សង្ឃឹម​ផល​ថ្មី

និពន្ធ​ដោយ៖ យី ឆេងអ៊ួ (ប៉េង)

បទកាកគតិ

១. ក្រោក​ពី​ព្រលឹម ទឹក​មុខ​ញញឹម សង្ឃឹម​ផល​ថ្មី ផល​ពី​កិច្ចការ ណា​ស្រស់​ពិសី ទឹម​គោ​ក្របី ភ្ជួរ​រាស់​ដក​ស្ទូង។

២. ទេសភាព​ល្អ​ស្រស់ មើល​ឃើញ​ទាំង​អស់ លិច​កើត​ជើង​ត្បូង បក្សា​បក្សី ហិចហើរ​ទាំង​ហ្វូង សំឡេង​តាំង​តូង អ្នក​ភូមិ​គ្រប់​គ្នា។

៣. ទាំង​នៅ​ស្រុក​ស្រែ រាស្ត្រ​ខ្មែរ​អ៊ូអែ ដូច​នៅ​ស្រុក​ផ្សារ ប្រកប​របរ ខិត​ខំ​ម្នីម្នា សន្សំ​ផល​ធារ មិន​ចាញ់​ចម្ការ។

៤. អ្នក​ខ្លះ​ទូល​លី ខិត​ខំ​រក​ស៊ី ចិញ្ចឹម​អាត្មា សែង​រែក​រាល់​ថ្ងៃ មិន​ត្អូញ​ឡើយ​ណា ផ្គត់ផ្គង់​គ្រួសារ ឲ្យ​បាន​ចម្រើន។

៥. អ្នក​ខ្លះ​ដឹក​ឌុប មិន​ចេះ​ឈរ​ឈប់ ភោគ​ផល​ជា​ច្រើន ទិញ​លក់​យក​ប្រាក់ បង្ក​បង្កើន ចំណេញ​បាន​កើន ល្បីល្បាញ​បូរី។

៦. ឯ​រូប​ខ្ញុំ​វិញ ព្រឹក​ឡើង​ទន្ទេញ មេរៀន​ចាស់​ថ្មី ប្រឹង​ស្រាយ​លំហាត់ ទាំង​វែង​ទាំង​ខ្លី ឲ្យ​យល់​អត្ថន័យ ស្រាយ​អស់​បញ្ហា។

៧. ប្រទេស​សុខសាន្ត រាស្ត្រ​ខ្មែរ​ចង់​បាន ចម្រើន​រដ្ឋា ចង់​បាន​សេរី ប្រសើរ​ថ្លៃ​ថ្លា ចង់​ចូល​សិក្សា ឲ្យ​បាន​គ្រប់​គ្នា៕៚

ភ្នំពេញ ថ្ងៃ​ទី ២៥ ខែ​សីហា ឆ្នាំ ២០១១