នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តកម្ពុជា ពួកខ្មែរក្រហម តែងលើកឡើងយ៉ាងរត់មាត់នូវភាពស្មើគ្នារវាងបុរសនិងនារី ។ ភាពស្មើគ្នានោះត្រូវបានលើកស្ទួយនិងការពារដោយរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ។
ទោះជាមានការលើកស្ទួយនិងការពារដោយរដ្ឋធម្មនុញ្ញបែបនេះក្តី តាមការសម្ភាសជាមួយនារីមួយចំនួនបាននិយាយថា ភាពស្មើគ្នារវាងបុរសនិងនារីនៅគ្រានោះ មានចំពោះតែទម្ងន់ការងារប៉ុណ្ណោះ ។
អ្នកស្រី ជុំ ឈាងអ៊ី ប្រជាជនម្នាក់នៅខេត្តកណ្តាលបានបញ្ជាក់ចំណុចខាងលើដូច្នេះថា ៖ «នៅតែមិនស្មើអ៊ីចឹង ។ បើស្មើអ៊ីចេះ ការងារស្មើ វាចែកឱ្យស្មើ ឧបមាថា បើប្រុសហ្នឹងធ្វើភ្លឺតាន់ ហ្នឹងដប់ម៉ែត្រ ស្រីហ្នឹងក៏ធ្វើដប់ម៉ែត្រដែរ ឤហ្នឹងស្មើភាពអ៊ីចឹងវិញ ។ រឿងថាឱ្យសិទ្ធិស្មើ និយាយស្តីត្រួតត្រាដឹកនាំអីស្មើអត់មានទេ ។ បើថាធ្វើការស្មើនឹងប្រុសៗ...» ។
សិទ្ធិនិងសេរីភាពទាំងឡាយរបស់នារី ត្រូវបានដាក់កំហិតដើម្បីតម្រូវតាមវប្បធម៌បដិវត្តន៍ ។ ការលាបប្រេងម្សៅ និងការតុបតែងខ្លួនរបស់នារីនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានហាមឃាត់ដាច់ខាត ។ នារីត្រូវគេតម្រូវឱ្យកាត់សក់ខ្លីត្រឹមក តាមម៉ូដនិយមរបស់បដិវត្តន៍ ។ ឤវខ្មៅត្រូវគេប្រាប់ឱ្យបិទឡេវរហូតដល់ក ។ ម៉ូដនិយមទាំងនេះបានចម្លងចេញពីចិន ហើយបទបញ្ញតិ្តបែបនេះមិនមានទេនៅប្រទេសវៀតណាមដែលនៅជិតខាងខ្លួន ។
អ្នកស្រី គង់ សារី អតីតយុវនារីកងចល័តម្នាក់នៅខេត្តបាត់ដំបង បានរៀបរាប់អំពីការតុបតែងខ្លួនរបស់នារីនៅក្នុងរបបនោះដូច្នេះថា ៖ «ខ្មៅសុទ្ធ ខ្មៅទាំងលើខ្មៅទាំងក្រោម ។ សក់កាត់ខ្លីទាំងអស់ អត់មានអ្នកណាទុកវែងបានទេ ។ សក់គេកាត់របៀបត្រង់ៗ ការ៉េៗ ត្រឹមក អត់មានដល់ស្មាទេ តែត្រឹមកក្រោមទងត្រចៀកបន្តិចហ្នឹង ឱ្យស្មើគ្នាអ៊ីចឹង ។ បើសិនណាជាទុកជែងគេថាយើងនៅធ្វើខ្លួន ស្អីគេហៅថាសក្តិភូមិនាយទុនយ៉ាងម៉េចនេះណា៎...។ មិនមែនជានារីបដិវត្តន៍ទេ ។ នារីបដិវត្តន៍សម័យនោះ គឺគេឱ្យខ្លីទាំងអស់ អត់ឱ្យមានអ្នកណាវែងលើគ្នាទេ ។ គឺថាចេញទៅ មើលមួយមើលដល់ទៅមួយរយ វាដូចគ្នាទាំងអស់អ៊ីចឹងណា៎... ។ ឈរតម្រង់ជួរ តំរៀបជួរទៅ មើលទៅសក់ អត់មានលើមានក្រោមទេ គឺស្មើគ្នា ។ (សំណួរ ៖ តើការលាបមុខផាត់ម្សៅអីយ៉ាងម៉េចដែរ ?) អត់មានទេៗ មានតែក្រោកពីយប់ឡើង ម៉ោងបួនត្រូវតែភ្ញាក់ហាត់ប្រាណ ។ រួចពីហាត់ប្រាណហ្នឹងហើយ អត់ពិបាកលុបមុខលុបអីទេទៅស្រែ គឺទៅលុបតាមទឹកស្រែឯណោះ ។ ហើយស្និតសិតសក់អី មួយកាត់ជាពីជាបីកង់ទៅ ដាក់ហោប៉ៅម្នាក់មួយៗអ៊ីចឹងទៅ ។ អត់មានទឹកធ្វើខ្លួនអីហើយបានចុះទៅស្រែអីអត់ទេណា៎ ។ ក្រោកឡើងតម្រង់ជួរ ហាត់ប្រាណៗ ហើយចេញ ។ អត់មានឤហារពេលព្រឹកទេណា៎... គឺអត់មានទេ ។ គ្មានទេម្សៅក្រេមអី ផាត់មុខផាត់មាត់អីគឺគ្មានទេ មានតែទឹកស្រែ» ។
ទំនងទំនងស្នេហារវាងបុរស នារី សកម្មភាពផ្លូវភេទក្រៅរង្វង់ឤពាហ៍ពិពាហ៍ និងការផិតក្បត់ ឬសហាយស្មន់ ត្រូវបានហាមដាច់ខាត ។ បុរសនារីទាំងឡាយណា ដែលប្រព្រឹត្តប្រាសចាកពីបទបញ្ញតិ្តនេះ ជាទូទៅត្រូវអង្គការខ្មែរក្រហមចាត់ទុកថា ជាអំពើខុសសីលធម៌ ហើយករណីភាគច្រើនបំផុតគឺត្រូវទទួលទោសប្រហារជីវិត ។
លោក សុខ គ្រី នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរំឭកឡើងវិញនូវករណីមួយ នៅក្នុងតំបន់របស់លោករស់នៅដូច្នេះ ៖ «កាលជំនាន់ ប៉ុល ពត នៅតំបន់ខ្ញុំមានការតឹងតែង មិនឱ្យយើងស្នេហា ខូចសីលធម៌អី គឺអត់ឱ្យមានដាច់ខាត ។ (តើបុរសនារីឤចជួបនិយាយគ្នាបានឬទេ ?) ជួបបានដែរ តែតិចតួចណាស់ ។ ជួបនៅពេលដែលយើងបញ្ចេញពលកម្ម នៅកន្លែងអីហ្នឹងឤចជួបបាន និងក្នុងការហូបចុក ឤចជួបបានតិចតួច ។ ឱ្យជួបដូចថា មានការកាត់ជួបគ្នាអីគឺអត់មានទេ គឺវិន័យវាតឹងរ៉ឹង ។ នៅជំនាន់នោះវិន័យតឹងរ៉ឹង តែការខូចខិលនៅតែមាន ។ នៅក្នុងភូមិហ្នឹងគឺមានខូចសីលធម៌ ស្រីហ្នឹងប្រហែលជាឤយុជាង ៣០ ប្រុសនោះឤយុប្រហែលជាង ៣០ដូចគ្នា ។ ស្រីនោះគាត់ ១៧ (មេសា) មេម៉ាយទេ ហើយប្រុសហ្នឹងមូលដ្ឋាន គាត់មានកូនពីរ ។ គាត់ស្រឡាញ់គ្នាលួចលាក់ ហើយអង្គការយើងបានដឹង អង្គការយើងបានហៅមកណែនាំមួយសា ជាពីរសាដែរ ។ ដល់តែគាត់ហ្នឹងធ្លាប់ជួបគ្នាហើយ គឺគាត់ឈប់អត់បាន ។ ដល់ពេលឈប់អត់បាន លើកចុងក្រោយហ្នឹងគេចាប់យកទៅសម្លាប់ចោលទម្លាក់ទឹកទន្លេ» ។
នារីដែលខុសសីលធម៌ជារឿយៗត្រូវទទួលទារុណកម្មធ្ងន់ជាងបុរស ។ អ្នកស្រី ជុំ ឈាងអ៊ី ជាអ្នកភូមិជាមួយលោក សុខគ្រី ដែរ បានរំឭកឡើងវិញនូវទារុណកម្ម ចំពោះករណីខាងលើដូច្នេះថា ៖ «យកទៅរុកឆ្កៀលគ្នាទៅតាមទ្វារហ្នឹង ។ យកឈើយកអីទៅរុកអ៊ីចឹង ធ្វើបាបទាល់តែដាច់ខ្យល់ស្រីហ្នឹង ។ ហើយប្រុស គេដាក់នៅលើផ្ទះយើងអ៊ីចឹង ផ្ទះមានលើក្រោមអ៊ីចឹងណា៎ ។ ផ្ទះខ្ពស់អ៊ីចឹង ។ ស្រីគេយកដាក់នៅក្រោមហ្នឹងឱ្យមើលឃើញៗគ្នាអ៊ីចឹង ហើយឤអ្នកយាមនៅក្រោមហ្នឹង វាធ្វើបាបតាមអំពើចិត្តវាទៅ ។ យកឈើរុកក៏មាន ។ ឤហ្នឹងមិនបានឃើញពិតទេ ឮតែគេនិយាយតៗគ្នាមកអ៊ីចឹង ។ ធ្វើបាបហ្នឹងទាល់តែគ្នាហ្នឹងស្លាប់ទៅ ស្លាប់នៅនឹងកន្លែងហ្នឹងទៅ ។ ខាងប្រុសគេយកទៅសម្លាប់ដែរ ប៉ុន្តែគេយកទៅសម្លាប់ឆ្ងាយទៅណា៎ ។ គេធ្វើបាបតែស្រីនៅនឹងផ្ទះហ្នឹង ឧបមាថា គេធ្វើហ្នឹងវាលអ៊ីចឹងទៅ ឱ្យគេឯងឃើញគ្រប់គ្នា ឱ្យកោតឱ្យញញើត ថ្ងៃក្រោយកុំឱ្យគេយកគំរូតាម ។ ប្រុសប្រជាជនចាស់ ស្រីប្រជាជនថ្មី ។ ស្រីហ្នឹងមេម៉ាយ ប្រុសហ្នឹង មានប្រពន្ធដើម ខូចសីលធម៌ជាមួយគ្នាហ្នឹង គេចាប់ទៅ» ។
ទោះបីជាមានការប្រកាន់តឹងរ៉ឹងខាងសីលធម៌បែបនេះក្តី ក៏មាននារីជាច្រើនជាពិសេសនារី ដែលជាអ្នកទោសត្រូវបានគេអះឤងថា បានទទួលរងនូវការរំលោភសេពសន្ថវៈពីពួកសន្តិបាលខ្មែរក្រហម ។
ប្រាក់ ខន អតីតអ្នកសួរចម្លើយនៅគុកទួលស្លែង ឬមន្ទីរស២១ បាននិយាយឱ្យដឹងបន្ថែមថា ៖ «កងការពារឈ្មោះ ឤទូច ខ្ញុំសួរនៅពីមុខ វាសួរនៅផ្ទះខាងក្រោយខ្ញុំ អ៊ីចឹងវាសួរនារីហ្នឹងស្ងាត់ៗ វារំលោភ ដល់រំលោភគេទៅទាន់ ដល់ពេលគេទៅទាន់ គេចាប់ឱ្យកងការពារ មកចាប់វាហ្នឹង ចាប់ដាក់ខ្នោះជើង ជាប់នៅលើតុផ្ទះហ្នឹង ។ នៅលើផ្ទះហ្នឹងកម្ពស់ ៣ជាន់ វាលោតទម្លាក់ពីលើវីឡាហ្នឹងមក ទើនឹងខ្សែកាបតាមផ្លូវ មាត់លូទឹកស្អុយ ទើខ្សែកាប ផ្ទុះខ្សែភ្លើង បែកព្រាតៗទាំងអស់» ។
ការហាមប្រាមដែលដាក់ចេញដោយបក្សកុម្មុយនីស្តកម្ពុជានៅត្រង់នេះ មិនមែនចំពោះតែ សកម្មភាពផ្លូវភេទប៉ុណ្ណោះទេ ក៏ប៉ុន្តែការហាមនេះក៏ជាគំនិតហាមមិនឱ្យមានទំនាក់ទំនង និងសេចក្តីស្រឡាញ់គ្រប់យ៉ាង នៅក្រៅសង្គមសមូហភាពផងដែរ ។
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នារីជាច្រើនដែលជាប្រពន្ធកម្មាភិបាលជាន់ខ្ពស់ មានមុខមាត់លេចធ្លោជាងគេនៅក្នុងការគ្រប់គ្រងប្រទេស ។ នារីទាំងនោះរួមមាន បងប្អូនស្រីត្រកូល ខៀវ គឺ ខៀវ ប៉ុណ្ណារី ដែលបានរៀបការជាមួយ ប៉ុល ពត និង ខៀវ ធីរិទ្ធ ដែលបានរៀបការ ជាមួយ អៀង សារី ព្រមទាំងប្រពន្ធរបស់ សុន សេន គឺ យុន យ៉ាត ។
នារីទាំងនោះទំនងជាបានទទួលឋានៈខ្ពង់ខ្ពស់ដោយតែប្តីរបស់គេ ច្រើនជាងគុណបំណាច់ដែលពួកគេបានខិតខំបម្រើបដិវត្តន៍ ។ ក៏ប៉ុន្តែ អៀង ធីរិទ្ធ និង យុន យ៉ាត ជារឿយៗដើរតួជាអ្នកនាំពាក្យសម្រាប់គោលនយោបាយ បក្សកុម្មុយនីស្តកម្ពុជា ហើយហាក់ដូចជា សប្បាយរីករាយ និងសេរីភាពក្នុងល្បិចកលនេះណាស់ ។
របបកម្ពុជាប្រជាធិបតេយ្យ បានប្រកាសឱ្យមានភាពស្មើគ្នារវាងបុរសនិងនារី ទាំងក្នុងការងារនិងឋានៈ ។ ក៏ប៉ុន្តែនៅក្នុងមុខតំណែងដឹកនាំនយោបាយថ្នាក់ខ្ពស់ៗ របស់ប្រទេសនៅតែកាន់កាប់ដោយបុរសទាំងអស់ ។
អ្នកស្រី ជុំ ឈាងអ៊ី ប្រជាជនម្នាក់នៅខេត្តកណ្តាលបានកត់សម្គាល់ឃើញថា មុខតំណែងនៅក្នុងជួរកម្មាភិបាលថ្នាក់មូលដ្ឋានក៏បុរសៗជាអ្នកកាន់កាប់ដែរ ៖ «កាលហ្នុងដូចពិបាកណាស់ នៅតែចាញ់អ៊ីចឹង វាមិនបានស្មើ ។ ត្រួតត្រានៅលើប្រុសៗ ប្រុសច្រើនជាង ។ ស្រីវាឱ្យធ្វើ ឧបមាថា ប្រធាន "គ" ប្រធាន "ខ" ហ្នឹង ក្តោបក្តាប់នារីតាមរោង ប៉ុន្តែបើក្តាប់ធំ សុទ្ធតែប្រុសៗ ។ មេវាធំសុទ្ធតែប្រុស ឈ្លបក៏ប្រុស ស្អីក៏ប្រុស ។ ស្រីមានមួយៗអីហ្នឹង ។ នៅតែមិនស្មើអ៊ីចឹង» ។
ទោះបីជាមាននារីក្មេងៗមួយចំនួនបានត្រេកត្រឤលនឹងការផ្តល់អំណាច ដែលបានលើកទឹកចិត្ត ដោយរបបកម្ពុជាប្រជាធិបតេយ្យនេះ ដោយហេតុថាពួកគេធ្លាប់តែរស់នៅក្រោមការគ្រប់គ្រងរបស់ឳពុកម្តាយ ដែលតែងតែប្រៀនប្រដៅឱ្យពួកគេហាត់ពត់លត់ដំខ្លួនតាមច្បាប់ស្រី ។ ទន្ទឹមគ្នានេះដែរក៏មាននារីជាច្រើន បានទទួលរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ៕