សកម្មជនដីធ្លី លោកស្រី ង៉ែត ឃុន ថា តុលាការគំរាមលោកស្រីមិនឱ្យតវ៉ាទាមទារការដោះលែងកូនស្រី

សកម្មជន​ដីធ្លី​បឹងកក់ លោកស្រី ង៉ែត ឃុន ថា តុលាការ​ក្រុង​ភ្នំពេញ​ព្រមាន​ចាប់​ខ្លួន​លោកស្រី ប្រសិនបើ​លោកស្រី​នៅ​តែ​បន្ត​តវ៉ា ឬ​ថត​វីដេអូ​នៅ​មុខ​តុលាការ​ទាមទារ​ឱ្យ​ដោះលែង​កូន​លោកស្រី​ត​ទៅ​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​គំរាម​កំហែង​របស់​តុលាការ​មក​លើ​ពលរដ្ឋ ដែល​តវ៉ា​ដោយ​សន្តិវិធី​នេះ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។

ដោយ​ហាក់​គ្មាន​សង្ឃឹម ចំពោះ​ប្រព័ន្ធ​តុលាការ​ថា នឹង​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ និង​កូនស្រី គឺ​លោកស្រី អេង សុខា កំពុង​ជាប់​ឃុំ សកម្មជន​ដីធ្លី​បឹងកក់ លោកស្រី ង៉ែត ឃុន មិត្តភ័ក្ដិ និង​សាច់ញាតិ​សរុប​ចំនួន ៤នាក់ បាន​ប្រមូលផ្តុំ​តវ៉ា​អហិង្សា​ជា​ថ្មី​ទៀត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែមីនា ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​កូនស្រី ប៉ុន្តែ ការ​តវ៉ា​នេះ ពួក​គាត់​ត្រូវ​បាន​តុលាការ​កោះហៅ​ទៅ​គំរាម​មិន​ឱ្យ​ចេញ​មក​តវ៉ា​នៅ​ខាង​មុខ​តុលាការ​នោះ​ទេ។

សកម្មជន​ដីធ្លី​បឹងកក់ លោកស្រី ង៉ែត ឃុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោកស្រី​មិនព្រមបញ្ឈប់​សកម្មភាព​តវ៉ា​ទាមទារ​តុលាការ​ឱ្យ​ដោះ​លែង​កូន​លោកស្រី បើ​ទោះ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​គំរាម​ចាប់​ខ្លួន ប្រសិនបើ​លោកស្រី​បន្ត​សកម្មភាព​ក៏​ដោយ។ លោកស្រី​ថា ការ​គំរាម​របស់​តុលាការ​ភ្នំពេញ​នេះ គឺ​ជា​រឿង ដែល​មិន​អាច​ទទួល​យក​បាន ព្រោះ​កូនស្រី​លោកស្រី​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​ហើយ តុលាការ​បែរ​ជា​មិន​ឱ្យ​លោកស្រី​ចេញ​មុខ​តវ៉ា​ទៅ​វិញ។

លោកស្រី ង៉ែត ឃុន៖ «ហើយ​គេ​ថា បើ​មកៗ នៅ​មិន​ស្ដាប់​អាជ្ញាធរ​ណែនាំ​យើង​អីៗ ទេ គេ​មាន​វិធានការ​ត​ទៅ​ទៀត ហើយ​ដល់​អ៊ីចឹង ខ្ញុំ​ថា ខ្ញុំ​ម៉េច​អស់​ចិត្ត ខ្ញុំ​ម៉េច​សុខ​ចិត្ត បើ​កូន​ខ្ញុំ​គ្រាន់តែ​មក​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្ញុំ​តើ គេ​វាយ​ខ្ញុំ​បែក​ក្បាល​ហើយ ប្រព័ន្ធ​តុលាការ​អត់​ចាប់​ជន​ដៃដល់ ចាប់​ជន​ល្មើស​មក​ផ្ដន្ទាទោស ហើយ​យក​តែ​អ្នក​រង​គ្រោះ​មក​ដាក់​ទោស​អ៊ីចឹង ខ្ញុំ​មិន​អាច​ស្ងប់ មិន​សុខ​ចិត្ត​ទេ»។

លោកស្រី ង៉ែត ឃុន ថា បើ​ទោះ​ជា​លោកស្រី​មាន​អាយុ ៨៤ឆ្នាំ និង​មាន​ជំងឺ​ជាប់​ខ្លួន​ក្ដី លោកស្រី​មិន​ព្រម​ចុះ​ចាញ់ ចំពោះ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ភ្នំពេញ​នោះ​ទេ។ លោកស្រី​ថា នឹង​បន្ត​ធ្វើ​សកម្មភាព​យ៉ាង​ហោច​ណាស់​ចំនួន ៣ ទៅ ៤ដង នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​រហូត​ដល់​កូនស្រី​របស់​លោកស្រី​ទទួល​បាន​សេរីភាព​ឡើង​វិញ។

ជុំវិញ​ករណី​នេះ សកម្មជន​សង្គម លោក អ៊ុក ពេជ្យសំណាង ដែល​ចូលរួម​តវ៉ា​ឱ្យ​មាន​ការ​ដោះ​លែង​លោកស្រី អេង សុខា លើក​ឡើង​ថា ករណី​គំរាម​កំហែង​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ គឺ​ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​លើ​គ្រួសារ​លោកស្រី ង៉ែត ឃុន ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ថា តុលាការ​បាន​ចាប់​ខ្លួន លោកស្រី អេង សុខា ទាំង​អយុត្តិធម៌ ហើយ​តុលាការ​បែរ​ជា​គំរាម​ម្ដាយ​លោកស្រី​មិន​ឱ្យ​តវ៉ា​ទៀត។ លោក​ថា រូបភាព​ទាំង​នេះ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​មិន​មាន​សិទ្ធិ​សេរីភាព ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។

លោក អ៊ុក ពេជ្យសំណាង៖ «ខ្ញូំ​មក​ចូលរួម​ស្ដាប់ ខ្ញុំ​មក​ចូលរួម​ឱ្យ​ចម្លើយ ហើយ​ខ្ញុំ​មក​ចូលរួម​ផ្ដាំ​ទៅ​មតិ​អ្នក​ស្ដាប់​​ទាំង​អស់​នៅ​លើ​ពិភពលោក និង​អ្នក​ស្ដាប់​ទាំង​អស់​នៅ​ក្នុង​ស្រុក​ខ្មែរ ម៉េច​ក៏​គ្រួសារ​រងគ្រោះ​នៅ​បន្ត​រង​គ្រោះ ហើយ​ម៉េច​អ្នក ដែល​បង្ក​អុកឡុក​ធ្វើ​សេចក្ដី​សម្រេច​តាម​អ្វី ដែល​តុលាការ​នោះ​ចេះ​តែ​បន្ត​អ៊ុកឡុក​គ្រប់​សកម្មភាព​គ្រួសារ​ហ្នឹង​មក​ដាក់​គុក»។

កាល​ពី​ថ្ងៃ​ទី៣១ ខែមករា សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោកស្រី អេង សុខា ដោយ​ហិង្សា​ទាំង​គ្មាន​ដីកា។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​អំឡុង​ពេល​លោកស្រី​កំពុង​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ហាញ​ពី​ការ​ឈឺ​ចាប់ ដែល​តុលាការ​មិន​ផ្ដល់​យុត្តិធម៌​ជូន​ម្ដាយ គឺ​លោកស្រី ង៉ែត ឃុន ដែល​កំពុង​រង​បណ្ដឹង​ក្នុង​តុលាការ ពាក់ព័ន្ធ​បញ្ហា​ដីធ្លី កាល​ពី​ជាង ១០ឆ្នាំ​មុន។ ក្រោយ​មក សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឃុំ​ខ្លួន​លោកស្រី អេង សុខា ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​អំពី​បទ «បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែមីនា ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា ថា តុលាការ ឬ​រដ្ឋាភិបាល​មិន​អាច​គំរាមកំហែង​ពលរដ្ឋ ដែល​តវ៉ា​ដោយ​សន្តិវិធី​នោះ​ទេ។ លោក​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​មាន​សិទ្ធិ​ចេញ​ធ្វើ​កូដកម្ម បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​អាជ្ញាធរ​រដ្ឋ​ឱ្យ​ដោះស្រាយ ហើយ​អាជ្ញាធរ​រដ្ឋ​ត្រូវ​តែ​ទទួល​យក​សំណើ​របស់​ពលរដ្ឋ។

លោក នី សុខា៖ «នៅ​ពេល​ណា ដែល​មាន​ការ​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ណា​ម្នាក់​ក្នុង​ការ​ដែល​ហាមឃាត់​គេ​មិន​ឱ្យ​តវ៉ា មាន​ន័យ​ថា ឃាត់​សិទ្ធិ​គេ​មិន​ឱ្យ​តវ៉ា​នោះ គឺ​ជា​ការ​រំលោភ​បំពារបំពាន​ធ្ងន់ធ្ងរ ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហើយ ពីព្រោះ​ថា សិទ្ធិ​នៅ​ក្នុង​ការ​តវ៉ា នៅ​ក្នុង​ការ​ទាមទារ គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ ហើយ​ការ​តវ៉ា​ការ​ទាមទារ​ទាំង​អស់​នោះ ធ្វើ​ឡើង​ដោយ​អហិង្សា កុំ​ឱ្យ​តែ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា អា​ហ្នឹង គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ»។

លោកស្រី ង៉ែត ឃុន និង​លោកស្រី អេង សុខា គឺ​ជា​ជន​រងគ្រោះ​បាត់បង់​ដីធ្លី និង​រង​អំពើ​ហិង្សា​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ជា​ច្រើន​ដង។ លោកស្រី ង៉ែត ឃុន ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួនពីរលើក គឺ​នៅ​ឆ្នាំ២០១២ ជាប់ ១ខែ ហើយ​ក្រោយ​មក នៅ​ក្នុង​ឆ្នាំ២០១៤ ជាប់ ៥ខែ។ បន្ថែម​លើស​ពី​នេះ លោកស្រី ង៉ែត ឃុន ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្រុងភ្នំពេញ​វាយ​បែក​ក្បាល​ហូរ​ឈាម ក្នុង​ពេល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) របស់​ឧកញ៉ា ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច ដែល​រំលោភ​យក​ដីធ្លី​ផ្ទះ​សម្បែង​របស់​គាត់ កាល​ពី​ជាង ១០ឆ្នាំ​មុន។

សាច់ញាតិ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​លោកស្រី អេង សុខា ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​សកម្មភាព​របស់​លោកស្រី អេង សុខា គ្មាន​ចេតនា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។