ប្រភពនានាបានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនវិនិយោគទុនមួយ បានទិញក្រុមហ៊ុនលក់ស៊ីហ្គា (Cigar) របស់គុយបា (Cuba) ក្នុងតម្លៃជាង ១,៤ ពាន់លានដុល្លារ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងសមភាគីរបស់លោកគឺលោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បានព្រមព្រៀងគ្នាក្រោយមានជំនួបមួយនៅក្រុងភ្នំពេញកាលពីថ្ងៃទី០៤ ខែតុលា ក្នុងការពង្រឹងចំណងទាក់ទងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ដោយចុះហត្ថលេខាសន្យាសហប្រតិបត្តិការលើវិស័យនានាពាក់ព័ន្ធនឹងវប្បធម៌ និងកីឡា។
កាលពីពីរឆ្នាំកន្លងទៅ សមាជិកដ៏សំខាន់ម្នាក់នៃបរិវាររបស់លោក ហ៊ុន សែន បានបង្កើតចំណងទាក់ទងពាណិជ្ជកម្មជាមួយរដ្ឋដែនដីកោះមួយនេះតាមរយៈកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនថ្នាំជក់នៃរដ្ឋគុយបា។ នេះបើយោងតាមប្រភពចំនួនពីរដែលបានដឹងឮអំពីបញ្ហានេះ និងបើយោងតាមទិន្នន័យសាជីវកម្ម។
លោក ចេន ហ្ស៊ី ដែលមានកំណើតកើតជានៅប្រទេសចិន ក៏ប៉ុន្តែត្រូវបានផ្តល់ឱ្យនូវសញ្ជាតិកម្ពុជាកាលពីឆ្នាំ២០១៤ គឺជាស្ថាបនិក និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយ និងមានឥទ្ធិពលខ្លាំងបំផុតនៅកម្ពុជា។ ក្រុមហ៊ុននេះប្រតិបត្តិការអាជីវកម្មដោយវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ ទេសចរណ៍ ម្ហូបអាហារ និងភេសជ្ជៈ ក្នុងចំណោមអាជីវកម្មដទៃទៀត។
ទន្ទឹមគ្នានេះ លោក ចេន ហ្ស៊ី បានសម្របខ្លួនយ៉ាងស្ទាត់ជំនាញចូលក្នុងពិភពនយោបាយនៅកម្ពុជា ដោយចំណាយពេលបីឆ្នាំធ្វើជាទីប្រឹក្សាគ្មានប្រាក់ខែរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ នេះបើយោងតាមសៀវភៅរាជកិច្ចចេញផ្សាយកាលពីឆ្នាំ២០១៧។ នៅខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន បានតែងតាំងលោក ចេន ហ្ស៊ី ធ្វើជាទីប្រឹក្សាផ្ទាល់របស់លោក មានឋានៈស្មើរដ្ឋមន្ត្រី។ នៅឆ្នាំបន្ទាប់ ក្នុងខែមីនា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប បានប្រកាស បរិច្ចាគប្រាក់ចំនួន ៣លានដុល្លារ ជួយដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩។
ក្នុងខែដដែលដែលលោក ចេន ហ្ស៊ី បានក្លាយជាទីប្រឹក្សារបស់លោក ហ៊ុន សែន នោះ ក្រុមហ៊ុន អ៊ីមភឺរៀល ប្រេនស៍ (Imperial Brands) ដែលជាក្រុមហ៊ុនថ្នាំជក់ មានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដែលមានលក់បារីម៉ាកវីនស្តុន(Winston) ផងនោះ បានលក់ភាគហ៊ុនចំនួន ៥០ភាគរយរបស់ខ្លួន ក្នុងតម្លៃ ១,២២៥ ពាន់លានអឺរ៉ូ (ស្មើនឹង ១,៤៤ ពាន់លានដុល្លារ) នៅក្នុងក្រុមហ៊ុនមួយឈ្មោះ អាបាណូស អេស.អេ (Habanos S.A) ដែលមានមូលដ្ឋាននៅទីក្រុងហាវ៉ាណា(Havana) ទៅឱ្យក្រុមអ្នកវិនិយោគទុនសម្ងាត់មួយ។ ក្រុមហ៊ុន អាបាណូស អេស.អេ ជាក្រុមហ៊ុនរកស៊ីចែកចាយស៊ីហ្គារ ម៉ាកម៉ុនតេគ្រីស្តូ (Montecristo) និងម៉ាកកូហ៊ីបា (Cohiba)។ ក្រុមហ៊ុនថ្នាំជក់របស់រដ្ឋគុយបា គឺក្រុមហ៊ុន គុយបាតាបាកូ(Cubatabaco) កាន់កាប់ភាគហ៊ុនពាក់កណ្តាលទៀតនៅក្នុងក្រុមហ៊ុន អាបាណូស។
ក្នុងពេលដែលក្រុមអ្នកទិញភាគហ៊ុននេះបានស្នើសុំលាក់បាំងអត្តសញ្ញាណរបស់ពួកគេ ប្រភពនានាដែលដឹងឮផ្ទាល់អំពីបញ្ហានេះ បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី គឺជាវិនិយោគិនមួយរូបក្នុងចំណោមវិនិយោគិនជាច្រើនរូបដែលបានទិញភាគហ៊ុនមួយផ្នែកនៃក្រុមហ៊ុន អាបាណូស នេះ។
អ្នកប្រកបវិជ្ជាជីវៈខាងវិស័យឧស្សាហកម្មថ្នាំជក់ប្រចាំតំបន់ម្នាក់ បានប្រាប់ វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំលាក់អត្តសញ្ញាណដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយអ្នកសារព័ត៌មាន ថា «លោក ចេន ហ្ស៊ី បានទិញភាគហ៊ុនក្នុងក្រុមហ៊ុននេះកាលពីជាងមួយឆ្នាំកន្លះមុន ក៏ប៉ុន្តែរឿងរ៉ាវនៃការទិញដូរភាគហ៊ុននេះត្រូវបានរក្សាទុកជាការសម្ងាត់»។
បុគ្គលម្នាក់ទៀតដែលដឹងឮអំពីការទិញដូរភាគហ៊ុនរបស់លោក ចេន ហ្ស៊ី កាលពីពេលទិញដូរភាគហ៊ុននោះ បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី បានពាក់ព័ន្ធនឹងការទិញយកក្រុមហ៊ុននេះមកគ្រប់គ្រង។ ប្រភពរបស់ វិទ្យុអាស៊ីសេរី ក៏បានបង្ហាញឈ្មោះប្រតិបត្តិករកាស៊ីណូដែលបានចុះបញ្ជីនៅទីក្រុងហុងកុង គឺក្រុមហ៊ុន សាន់ស៊ីធី គ្រូប ហូលឌីងស៍ (Suncity Group Holdings) ថាក្រុមហ៊ុននេះក៏ស្ថិតក្នុងចំណោមក្រុមអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុន អាបាណូស ដែរ។ ប្រធានអគ្គនាយកដែលជាមហាសេដ្ឋីមានលុយរាប់កោដិនៃក្រុមហ៊ុន សាន់ស៊ីធី លោក អាល់វីន ចៅ (Alvin Chau) ត្រូវបានចាប់ខ្លួននៅទីក្រុងម៉ាកាវ (Macau) កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ក្រោយពីមានការស៊ើបអង្កេតទៅលើប្រតិបត្តិការអាជីវកម្មបនល្បែងអនឡាញខុសច្បាប់ និងអំពើលាងលុយកខ្វក់។ កាលពីខែកញ្ញាកន្លងទៅ លោក អាល់វីន ចៅ បានថ្លែងក្នុងសវនាការបឋមនៅឯតុលាការថា លោកពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទាំងអស់នោះឡើយ។
ប្រភពទីពីរបានប្រាប់ វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំលាក់អត្តសញ្ញាណដោយសារបារម្ភពីផលវិបាក ថា «ក្រុមហ៊ុននេះ ត្រូវបានកាន់កាប់ដោយលោក ចេន ហ្ស៊ី និងក្រុមហ៊ុន សាន់ស៊ីធី»។
ការជាប់ពាក់ព័ន្ធនានារបស់ក្រុមហ៊ុន សាន់ស៊ីធី ទៅនឹងការទិញដូរភាគហ៊ុននេះ ត្រូវបាន សារព័ត៌មាន ប៊្លូមបឺក (Bloomberg) រាយការណ៍កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយកត់សម្គាល់ថា ប្រធានជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ (Chief Financial Officer) នៃសម្ព័ន្ធក្រុមហ៊ុននេះ គឺលោក ជីវ ឃីង-យ៉ាន (Chiu King-yan) មានឈ្មោះជានាយកសាជីវកម្មមួយចុះបញ្ជីនៅក្រុងហុងកុង ឈ្មោះ Allied Cigar Corp។
ក្រុមហ៊ុនសាជីវកម្ម Allied គឺជាម្ចាស់ភាគហ៊ុនតែមួយគត់នៃក្រុមហ៊ុនសញ្ជាតិអេស្ប៉ាញមួយ ដែលមានឈ្មោះថា ក្រុមហ៊ុនAllied Cigar Corporation SL។ ក្រុមហ៊ុននេះ បានត្រៀមរួចរាល់ក្នុងការគ្រប់គ្រងភាគហ៊ុនពាក់កណ្តាលរបស់ក្រុមហ៊ុន អាបាណូស ដែលជារបស់ក្រុមហ៊ុន អ៊ីមភឺរៀល ប្រេនស៍ ជាក្រុមហ៊ុនរួមទុនជាមួយរបស់រដ្ឋាភិបាលគុយបា។
ក្រុមហ៊ុន សាន់ស៊ីធី បានបដិសេធប្រាប់សារព័ត៌មាន ប៊្លូមបឺក ថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការទិញដូរភាគហ៊ុននេះទេ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការគ្រប់គ្រងសាជីវកម្ម Allied Cigar Corporation SL ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុនសាជីវកម្មAsia Uni Corp.។ នេះបើយោងតាមទិន្នន័យសាជីវកម្មអេស្ប៉ាញ។ របាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់សាជីវកម្ម Asia Uni Corp បង្ហាញថា ភាគហ៊ុនរបស់ខ្លួនត្រូវបានកាន់កាប់ដោយក្រុមហ៊ុនមួយចុះបញ្ជីនៅកោះ ប្រ៊ីធីស វឺរជីន អាយលែនស៍(British Virgin Islands)។
ច្បាប់ស្តីពីការរក្សាភាពសម្ងាត់ផ្នែកសាជីវកម្មដ៏តឹងរ៉ឹងរបស់កោះ ប្រ៊ីធីស វឺរជីន អាយលែនស៍ បង្កការលំបាកមិនអាចឱ្យគេដឹងបានពីសមាសភាពកម្មសិទ្ធិភាគហ៊ុននៅក្នុងសាជីវកម្ម Asia Uni Corp។ ក៏ប៉ុន្តែ បញ្ជីឈ្មោះនាយកក្រុមហ៊ុននេះនៅក្នុងឯកសារប្រកាសចំណូលប្រចាំឆ្នាំដដែលនោះ បង្ហាញពីការពាក់ព័ន្ធជាមួយនឹងលោក ចេន ហ្ស៊ី។
ក្នុងចំណោមនាយកគ្រប់គ្រង ៥នាក់ របស់ក្រុមហ៊ុននេះ ក៏មានលោក ឈៀវ វៃ រិន (Qiu Wei Ren) ដែលជាពលរដ្ឋសញ្ជាតិកម្ពុជាម្នាក់ និងជានាយកក្រុមហ៊ុននានាដែលកាន់កាប់ដោយលោក ចេន ហ្ស៊ី នៅក្រុងហុងកុង និងនៅកម្ពុជា។
មិនខុសពីលោក ចេន ហ្ស៊ី លោក ឈៀវ វៃ រិន មានកំណើតកើតជានៅប្រទេសចិន ក៏ប៉ុន្តែបានធ្វើសញ្ជាតូបនីយកម្មក្លាយជាពលរដ្ឋកម្ពុជា។ ពួកលោកទាំងពីររួមទាំងបញ្ជីឈ្មោះនៃនាយកប្រតិបត្តិមួយក្រុមនៃក្រុមហ៊ុន ព្រីនស៍ គ្រូប នេះ ត្រូវបានព្រះមហាក្សត្រកម្ពុជាប្រទានមេដាយកាលពីឆ្នាំ២០២០។ នេះបើយោងតាមសៀវភៅរាជកិច្ច ដែលបោះពុម្ពផ្សាយនូវរាល់សេចក្តីសម្រេចនានារបស់រដ្ឋាភិបាលកម្ពុជា។

លំហែកាយនៅក្រុងហាវ៉ាណា (Havana)
គេអាចឃើញមានវត្តមានរបស់លោក ចេន ហ្ស៊ី នៅក្នុងពិធីជប់លៀងបង់កេមួយដែលលោក ហ៊ុន សែន បានរៀបចំធ្វើនៅក្នុងសប្ដាហ៍ដំបូងនៃខែតុលានៅក្រុងភ្នំពេញដើម្បីស្វាគមន៍ដល់លោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅក្នុងរូបថតមួយសន្លឹកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់បុរសខ្លាំងកម្ពុជាដែលបានកាន់អំណាចអស់រាប់សិបឆ្នាំមកហើយ។
លោក ចេន ហ្ស៊ី ក៏បានធ្វើដំណើរហែរហមលោក ហ៊ុន សែន ដែរ ក្រោយពេលដែលលោក ហ៊ុន សែន បានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក (New York)។ ពួកគេបានជិះយន្តហោះទៅប្រទេសគុយបា តាមយន្តហោះប៊ូអ៊ីងពិសេសមួយ ដែលជាកម្មសិទ្ធិរបស់អាជីវករជនជាតិចិនម្នាក់ ដែលក្លាយខ្លួនជាអ្នកការទូតកម្ពុជាដ៏ចម្រូងចម្រាស។ នោះគឺលោក វ៉ាង យ៉ៅហ៊ុយ (Wang Yaohui)។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដាក់ជូនតុលាការសិង្ហបុរីដោយវរសេនីយ៍ទោដែលជាមនុស្សជំនិតម្នាក់របស់លោក វ៉ាង។ លោក វ៉ាង បានក្លាយជាប្រធានបទនៃ របាយការណ៍ស៊ើបអង្កេតចុងក្រោយរបស់ វិទ្យុអាស៊ីសេរី ដែលពិនិត្យមើលពីអតីតកាលពិបាកយល់របស់លោកនៅក្នុងប្រទេសចិន និងនៅទ្វីបអាហ្វ្រិក ព្រមទាំងការលេចមុខលេចមាត់របស់លោកសារជាថ្មីឡើងវិញនៅកម្ពុជា ជាទីដែលលោកបានព្យាយាមរកភាពស្របច្បាប់តាមរយៈចំណងទាក់ទងផ្នែកនយោបាយ និងការវិនិយោគបែបអាថ៌កំបាំងនៅក្នុង ក្លឹបបាល់ទាត់មួយនៅប្រទេសអង់គ្លេស។
រូបថតដែលផុសនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បង្ហាញថា លោក ចេន ហ្ស៊ី ស្ថិតក្នុងចំណោមក្រុមអ្នកតាមហែរហមលោកដែលបានជួបជាមួយប្រធានាធិបតីគុយបា លោក មីហ្គួល ឌៀស-កានែល (Miguel Diaz-Canel ) និងប្រធានរដ្ឋសភាជាតិគុយបា លោក អេស្តេបាន ឡាហ្សូ អ៊ែរណង់ដេស៍ (Esteban Lazo Hernández)។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររដ្ឋសភាជាតិគុយបា ក៏បានកត់សម្គាល់ដែរថា លោក ចេន ហ្ស៊ី មានវត្តមាននៅប្រទេសគុយបា ក្នុងឋានៈលោកជាទីប្រឹក្សារបស់លោក ហ៊ុន សែន។
ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ គ្រូប អ្នកស្រី ហ្គាប្រ៊ីយេល តាន់ (Gabriel Tan) បានប្រាប់ វិទ្យុអាស៊ីសេរី ឱ្យសួរទៅភ្នាក់ងារទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ឈ្មោះ ហ៊ីល អេន ណូលតុន (Hill and Knowlton) ដែលភ្នាក់ងារនៃក្រុមហ៊ុននេះមិនបានឆ្លើយតបទៅនឹងសំណួររបស់ វិទ្យុអាស៊ីសេរី ទេ គិតត្រឹមពេលចេញផ្សាយអត្ថបទនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។