ខួប​ទី​៤០​នៃ​រដ្ឋ​ប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០

ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០​នេះ ជា​ថ្ងៃ​ខួប​ទី​៤០ នៃ​ការ​ទម្លាក់​អតីត​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ ពី​តំណែង ដោយ​សំឡេង​សមាជិក​សភា​តំណាង​រាស្រ្ត​ចំនួន ៩២ ទល់​នឹង ០។

អ្នក​នយោបាយ​ខ្លះ​បាន​ចោទ​ថា ភ្នាក់ងារ​ស៊ើន​ការណ៍​សម្ងាត់​អាមេរិកាំង សេអ៊ីអា មាន​ចំណែក​ក្នុង​ការ​ទម្លាក់​ព្រះអង្គ។ ក្រុម​ខ្លះ​ថា ថ្ងៃ​នោះ​ហើយ​ជា​ប្រភព​ដើម​នាំ​ទៅ​រក​ការ​បញ្ឆេះ​ភ្លើង​សង្រ្គាម មាន​ការ​ទម្លាក់​គ្រាប់​បែក​ពី​យន្តហោះ​អាមេរិកាំង​ជាដើម ហើយ​និង​ផ្តល់​កំណើត​ដល់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​ចងចាំ​ព្រឹត្តិការណ៍​កាល​ពី ៤០​ឆ្នាំ​មុន ដែល​កម្ពុជា​បាន​ចូល​ក្នុង​ភ្លើង​សង្រ្គាម​បង្ហូរ​ឈាម​រហូត​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ជីវិត​អស់​ជា​ច្រើន​សែន​នាក់។

ប្រវត្តិ​វិទូ​បាន​កត់ត្រា​ទុក​នូវ​ភស្តុតាង​ជា​ច្រើន​ដែល​មនុស្ស​ជា​ច្រើន​បាន​ដឹង​ច្បាស់ ហើយ​បញ្ជាក់​ដោយ​អ្នក​នយោបាយ​បរទេស​ផង​នោះ ថា សង្គ្រាម​នៅ​កម្ពុជា​មាន​ទ័ព​ព្រៃ​បរទេស​រួម​ដៃ​ច្បាំង​ជាមួយ​ទ័ព​ព្រៃ​ខ្មែរ​នៅ​ក្នុង​ស្រុក​ពី​ដើម​ទី មួយ​ក្រុម​ហៅ​ថា ខ្មែរ​រំដោះ ហើយ​មួយ​ក្រុម​ទៀត​ហៅ​ថា ខ្មែរ​ក្រហម។

ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​ឧត្ដមសេនីយ៍ លន់ នល់ ដែល​ទទួល​អនិច្ចកម្ម​ជា​យូរ​ឆ្នាំ​ទៅ​ហើយ​នោះ ថា​ជា​មនុស្ស​ក្បត់​ជាតិ នាំ​ភ្លើង​សង្រ្គាម​មក​ដុត​នៅ​ស្រុក​ខ្មែរ។ ពលរដ្ឋ​ខ្មែរ​ឯ​ទៀត​ដែល​បាន​ដឹង​អំពី​ដើម​ហេតុ​មុន​ពេល​សង្រ្គាម​ចាប់ផ្តើម​ពេញ​បន្ទុក ថា លោក លន់ នល់ បាន​ព្យាយាម​យ៉ាង​ទទូច​សូម​យាង​អតីត​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ ពី​ប្រទេស​បារាំង ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍ ដើម្បី​ស្តារ​ស្ថានការណ៍​តឹងតែង​ក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​ទ័ព​បរទេស​លើ​ទឹក​ដី​ខ្មែរ ប៉ុន្តែ​ព្រះអង្គ​មិន​ព្រម។

អ្នកស្រី​ភរិយា​របស់​លោក អ៊ឹង ប៊ុនហោ ដែល​ស្វាមី​របស់​អ្នក​ស្រី​នា​សម័យ​សង្គម​រាស្រ្ត​និយម​ជា​ប្រធាន​រដ្ឋ​សភា ដែល​ជា​សាក្សី​នៅ​រស់ មាន​ប្រសាសន៍​ដូច្នេះ​នៅ​ប្រទេស​បារាំង​រំឭក​អំពី​ហេតុការណ៍​នោះ​ក្នុង​ឆ្នាំ​២០០០ ៖ «ខ្ញុំ​សុំ​ធ្វើ​ជា​សាក្សី ខ្ញុំ​បាន​ជួប សីហនុ មុនិក និង​អ្នក​ហែហម។ ទាំង​អស់​គ្នា​មាន​ព្រះអង្គម្ចាស់ សេរីមតៈ ឧត្ដមសេនីយ៍ លន់ នល់ ព្រះអង្គម្ចាស់ គុណ តុល ក្រុម​គ្រួសារ​ទាំង​អស់ ឥស្សរជន​ជាន់​ខ្ពស់​ទាំង​អស់ ទាំង​មាតា​កុសមៈ បាន​ទូរស័ព្ទ ហើយ​ទូរស័ព្ទ​ឥត​ឈប់​ឈរ ដើម្បី​អង្វរ សីហនុ ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ព្រោះ​ឧត្ដមសេនីយ៍ លន់ នល់ និយាយ​ថា "សម្ដេច​ឪ យើង​ទាំង​អស់​គ្នា​ត្រូវការ​សម្ដេច រាស្ត្រ​ខ្មែរ​ត្រូវការ​សម្ដេច"។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ សីហនុ ស្ដាប់​យោបល់​ម្ដាយ​ក្មេក និង​ប្រពន្ធ ដែល​និយាយ​ថា សម្ដេច​មិន​បាច់​ត្រឡប់​ទៅ​វិញ​ទេ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​សម្ដេច​ទេ...»

ក្នុង​អត្ថបទ​ផ្សាយ​ក្នុង​កាសែត Guam Pacific Daily News នៅ​ថ្ងៃ​១៧ មីនា​កន្លង​ទៅ​នេះ អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ បណ្ឌិត ពៀងម៉េដ អាប់ឌុល ហ្គាហ្វា បាន​រំឭក​អំពី​ហេតុការណ៍​ខ្លះ​ថា លោក លន់ នល់ គ្រាន់តែ​ស្នើ​ឲ្យ​ទ័ព​ព្រៃ​កុម្មុយនីស្ត​វៀតកុង វៀតណាម​ខាង​ជើង ចេញ​ឲ្យ​ផុត​ពី​ដី​ខ្មែរ​មុន​ព្រឹក​ថ្ងៃ​១៥ មីនា ១៩៧០។

នៅ​ថ្ងៃ​១៣ មីនា ១៩៧០ ប្រធានាធិបតី​សូវៀត Nikolai Podgorny ទូល​សម្តេច​ព្រះ នរោត្តម សីហនុ ឲ្យ​យាង​ចូល​កម្ពុជា​វិញ​ជា​បន្ទាន់។ ថ្ងៃ​១៥ មីនា ក្រសួង​ការ​បរទេស​ចិន​ស្នើ​ឲ្យ​បារាំង​ត្រៀម​យន្ត​ហោះ Air France មួយ​គ្រឿង ដើម្បី​ដឹក​ព្រះអង្គ​ពី​ក្រុង​មូស្គូ តែ​ព្រះអង្គ​នៅតែ​មិន​ព្រម។

មក​ទល់​ពេល​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​កើត​មិន​ទាន់​ហេតុការណ៍​នា​សម័យ​នោះ ក៏​បាន​ស្រាវជ្រាវ​រក​ការ​ពិត​អំពី​ព្រឹត្តិការណ៍​នា​ពេល​នោះ​ដែរ។

លោក សួន សេរីរដ្ឋា នាយ​បេសកកម្ម​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌ និង​សមធម៌ នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ខ្មែរ​នៅ​រដ្ឋ​កាលីហ្វ័នីញ៉ា នឹង​នាំ​គ្នា​ប្រារព្ធ​ខួប​ទី​៤០​នេះ ដោយសារ ៖ «យើង​យល់​និង​ឯកភាព​ទាំង​អស់​គ្នា​ថា ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០​នេះ គឺ​ថ្ងៃ​សេរីភាព​របស់​ខ្មែរ។ ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​មាន​ការ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​យួន​វៀតកុង។ ខ្មែរ​នៅ​ក្នុង​ប្រទេស​មាន​ការ​ឈឺចាប់​ចំពោះ​ការ​ឈ្លានពាន គឺ​យើង​ទទួល​ស្គាល់ ហើយ​យើង​ឲ្យ​តម្លៃ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ គឺ​ជា​ថ្ងៃ​កំណើត​សេរីភាព​របស់​ខ្មែរ សិទ្ធិ​សេរីភាព សម្រេច​ជោគ​វាសនា​ជាតិ​ដោយ​ខ្លួន​ឯង»

សូម​អញ្ជើញ​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​ព្រឹត្តិការណ៍​កាល​ពី​៤០​ឆ្នាំ​មុន​នោះ ថា​តើ​នរណា​ថ្លែង​ថា​ដូចម្ដេច​ខ្លះ? ដូច​ត​ទៅ ៖