ថៃ​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ចំនួន ២០​មក​កម្ពុជា​វិញ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ប្រភព​ដើម

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​ឱ្យ​ក្រសួង​វប្បធម៌ ប្រគល់​វត្ថុ​បុរាណ​ចំនួន ២០​មក​កម្ពុជា​វិញ ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​រដ្ឋាភិបាល និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

អ្នកនាំពាក្យ​រង​ទីស្ដីការ​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី រ៉ាត់ក្លាវ អ៊ីនថាវង្ស សុវណ្ណគិរី (Rudklao Inthawong Suwankiri) ប្រាប់​សារព័ត៌មាន​របស់​ថៃ ថា ភាគី​គណៈរដ្ឋមន្ត្រី​ថៃ បាន​សម្រេច​អនុម័ត​ប្រគល់​វត្ថុ​បុរាណ​ចំនួន ២០ សង​មក​កម្ពុជា ដើម្បី​អនុវត្ត​តាម​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀងទ្វេភាគី និង​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ថៃ និង​កម្ពុជា។

កាលពី​ឆ្នាំ​២០០០ នាយកដ្ឋាន​គយ​បាន​រឹបអូស​វត្ថុ​បុរាណ​ខ្មែរ ដែល​នាំចូល​ដោយ​ខុសច្បាប់ ពី​ប្រទេស​សិង្ហបុរី (Singapore) សរុប​ចំនួន ៤៣​មុខ ហើយ​ក្រោយ​មក​នាយកដ្ឋាន​វិចិត្រសិល្បៈ របស់​ថៃ បាន​ត្រួតពិនិត្យ និង​ប្រគល់​វត្ថុ​បុរាណ​មក​កម្ពុជា វិញ កាល​ពី​ឆ្នាំ​២០០៩ និង​នៅ​ឆ្នាំ​២០១៥ សរុប​ចំនួន ២៣​រូប​។ ដោយឡែក​វត្ថុ​បុរាណ​ចំនួន ២០​ទៀត ត្រូវ​បាន​នាយកដ្ឋាន​សិល្បកម្ម​របស់​ថៃ ត្រួតពិនិត្យ ដោយ​ពួកគេ​អះអាង​ថា មិនទាន់​អាច​បញ្ជាក់​ពី​ប្រភព ហើយ​ភាគី​ថៃ បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ភស្តុតាង​ដើម្បី​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង ២០​នេះ គឺ​មាន​ដើម​កំណើត​នៅ​កម្ពុជា។

ក្រោយ​មក បន្ទាប់ពី​ទទួល​បាន​ឯកសារ និង​ភស្តុតាង​ពី​ភាគី​កម្ពុជា​ថា វត្ថុ​បុរាណ​ទាំង ២០​នេះ ពិត​ជា​មាន​ដើមកំណើត​នៅ​កម្ពុជា ហើយ​ទើប​ភាគី​ថៃ សម្រេច​ប្រគល់​វត្ថុ​បុរាណ​ទាំង​នេះ​មក​កម្ពុជា​វិញ។

វត្ថុ​បុរាណ​ទាំង ២០ ដែល​ថៃ សម្រេច​ប្រគល់​ឱ្យ​កម្ពុជា​វិញ​នេះ មាន​ដូចជា បំណែក​ព្រះពោធិសត្វ​អវៈលោកកិតេស្វវរៈ រចនាបថ​បាយ័ន បំណែក​ទេវរូប រចនាបថ​អង្គរវត្ត រូប​គ្រុឌ និង​នាគ រចនាបថ​ប្រាសាទ​បាពួន និង​រូប​សំណាក់​ឥសី ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។