សហព័ន្ធនេះក៏បានបញ្ជាក់ដែរថា ដែនដីកម្ពុជាក្រោមមានទំហំ ៦៨.៩៦៥គីឡូម៉ែត្រក្រឡា ក្នុងនោះមានកោះធំៗ ២ គឺកោះត្រល់ វៀតណាមហៅថា ភូក្វុក និងកោះត្រឡាច វៀតណាមហៅថា កោះកូងដាវ តែបារាំងហៅថា ពូឡូកុង ដ័រ។
សៀវភៅប្រវត្តិសាស្រ្តខ្មែរ "កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម" សរសេរដោយលោក ត្រាំងឆាត ប៊ុត មានដើមកំណើតនៅឯដែនដីកម្ពុជាក្រោម និងជាអតីតសាស្រ្តាចារ្យនៅវិទ្យាល័យយុគន្ធ ក្នុងទីក្រុងភ្នំពេញកាលពីទសវត្សរ៍ ១៩៦០ បានអះអាងឲ្យដឹងថា កម្ពុជាក្រោមមានបណ្តោយ ៥០០គីឡូម៉ែត្រ និងមានទទឹងពី ៧៥គីឡូម៉ែត្រ ទៅ ១៩០គីឡូម៉ែត្រ។ កម្ពុជាក្រោមមានអាកាសធាតុពិសេសដូចប្រទេសនៅភូមិភាគអាស៊ី គឺមាន ២រដូវ, រដូវភ្លៀងនិងរដូវក្តៅ ដែលតែងមានពន្លឺថ្ងៃជាប់ជាប្រចាំនៅពេលថ្ងៃ។ សីតុណ្ហភាពទាបបំផុតត្រឹម ១៨អង្សារសេ និងខ្ពស់បំផុតត្រឹម ៤០អង្សារសេ។
ផែនទីភូមិសាស្ត្រចេញផ្សាយក្រោយឆ្នាំ១៩៧៥ ដោយរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមបង្ហាញឲ្យឃើញថា ដែនដីកម្ពុជាក្រោមមានទន្លេធំវែងហូរកាត់។ សហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងបន្ថែមថា ទន្លេដែលហូរកាត់នោះគឺទន្លេមេគង្គនិងទន្លេបាសាក់។
សៀវភៅប្រវត្តិសាស្រ្ត "កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម" បានអះអាងថា ទន្លេមេគង្គហូរកាត់ដែនដីកម្ពុជាក្រោមកាត់ប្រវែង ២២០គីឡូម៉ែត្រ ដែលមានប្រភពចេញពីប្រទេសទីបេ ហូរកាត់ដែនដីកម្ពុជាក្រោមប៉ែកខាងលិច ហូរកាត់ចាក់ចុះទៅផ្នែកខាងកើតឆៀងខាងត្បូងឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង។ នៅតាមតំបន់ជាប់មាត់ទន្លេ និងដីវាលទំនាបតាមឈូងសមុទ្រចិនខាងត្បូងរបស់ដែនដីកម្ពុជាក្រោមដែលនៅចន្លោះទន្លេមេគង្គ និងចំណុចទឹកខ្មៅអាចធ្វើស្រែចម្ការយ៉ាងល្អប្រសើរ។
លោក ត្រាំង ឆាតប៊ុត បញ្ជាក់ថា កម្ពុជាក្រោមជាជង្រុកស្រូវមួយនៅលើពិភពលោក។ ឯចំណែកត្រីសាច់វិញក៏មានច្រើនសំបូរហូរហៀរនៅក្នុងទឹកសាប បឹងបួរទន្លេ ក៏ដូចជានៅក្នុងទឹកប្រៃ ឬសមុទ្រ។
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុកថាច់ ដែលមានទីស្នាក់ការនៅអាមេរិកខាងជើងនិងនៅអឺរ៉ុប មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែម ៖ «ដែនដីកម្ពុជាក្រោមគឺជាដែនដីទំនាប តាំងពីដើមមក បានន័យថា គឺជាដីល្បប់ ដីល្អមិនខុសគ្នាពីប្រទេសកម្ពុជាយើងទេ។ ហើយជាដែនដីមួយដែលសំបូរទៅដោយត្រី គឺថា វាសម្បូរហ្នឹងមែនទែន ជាពិសេសគឺដំណាំស្រូវហ្នឹងតែម្តង។ ហើយយើងឃើញសព្វថ្ងៃហ្នឹង ប្រទេសយួនទាំងមូលបានទឹកដីកម្ពុជាក្រោម យួន ៨០ប្លាយលាននាក់ គឺរស់ដោយសារអង្ករស្រូវនៅលើទឹកដីកម្ពុជាក្រោមតែម្តង»។
ចំណែកលោកស្រី គីម ធីអ៊ូយ ហៅ យាយទៀង អតីតគ្រូបង្រៀននិងជាពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ខេត្តត្រាវីញ លោកស្រីបានកត់ត្រានៅក្នុងសៀវភៅភាគទី១ ដែលមានចំណងជើងថា "អង្គការជានរណា?" បោះពុម្ពផ្សាយកាលពីដើមឆ្នាំ១៩៩៤ បានឲ្យដឹងថា កម្ពុជាក្រោមជាដែនដីទំនាបដែលមានជីជាតិគ្រប់បែបយ៉ាង សម្បូរទៅដោយធនធានកសិកម្ម ស្រូវ ត្រី និងដំណាំគ្រប់មុខ។
រីឯបុរសខ្មែរក្រោមម្នាក់ សូមជម្រាបឈ្មោះជាអក្សរកាត់ គឺ ដ.រ. លោកកំពុងរស់នៅក្នុងខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា នៅឯដែនដីកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីកសិកម្មនៅដែនដីកម្ពុជាក្រោម។
លោក ដ.រ. បានឲ្យដឹងថា ៖ «ធ្វើស្រែចម្ការ ឥឡូវគេធ្វើបីរដូវ។ ពីមុនធ្វើ ២រដូវ គឺរដូវវស្សាធ្វើស្រូវស្រាល និងរដូវប្រាំងធ្វើស្រូវធ្ងន់។ តែឥឡូវគេប្រែធ្វើស្រូវស្រាលទាំងបីរដូវ។ មួយរដូវ ៣ខែ ចាប់ពីខែវិសាខ ចាប់ផ្តើមសាបព្រោះ បីខែគឺខែវិសាខ ជេស្ឋ អាសាធ ហ្នឹងទុំហើយ ៣ខែច្រូតៗ»។
មឿង ទុម ៖ ក្រៅពីធ្វើស្រែ តើប្រជាពលរដ្ឋខ្មែរក្រោមលោកមានដាំដំណាំកសិកម្ម ដាំអីទេ ភាគច្រើន នៅក្នុងខេត្តលោកនោះ? ដ.រ. ៖ ដាំមានដាំដំណាំដូចជាត្រាវ ស្ពៃ ម្រះអីជាដើម។
មឿង ទុម ៖ តើដំណាំធំជាចម្ការ ខ្មែរក្រោមលោកមានធ្វើទេ? ដ.រ. ៖ ចម្ការតិចតួច មិនមានធំពេកទេ ល្មមត្រឹមមួយហិកតា ឬក្រោមមួយហិកតាចុះ មានដើមមៀន ដើមក្រូច អម្ពរ តែល្មុតតិចទេ ភាគច្រើនដាំធុរេនច្រើន។ ខេត្តព្រះត្រពាំងបានដាំច្រើនគឺអំពៅ។
ពលរដ្ឋខ្មែរក្រោមមួយរូបទៀតអាយុ ៤០ឆ្នាំ សុំជម្រាបឈ្មោះជាអក្សរកាត់ដែរ គឺ ល.រ. ស. សព្វថ្ងៃជាកសិករនិងជាគ្រូបង្រៀននៅខេត្តឃ្លាំង ដែលវៀតណាមហៅថា សុកទ្រាំង នៅកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងបន្ថែមអំពីកសិកម្មនៅទីនោះ។
លោក ល.រ. ស. បានបញ្ជាក់ថា ៖ «ពីដើម យើងខ្មែរៗក្រោមនេះសម្បូរសប្បាយណាស់។ របរសំខាន់នោះគឺអាជីវកម្មធ្វើស្រែ ចម្ការ។ ស្រូវធ្ងន់បូរាណរបស់យើង វាជិតអស់ទៅហើយ ១០ភាគនៅសល់តែ ១ភាគទេ។ ឥឡូវហ្នឹងស្រែគេបង្កបង្កើនផលមួយឆ្នាំ ៣រដូវ។ ឥឡូវហ្នឹងគេធ្វើស្រូវ ៣ខែហ្នឹងច្រើនបំផុតលេខ១។ គេហៅស្រូវស្រាល ស្រូវបង្កើនរដូវ។ និយាយជាមធ្យម តាមការគេធ្វើតាមវិទ្យាសាស្រ្ត ឥឡូវហ្នឹងគេបាន(ផល)នៅតំបន់ខ្ញុំនេះ មួយកុង ស្ថិតិពិតប្រាកដគឺបានប្រមាណពី ២៥ ទៅ ៣០ថាំង ដោយតំបន់»។
កសិករខ្មែរក្រោមដដែលមានប្រសាសន៍ថា ក្រៅពីដំណាំស្រូវកម្ពុជាក្រោមក៏មានដំណាំឈើហូបផ្លែជាច្រើនទៀត រួមមានដូង ដាំច្រើនបំផុតនៅទូទាំងខេត្តឃ្លាំង។ ចំណែកនៅខេត្តក្រមួនស ដែលវៀតណាមហៅថា រ៉ាច់យ៉ា មានដាំក្រូច ល្មុត មៀន និងអម្ពរ ពិសេសដាំច្រើនធុរេន។ រីឯនៅខេត្តព្រះត្រពាំង ដែលវៀតណាមហៅថា ត្រាវីញ ច្រើនដាំអំពៅជាដើម។
ចំណែកពលរដ្ឋអ្នកមានដើមកំណើតនៅឯដែនដីកម្ពុជាក្រោមមួយរូបទៀត គឺលោក តឹង ម៉ាន់រិន បច្ចុប្បន្នជានាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោមរស់នៅក្នុងទីក្រុងហ្វីឡាឌេលហ្វៀ នៃរដ្ឋផិនស៊ីលវេញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ឲ្យដឹងបន្ថែមអំពីដើមឈើប្រភេទខ្លះដែលមានដុះតែនៅក្នុងដែនដីកម្ពុជាក្រោមប៉ុណ្ណោះ ដូចជាដើមឃ្វិតនិងត្នោតជាដើម។
លោក តឹង ម៉ាន់រិន បានបញ្ជាក់ថា ៖ «នៅកម្ពុជាក្រោមមានដើមឈើខ្លះដែលយួនវាអត់មាន មានតែខ្មែរទេដែលមាន គឺដើមឃ្វិត។ ដើមឃ្វិតហ្នឹងធំដែរ ជួនមួយឱប ខ្លះធំជាងមួយឱបទៅទៀត។ ដើមឈើខ្ពស់ធំណាស់ ខ្ពស់ប្រហែល ១០ម៉ែត្រជាង ១០ម៉ែត្រខ្ពស់ឡើងលើដល់ ១៥ ឬ ២០ម៉ែត្រ។ យួនវាអត់មានទេ។ សូម្បីតែនៅកម្ពុជាក្រោម តំបន់ណាយួន គឺអត់មាន ដើមឃ្វិតទេ។ មានតែតំបន់ខ្មែរទេដែលមានដើមឃ្វិត។ ដើមឃ្វិតនិងដើមត្នោត មានតែខ្មែរទេដែលមាន។ ផ្លែឃ្វិតឆ្ងាញ់ ផ្លែទុំផ្អែមៗ បើខ្ជីគេយកមកជ្រលក់ ធ្វើជាអន្លក់ជាមួយម៉ាំ ប្រហុក ជាដើម»។
ពលរដ្ឋខ្មែរក្រោមមួយរូបទៀតគឺលោក សាំង ម៉ាក់សាង ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា កូសាំងស៊ីនជាដែនដីរបស់ខ្មែរ ចុះផ្សាយតាំងពីឆ្នាំ១៩៧៣មក បានឲ្យដឹងថា កម្ពុជាក្រោម ឬកូសាំងស៊ីន គឺជាប្រទេសចុងដៃនៃអាណាចក្រខ្មែរដ៏សំបូរ ព្រោះដោយសារដែនដីនេះលាតសន្ធឹងតាមដងទន្លេ ដែលជាវាលល្បប់សំខាន់ សម្រាប់ដំណាំស្រូវនិងកៅស៊ូ៕