ប្រភេទ​នំ​ខ្មែរ

និពន្ធ​ដោយ៖ យី ឆេងអ៊ួ (ប៉េង)

បទ​ពាក្យ ៧

១. នំ​ខ្មែរ​នំ​ម៉ែ​បង្កើត​មក លីវ​យី​គោក​ធ្លក​ម្ចាស់​ក្សត្រិយ៍ ស្ដេច​ដំបូង​គេ​ដ៏​ល្បាញ​ល្បី គ្រង​ទឹក​គ្រង​ដី​ថែ​ប្រជា។

២. នំ​ខ្មែរ​មាន​រស​ឆ្ងាញ់​ពិសា តំណាង​ដូន​តា​ពី​សួគ៌ា បាន​ហូប​នំ​ខ្មែរ​គាប់​ទ័យា នាំ​ភាព​រមនា​សុខ​សួស្ដី។

៣. នំ​ខ្មែរ​មាន​អ្វី​ខ្លះ​ទៅ​មិត្ត? កវី​សូម​គិត​គូរ​ស្រដី បង្ហាញ​ប្រាប់​ញាតិ​ទាំង​ប្រុស​ស្រី ខំ​ឈ្លក​លក​លៃ​បង្ហាញ​ប្រាប់។

៤. មាន​នំ​បញ្ចុក ក្រុប ក្រូច កង នំ​ពង​អន្សង ត្នោត ដំណាប់ នំ​ដុត នំ​ពុម្ព ម៉ែ​បង្ហាត់ នំ​ខ្មែរ​មិន​បាត់ ដូរ​ប្រាក់​រៀល។

៥. មាន​នំ​អន្សម គ្រក់ គម កូរ នំ​ខ្មែរ​សំបូរ​នំ​ល្ពៅ ជាល នំ​ទៀន អំបុក គ្មាន​គេ​ដៀល នំ​នាំ​ប្រាក់​រៀល​កើន​សេដ្ឋកិច្ច។

៦. មាន​នំ​កាតំ ពពាយ ខ្ញី នំ​ហ៊ាន​ស្រដី ខ្មែរ​កុំ​ភ្លេច គួរ​ខ្មែរ​លើក​ស្ទួយ​ត្បូង​ជើង​លិច កើត​ក្រែង​រិល​រេច​ក្រោយ​លែង​ស្គាល់។

៧. មាន​នំ​អាកោ បត់ អំបែង នំ​ស្លឹក​ស្រស់​ក្មេង គ្មាន​ពិភាល់ នំ​បត់ នំ​លត សុទ្ធ​គេ​ស្គាល់ បាន​ស្រង់​រស​ផ្ទាល់​ភ្លេច​លែង​បាន។

៨. មាន​នំ​អំបែង ចាក់ចុរ ធ្មៃ ជាតិ​ខ្មែរ​ឈ្លាស​វៃ ច្នៃ​ឲ្យ​ថ្កាន នំ​អំបែង​ខ្មែរ​ស្គាល់​សន្តាន នាំ​ខ្មែរ​សុខសាន្ត​ពេញ​បូរី។

៩. មាន​នំ​ច័ក្កច័ន ត្រចៀក​ព្នង នំ​ចាហួយ​ផង ការ៉េម​កី នំ​តាប៉ែ ភឹង សង់​ខ្យា​ស្រី ហូប​បាន​គ្រប់​វ័យ​មិន​ជិន​ណាយ។

១០. មាន​នំ​ក្រឡាន ពោត ប៉េងប៉ោះ ជ័រ​គ​ល្បី​អស់​ទី​ជិត​ឆ្ងាយ នំ​បេ កង់​ខ្វៀន​នាំ​សប្បាយ ខ្មែរ​នៅ​ជិត​ឆ្ងាយ​ឲ្យ​រាប់អាន។

១១. មាន​នំ​បំពង បង្អែម​ត្នោត ចេក​ខ្ទិះ គេ​កោត​ថា ថ្កើងថ្កាន លាយ​រស​ខ្ទិះ​ដូង​ឆ្ងាញ់​រក​គ្មាន សន្តាន​ព្រេង​លាន​ពេញ​និយម។

១២. មាន​នំ​ផ្កា​ស្នោ​នំតាឡៃ ខ្មែរ​ខំ​កែច្នៃ​ល្អ​សក្ដិសម ស្ទួយ​ជាតិ​ឲ្យ​ខ្ពស់​យស​ឧត្ដម​ ថ្លៃថ្លា​មនោរម្យ​ក្រៃ​កន្លង។

១៣. មាន​នំ​ប៉ា​ក្រុង នំ​កន្ទ្រាំ ចេក​ចៀន​ភូមិ​ខ្ញុំ សម​ម៉ត់​ហ្មង បើ​បាន​ភ្លក់​ហើយ​ឈប់​រំលង ញាតិ​មិត្ត​ប្អូន​បង​ស្នេហ៍​រាល់​ថ្ងៃ។

១៤. មាន​នំ​ចាក់ចុរ​នំ​ចេក​បុក នំ​នាំ​ខ្ពស់​មុខ​នាំ​ឈ្លាសវៃ នំ​ខ្មែរ​បុរាណ​នំ​ប្រពៃ ធាតុ​ផ្សំ​មិន​ថ្លៃ​ងាយ​រក​បាន។

១៥. មាន​នំ​ត្រៀប​បាយ នំ​ត្រឡាច នំ​ហូប​មិន​ខ្លាច​ទុក្ខ​រុក​ក្នុង​ប្រាណ ហូប​នាំ​សុខភាព​គ្រប់​សន្ដាន នំ​នាំ​ខ្មែរ​បាន​សួគ៌​សិរី។

១៦. មាន​នំ​ប្រអួល នំ​ជើង​ជ្រូក បាន​ឃើញ​សូម​លូក​ភ្លក់​ពីរ​បី បាន​ជ្រាប​រស​ឆ្ងាញ់​ចេញ​ស្រដី សូម​អ្នក​លក​លៃ​លក់​ឲ្យ​ខ្លះ។

១៧. មាន​នំសែសយ ត្រាវ សណ្ដែក បំពួន​ស្ករ ប្លែក​រស​ឆ្ងាញ់​ណាស់ បាន​ហូប​រួច​ហើយ​ចង់​ឃើញ​ម្ចាស់ លះ​ភាព​អៀន​ខ្មាស​ចង់​ហូប​ទៀត។

១៨. មាន​នំ​ដំឡូង កំពឹស​ចៀន កូន​ខ្មែរ​ខំ​រៀន​ច្នៃ​គ្រប់​ស្នៀត រក​ឃើញ​នំ​ខ្មែរ​ថ្មី​ថែម​ទៀត រាស្ត្រ​ខ្មែរ​ជ្រក​ជ្រៀត​ទាញ​យក​ផល។

១៩. មាន​នំ​ផ្លែ​អាយ​នំ​កើត​ក្ដី នំ​ជន​ប្រុស​ស្រី​ធ្លាប់​បាន​យល់ ហូប​ពេល​ត្រជាក់​សុខ​លែង​ខ្វល់ ហូប​តិច​ឆ្ពោះ​ដល់​ឆ្ងាញ់​ជាប់​ចិត្ត។

២០. មាន​នំ​ម្សៅ​ជ្រែ ក្រឡោជី នំ​ផ្សំ​ធាតុ​ពី​ម្សៅមី​ស្អិត នំ​បំពង​ខ្លាញ់ កន្ទក់​ល្អិត នំ​ឆ្ងាញ់​ជាប់​ចិត្ត​លំអង​រំចេក។

២១. មាន​នំ​គ្រាប់​ស្លែង ក្រម៉ៅ​ថត នំ​សុំ​ទី​ចត​ទី​ដំណេក ចត​នៅ​ស្រុក​ខ្មែរ​ពន្លឺ​ផ្លេក បំបាត់​ភាព​ស្រេក​រស​នំ​ខ្មែរ។

២២. ទាំង​នេះ​ជា​នំ​របស់​យើង សូម​ថែ​ដាក់​ទ្រើង​កុំ​គេច​កែ លក់​ទិញ​ច្នៃ​ស្ទួយ​នំ​កេរ​ខ្មែរ ឲ្យ​ល្បី​ហូរហែ​ដូច​ដូន​តា៕៚