មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ត្រៀមទម្លាក់ដុំថ្មរាប់តោនចូលក្នុងបាតសមុទ្រនាខេត្តព្រះសីហនុ សម្រាប់ធ្វើជាជម្រកត្រី និងអភិរក្សជីវចម្រុះធនធានធម្មជាតិក្រោមបាតសមុទ្រ ប្រយោជន៍រួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ បានច្រើនថែមទៀតនាថ្ងៃខាងមុខ។
អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ចំពោះការងារនេះ ប៉ុន្តែស្នើឲ្យមានបច្ចេកទេស និងឆ្លងកាត់ស្ថាប័នជំនាញឲ្យបានត្រឹមត្រូវជាមុន។
មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ គឺលោកឧត្ដមនាវីឯក ទៀ សុខា មានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ខាងមុខ ក្រុមការងាររបស់លោក ត្រៀមទម្លាក់ដុំថ្ម ឬដុំបេតុងចាក់ពុម្ព ដាក់ចូលទៅក្នុងបាតសមុទ្រ សម្រាប់ធ្វើជាជម្រកត្រី និងអភិរក្សដល់ជីវចម្រុះធនធានធម្មជាតិក្រោមបាតសមុទ្រ នៅម្តុំតំបន់កោះកូននាខេត្តព្រះសីហនុ។
លោកបន្តថា ក្រុមការងារអ្នកឯកទេសមុជទឹកបាតសមុទ្រស្ម័គ្រចិត្ត បានជួបពិភាក្សាគ្នាលម្អិតជាមុនក្នុងការកំណត់ទីតាំងដាក់ដុំបេតុងថ្មចូលទៅក្នុងសមុទ្រ ឲ្យស្របតាមបច្ចេកទេស និងមិនប៉ះពាល់ដល់ការធ្វើនាវាចរណ៍សមុទ្រ ជាដើម។
លោកឧត្ដមនាវីឯក ទៀ សុខា ឲ្យដឹងថា គោលបំណងនៃការរៀបចំទម្លាក់ដុំថ្មចូលក្នុងបាតសមុទ្រនៅប្រជុំកោះកូន ខេត្តព្រះសីហនុ នាឱកាសនេះ ប្រយោជន៍ជាជម្រកត្រី និងចង់អភិរក្សជីវចម្រុះធនធានធម្មជាតិក្រោមបាតសមុទ្រនាមូលដ្ឋាននេះ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យងាកមកចាប់អារម្មណ៍ខេត្តព្រះសីហនុ បានច្រើនទៀតនាឆ្នាំខាងមុខ។
កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ទីបញ្ជាការជួរមុខ និងមន្ត្រីស្ថាប័នជំនាញ រួមទាំងអ្នកឯកទេសមុជទឹកបាតសមុទ្រកម្ពុជា បានចុះទម្លាក់ទូកុងតឺន័រចូលក្នុងបាតសមុទ្រ ដើម្បីដាំផ្កាថ្មបង្កើតជាឧទ្យានជាតិក្រោមបាតសមុទ្រ ដើម្បីអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្រោមបាតសមុទ្រម្តងរួចហើយ។
លោកឧត្ដមនាវីឯក ទៀ សុខា បញ្ជាក់ថា កុងតឺន័រទម្លាក់ចូលសមុទ្រនេះ ទុកសម្រាប់ជារនាំងការពារជីវចម្រុះ ផ្កាថ្ម និងធ្វើជាជម្រកត្រីសមុទ្រ ព្រោះតំបន់ឆ្នេរកោះរ៉ុង បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិចូលទៅកម្សាន្ត និងមុជទឹកមើលផ្កាថ្ម ឬត្រីនៅក្រោមបាតសមុទ្រ ជាដើម។
លោក ទៀ សុខា ឲ្យដឹងថា នៅពេលខាងមុខនេះ នឹងនាំយកទូក ឬកាណូតចាស់ៗជាច្រើនគ្រឿងថែមទៀតទម្លាក់ចូលទៅក្នុងបាតសមុទ្រនៅតាមតំបន់មួយចំនួនក្នុងចំណោមប្រមាណ ១០០ទីតាំង ដែលអ្នកបច្ចេកទេសបានចុះសិក្សារៀបចំអភិរក្សបណ្ណាល័យបាតសមុទ្រ។ លោកសង្កត់ធ្ងន់ថា អ្នកឯកទេសមុជទឹក និងអ្នកអភិរក្សធនធានបាតសមុទ្រ បានស្រាវជ្រាវទីតាំងមួយចំនួនក្រោមបាតសមុទ្រ ដើម្បីឈានដល់បន្តទម្លាក់រនាំងការពារផ្សេងៗទៀតនាថ្ងៃអនាគត ដើម្បីទប់ស្កាត់ការធ្វើនេសាទសមុទ្ររបស់ប្រជាពលរដ្ឋ ចូលមកតំបន់ឆ្នេរទឹករាក់ឲ្យបានច្រើនទីតាំងថែមទៀត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានគាំទ្រផែនការអភិរក្សនេះ។ លោក យន្ត មីន ស្នើដល់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាជំរុញឲ្យការងារថែរក្សាអភិរក្សធនធានបាតសមុទ្រនាខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត៖ « ជារួម ការអភិរក្សជីវចម្រុះបាតសមុទ្រហ្នឹង គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផង និងរដ្ឋបាលខេត្តព្រះសីហនុ គួបផ្សំបច្ចេកទេសរបស់ស្ថាប័នជលផលផង។ ប៉ុន្តែចំពោះការដាក់សម្ភារៈផ្សេងៗចូលទៅក្នុងសមុទ្រ គឺមានន័យពីរ គឺទី១ បើសិនជាដាក់ដោយមានការគាំទ្ររបស់អ្នកបច្ចេកទេស គឺរដ្ឋបាលខេត្តយើងគាំទ្រ និងទី២ បើសិនជាអ្នកពាក់ព័ន្ធចេះតែនឹកឃើញទៅទម្លាក់សម្ភារៈផ្សេងៗចូលក្នុងបាតសមុទ្រ ដោយមិនមានបច្ចេកទេសឲ្យបានត្រឹមត្រូវ និងមិនបានឆ្លងកាត់ស្ថាប័នជំនាញ ឬនាំឲ្យបំពុលបរិស្ថាននៅបាតសមុទ្រទៅវិញ គឺរដ្ឋបាលខេត្តមិនគាំទ្រទេការធ្វើខុសបច្ចេកទេសនោះទេ »។
អ្នកឯកទេសអភិរក្សធនធានសមុទ្រកម្ពុជា កន្លងទៅបានព្រួយបារម្ភខ្លាចជីវចម្រុះ និងធនធានធម្មជាតិបាតសមុទ្រនាខេត្តព្រះសីហនុ ត្រូវបំផ្លាញដោយកត្តាធម្មជាតិ ពិសេសដោយកត្តាមនុស្សមានមហិច្ឆតាមួយចំនួន។ ពួកគេចង់ឃើញថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល រួមគ្នាថែរក្សាជីវចម្រុះបាតសមុទ្រ និងរួមគ្នាអភិរក្សដាំផ្កាថ្មចម្រុះឲ្យគង់វង្ស ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិងាកមកចាប់អារម្មណ៍ខេត្តព្រះសីហនុ ឲ្យបានច្រើននាឆ្នាំខាងមុខ។
អ្នកអភិរក្សជីវចម្រុះធនធានបាតសមុទ្រកម្ពុជា លោក កាន់ ភារៈ បង្ហាញការព្រួយបារម្ភខ្លាចធនធានផ្កាថ្ម និងត្រីសមុទ្រគ្រប់ប្រភេទ ត្រូវបំផ្លាញនៅតំបន់ឆ្នេរទឹករាក់ ដោយការធ្វើរបរនេសាទនាខេត្តព្រះសីហនុ បើស្ថាប័នជំនាញគ្មានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវទេ។ លោកបន្តថា ការធ្វើនេសាទសមុទ្រមកតំបន់ឆ្នេរទឹករាក់ បានបំផ្លាញធ្ងន់ធ្ងរដល់ផ្កាថ្ម ជម្រកត្រីសមុទ្រ និងជីវចម្រុះក្រោមបាតសមុទ្រ ហើយបញ្ហានេះអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តព្រះសីហនុ បើធនធានសមុទ្រទាំងនោះត្រូវបាត់បង់។
លោក កាន់ ភារៈ ដែលនាយកក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា និងជាគ្រូឯកទេសបង្រៀនមុជទឹកបាតសមុទ្រ ផ្តល់សម្ភាសថា មានកត្តាសំខាន់ពីរយ៉ាងដែលនាំឲ្យធនធានធម្មជាតិបាតសមុទ្រកម្ពុជា ត្រូវបំផ្លាញ គឺកត្តាធម្មជាតិមានការប្រែប្រួលដោយមានកម្ដៅខ្លាំងនាំឲ្យទឹកសមុទ្រក្ដៅឈានទៅងាប់ផ្កាថ្ម ឬជីវចម្រុះផ្សេងៗនៅបាតសមុទ្រ និងកត្តាមួយទៀត គឺកត្តាមនុស្សជាអ្នកបំផ្លាញដោយការធ្វើរបរនេសាទនៅតាមតំបន់ឆ្នេរទឹករាក់ ដែលមានជីវចម្រុះ ឬមានផ្កាថ្មដុះច្រើន ជាដើម។ ការងារនេះ លោក កាន់ ភារៈ អះអាងថា ក្រុមការងារលោកមានទាំងអ្នកឯកទេសជនជាតិខ្មែរ ថៃ និងមកពីអឺរ៉ុប ផង បានស្នើឲ្យចូលរួមក្នុងផែនការថែរក្សាអភិរក្សជីវចម្រុះបាតសមុទ្រពីលោកឧត្ដមនាវីឯក ទៀ សុខា ដែរ។
លោក កាន់ ភារៈ ឲ្យដឹងថា ផ្កាថ្មនៅទូទាំងពិភពលោកកំពុងរងនូវការបំផ្លាញច្រើនជាង ៥០ភាគរយ (៥៦%) ដោយសារសកម្មភាពរបស់មនុស្ស និងកត្តាប្រែប្រួលរបស់ធម្មជាតិ។ លោកថា មូលហេតុធំៗទាំងពីរនេះ បានជំរុញឲ្យអ្នកស្រាវជ្រាវធនធានធម្មជាតិនៅលើពិភពលោក បាននាំគ្នាស្វែងរកដំណោះស្រាយ ដើម្បីឈានដល់រួមគ្នាថែរក្សាជីវចម្រុះក្រោមបាតសមុទ្រជាថ្មី តាមរយៈរួមគ្នាធ្វើផែនការអភិរក្ស និងដាំផ្កាថ្មឡើងវិញ ជាដើម។ លោកបន្តថា ផ្កាថ្មជាជម្រកត្រីសមុទ្រ និងជាចំណីត្រីគ្រប់ប្រភេទដ៏សំខាន់មិនអាចខ្វះបាន ដែលត្រូវឲ្យផ្នែកពាក់ព័ន្ធរួមសហការគ្នាអភិរក្សការពារឲ្យបានគង់វង្ស។
ត្រង់ចំណុចនេះ លោកឧត្ដមនាវីឯក ទៀ សុខា បានប្ដេជ្ញាថា នឹងជំរុញឲ្យផែនការដាំផ្កាថ្មទុកជាជម្រកដល់ត្រីសមុទ្រ បង្កើតជាឧទ្យានជាតិក្រោមបាតសមុទ្រ ដើម្បីឈានដល់ថែរក្សាអភិរក្សជីវចម្រុះ ឬធនធានក្រោមបាតសមុទ្រនាប្រជុំកោះរ៉ុងសន្លឹម និងប្រជុំកោះផ្សេងៗទៀតនាខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើននៅបណ្ដាឆ្នាំខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។