ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ចម្លាក់​បដិមា​ទ្វារ​បាល​នៅ​ខ្លោងទ្វារ​ចំនួន ១២ នៅ​ខាងជើង​អតីត​អង្គរធំ

ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ចម្លាក់​បដិមា​ទ្វារបាល​នៅ​ខ្លោងទ្វារ​ខាងជើង​នៃ​អតីត​ព្រះបរមរាជវាំងនៃ​ក្រុង​អង្គរធំ។ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមការងារ​រដ្ឋាភិបាល​ចិន-កម្ពុជាដើម្បី​ថែរក្សា​រមណីយដ្ឋាន​អង្គរ (CCSA) បាន​ប្រទះ​ឃើញ​ចម្លាក់​បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ នៅ​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ។

ទីតាំង​ដែល​រក​ឃើញ​បដិមា​ទាំង​នេះ​ស្ថិត​នៅ​ខ្លោងទ្វារ​ខាងជើងជ្រុង​ខាងលិច​នៃ​អតីត​ព្រះបរមរាជវាំង នៃ​ក្រុង​អង្គរធំ។

ក្រុម​អ្នក​បុរាណវិទ្យា​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ខ្លោងទ្វារ​ខាងជើង​ព្រះបរមរាជវាំង​នៃ​ក្រុង​អង្គរធំដើម្បី​សិក្សា​ស្រាវជ្រាវ​រចនា​សម្ពន្ធ​នៃ​ខ្លោងទ្វារនិង​ស្វែង​រក​ថ្មដែល​ជ្រុះ​ធ្លាក់ដើម្បី​ជួសជុល​ខ្លោងទ្វារ​នេះ​ឡើងវិញ។

អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​អប្សរា​ឱ្យ​ដឹង​ថាក្រុម​អ្នក​ជំនាញ​សន្និដ្ឋាន​ថាចម្លាក់​បដិមា​ទ្វារបាលដែល​ប្រទះ​ឃើញ​នេះ​អាច​ត្រូវ​គេ​កសាង​នៅ​ក្នុង​សតវត្ស​ទី១១ ឬ​ស្ថិត​ក្នុង​រចនាបថ​ឃ្លាំង​នៃ​ប្រវត្តិ​សិល្បៈ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។