ្វីគួរឱ្យសង្ស័យឡើយថា ទឹកដីកម្ពុជាក្រោមនេះជាទឹកដីរបស់ខ្មែរតាំងពីបរមបុរាណ។ តែទោះបីជាមានតឹកតាងជាប្រវត្តិសាស្ត្រ និងមានប្រជាពលរដ្ឋខ្មែររាប់លាននាក់រស់នៅលើទឹកដីកម្ពុជាក្រោមរាប់សិបតំណមកហើយក្ដី នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះ សភាជាតិបារាំង ដែលមានសមាជិកភាគច្រើន មកពីគណបក្សកុម្មុយនិស្ត ហើយដែលស្និទ្ធនឹង ហូ ជីមិញ (Ho Chi Minh) ផងនោះ ក៏សម្រេចប្រគល់ទឹកដីកម្ពុជាក្រោមនេះទៅឱ្យវៀតណាម។ ថ្វីដ្បិតតែ ៧០ឆ្នាំកន្លងទៅហើយក្តី អ្នកដែលរងការឈឺចាប់បំផុតពីការសម្រេចចិត្តរបស់បារាំង ក្នុងឆ្នាំ១៩៤៩ នោះ គឺប្រជាពលរដ្ឋខ្មែរទាំងមូល មិនថាខ្មែរកណ្ដាល ឬខ្មែរនៅកម្ពុជាក្រោមឡើយ។ ការសម្រេចចិត្តរបស់បារាំង ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកនេះ បានបន្សល់ទុកឲ្យខ្មែរក្រោមជាច្រើនលាននាក់ ដែលជាម្ចាស់ស្រុក ក្លាយជាជនជាតិដើមភាគតិច នៅលើទឹកដីកំណើតរបស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ន។
បញ្ហាខ្មែរកម្ពុជាក្រោម គឺជាកាតព្វកិច្ចរបស់ខ្មែរទាំងអស់គ្នា៖
ប្រជាពលរដ្ឋ និងយុវជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន បានយល់ដឹងច្រើនអំពីបញ្ហាកម្ពុជាក្រោម។ កាលពីមុន នៅពេលដែលខ្មែរក្រោមមានបញ្ហា គឺមានតែព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខ្លួនឯងប៉ុណ្ណោះ ជាអ្នកចេញមុខ។ ក៏ប៉ុន្តែនៅពេលនេះ បញ្ហារបស់ខ្មែរក្រោមលែងជារបស់ខ្មែរក្រោមតែម្នាក់ឯងទៀតហើយ ប៉ុន្តែវាបានក្លាយជាបញ្ហាសម្រាប់ខ្មែរទូទៅ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៤ នៅពេលដែលមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ទ្រុង វ៉ាន់ថុង (Trung Van Thong) អះអាងថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់ប្រទេសវៀតណាម តាំងពីយូរយារណាស់មកហើយ ហើយបារាំង ក៏មិនបានកាត់ទឹកដីនេះទៅឲ្យវៀតណាម នោះ យុវជនខ្មែររាប់ម៉ឺននាក់ ចូលរួមតវ៉ានៅមុខស្ថានទូតវៀតណាម ទាមទារអោយស្ថានទូតវៀតណាមសូមទោស និងកែតម្រូវសម្ដីរបស់ខ្លួន ឱ្យត្រូវតាមប្រវត្តិសាស្ត្រពិត។
ពលរដ្ឋខ្មែរក្រោមម្នាក់ឈ្មោះ កែវ សុធា មានប្រសាសន៍ ក្នុងឱកាសតវ៉ានឹងស្ថានទូតវៀតណាម ថាលោកឈឺចាប់ណាស់ នៅពេលដែលមន្ត្រីវៀតណាម មិនទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោម ជាអតីតរបស់កម្ពុជា៖ «យើងមានការឈឺចាប់ ដោយសារជាទឹកដីរបស់យើង ប៉ុន្តែគេថា ជាទឹកដីរបស់គេ។ គេបំភ្លៃប្រវត្តិសាស្ត្រ។ ជាការពិតណាស់ យួនច្រើនតែធ្វើបាប កាលពីពេលខ្ញុំនៅកម្ពុជាក្រោម ក៏ដូចអ៊ីចឹងដែរ គេច្រើនតែធ្វើបាបជីដូនជីតាយើង ពីជំនាន់មួយដល់ជំនាន់មួយ រហូតដល់ពេលនេះ គេព្យាយាមបំភ្លៃប្រវត្តិសាស្ត្រថែមទៀត»។
ចំណែកពលរដ្ឋខ្មែរក្រោមមួយរូបទៀតមកពីខេត្តព្រះត្រពាំង ឈ្មោះ ថាច់ ចន្ទ្រា ដែលបានចូលរួមក្នុងវេទិកាសាធារណៈនាពេលនោះដែរ កត់សម្គាល់ថា ការបំភ្លៃប្រវត្តិសាស្ត្រដោយមន្ត្រីវៀតណាម គឺជារឿងអយុត្តិធម៌ចំពោះខ្មែរក្រោម៖ «វាអយុត្តិធម៌ណាស់សម្រាប់ខ្មែរកម្ពុជាក្រោមយើង ដែលរងគ្រោះវេទនាខ្លោចផ្សាជាទីបំផុត យើងឃើញហើយ ទាំងអស់ប្រជាជនជាង ១០លាននាក់ កំពុងតែរងទុក្ខវេទនានៅកម្ពុជាក្រោមឯណោះ ការកាប់សម្លាប់ពីមុនមក ដុតទាំងរស់ ធ្វើជាមុំចង្ក្រាន ខ្មែរក្រោមទូទៅសោកស្ដាយណាស់វីរបុរសដែលបាត់បង់ទៅ។ ដូច្នេះហើយ យើងចូលរួម យើងតតាំងនេះ ដើម្បីជាយុត្តិធម៌ ខ្មែរកម្ពុជាក្រោម ត្រូវការយុត្តិធម៌ ដូចជាអ្នកទាំងអស់នៅលើពិភពលោកដែរ»។
លោកថា ការបកស្រាយប្រវត្តិសាស្ត្រមិនច្បាស់លាស់នេះ វាអាចធ្វើឲ្យជីវិតពលរដ្ឋខ្មែរប្រមាណជាង ១០លាននាក់ ដែលកំពុងរស់នៅកម្ពុជាក្រោមសព្វថ្ងៃ ប្រឈមនឹងការធ្វើបាប ការរំលោភសិទ្ធិមនុស្ស និងការរឹតបន្តឹងទៅលើសិទ្ធិប្រតិបត្តិផ្នែកជំនឿសាសនាជាដើម។
ការងើបតស៊ូរបស់វីរជនខ្មែរកម្ពុជាក្រោម៖
ទឹកដីខ្មែរកម្ពុជាក្រោមនេះ ត្រូវវៀតណាម ចូលមកលុកលុយតាំងលំនៅ តាំងពីមុនបារាំងចូលមកកាន់កាប់នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៩ ម៉្លេះ។ អស់រយៈពេលជាង ៣សតវត្សមកហើយ ដែលជនជាតិខ្មែរបានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារទឹកដី វប្បធម៌ និងជំនឿសាសនារបស់ខ្លួន នៅដែនដីកម្ពុជាក្រោម។ អ្នកតស៊ូខ្លះត្រូវបានគេសម្លាប់ ខ្លះត្រូវរងអំពើទារុណកម្ម និងត្រូវជាប់ឃុំឃាំងដូចសត្វធាតុ។ ពួកគាត់ខ្លះត្រូវបានគេស្គាល់តៗ គ្នា និងជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រ ក៏ប៉ុន្តែខ្លះទៀត មិនត្រូវបានគេចងចាំប៉ុន្មានឡើយ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន ដែលកម្មវិធីសិក្សា មិនបានបញ្ចូលអំពីមេរៀនខ្មែរក្រោម ទាំងកម្មវិធីសិក្សារបស់កម្ពុជា និងកម្មវិធីសិក្សារបស់វៀតណាម។ អ្នកជំនាញស្នើឱ្យពលរដ្ឋខ្មែរទូទៅ ងាកទៅចាប់អារម្មណ៍ប្រវត្តិសាស្ត្រខ្មែរក្រោម និងរំឭកពីគុណបំណាច់របស់អ្នកតស៊ូទាំងឡាយនៅសម័យមុន។
អ្នកជំនាញបញ្ហាខ្មែរក្រោមអះអាងថា មានវីរជនច្រើនណាស់ ដែលបានបូជាជីវិត និងប្រឹងប្រែងតស៊ូ ដើម្បីឱ្យខ្មែរក្រោមអាចរក្សាអត្តសញ្ញាណរបស់ខ្លួនបាន មកដល់ពេលបច្ចុប្បន្ន។ អ្នកទាំងនោះ មានទាំងប្រជាពលរដ្ឋសាមញ្ញ ព្រះសង្ឃ មន្ត្រីរាជការ រហូតដល់អង្គព្រះមហាក្សត្រ។
វីរជនខ្មែរក្រោមដែលលេចធ្លោជាងគេបំផុតក្នុងសតវត្សទី១៩ គឺឧកញ៉ា សឺន គុយ ដែលជាចៅហ្វាយខេត្តព្រះត្រពាំង។ លោកសុខចិត្តប្រគល់ខ្លួនឱ្យអាជ្ញាធរយួនអណ្ណាម ចាប់យកទៅប្រហារជីវិតដោយកាត់ក ជាថ្នូរនឹងការរក្សាប្រពៃណី ទំនៀមទម្លាប់ និងពុទ្ធសាសនាខ្មែរក្រោម។
ក្រោយសម័យឧកញ៉ា សឺន គុយ បន្តិច មានវីរជន ៣នាក់ផ្សេងទៀត គឺសេនា សួស សេនា មាន់ និងសេនា ទា ដែលពួកលោកទាំង៣ បានតស៊ូប្រយុទ្ធរហូតដល់អស់ជីវិតទល់នឹងកងទ័ពយួនអណ្ណាមនៅក្នុងខេត្តឃ្លាំង និងខេត្តពលលាវ។ បន្ទាប់ពីត្រួតត្រាដែនដីកម្ពុជាក្រោមពេញដៃហើយ កងទ័ពយួនអណ្ណាម បានបន្តធ្វើបាបរាស្ត្រខ្មែរនៅដែនដីកម្ពុជាក្រោម រហូតដល់សម័យអាណានិគមបារាំង។
នៅអំឡុងទសវត្ស១៩៦០ និង១៩៧០ មានព្រះសង្ឃខ្មែរក្រោមជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមខាងត្បូងធ្វើគត់ ដោយសារព្រះអង្គបានក្រោកតវ៉ាប្រឆាំងនឹងគោលនយោបាយលុបបំបាត់ពូជសាសន៍ខ្មែរ ដែលដាក់ចេញដោយប្រធានាធិបតីវៀតណាមខាងត្បូង លោក ង្វៀន វ៉ាន់ធៀវ (Nguyễn Văn Thiệu)។
ក្រោយការដួលរំលំនៃសាធារណរដ្ឋវៀតណាមខាងត្បូង ឆ្នាំ១៩៧៥ អាជ្ញាធរវៀតណាមកុម្មុយនិស្តបានចោទប្រកាន់ និងចាប់ខ្លួនថ្នាក់ដឹកនាំពុទ្ធសាសនាខ្មែរក្រោមដាក់ពន្ធនាគារជាបន្តបន្ទាប់។ អាជ្ញាធរវៀតណាមកុម្មុយនិស្ត បានចោទប្រកាន់ថ្នាក់ដឹកនាំពុទ្ធសាសនាគណៈថេរវាទ ព្រះតេជព្រះគុណ គីម សាង ថាមាននិន្នាការគាំទ្ររណសិរ្សខ្មែរសេរីរបស់លោក សឺង ង៉ុកថាញ់ និងបានចោទថ្នាក់ដឹកនាំគណៈខេមរនិកាយ ព្រះតេជព្រះគុណ ថាច់ ងោស ថា ជាអ្នកគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋវៀតណាមខាងត្បូងទៀតផង។ វៀតណាមកុម្មុយនិស្ត បានសម្រេចរំលាយចោលព្រះពុទ្ធសាសនាខ្មែរក្រោមទាំងពីរគណៈ នៅក្នុងឆ្នាំដដែលនោះ ហើយថ្នាក់ដឹកនាំពុទ្ធសាសនាខ្មែរក្រោមត្រូវបានគេចាប់ផ្សឹក និងត្រូវបង្ខំឱ្យធ្វើការនៅកន្លែងលុតដំ រហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយមានអង្គខ្លះទៀតបានជាប់ឃុំរហូតដល់មានសតិមិនប្រក្រតី។
ក្រោយមកនៅអំឡុងទសវត្សន៍១៩៨០ វៀតណាមបានចាប់ព្រះមេគណខេត្តព្រះត្រពាំង ព្រះនាម គីម តុកចើង សាស្ត្រាចារ្យបណ្ឌិត ហាញ់ សុវណ្ណ ជាបញ្ញវន្តខ្មែរក្រោម ព្រមទាំងព្រះសង្ឃ និងអ្នកចេះដឹងខ្មែរក្រោមជាច្រើននាក់ទៀតដាក់ពន្ធនាគារ។ អាជ្ញាធរវៀតណាមបានចោទព្រះសង្ឃ និងបញ្ញវន្តខ្មែរទាំងនេះថា មានបំណងរំដោះទឹកដី និងមានគំនិតចង្អៀតចង្អល់និយម បន្ទាប់ពីពួកគាត់បានបំផុសស្មារតីឱ្យកូនចៅខ្មែរក្រោមឱ្យព្យាយាមរៀនសូត្រពីប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ព្រះអង្គ គីម តុកចើង បានសុគតនៅក្នុងពន្ធនាគារ ហើយបណ្ឌិត ហាញ់ សុវណ្ណ ក៏ត្រូវបាត់បង់ជីវិតនៅទីនោះដូចគ្នា។ នេះបើយោងតាមការរៀបរាប់ របស់អ្នកជំនាញបញ្ហាខ្មែរក្រោមពីររូប គឺប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា និងប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ ដែលលោកទាំងពីរសុទ្ធសឹងតែជាបញ្ញវន្តចេញមកពីដែនដីកម្ពុជាក្រោម។
លោកទាំងពីរអះអាងថា អ្នកតស៊ូដែលបានរៀបរាប់ឈ្មោះជាហូរហែមកនេះ សុទ្ធសឹងតែត្រូវបានទទួលស្គាល់ថា ជាវីរបុរសរបស់ខ្មែរកម្ពុជាក្រោម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ថាច់ សេដ្ឋា យល់ថា ខ្មែរជំនាន់ក្រោយ គប្បីចងចាំពីគុណបំណាច់របស់វីរជនទាំងនេះ ព្រោះពួកគាត់បានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី វប្បធម៌ និងជំនឿសាសនាខ្មែរ នៅដែនដីកម្ពុជាក្រោម៖ «ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយទាំងអស់ ប្រជាពលរដ្ឋខ្មែរទាំងអស់គួរឱ្យតម្លៃនៃការតស៊ូរបស់វិរបុរសយើងទាំងអស់គ្រប់ជំនាន់ផង។ យើងកុំឱ្យតែបានផ្លែស៊ីភ្លេចដើម ឬក៏យកភ្លើងដុតគល់ចោល អាហ្នឹងយើងមិនសក្ដិសមជាកូនខ្មែរគោរពព្រះពុទ្ធសាសនាទេ»។
លោកបន្ថែមថា មូលហេតុនៃការប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោមជារៀងរាល់ឆ្នាំ គឺដើម្បីសម្ដែងការដឹងគុណចំពោះវីរភាពរបស់បុព្វបុរសខ្មែរទាំងឡាយ ដែលបានលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិនេះឯង។ លោកសង្ឃឹមថា ទៅថ្ងៃមុខពលរដ្ឋខ្មែរកាន់តែច្រើននឹងឱ្យតម្លៃដល់ពលីកម្មនេះ ហើយសំខាន់ជាងនេះ លោកមិនចង់ឃើញខ្មែរខ្លះ មិនដឹងគុណបុព្វបុរសខ្លួនឯង បែរទៅដឹងគុណប្រទេសជិតខាង ដែលបានឈ្លានពានកម្ពុជានោះឡើយ។
ចំណែក ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា លោក តាំង សារៈ វិញ ថ្លែងថា ប្រជាពលរដ្ឋខ្មែរទូទៅ គួរតែសិក្សាស្វែងយល់ឱ្យបានច្រើនអំពីវីរភាព របស់បុព្វបុរសខ្មែរក្រោមទាំងនេះ ព្រោះការតស៊ូរបស់ពួកគាត់ មិនមែនបានផលប្រយោជន៍សម្រាប់តែខ្មែរក្រោមមួយនោះទេ ប៉ុន្តែជាតិខ្មែរទាំងមូល ក៏បានផលដូចគ្នាដែរ។ លោកថា ការសិក្សាស្វែងយល់អំពីរឿងនេះ ក៏ដើម្បីស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីជាដើមទុនក្នុងការតស៊ូមតិរយៈពេលវែងជុំវិញរឿងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោមផងដែរ៖ ប្រជាពលរដ្ឋខ្មែរទូទៅ គួរតែសិក្សាស្រាវជ្រាវឱ្យដឹងនូវប្រវត្តិរូប ឬក៏ស្នាដៃនៃបុព្វបុរសរបស់យើង ដែលលោកបានធ្វើការតស៊ូ រហូតដល់បានពលីជីវិតទៅនោះ។ ហើយប្រសិនណាជាមានឱកាសក៏គួរតែសរសេររំលឹកនូវស្នាដៃ របស់អស់លោកទាំងនោះ ដើម្បីកុំឱ្យថា នៅពេលដែលលោកបានបូជាជីវិតទៅហើយ ការតស៊ូត្រូវបាត់បង់រលាយ ទៅដោយឥតប្រយោជន៍អ៊ីចឹង»។
ទោះជាយ៉ាងណា បញ្ញវន្តខ្មែរក្រោមរូបនេះទទួលស្គាល់ថា ការសិក្សាអំពីបញ្ហាខ្មែរក្រោមអាចមានការលំបាកបន្តិច ដោយសារកង្វះការកត់ត្រា និងឯកសារស្រាវជ្រាវ ដូច្នេះលោកស្នើឱ្យបញ្ញវន្តជំនាន់ក្រោយ នាំគ្នាកត់ត្រាប្រវត្តិសាស្ត្រខ្មែរក្រោមទុកឱ្យបានច្រើនផងដែរ។
ការទាមទារសិទ្ធិស្វ័យសម្រេច៖
រយៈពេល ៧០ឆ្នាំ ដែលទឹកដីកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមនេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមបានខិតខំប្រឹងប្រែងថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អក្សរសាស្ត្រ ដើម្បីថែរក្សាអត្តសញ្ញាណខ្មែររបស់ខ្លួន ទោះជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមក្ដី។ អ្វីដែលពលរដ្ឋខ្មែរកម្ពុជាក្រោមចង់បាននោះ គឺសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ានរិន្ទ មានប្រសាសន៍ថា ពលរដ្ឋខ្មែរកម្ពុជាក្រោមបាត់បង់សិទ្ធិរបស់ខ្លួនស្ទើរគ្រប់ផ្នែក រាប់តាំងពីសិទ្ធិក្នុងការកាន់កាប់ដី ការប្រតិបត្តិ សាសនា ប្រពៃណី ទំនៀមទម្លាប់ជាដើម។
លោក ត្រឹង ម៉ានរិន្ទ មន្ត្រីផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម លើកឡើងបន្ថែមថា បញ្ហាធំមួយដែលធ្វើឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោមបាត់បង់សិទ្ធិស្វ័យសម្រេច លើជោគវាសនារបស់ខ្លួន ដោយខ្លួនឯង គឺការណ៍ដែលរដ្ឋាភិបាលវៀតណាមយកលេស មិនព្រមចាត់ទុកថា ពលរដ្ឋខ្មែរកម្ពុជាក្រោម ជាជនជាតិដើមភាគតិច។ រដ្ឋាភិបាលវៀតណាមចាត់ទុកពួកគាត់ថា ជាជនជាតិភាគតិចទៅវិញ៖ «យួនគេថា ប្រទេសគេអត់មានជនជាតិដើមទេ មានតែជនជាតិភាគតិច។ ក៏ប៉ុន្តែអាហ្នឹងវាជាឱកាសមួយ ដើម្បីឱ្យសហព័ន្ធហ្នឹងចលនាថែមទៀត។ គោលបំណងយួននៅតែប្រកែកទៀត ដើម្បីចៀសវាងនូវអាសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងហ្នឹង។ ពីព្រោះជនជាតិដើមមានសិទ្ធិហ្នឹង។ តាមពិតគេមិនមែនថា តែខ្មែរក្រោមមិនមែនជនជាតិដើមទេ។ គេថាប្រទេសគេ អត់មានជនជាតិដើមទេ។ បានន័យថា ចាមក៏មិនមែន ជនជាតិដើម។ បានន័យថា ខាងម៉ុងតាញ៉ាត (Montagnard) ក៏មិនមែនជនជាតិដើម។ ដូច្នេះហើយ គ្មាននរណាគេយកទទួលស្គាល់អាពាក្យដោះសានោះរបស់ប្រទេសយួននោះទេ។ ប៉ុន្តែគោលបំណងគេហ្នឹងគេចង់ពន្យារពេលក្នុងការអនុវត្តន៍សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ជនជាតិដើមហ្នឹងឯង»។
ទោះជាយ៉ាងនេះក្តី លោក ត្រឹង ម៉ានរិន្ទ អះអាងថា ពលរដ្ឋខ្មែរកម្ពុជាក្រោម នៅតែមានសង្ឃឹមថា ថ្ងៃណាមួយ ពលរដ្ឋខ្មែរកម្ពុជាក្រោម នឹងអាចទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិជាជនជាតិដើមភាគតិច ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយសហព័ន្ធខ្មែរកម្ពុជាក្រោម រួមនឹងពលរដ្ឋខ្មែរ និងស្ថាប័នដទៃទៀត ក៏នឹងបន្តតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិនេះ ជូនពលរដ្ឋខ្មែរកម្ពុជាក្រោម អោយខាងតែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។