ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​រក្សា​ប្រពៃណី​វេច​នំ​អន្សម​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ

0:00 / 0:00

ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​វេច​នំ​អន្សម​តាម​ផ្ទះ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ ដើម្បី​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ រក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ បង្ហាញ​ពី​វប្បធម៌​សាមគ្គី​គ្នា​ដែល​បន្សល់​តាំង​ពី​បុរាណ​មក។

រីឯ​ពលរដ្ឋ​ខ្លះ​ទៀត ខកខាន​វេច​នំ​អន្សម ដោយសារ​ពួកគាត់​រវល់​ការងារ​ស្រែចម្ការ និង​មាន​ជីវភាព​ខ្វះខាត។

មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​ថ្ងៃ​ទី២ ខែ​តុលា ពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​សៀមរាប ស្ទឹងត្រែង និង​ខេត្តកណ្តាល បាន​វេច​នំ​អន្សម និង​នំគម​ជា​ដើម នៅ​តាម​ផ្ទះ​រៀងៗ ខ្លួន។ រីឯ​តំបន់​ខ្លះ​ទៀត ពលរដ្ឋ​ខ្លះ​ក៏៏ខកខាន​វេច​នំ​នេះ​ដែរ ដោយសារ​ពួកគាត់ បាន​ទិញ​នំ​អន្សម​ពី​ផ្សារ ឬ​ជួល​ឱ្យ​គេ​វេច​ជំនួស​ ដើម្បី​ផ្គត់ផ្គង់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ។

យុវជន​រស់​នៅ​ខេត្ត​សៀមរាប កញ្ញា ស្រស់ សុភ័ក្រ សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ប្រពៃណី​វេច​នំ​អន្សម​តាម​ផ្ទះ ហាក់​ថយ​ចុះ​ច្រើន​មិន​ដូច​ឆ្នាំ​មុនៗ ឡើយ ដោយ​អ្នកភូមិ​ខ្លះ​ទិញ​ពី​ផ្សារ និង​ពលរដ្ឋ​ខ្លះ​ទៀត​ បាន​ជួល​គេ​ឱ្យ​វេច​ជំនួស។

កញ្ញា​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​រក្សា​ទំនៀម​ទម្លាប់​វេច​នំ​អន្សម​ដោយ​ខ្លួនឯង​ ហាក់​មាន​តិចតួច​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រពៃណី​នេះ​អាច​នឹង​បាត់បង់​ដោយ​មិន​ដឹង​ខ្លួន​នៅ​ថ្ងៃ​អនាគត។

កញ្ញា ភ័ក្ត្រ៖«ប្រសិន​បើ​ជនជាតិ​ខ្មែរ​យើង​គាត់​វេច​អន្សម​គាត់​ចេះ​ច្រើន​ដូច​ពី​មុន​ អញ្ចឹង​នៅ​តែ​ថែរក្សា​បាន ប៉ុន្តែ​បើ​យើង​អត់​មាន​អ្នក​វិញ​យូរៗ ទៅ​គង់​តែ​បាត់បង់​ឯងៗ យូរៗ ទៅ​អាង​ទិញ​ស្រាប់​អត់​វេច​វា​អាច​នឹង​បាត់បង់»។

ចំណែក​ឯ​ពលរដ្ឋ​រស់​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល លោកស្រី អៀង សារី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា បុណ្យ​កាន់​បិណ្ឌ​ឆ្នាំ​នេះ គ្រួសារ​លោកស្រី​​ខកខាន​មិន​បាន​វេច​នំ​អន្សម ដោយសារ​រវល់​​នឹង​កិច្ច​ការងារ​ស្រែ​ចម្ការ ផ្ទុយ​ពី​ឆ្នាំ​មុនៗ គ្រួសារ​លោកស្រី​មិន​ដែល​ខកខាន​ឡើយ។

លោក​ស្រី​ថា កាល​ពី​ពេល​កន្លង​ទៅ ​គ្រួសារ​លោក​ស្រីបាន​វេច​នំ​អន្សម​ដោយ​ផ្ទាល់​ដៃ មាន​អនាម័យ ស្អាត និង​មាន​គុណភាព ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​ចែក​ឱ្យ​ញាតិ​មិត្ត​បងប្អូន​ពិសា។

លោកស្រី អៀង សារី៖«ធ្វើ​នំ​ផ្ទាល់​ដៃ​យ៉ាង​ណា​ក៏​យើង​មាន​អនាម័យ​ស្អាត​ល្អ​ជា​ជាង​ទិញ​គេ​ ព្រោះ​យើង​អត់​ដឹង​ថា​ គេ​ដាក់​គីមី​ស្អី​ខ្លះ​ទេ។ អ៊ីចឹង ​អ្វី ​ដែល​ចង់​ផ្ដោត​សំខាន់​គឺ ​ចង់​ឱ្យ​នំ​ប្រពៃណី​ខ្មែរ​យើង​ទាំង​អស់​បាន​ប្រើប្រាស់​ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំ»។

កាល​ពី​ចុង​ខែ​កញ្ញា យុវជន​ខេត្ត​សៀមរាប បាន​រៀបចំ​កម្ម​វិធី​វេច​នំ​អន្សម​រួម​គ្នា​រយៈ​ពេល ​២ថ្ងៃ​ នៅ​ខាង​មុខ​ព្រះរាជ​ដំណាក់​ស្តេច ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​យុវជន​ស្វែង​យល់​​អំពី​សិល្បៈ​វេច​នំ​អន្សម​បែប​បុរាណ​ខ្មែរ និង​ដាស់​ស្មារតី ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រកាន់​ភ្ជាប់​ប្រពៃណី​នេះ​កុំ​ឱ្យ​បាត់បង់។

រីឯ​នៅ​ខេត្ត​ស្ទឹងត្រែង​ឯ​នោះ​វិញ! អាជ្ញាធរ​បាន​សង់​រូប​សំណា​ក់​នំ​អន្សម​យ៉ាង​ធំមួយ ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ នៅ​ជាប់​នឹង​រង្វង់​មូល​កងចក្រ និមិត្ត​សញ្ញា​ខេត្ត​ស្ទឹងត្រែង។

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ឱ្យ​ដឹង​ថា អ្នកភូមិ​មួយ​ចំនួន​តែងតែ​វេច​នំ​អន្សម ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ឧទ្ទិស​កុសល​ជូន​ញាតិកា​ទាំង​ប្រាំ​ពីរ​សន្តាន។

យុវជន​រស់​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប លោក ចៅ ភេត្រា ឱ្យ​ដឹង​ថា អ្នកភូមិ​មួយ​ចំនួន​ ក្នុង​ខេត្ក​សៀមរាប នៅ​រក្សា​ប្រពៃណី​វេច​នំ​អន្សម​តាម​ផ្ទះ​ដោយ​ខ្លួនឯង ដែល​ពួកគាត់​ចាត់​ទុក​ថា​ ជា​វប្បធម៌​សាមគ្គី​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក​ថា ពលរដ្ឋ​ខ្លះ​មាន​ជីវភាព​ខ្វះខាត ក៏​អាច​វេច​នំ​បាន​ដែរ​ ដោយ​ពួកគាត់​រៃអង្គាស​ប្រាក់​វេច​អន្សម​រួមគ្នា ព្រោះ​អ្នកភូមិ​ចាត់​ទុក​ថា ប្រពៃណី​នេះ​មាន​សារ​សំខាន់​ណាស់ ក្នុង​ថ្ងៃ​បុណ្យជាតិ ៖

លោក ចៅ ភេត្រា៖«អ្នក​នៅ​ជិត​ផ្ទះ​ខ្ញុំ​គាត់​អត់​មាន​លុយ​អត់​មាន​កាក់​អត់​មាន​អង្ក​ តែ​គាត់​អាច​មាន​អ្នក​ផ្សេង​ឱ្យ​យក​មក​ស្ងោរ​រួម​ជា​មួយ​ខ្ញុំ​ទៅ ព្រោះ​ថ្ងៃ​នោះ​យើង​ត្រូវ​តែ​មាន​អន្សម​នំ​នេះ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ និង​សែន​ជូន​ដូនតា​យើង​ឱ្យ​មាន​អន្សំ​នំនែក ពិសេស​ឱ្យ​គ្រួសារ​យើង​ហូប​បរិបូណ៌»។

វិទ្យុ​អាស៊ី​​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី និង​ប្រធាន​ក្រុម​អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ លោក ស៊ុំ ម៉ាប់ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី១ តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​មួយ ក្នុង​ខេត្ត​បាត់​ដំបង គឺ​ព្រះ​តេជ​ព្រះគុណ គន្ធ ធី មាន​ថេរ​ដីកា​ថា បច្ចុប្បន្ន​មាន​តែ​មនុស្ស​វ័យ​ចំណាស់​ប៉ុណ្ណោះ ដែល​ចេះ​វេច​នំ​អន្សម​ ក៏ប៉ុន្តែ​យុវជន​ជំនាន់​ក្រោយៗ​វិញ ភាគច្រើន​មិន​ចេះ​នោះ​ទេ ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ប្រពៃណី​នេះ​ថយ​ចុះ។

ព្រះតេជព្រះគុណ គន្ធ ធី៖«ការ​វេច​អន្សម​នេះ​ដែរ​ នៅ​ពេល​យក​ប្រគេន​ដល់​ព្រះសង្ឃ​ លោក​ឆាន់​មិន​អស់​ទេ។ ដូច្នេះ​ គាត់​ចែក​ជូន​ដល់​ញាតិ​ញោម​ ដែល​អត់​អ្នក​ខ្សត់​នំ​អន្សម​ នំ​ជាល ដែល​ប្រគេន គឺ​ឆាន់​មិន​អស់។ លោក​ចេះ​តែ​ចែក​រំលែក​ដល់​អ្នក​ក្រខ្សត់​បន្ត អ៊ីចឹង ​ជ្រុង​ហក​នឹង ទទួល​បាន​ការ​ចែក​រំលែក​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

អ្នក​ជំនាញ​ព្រះពុទ្ធ​សាសនា និង​ជា​គ្រូ​អាចារ្យ លោក ម៉ានី សានី ពន្យល់​ថា កាល​ពី​សម័យ​បុរាណ ​ឬ​ជំនាន់​ព្រះបាទ ជ័យ​វរន្ម័ទី៧ ប្រជាជន​វេច​នំ​អន្សម ធ្វើ​ជា​ស្បៀង​យក​ទៅ​ធ្វើ​សឹក​សង្គ្រាម​ ច្បាំង​ការពារ​ទឹកដី ព្រោះ​វា​អាច​រក្សា​គុណ​ភាព​បាន​យូរ។

ជា​មួយ​គ្នា​នេះ​លោក​ថា ក្នុង​លទ្ធិ​សាសនា​ព្រាហ្មណ៍ នំអន្សម តំណាង​ឲ្យ​លិង្គ​ព្រះឥសូរ ឯ​នំគម​វិញ គឺ​តំណាង​ឱ្យ​យោនី​នាង ឧមា ដែល​ជា​ព្រះ​មហេសី​របស់​ព្រះឥសូរ។

ពលរដ្ឋ​ខ្មែរ​មាន​ទំនៀម​ទម្លាប់ ប្រពៃណី​វេច «នំអន្សម» ចូល​រួម​ក្នុង​ពិធី​បុណ្យ​ជាតិ​រួមមាន បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យភ្ជុំបិណ្ឌ និង​ពិធី​បុណ្យ​សាសនា​ផ្សេង​ទៀត ដែល​ពួកគាត់​មាន​ជំនឿ​ថា នំ​នេះ​ បង្ហាញ​ពី​ការ​ជួបជុំ​សាច់​ញាតិ​បងប្អូន​នៅ​ស្រុក​កំណើត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។