ជនជាតិអាមេរិកម្នាក់ ស្នើឲ្យរដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ ហ៊ានបញ្ចេញស្នាដៃកម្ចាត់មន្រ្តីតុលាការពុករលួយ កុំឲ្យដូចរដ្ឋមន្រ្តីមុនៗ។ សំណើនេះធ្វើឡើង នៅក្នុងលិខិតចំហមួយ ដែលជនជាតិអាមេរិករូបនេះ ផ្ញើទៅលោក កើត រិទ្ធ ដោយរៀបរាប់អំពីអំពើពុករលួយរបស់មន្រ្តីតុលាការ និងភាពអសកម្មរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
លោក ចេរ៉ល ឃែណិន (Gerald Cannon) ដែលជាជនជាតិអាមេរិក និងមានភរិយាខ្មែរ កំពុងរស់នៅជាមួយលោកនៅសហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែម នៅក្នុងលិខិតទៅរដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដោយរម្លឹករដ្ឋមន្រ្តីថ្មីរូបនេះ ឲ្យគោរពតាមពាក្យសម្បថ ដែលលោកបានស្បថពេលចូលកាន់មុខតំណែង កាលពីដើមខែ មេសា ឆ្នាំ ២០២០។
កាលពីពេលចូលកាន់តំណែងនោះ លោក កើត រិទ្ធ ស្បថថាលោកប្ដេជ្ញាចិត្ត ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាកែទម្រង់ច្បាប់ និងយុត្តិធម៌ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុចរិតធម៌ និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្ត។
ទោះជាលោក កើត រិទ្ធ បានស្បថស្បែយ៉ាងនេះក្តី ក៏លោក ចេរ៉ល ឃែណិន ថារហូតមកដល់ពេលនេះ ជាងបួនខែទៅហើយ តាំងពីថ្ងៃស្បថចូលកាន់តំណែងថ្មីនោះ លោកសង្កេតឃើញ ថាលោក កើត រិទ្ធ គ្មានបានកែទម្រង់អ្វីថ្មីនោះឡើយ គឺនៅតែមានវប្បធម៌និទណ្ឌភាព បន្សល់ទុកពីជំនាន់រដ្ឋមន្រ្តីចាស់ដដែល ដែលមន្រ្តីតុលាការពុករលួយ នៅតែបន្តរួចខ្លួន គ្មានការចាត់ការ ឬផ្តន្ទាទោសណាមួយ ទៅលើអ្នកទាំងនោះទេ។
វប្បធម៌និទណ្ឌភាព ឬភាពរួចទោសពៃរ៍នេះ គឺលោក ចេរ៉ល ឃែណិន ចង់សំដៅទៅលើភាពអសកម្មនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមិនចាត់ការពាក្យបណ្តឹងរបស់លោក ដែលប្តឹងតាំងពីខែ សីហា ឆ្នាំ ២០១៩ ដោយចោទប្រកាន់មន្រ្តីតុលាការ ចាប់តាំងពីសាលាដំបូង ដល់តុលាការកំពូល អំពីអំពើពុករលួយ ទាក់ទងនឹងការទទួលប្រាក់សំណូករាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការកាត់ឲ្យលោកឈ្នះក្តី ករណីដណ្តើមកូនមកគ្រប់គ្រង ដែលកើតមានក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ រឿងរ៉ាវទាំងនេះ កើតមានក្នុងពេល ដែលលោកទាមទារសិទ្ធិយកកូនពីរនាក់មកចិញ្ចឹម ក្រោយលែងលះគ្នាជាមួយភរិយាជាស្រ្តីខ្មែរពីរនាក់។
លោកលើកយកករណីគ្រួសារចៅក្រមតុលាការកំពូលលោក ឃឹម ប៉ុណ្ណ និងកូនស្រីរបស់ចៅក្រមរូបនេះ គឺលោកស្រី ប៉ុណ្ណ សំខាន់ ប្រធានតុលាការកំពូល គឺលោកចៅក្រម ឌិត មុន្ទី ចៅក្រមសាលាដំបូងលោក លាង សំណាត់ ចៅក្រម សេង លាង និងមន្រ្តីតុលាការជាច្រើនរូបផ្សេងទៀត។
ក្នុងបណ្តឹងរបស់លោក ចេរ៉ល ឃែណិន គឺផ្តោតជាសំខាន់លើគ្រួសារមន្រ្តីតុលាការមួយគ្រួសារ ដែលលោកចោទថា រាយក្រឡាគ្នាយ៉ាងល្អិត ក្នុងការចូលដៃប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធតុលាការ។ គ្រួសារនេះ លោកសំដៅលើ ចៅក្រមសាលាឧទ្ធរណ៍លោក ងួន អ៊ីម ដែលទើបតែចូលនិវត្តន៍ កាលពីឆ្នាំ ២០១៩នោះ។
ក្នុងគ្រួសារលោក ងួន អ៊ីម លោក ចេរ៉ល លើកអំពីកូនៗ ពីរនាក់របស់ចៅក្រមរូបនេះ រួមមានលោក តេង សាម៉ៃ ដែលជាព្រះរាជអាជ្ញារង និងលោក តេង បូរ៉ា ដែលជាមេធាវី ដែលលោកចោទថា សុទ្ធតែចូលដៃក្នុងអំពើពុករលួយនេះទាំងអស់។ ករណីអំពើពុករលួយ ក្នុងការសូកប៉ាន់ ដើម្បីឲ្យឈ្នះក្តីនេះ លោក ចេរ៉ល ថាលោកត្រូវចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ។
ប៉ុន្តែ រហូតមកដល់ពេលនេះ សំណុំរឿងរបស់លោក ត្រូវនៅជាប់គាំងត្រឹមអង្គភាពប្រឆាំងអំពើពុករលួយ ដែលលោក ចេរ៉ល អះអាងថា គ្មានបានការអ្វី ក្រៅពីធ្វើជាឧបករណ៍ទំនាក់ទំនងសាធារណៈ ដើម្បីបិទបាំងអំពើពុករលួយនៅកម្ពុជាតែប៉ុណ្ណោះ។
ជាងមួយឆ្នាំទៅហើយ លោក ចេរ៉ល បញ្ជាក់នៅក្នុងលិខិតទៅលោក កើត រិទ្ធ ថា លោកគ្មានទទួលបានសេចក្តីជូនដំណឹងអ្វីទាំងអស់ពីអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ចេរ៉ល ចោទជាសំណួរទៅលោក កើត រិទ្ធ ថាបើអ្នកដែលសូកប៉ាន់គេ ច្រើនតែទទួលទោស ឯអ្នកទទួលសំណូកវិញ មិនត្រឹមតែរួចខ្លួនទេ គឺបានឡើងបុណ្យស័ក្តិទៅទៀតបែបនេះ តើក្នុងនាមជារដ្ឋមន្រ្តីថ្មីនៃក្រសួងយុត្តិធម៌ តើលោក កើត រិទ្ធ រំពឹងអ្វីដើម្បីលើកមុខមាត់កម្ពុជា ដែលគេស្គាល់ថាជាប្រទេសមានប្រព័ន្ធតុលាការពុករលួយជាងគេមួយ នៅលើលោកនោះ?
លោក ចេរ៉ល សួរលោក កើត រិទ្ធ មួយសំណួរទៀត ថាតើក្រោមការដឹកនាំរបស់លោក កើត រិទ្ធ តើលោកហ៊ានជំរុញ ឲ្យមានការកាត់ទោសមន្រ្តីតុលាការដែលពុករលួយទាំងនោះ តែមួយនាក់ក៏បាន ដែរឬទេ? បើថាមិនអាចធ្វើបានទាំងអស់។
លោក ចេរ៉ល បន្ថែមថា មិនចាំបាច់កាត់ទោសច្រើនគ្នាទេ ធ្វើឲ្យបានតែមួយករណី ក៏អាចបង្ហាញឲ្យឃើញថាកម្ពុជា មានឆន្ទៈកែទម្រង់មែន។ លោកថា មិនបាច់ពិបាករកករណី តែត្រូវចាត់ការនោះទេព្រោះពាក្យបណ្តឹងរបស់លោក បានដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយនោះយូរហើយ ក្នុងនោះក៏មានរាយនាមមន្រ្តីតុលាការ និងឯកសារភ័ស្តុតាង ដូចករណីលោកព្រះរាជអាជ្ញា តេង សម័យ ដែលបានជជែករឿងសូកលុយនេះ។
លោក តេង សម័យ ធ្លាប់បដិសេធ ចំពោះការចោទប្រកាន់នេះ។ កូនស្រីរបស់លោក ឃឹម ប៉ុណ្ណ រួមទាំងលោក ងួន អ៊ីម ផង សុទ្ធតែធ្លាប់បដិសេធរឿងនេះដែរ។ អាស៊ីសេរី នៅតែមិនទាន់អាចសុំការបំភ្លឺពីមន្រ្តីតុលាការ ដែលមានឈ្មោះក្នុងពាក្យបណ្តឹងលោក ចេរ៉ល ដោយសារពួកគាត់មិនលើកទូរស័ព្ទ។
អាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាននៅឡើយទេ ជុំវិញរឿងនេះ ដោយសារលោក មិនឆ្លើយតបសារសុំការបំភ្លឺ។ អាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺពីអង្គភាពប្រឆាំងអំពើពុករលួយ បាននៅឡើយដែរ។ ចំណែកឯក្រសួងយុត្តិធម៌ ក៏មិនទាន់ឆ្លើយតបសេចក្តីសុំបំភ្លឺរបស់អាស៊ីសេរីដែរ។
ទោះប្រព័ន្ធយុត្តិធម៌កម្ពុជា រងការរិះគន់ជុំទិស ថាអន់រាប់ទសវត្សន៍មកហើយ យ៉ាងនេះក្តី ចំពោះលោក កើត រិទ្ធវិញ លោកបានកោតសរសើរមិនដាច់ពីមាត់ ពីភាពជាអ្នកដឹកនាំល្អរបស់រដ្ឋមន្រ្តីយុត្តិធម៌ពីមុនលោក គឺលោក អង្គ វង្សវឌ្ឍនា ដែលជាគំរូល្អសម្រាប់មនុស្សជំនាន់ក្រោយផង។ ភាពដឹកនាំគំរូនេះ ធ្វើឲ្យលោក កើត រិទ្ធ អះអាង ដោយថ្លែងសារទាំងអួលដើមកថែមទៀតផង << ក្នុងនាមរូបខ្ញុំផ្ទាល់ជាសហការី ដែលធ្វើការងារក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា ក្នុងរយៈពេលដែលឯកឧត្តមធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ខ្ញុំសម្ដែងនូវការដឹងគុណ ប្រកបដោយកតញ្ញុតាធម៌និងកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែលកន្លងមកតែងតែផ្តល់ឱកាស ផ្តល់ការណែនាំ ការបណ្ដុះបណ្តាល ការតម្រង់ទិស និងការចែករម្លែកបទពិសោធន៍ល្អៗ ទាំងលើទិដ្ឋភាពការងារ ការដឹកនាំ នយោបាយ និងសង្គម និងបទពិសោធន៍ជីវិតផ្ទាល់ខ្លួនខ្ញុំ ជាពិសេសគឺមនោសញ្ចេតនាប្រកបដោយភាពស្និទ្ធស្នាល ដូចជាឳពុកមួយរូបសម្រាប់រូបខ្ញុំ។ ខ្ញុំនឹងចងចាំជានិច្ច នូវគុណូបការៈ ដ៏ថ្លៃថ្លាទាំងនេះ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា ចំពោះ រូបខ្ញុំ >> ។
ទោះជាយ៉ាងនេះក្តី លោក ចេរ៉ល ឃែណិន ថាលិខិតរបស់លោក គឺជាវិញ្ញាសារ សម្រាប់ធ្វើតេស្ត ចង់ដឹងថាលោក កើត រិទ្ធ ពិតជារដ្ឋមន្រ្តីថ្មី ខុសពីរដ្ឋមន្រ្តីមុន ឬគ្រាន់តែជាអាយ៉ងលម្អប្រព័ន្ធយុត្តិធម៌កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។