នៅក្នុងនាទីខ្មែរកម្ពុជាក្រោម កាលពីសប្ដាហ៍មុន លោក យាង សុជាមេត្តា បានរាយការណ៍ជូនអំពីការងើបបះបោររបស់ខ្មែរ ប្រឆាំងនឹងនយោបាយយួនូបនីយកម្មរបស់អណ្ណាម និងដើម្បីនាំយកព្រះបាទអង្គឌួង ចូលមកសោយរាជ្យនៅកម្ពុជា វិញ។
នៅសប្ដាហ៍នេះ លោក យាង សុជាមេត្តា នឹងរៀបរាប់អំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមបន្តទៀត ដោយសូមរាយការណ៍ជូនអំពីការឡើងសោយរាជ្យរបស់ព្រះបាទអង្គឌួង និងព្រះរាជបំណងស្វែងរកអន្តរាគមន៍ពីបារាំង ដើម្បីការពារកម្ពុជា ពីការត្រួតត្រារបស់សៀម និងយួនអណ្ណាម។
តាមការស្នើសុំរបស់ប្រជានុរាស្ត្រ និងមន្ត្រីខ្មែរ ព្រះបាទអង្គឌួង ត្រូវបានស្ដេចសៀម អនុញ្ញាតឲ្យយាងចូលមកកម្ពុជា នៅឆ្នាំ១៨៤០ ដើម្បីឲ្យព្រះអង្គឡើងសោយរាជ្យបន្តពីក្សត្រីអង្គម៉ី ដែលត្រូវបានអណ្ណាម លើកបន្តុប។ តែទោះយ៉ាងណាក៏ដោយ គេត្រូវរង់ចាំដល់ឆ្នាំ១៨៤៧ ទើបព្រះបាទអង្គឌួង អាចឡើងគ្រងរាជ្យជាផ្លូវការ ដោយមានការយល់ព្រមទាំងពីរភាគីសៀម និងអណ្ណាម។
ប្រទេសអណ្ណាម ដែលធ្លាប់បានគ្រប់គ្រងមកលើខ្មែរផ្តាច់មុខ តាំងពីឆ្នាំ១៨៣៣ មក គេមិនសុខចិត្តឲ្យមានព្រះមហាក្សត្រដែលគេយល់ថា ស្ថិតក្រោមការជួយជ្រោមជ្រែងរបស់សៀម តែម្នាក់ឯងឲ្យឡើងសោយរាជ្យនៅកម្ពុជា នោះទេ។ ក្នុងរយៈពេល ៧ឆ្នាំ ពោលគឺពីឆ្នាំ១៨៤០ ដល់ឆ្នាំ១៨៤៧ យួន បានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងកម្ពុជា ឡើងវិញ ព្រោះការដែលគេបានរបូតកម្ពុជា ចេញពីកណ្ដាប់ដៃ ដោយសារការបះបោររបស់ខ្មែរ បានធ្វើឲ្យគេមានការសោកស្ដាយយ៉ាងខ្លាំង រហូតដល់មន្ត្រីកំពូលរបស់អណ្ណាម ឈ្មោះ ទ្រឿង មិញយ៉ាង បានលេបថ្នាំសម្លាប់ខ្លួន ដោយតូចចិត្តថា ខ្លួនមិនអាចគ្រប់គ្រងយកកម្ពុជា បាន និងម្យ៉ាងប្រហែលជាខ្លាចអធិរាជអណ្ណាម ស្តីបន្ទោសទៀតផង។
យ៉ាងណាក៏ដោយចុះ អណ្ណាម នៅពេលនោះមានជម្រើសតែ ២ប៉ុណ្ណោះ គឺការបន្តធ្វើសង្គ្រាមជាមួយព្រះបាទអង្គឌួង ដោយមានការជួយជ្រោមជ្រែងពីទ័ពសៀម ឬក៏ត្រូវធ្វើការចរចា ដើម្បីលើកព្រះបាទអង្គឌួង ឲ្យឡើងគ្រងរាជ្យ។ តែអណ្ណាម បានជ្រើសយកការធ្វើសង្គ្រាម ហើយក៏បានត្រឡប់ចូលចរចាវិញ នៅពេលដឹងថា ខ្លួនមិនអាចយកឈ្នះខ្មែរ និងសៀម បានទេនោះ។
ក្នុងរយៈពេល ៧ឆ្នាំនៃការធ្វើសង្គ្រាមនេះ យួន បានប្រើការវាយលុកដោយកម្លាំងបាយផង និងប្រើមធ្យោបាយបំបែកបំបាក់រាជវង្សានុវង្សខ្មែរផង។ ក្នុងដំណាក់កាលដំបូង អណ្ណាម បានដោះលែងព្រះអង្គអិម ព្រះរាមរបស់ព្រះបាទអង្គឌួង ដែលគេចាប់ព្រះកាយបញ្ជូនទៅក្រុងវ៉េ ឲ្យមានសេរីភាព និងចាត់ទុកព្រះអង្គអិម ជាស្ដេចមួយអង្គឡើងវិញ។ គេបាននាំព្រះអង្គអិម មកភ្នំពេញ រួចនាំទៅខេត្តមាត់ជ្រូក ជាមួយនៅពេលដែលគេបានដកថយទៅវិញ ក្នុងក្តីសង្ឃឹមថា នឹងឲ្យព្រះអង្គអិម ប្រឆាំងនឹងព្រះអង្គឌួង និងឲ្យព្រះអង្គអិម និងអ្នកគាំទ្ររបស់ព្រះអង្គ បន្តធ្វើសង្គ្រាមជាមួយសៀម បន្តទៀត។ ប៉ុន្តែក្រោយមក ព្រះអង្គអិម ដែលប្រជារាស្ត្រខ្មែរមិនចូលចិត្តបន្តិចណាសោះ ដោយសារព្រះអង្គក្បត់ព្រះអង្គឌួង និងចុះចូលជាមួយយួន នោះបានចូលទិវង្គត។ បន្ទាប់ពីអត់ពីព្រះអង្គអិម ទៅ ពួកអណ្ណាម ត្រូវតែបង្ខំសភាពការណ៍ឲ្យឆាប់រហ័ស បើពុំនោះទេ គឺត្រូវធ្វើការចរចា។
ដោយនៅមិនទាន់អស់សង្ឃឹមក្នុងការប្រើកម្លាំងទ័ព ដើម្បីប្រឆាំងនឹងខ្មែរ យួនអណ្ណាម បានបន្តធ្វើសង្គ្រាមជាមួយខ្មែរមួយបន្តទៀត ដែលពេលខ្លះសឹងតែធ្វើឲ្យកម្លាំងខ្មែរ និងសៀម បាក់ទ័ពត្រូវដកថយក្រោយថែមទៀតផង តែក្រោយមកត្រូវទ័ពខ្មែរសៀម វាយឲ្យខ្ចាត់ខ្ចាយទៅវិញ។ នៅទីបំផុត ដោយគិតថា ខ្លួនមិនអាចយកឈ្នះទ័ពខ្មែរសៀមបាននោះ និងម្យ៉ាង ដោយសារខ្លាចអំណាចរបស់ព្រះបាទអង្គឌួង ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀម តែម្នាក់ឯងផង យួនអណ្ណាម ក៏បានស្នើសុំព្រះបាទអង្គឌួង ធ្វើការចរចា។ ពេលនោះ ព្រះអង្គឌួង បានឆ្លើយតបថា ដើម្បីឲ្យព្រះអង្គជឿថា អណ្ណាម មានបំណងចរចាពិតប្រាកដមែននោះ លុះណាតែអណ្ណាម បញ្ជូនព្រះរាជវង្សានុវង្សខ្មែរទាំងអស់ ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជាជនខ្មែរណាដែលអណ្ណាម ចាប់ឃុំទុកនៅព្រៃនគរ និងក្រុងវ៉េ ត្រឡប់ ចូលស្រុកខ្មែរវិញ។ តែទោះយ៉ាងណា អណ្ណាម បានដោះលែងអ្នកទាំងអស់នេះនៅក្រោយការចរចាប៉ុណ្ណោះ។
ការចរចាបានធ្វើឡើងនៅឆ្នាំ១៨៤៥ ហើយបានឯកភាពគ្នាថា នឹងលើកព្រះអង្គឌួង ឲ្យឡើងសោយរាជ្យដោយមានការយល់ព្រមពីថ្នាក់ដឹកនាំសៀម និងអណ្ណាម ទាំងអស់គ្នារួចហើយ អណ្ណាម នឹងបញ្ជូនរាជវង្សានុវង្សខ្មែរឲ្យវិលត្រឡប់មកវិញ ជាថ្នូរនឹងការដោះលែងនាយទាហាន កូនទាហានយួន ដែលខ្មែរចាប់បាន។ ក្រោយមក សៀម និងយួន បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានៃការចរចានេះ ហើយនៅឆ្នាំ១៨៤៦ គេបានធ្វើការផ្លាស់ប្ដូរឈ្លើយសឹកគ្នាទៅវិញទៅមក។ អណ្ណាម ក៏បានបង្វិលព្រះខ័នរាជ្យមកឲ្យខ្មែរវិញ ហើយនៅឆ្នាំ១៨៤៧ ព្រះបាទអង្គឌួង ត្រូវបានរាជាភិសេកឡើងគ្រងរាជ្យនៅចំពោះមុខតំណាងយួនសៀម។
ចំណែកពលរដ្ឋខ្មែរនៅកម្ពុជាក្រោមវិញ បើតាមអតីតរ៉េស៊ីដង់បារាំង ប្រចាំកម្ពុជា លោក អាដេម៉ារ ឡឺក្លែរ (Adhemard Leclere) ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា ប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានសរសេរថា ចាប់តាំងពីកម្ពុជា មានសន្ធិសញ្ញាជាមួយសៀម និងយួន នៅឆ្នាំ១៨៤៦ មក ពលរដ្ឋខ្មែរក្រោមបានចាប់ផ្ដើមធ្វើដំណើរចាកចេញពីទឹកដីកំណើត និងបោះបង់ស្រែចម្ការរបស់ខ្លួន ដើម្បីមកកម្ពុជា លើ។ លោកថា មូលហេតុដែលបណ្ដាលឲ្យពលរដ្ឋខ្មែរក្រោមទាំងនោះ បោះបង់ដីស្រែចម្ការរបស់ខ្លួនទុកឲ្យពួកអណ្ណាម ក៏ដោយសារតែជនជាតិយួនអណ្ណាម ចេះតែចាក់រុករករឿងឈ្លោះជាមួយនឹងខ្មែរ។ ពេលយប់ឡើងពួកគេ ចេញដើរលួចបង្កការលំបាកមិនឲ្យខ្មែររស់នៅបានសុខស្រួល។
លោក ឡឺក្លែរ បន្តថា នៅពេលនោះគ្មានយុត្តិធម៌ចំពោះខ្មែរក្រោមដែលជាម្ចាស់ដីស្រែនោះឡើយ។ តុលាការយួន ទទួលស្គាល់រាល់ការបំពានដណ្ដើមយកដីដោយជនអណ្ណាម ម្នាក់ កាលណាជននោះបង្ហាញឲ្យឃើញថា គេជាអ្នកសាបព្រោះលើដីនៅពេលចុងក្រោយនេះ ដោយមិនគិតថា ជនជាតិយួន នោះបានជួលដីនោះ ឬក៏លួចសាបព្រោះមិនឲ្យម្ចាស់ដឹង បើទោះជាថាម្ចាស់ដីខ្មែរនោះបានភ្ជួរដីរួចហើយ យួន លួចមកសាបព្រោះក៏ដោយ។ ចំណែកដីដែលគេទុកទំនេរ កាលណាបើមានជនអណ្ណាម ណាម្នាក់មកកាន់កាប់ តុលាការសម្រេចថា ម្ចាស់ដើមបានបោះបង់ចោលហើយ។ លោកថា ភាពអយុត្តិធម៌ទាំងអស់នេះបានបណ្ដាលឲ្យមានការសងសឹកគួរឲ្យភ័យខ្លាចកើតមានឡើង។ មានការលួចដុត ការកាប់សម្លាប់ ការកាយភ្លឺស្រែទម្លាយ ការលែងសត្វពាហនៈឲ្យស៊ីបំផ្លាញភោគផលជាដើម ដែលបន្ទាប់មកត្រូវបានចៅក្រមអណ្ណាមដាក់ទណ្ឌកម្មជាទម្ងន់ ហើយបើសិនជាគេរកជនប្រព្រឹត្តិល្មើសមិនឃើញទេ គេប្រគល់ឲ្យភូមិទាំងមូលទទួលខុសត្រូវ។ គេចាប់មេភូមិ ចាប់ចាស់ទុំ និងកសិករសាមញ្ញឲ្យសងសំណងយ៉ាងធ្ងន់ធ្ងរ ឬវាយនឹងដំបងផ្ដៅ ដើម្បីសួរចម្លើយ រហូតដល់ស្លាប់ក៏មាន។ ជួនកាលទៀត មានកើតជាការប្រយុទ្ធរវាងពួកយួន និងខ្មែរទាំងហ្វូងៗ ជាហេតុធ្វើឲ្យខ្មែរមិនអាចទ្រាំបាន ក៏នាំគ្នារត់បោះបង់ដីចោលទុកឲ្យយួន រួចមករកជ្រកកោននៅកម្ពុជា វិញ។
ថ្លែងពីព្រះបាទអង្គឌួង វិញ បើទោះជាព្រះអង្គបានឡើងសោយរាជ្យជាផ្លូវការហើយក្តី ព្រះអង្គនៅតែតូចព្រះទ័យចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដោយសារការលេបត្របាក់របស់សៀម និងយួន តែទោះយ៉ាងណា ព្រះអង្គបានត្រឹមតែទុកការឈឺចាប់នេះក្នុងបេះដូងប៉ុណ្ណោះ ព្រោះព្រះអង្គពុំហ៊ានលើកយកបញ្ហាទឹកដីមកតវ៉ាជាមួយប្រទេសជិតខាងទាំងពីរឡើយ។ ក្រៅតែពីការតូចព្រះទ័យ ចំពោះទឹកដីដែលបានបាត់បង់រួចហើយ ព្រះអង្គនៅតែព្រួយព្រះទ័យចំពោះអនាគតប្រទេសជាតិព្រះអង្គនៅថ្ងៃខាងមុខទៀត។ ព្រះអង្គនៅតែព្រួយថា ថ្ងៃណាមួយយួន និងសៀម នឹងពុះចែកយកទឹកដីខ្មែរដែលសេសសល់ យកទៅកាន់កាប់ទៀត។
ទាក់ទងនឹងការព្រួយព្រះទ័យនេះ លោក អាដេម៉ារ ឡឺក្លែរ បានដកស្រង់សម្ដីរបស់មន្ត្រីចាស់ទុំខ្មែរម្នាក់ដែលព្រះបាទអង្គឌួង ឧស្សាហ៍ពិគ្រោះយោបល់ជាមួយ ហើយដែលក្រោយមកមន្ត្រីរូបនោះ បាននិយាយប្រាប់ លោក ឡឺក្លែរ ថា បើមើលពីខាងក្រៅគេឃើញព្រះរាជាដូចជាសប្បាយរីករាយណាស់ ប៉ុន្តែក្នុងព្រះទ័យព្រះអង្គវិញ ទ្រង់ដូចជាគ្មានទំនុកចិត្តចំពោះអនាគតកាលសោះ ម្យ៉ាងទ្រង់ខ្លាចពួកសៀម ដែលព្រះអង្គចាត់ទុកដូចជាសត្រូវ ស្ទើរតែដូចពួកអណ្ណាម ដែលព្រះអង្គស្អប់ខ្លាំងណាស់អ៊ីចឹងដែរ។ ប៉ុន្តែ ព្រះអង្គជាអ្នកគាំទ្រសន្តិភាពមិនចូលចិត្តសង្គ្រាម ព្រោះព្រះអង្គឈ្វេងយល់ថា សង្គ្រាមមិនអាចដណ្ដើមយកខេត្តបាត់បង់ ទៅនោះមកវិញបានទេ។ មន្ត្រីរូបនោះបន្តប្រាប់ លោក ឡឺក្លែរ ថា ព្រះអង្គបារម្ភណាស់ចំពោះអនាគត ហើយបានពិភាល់ថា កម្ពុជា នឹងត្រូវបែងចែកគ្នារវាងសៀម និងអណ្ណាម។ ពួកសៀម នឹងយកទឹកដីពោធិ៍សាត់ កំពង់ស្វាយ ឧត្តុង្គ សម្បូរ ក្រចេះ និងត្បូងឃ្មុំ ឯអណ្ណាម វិញ នឹងយកអាណាខេត្តខាងត្បូងទាំងអស់ រួមមាន បាភ្នំ ទ្រាំង និងភ្នំពេញ ផង ហើយបើសិនជាមានសង្គ្រាមផ្ទុះឡើង ទោះជាជាមួយសៀម ឬអណ្ណាម ក៏ដោយ សង្គ្រាមនោះនឹងធ្វើឲ្យការបែងចែកទឹកដីគ្នាកើតមានកាន់តែឆាប់ ម៉្លោះហើយព្រះអង្គមិនចង់ឲ្យកើតមានសង្គ្រាមជាមួយនរណាម្នាក់ទេ។
ដោយសារការតូចព្រះទ័យចំពោះទឹកដីដែលបាត់បង់ និងការព្រួយព្រះទ័យចំពោះទឹកដីដែលនៅសេសសល់នេះហើយ ទើបព្រះអង្គឌួង មានព្រះរាជបំណងងាករកប្រទេសមហាអំណាចណាមួយដែលខ្លាំង ហើយអាចទុកចិត្តបាន ដើម្បីឲ្យជួយការពារនគរព្រះអង្គពីការត្រួតត្រារបស់សៀម និងយួន។ ពេលនោះហើយដែលព្រះអង្គបានចាប់ផ្ដើមព្យាយាមទាក់ទងមហាអំណាចអាណានិគមបារាំង នៅអឺរ៉ុប។
នៅសប្ដាហ៍ក្រោយ លោក យាង សុជាមេត្តា នឹងរាយការណ៍ជូនអំពីព្រឹត្តិការណ៍ទាំងនេះបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។