នៅសប្ដាហ៍នេះ លោក យាង សុជាមេត្តា នឹងរៀបរាប់អំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមបន្តទៀត ដោយសូមរាយការណ៍ជូនអំពីថា តើពាក្យកូសាំងស៊ីន ដែលអាណានិគមនិយមបារាំង ប្រើប្រាស់សំដៅទៅលើដែនដីកម្ពុជាក្រោមនោះ មានប្រភពមកពីណាខ្លះ?
ក្នុងពេលដែលដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមនិយមបារាំង បារាំង បានហៅដែនដីមួយនេះថា ដែនដីកូសាំងស៊ីន ឬកូសាំងស៊ីនទំនាប ឬក៏កូសាំងស៊ីនបារាំងសែស ប៉ុន្តែជាទូទៅគេហៅថា កូសាំងស៊ីនបារាំងសែស ហើយដែលអ្នកប្រវត្តិសាស្ត្របរទេសភាគច្រើននៅប្រើពាក្យនេះនៅឡើយ ដើម្បីសំដៅទៅលើដែនដីកម្ពុជាក្រោម។
ទាក់ទងបញ្ហានេះ អ្នកប្រវត្តិសាស្ត្របានបង្ហាញហេតុផលផ្សេងៗគ្នាចំពោះប្រវត្តិនៃពាក្យកូសាំងស៊ីន នេះ។ បើតាមសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោកបានអះអាងក្នុងសៀវភៅ កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម របស់លោកថា ពាក្យកូសាំងស៊ីន (Cochinchine) ផ្គុំឡើងដោយពាក្យ ២ផ្សេងគ្នា គឺពាក្យកូសាំង (Cochin) និងពាក្យស៊ីន (Chine)។ តាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ពាក្យកូសាំង គឺសំដៅលើឈ្មោះព្រះសង្ឃកាតូលិកបារាំង មួយអង្គ ដែលបានស្ថាបនាមន្ទីរពេទ្យមួយក្នុងទីក្រុងប៉ារីស ឈ្មោះមន្ទីរពេទ្យកូសាំង ឬបារាំង ហៅថា អូពីតាល់ កូសំាង (Hôpital Cochin)។ ចំណែកពាក្យស៊ីន គឺមកពីពាក្យបារាំង ស៊ីន្នឹ (Chine) ដែលប្រែថាចិន ឬប្រទេសចិន។
លោក ត្រាំងឆាត ប៊ុត សរសេរបន្តថា មុននឹងមកដល់ទីក្រុងព្រៃនគរ កងនាវិក ឬកងទ័ពស្រួចរបស់បារាំង បានចេញដំណើរពីប្រទេសចិន មក ដោយធ្វើដំណើរតាមឈូងសមុទ្រចិន ទៀតផង។ លោកថា ក្រោយមកពាក្យថា Chine ឬចិន នេះ ត្រូវបានចងចាំក្នុងខួរក្បាលរបស់ទ័ពបារាំង រហូតមក។ លុះក្រោយមក នៅពេលបារាំង វាយដណ្ដើមកាន់កាប់បានទីក្រុងព្រៃនគរ រួចហើយ ពួកគេក៏បានសម្រេចដាក់ឈ្មោះទឹកដីថ្មីនេះថា កូសំាងស៊ីន តែម្តង ដើម្បីរំឭកគុណដល់ព្រះតេជព្រះគុណកូសាំង ដែលព្រះអង្គបានប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីសម្រាលទុក្ខប្រជាពលរដ្ឋបារាំង។
សព្វថ្ងៃ មន្ទីរពេទ្យកូសាំង ឬអូពីតាល់កូសំាង គឺជាមន្ទីរពេទ្យរដ្ឋដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីស ហើយមន្ទីរពេទ្យនេះ គឺជាផ្នែកមួយនៃមហាវិទ្យាល័យពេទ្យប៉ារីសដេកាត (Faculté de Médecine Paris-Descartes)។ ស្រដៀងនឹងការអះអាងរបស់ លោក ត្រាំងឆាត ប៊ុត គេហទំព័រវីគីភេដៀ (Wikipedia) ក៏បានលើកឡើងដែរថា ការដែលគេដាក់ឈ្មោះមន្ទីរពេទ្យនេះថា កូសាំង គឺដើម្បីរំឭកដល់ព្រះតេជព្រះគុណ ហ្សង់ ឌែននីស កូសាំង (Jean-Denis Cochin) ដែលព្រះអង្គបានជួយដល់កម្មករ និងអ្នកក្រីក្រក្នុងសង្កាត់មួយនៃទីក្រុងប៉ារីស តាមរយៈការសាងសង់មន្ទីរពេទ្យកូសាំង នេះ។
ក្រៅពីទឡ្ហីករណ៍របស់ លោក ត្រាំងឆាត ប៊ុត អ្នកស្រាវជ្រាវខ្មែរខ្លះបានលើកឡើងថា ពាក្យថា កូសាំងស៊ីន គឺមកពីពាក្យវៀតណាម ថា កូ ជិន ស៊ិន (CỖ Chinh Xin) ដែលមានន័យជាភាសាខ្មែរថា “នាងទី៩សុំ”។ នាងទី៩នៅទីនេះ គឺសំដៅទៅលើព្រះមហេសីយួនរបស់ព្រះបាទជ័យជេដ្ឋាទី២ ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ដែលជាបុត្រី ឬកូនទី៨របស់ស្ដេចយួនអណ្ណាម ឈ្មោះ ង្វៀង សាយវឿង។ មហេសីយួន ង្វៀង ង៉ុកវ៉ាន់ នេះហើយដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឲ្យជនជាតិយួនមករស់នៅ ហើយដែលមិនបានសងឲ្យខ្មែរវិញរហូតមកដល់សព្វថ្ងៃនេះ។
មានការអះអាងថា ពាក្យថា កូជិនស៊ិន ឬនាងទី៩សុំនេះ គឺជនជាតិយួន បានហៅតៗគ្នា សំដៅទៅលើទឹកដីខ្មែរដែលមហេសីយួន ង្វៀង ង៉ុកវ៉ាន់ បានសុំពីព្រះបាទជ័យជេដ្ឋាទី២ ហើយដើម្បីរំឭកដល់គុណបំណាច់របស់នាង ង្វៀង ង៉ុកវ៉ាន់ ពួកជនជាតិយួន ក៏ហៅដែនដីនេះថា កូជិនស៊ិន តៗគ្នាទៅ។ ប៉ុន្តែ បើតាមប្រវត្តិសាស្ត្រ ព្រះបាទជ័យជេដ្ឋាទី២ ពុំបានឲ្យដីខ្មែរទៅយួន នោះទេ ព្រះអង្គគ្រាន់តែឲ្យយួនខ្ចីក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។
តើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨របស់ស្ដេចយួន ង្វៀង សាយវឿង ឬយ៉ាងណា?
មានការលើកឡើងថា ស្ដេចយួន ង្វៀង សាយវឿង ឬខ្លះថា ង្វៀង ភុកវៀង មានបុត្រទាំងអស់ចំនួន ១៥នាក់ ក្នុងនោះមានបុត្រាចំនួន ១១នាក់ និងបុត្រីចំនួន ៤នាក់។ តែទោះយ៉ាងណា គ្មានការបញ្ជាក់ឲ្យច្បាស់លាស់ណាមួយថា នាង ង្វៀង ង៉ុកវ៉ាន់ ឬមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២ គឺជាកូនទី៨ នៃរាជវង្សស្ដេច ង្វៀង សាយវឿង នោះឡើយ។ ម្យ៉ាងទៀត បើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ក្នុងគ្រួសារ ហេតុអ្វីបានជាគេហៅនាងថា កូជិន (CỖ Chinh) ឬនាងទី៩ទៅវិញ?
នេះមិនមែនជារឿងពិបាកយល់នោះទេ។ ខុសពីជនជាតិខ្មែរ ជនជាតិយួន មានទន្លាប់ហៅកូនច្បងដោយរាប់ពីលំដាប់លេខរៀងទី២ឡើងទៅ មានន័យថា បើកូននោះជាកូនច្បង ឬកូនទី១ គេហៅថាកូនទី២ទៅវិញ ដូចជាពេលខ្លះគេហៅថា អាន់ហាយ (Anh 2) ឬចីហាយ (Chi 2) គឺសំដៅទៅលើបងប្រុសច្បង ឬបងស្រីច្បង មិនមែនបងប្រុសទី២ ឬបងស្រីទី២ឡើយ។ ដូច្នេះ បើគេហៅមហេសីព្រះបាទជ័យជេដ្ឋាទី២ ថា កូជិន (CỖ Chinh) ឬនាងទី៩នោះ មានន័យថា នាងជាកូនទី៨ក្នុងគ្រួសារទៅវិញទេ។
ទាក់ទងនឹងពាក្យកូជិនស៊ិន មានការពោលតៗគ្នាថា នៅពេលដែលពួកអាណានិគមនិយមបារាំង បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោម ពួកគេក៏បានចាប់ផ្ដើមកម្លាយពាក្យ កូជិន ស៊ិន ដែលជនជាតិយួន តែងហៅនោះ ឲ្យទៅជាកូសាំងស៊ីន វិញ ទៅតាមសំនៀងអាននៃភាសារបស់បារាំង។
យ៉ាងណាក៏ដោយ បើតាម លោក អាដេម៉ារ ឡឺក្លែរ លោកបានអះអាងក្នុងសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់លោកថា ពាក្យថា កូសាំងស៊ីន បានក្លាយមកពីពាក្យ ឆានឆេង ដែល ឆានឆេង នេះ គឺជាអតីតរាជធានីរបស់នគរចំប៉ា។ ជុំវិញរឿងនេះ លោក ឡឺក្លែរ បានសរសេរថា ប្រមាណជាក្នុងជំនាន់ដែលរាជធានីលង្វែករបស់កម្ពុជា បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់សៀម អាណាចក្រអណ្ណាមដែលទើបតែដណ្ដើមយកបានទឹកដីនគរចំប៉ា ស្ទើរតែទាំងអស់បញ្ចូលមកជារបស់ខ្លួននោះ បានបែកចេញជា២ដាច់ពីគ្នា មួយគឺតុងកឹង និងមួយទៀត គឺកូសាំងស៊ីន ដែលជាអតីតនគរចំប៉ា ឬក្រោយមកត្រូវយួន ឲ្យឈ្មោះថា អណ្ណាម។ បើផ្អែកតាមការអះអាងរបស់ លោក ឡឺក្លែរ ត្រង់ចំណុចនេះ មានន័យថា ពាក្យថា កូសាំងស៊ីន មិនមែនសំដៅទៅលើដែនដីកម្ពុជាក្រោម នោះទេ គឺសំដៅទៅលើដែនដីអណ្ណាម ដែលជាអតីតទឹកដីរបស់នគរចំប៉ា ទៅវិញទេ។ តែទោះយ៉ាងណា ក្រោមការគ្រប់គ្រងរបស់បារាំង បារាំង បានបែងចែកយ៉ាងច្បាស់រវាងដែនដីកូសាំងស៊ីន ដែនដីអណ្ណាម និងតុងកឹង ដែលកូសាំងស៊ីន សំដៅលើកម្ពុជាក្រោម អណ្ណាម សំដៅលើភូមិភាគកណ្ដាលរបស់វៀតណាម សព្វថ្ងៃ ឬអតីតនគរចំប៉ា និងតុងកឹង សំដៅលើទឹកដីវៀតណាម នៅភូមិភាគខាងជើងដែលមានទីក្រុងហាណូយ ជារដ្ឋធានី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។