ការ​កែ​លំអ​សេវា​ផ្ដល់​អាហារូបត្ថម្ភ នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ

គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ការ​ផ្ដល់​ចំណី​អាហារ​មាន​គុណភាព មាន​អនាម័យ និង​ត្រឹមត្រូវ​ដល់​អ្នក​ជំងឺ គឺ​ជា​ផ្នែក​មួយ នៃ​ការ​ព្យាបាល​ជំងឺ ឱ្យ​ឆាប់​ជា​សះស្បើយ។ ក៏​ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា មាន​មន្ទីរពេទ្យ​ជា​ច្រើន​មិន​ទាន់​បាន​គិតគូរ​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ។

0:00 / 0:00

ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ មូលនិធិ​ប្រទេស​ជប៉ុន​ឈ្មោះ មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់​ថា អេហ្វ.អាយ.ឌី.អារ៍ (FIDR) បាន​បង្កើត​កម្មវិធី​អាហារូបត្ថម្ភ​គំរូ ជា​លើក​ដំបូង​មួយ ជួយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នៅ​ទីក្រុង​ភ្នំពេញ។

អ្នក​ជំនាញ​ឯកទេស​ខាង​ចំណី​អាហារ ឬ​ហៅ​ថា អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ បាន​ចាត់​ទុក​ការ​ផ្ដល់​ចំណី​អាហារ​មាន​តុល្យភាព​ជីវជាតិ និង​មាន​អនាម័យ​ត្រឹមត្រូវ គឺ​ជា​កត្តា​ជួយ​ឱ្យ​កាយ​សម្បទា​របស់​អ្នក​ជំងឺ​មាន​ភាព​រឹងមាំ និង​ជួយ​ជំរុញ​ឱ្យ​ការ​ព្យាបាល​ដោយ​ឱសថ​មាន​ប្រសិទ្ធភាព។

អ្នក​ឯកទេស​ខាង​អាហារូបត្ថម្ភ​ជនជាតិ​ជប៉ុន​មួយ​រូប ឈ្មោះ ហ៊្សីណុ សៃតុ (Shino Saito) ជា​ទី​ប្រឹក្សា​គម្រោង​ផ្គត់ផ្គង់​របប​អាហារូបត្ថម្ភ របស់​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់ អេហ្វ.អាយ.ឌី.អារ៍ (FIDR= Foundation for International Development/Relief) នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នា​រាជធានី​ភ្នំពេញ ។ កញ្ញា​ថ្លែង​បញ្ជាក់​ថា ចំណី​អាហារ​ត្រឹមត្រូវ ពិត​ជា​មាន​សារសំខាន់ អ្នក​ជំងឺ។

កញ្ញា ហ៊្សីណុ សៃតុ៖ «ការ​ផ្ដល់​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ គឺ​ស្មើ​គ្នា​នឹង​ការ​ព្យាបាល។ ដូច្នេះ ប្រការ​ដែល​យើង​ផ្ដល់​អាហារ ដែល​មាន​ជីវជាតិ គឺ​ផ្ដល់​ឋាមពល​ដល់​អ្នក​ជំងឺ ឱ្យ​ឆាប់​ជា​ពី​ជំងឺ។

ប្រសិន​បើ​យើង​ទទួលទាន​ចំណី​អាហារ​មិន​មាន​តុល្យភាព ការ​ធាត់​ជ្រុល​នឹង​កើត​ឡើង ហើយ​ជំងឺ​កង្វះ​ជីជាតិ​ក៏​នឹង​កើត​ឡើង​ដែរ។ ដូច្នេះ ខ្ញុំ​ផ្ដល់​យោបល់​ថា យើង​គប្បី​ទទួលទាន​អាហារ​ឱ្យ​មាន​តុល្យភាព និង​ត្រឹមត្រូវ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គម្រោង​គាំទ្រ​ផ្នែក​អាហារូបត្ថម្ភ របស់​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់ អេហ្វ.អាយ.ឌី.អារ៍ (FIDR) កញ្ញា វ៉ើន ស៊ីវឡេង ថ្លែង​ថា ដោយសារ​តែ​ការ​ពិនិត្យ​ឃើញ​ថា នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​រហូត​មក​ដល់​ឆ្នាំ ២០០៦ ការ​ចម្អិន​ម្ហូបអាហារ នៅ​មន្ទី​ពេទ្យ​កុមារ​ជាតិ នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្នែក​អាហារូបត្ថម្ភ និង​មាន​អនាម័យ​ត្រឹមត្រូវ ទើប​មូលនិធិ អេហ្វ.អាយ.ឌី.អារ៍ ចូល​មក​ជួយ​ដល់​មន្ទីរពេទ្យ​ឱ្យ​គិតគូរ​អំពី​បញ្ហា​នេះ។

កញ្ញា វ៉ើន ស៊ីវឡេង៖ «ដោយសារ​មន្ទីរពេទ្យ​កុមារ​ជាតិ​អត់​ទាន់​មាន​ប្រព័ន្ធ​ត្រឹមត្រូវ​នៅ​ឡើយ អត់​ទាន់​បាន​ចាប់​ផ្ដើម​គិត​ពី​សារធាតុ​ចិញ្ចឹម​ក្នុង​ចំណីអាហារ អ៊ីចឹង​អង្គការ អេហ្វ.អាយ.ឌី.អារ៍ ហ្នឹង មាន​គំនិត​ថ្មី​មួយ​ថា បង្កើត​គម្រោង​មួយ​ទៀត ឈ្មោះ​ថា គម្រោង​គាំ​ទ្រ​ផ្នែក​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ គម្រោង​កកើត​ឡើង​នៅ​ឆ្នាំ ២០០៦»។

កញ្ញា ស៊ីវឡេង បន្ត​ថា ជំនួយ​របស់​មូលនិធិ អេហ្វ. អាយ. ឌី. អារ៍ (FIDR) ដែល​ផ្ដល់​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ជា​ផ្ទះ​បាយ​ទំនើប​មួយ មាន​អនាម័យ និង​ចម្អិន​ម្ហូបអាហារ​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ជំងឺ​វ័យ​ក្មេង ដែល​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត។

អ្នក​ស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ ជា​ប្រធាន​ផ្នែក​អាហារូបត្ថម្ភ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ មាន​ប្រសាសន៍​ថា ការ​ដែល​ផ្ដល់​សេវា​អាហារូបត្ថម្ភ​តាម​ការ​វិនិច្ឆ័យ​ដោយ​វេជ្ជបណ្ឌិត គឺ​ផ្ដោត​លើ​ជីវជាតិ អាហារ និង​កម្រិត​ជីវជាតិ​ទាំង​នោះ សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។

អ្នក​ស្រី​វេជ្ជបណ្ឌិត​ថ្លែង​ទៀត​ថា ការ​ផ្ដល់​សេវា​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ជាតិ ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ អេហ្វ. អាយ. ឌី. អារ៍ (FIDR) គឺ​គំរូ​លើក​ដំបូង​មួយ សម្រាប់​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពីព្រោះ​សេវា​នៅ​មន្ទីរ​ពេទ្យ​កុមារ​សព្វ​ថ្ងៃ ត្រូវ​បាន​រៀបចំ​ដោយ​មាន​លក្ខណៈ​ទំនើប ប្រកប​ដោយ​អនាម័យ​ខ្ពស់​ផង។

​វេជ្ជបណ្ឌិត លឹម សុជាតិ៖ «អ្វី​ដែល​ថ្មី​ប្លែក​ហ្នឹង គឺ​ថា​យើង​មាន​គោលការណ៍​ណែនាំ​ផ្នែក​អាហារ​របស់​យើង​ប្រចាំ​នៅ​មន្ទីរពេទ្យ​ជាតិ​ហ្នឹង។ គោលការណ៍​ណែនាំ​ទៅ​លើ​តម្រូវ​ការ​របស់​អ្នក​ជំងឺ ដែល​ត្រូវ​ប្រើ​សាច់​ប៉ុន្មាន ខ្លាញ់​ប៉ុន្មាន ជាតិ​កាបូអ៊ីដ្រាត (Carbohydrate) ប៉ុន្មាន? ឧទាហរណ៍​ដូច​ជា កុមារ​អាយុ​ពី ៦ ដល់ ១១ ខែ គាត់​ត្រូវ​ការ​ជាតិ​ខ្លាញ់​ប៉ុន្មាន ជាតិ​កាបូអ៊ីដ្រាត (Carbohydrate) ប៉ុន្មាន? យើង​មាន​គោលការណ៍​ណែនាំ​អ៊ីចឹង»។

ដើម្បី​រក្សា​អនាម័យ​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​សម្រាប់​អ្នក​ជំងឺ ចុងភៅ និង​អ្នក​រៀបចំ​ត្រូវ​មាន​អនាម័យ​ផ្ទាល់​ខ្លួន គឺ​ចាប់​ក្បាល​ដល់​ជើង មុន​នឹង​ចាប់​ផ្ដើម​ចម្អិន ឬ​រៀបចំ​ម្ហូប​អាហារ។

​វេជ្ជបណ្ឌិត លឹម សុជាតិ៖ «គឺ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​សំលៀក​បំពាក់​ស្អាត។ ក្បាល​របស់​គាត់​ត្រូវ​ពាក់​មួក ការពារ​សក់​កុំ​ឱ្យ​ជ្រុះ មាត់​ត្រូវ​ពាក់​ម៉ាស ការពារ​ការ​និយាយ​ស្ដី​ឆ្លង​ទឹក​មាត់ ហើយ​ដៃ​ក៏​ត្រូវ​ពាក់​ស្រោម​ដៃ។ យើង​ត្រូវ​ដូរ​ឯកសណ្ឋាន​ពី​ផ្ទះ​មក គឺ​យើង​មក​ដល់​កន្លែង​នេះ ត្រូវ​ដូរ​ទាំង​អស់ ទាំង​ស្បែក​ជើង ហើយ​សំលៀកបំពាក់​អស់​ហ្នឹង ត្រូវ​ដោះ​ចេញ។ ពាក់​សំលៀក​បំពាក់​ត្រូវ​ធ្វើ​ការ​ក្នុង​ផ្ទះ​បាយ»។

អ្នក​ស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ បញ្ជាក់​បន្ថែម​ថា ក្រៅ​ពី​អនាម័យ​របស់​ចុងភៅ និង​អ្នក​រៀបចំ​ម្ហូបអាហារ បរិវេណ និង​សម្ភារ​សម្រាប់​ចម្អិន សុទ្ធ​តែ​ត្រូវ​ស្អាត​ទាំង​អស់។ នៅ​ក្នុង​ផ្ទះ​បាយ​ទំនើប​នេះ ត្រូវ​បាន​បែងចែក​ជា ៣ តំបន់​ដាច់​ពី​គ្នា គឺ​តំបន់​ស្អាត តំបន់​ពាក់​កណ្ដាល​ស្អាត និង​តំបន់​មិន​ស្អាត។

​វេជ្ជបណ្ឌិត លឹម សុជាតិ៖ « តំបន់​ដែល​ស្អាត​ហ្នឹង​បរិវេណ​ចម្អិន​ហ្នឹង​តែ​ម្ដង គឺ​បរិវេណ​ជុំវិញ​កន្លែង​ធ្វើ​ម្ហូប​ហ្នឹង។ ឯ​ពាក់​កណ្ដាល​ស្អាត គឺ​ត្រឹម​កន្លែង​ទទួល​ទំនិញ កន្លែង​ឃ្លាំង ហើយ​និង​តំបន់​មិន​ស្អាត​ហ្នឹង គឺ​កន្លែង​ភ្ញៀវ​ឈ្មួញ​យក​ទំនិញ​មក»។

មាន​សម្ភារ​មួយ​ចំនួន ដូច​ជា ចាន ឬ​ថាស​ដាក់​ម្ហូប​អាហារ មិន​ត្រឹម​តែ​លាង​សម្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដាក់​ក្នុង​ឡ​សម្លាប់​មេរោគ​ទៀត​ផង។

ផ្នែក​អាហារូបត្ថម្ភ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ មិន​ត្រឹម​តែ​គិត​អំពី​អនាម័យ និង​កម្រិត​ជីវជាតិ​អាហារ​ទេ គ្រូពេទ្យ​ជំនាញ​ក៏​ត្រូវ​គិត​អំពី​មុខ​អាហារ និង​ប្រភេទ​នៃ​របប​អាហារ ដែល​ត្រូវ​ផ្ដល់​ឱ្យ​អ្នក​ជំងឺ​ដែរ មាន​ដូច​ជា អាហារ​ទូទៅ និង​អាហារ​សម្រាប់​ព្យាបាល ដែល​តម្រូវ​តាម​មុខ​ជំងឺ​របស់​កុមារ។ អាហារ​ខ្លះ​ត្រូវ​រៀបចំ​ឱ្យ​ទន់​សម្រាប់​កុមារ​តូចៗ ឬ​រាវ សម្រាប់​កុមារ ដែល​មាន​បញ្ហា​មាត់ មិន​អាច​ទំពា​បាន។

សំឡេង៖ «ពេល​ព្រឹក​មាន​ដូច​ជា​បបរ​ស បបរ​គ្រឿង បបរ​បន្លែ ហើយ​រួម​ផ្សំ​ជាមួយ​នឹង​នំពោត​មួយ​កញ្ចប់​ដែរ។ អាហារ​ថ្ងៃ​ត្រង់ យើង​មាន​ជា​បាយ ជា​បបរ ជាមួយ​ម្ហូប​សម្ល​ទឹក​មួយ​មុខ ឆា​មួយ​មុខ ហើយ​និង​បង្អែម។ ឯ​ល្ងាច​ក៏​អ៊ីចឹង​ដែរ»។

រីឯ​មុខ​ម្ហូប ក៏​ត្រូវ​មាន​បញ្ជី​បម្រុង​ទុក​ឱ្យ​ប្លែក​គ្នា​ផង ដើម្បី​ឱ្យ​កុមារ​ញ៉ាំ​បាន៖ «មុខ​ម្ហូប​ក៏​ត្រូវ​ឆ្លាស់​គ្នា គឺ​ថា​មិន​ឱ្យ​ដូច​គ្នា​ព្រឹក​ក៏​អ៊ីចឹង ល្ងាច​ក៏​អ៊ីចឹង​ទេ។ ព្រឹក​ខុស ល្អាច​ខុស ស្អែក​ខុស​ទៀត​ទៅ»។

អ្នក​ស្រី​វេជ្ជបណ្ឌិត លឹម សុជាតិ មាន​ប្រសាសន៍​ថា ម្ហូប​អាហារ​ដែល​រៀបចំ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ជា​អាហារ ដែល​អាច​រក​បាន​នៅ​ប្រទេស​កម្ពុជា ព្រោះ​កម្មវិធី​ផ្នែក​អាហារូបត្ថម្ភ​នៃ​មន្ទីរ​ពេទ្យ​នេះ ក៏​មាន​ទិសដៅ​ពន្យល់ និង​បង្ហាញ​ដល់​ម្ដាយ​របស់​កុមារ អំពី​សារ​ប្រយោជន៍​ចំណី​អាហារ​សម្រាប់​កុមារ​នេះ​ដែរ។

អាហារ​ដែល​រៀបចំ​ចម្អិន​នៅ​ផ្នែក​អាហារូបត្ថម្ភ​នេះ ត្រូវ​បាន​ចែក​ឱ្យ​កុមារ​ជា​អ្នក​ជំងឺ​គ្រប់រូប ដែល​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

អ្នក​ស្រី​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ជា​ទូទៅ កុមារ​ចូល​ចិត្ត​អាហារ ដែល​ផ្ដល់​ដោយ​មន្ទីរពេទ្យ។

យុវតី​មួយ​រូប ដែល​កំពុង​ទទួលទាន​អាហារ បាន​និយាយ​ថា គាត់​ចូលចិត្ត​អាហារ​ដែល​ផ្ដល់​ដោយ​មន្ទីរ​ពេទ្យ​នេះ៖ «ការ​រៀបចំ​នេះ​មាន​អនាម័យ ហើយ​មាន​ជីវជាតិ​ច្រើន ផ្សំ​គ្នា​បាន​ល្អ។ មាន​បង្អែម​ពេល​ហូប​បាយ​រួច»។

កម្មវិធី​អាហារូបត្ថម្ភ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ គឺ​ជា​កម្មវិធី​គំរូ សាក​ល្បង​ ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​សំរាប់​ការ​អភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ហៅ​កាត់ អេហ្វ.អាយ.ឌី.អារ៍ (FIDR= Foundation for International Development/Relief) ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក។

ចុងភៅ​ចម្អិន​ម្ហូប​អាហារ​មួយ​រូប​ថ្លែង​ថា ផ្ទះ​បាយ​មន្ទីរពេទ្យ​កុមារ​ជាតិ​សព្វ​ថ្ងៃ​នេះ មាន​លក្ខណៈ​ទំនើប​ច្រើន ហើយ​ស្អាត​ទៀត​ផង៖ «ឥឡូវ​នេះ​គេ​ទំនើប គេ​ប្រើ​សុទ្ធ​តែ​ជើងក្រាន​ហ្គាស។ កាល​ពី​ខ្ញុំ​ពី​មុន​ប្រើ​ជើងក្រាន​ធ្យូង»។

កម្មវិធី​របស់​មូលនិធិ​នេះ ក៏​មាន​ការ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ដល់​គ្រូពេទ្យ​មក​ពី​មន្ទីរពេទ្យ​ដទៃ​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។