សាច់ញាតិជនរងគ្រោះ គាំទ្រឱ្យសាលាឧទ្ធរណ៍ភ្នំពេញ បន្តដាក់ទោសធ្ងន់លើអតីត​ឧកញ៉ា ស្រី ស៊ីណា

សាច់ញាតិជនរងគ្រោះ និងមន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ឱ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ តម្កល់​កាល​ដីកា​សំណុំ​រឿងឃាតកម្មលើគូដណ្ដឹងវ័យ​ក្មេង​ពីរ​នាក់ ដែល​បង្ក​ឡើង​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា ទុក​ជា​បាន​ការ​ដដែល។ ពួក​គាត់​រំពឹង​ថា តុលាការ​នឹង​ឆាប់​បិទ​បញ្ចប់​សំណុំរឿង​នេះ ហើយ​ត្រូវ​បង្គាប់​ឱ្យ​ជន​បង្ក​ឆាប់​ផ្ដល់​សំណង​ជំងឺ​ចិត្ត​មក​ឱ្យ​គ្រួសារ​ជន​រងគ្រោះ​ទៅ​តាម​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សំណុំ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​​​​គូរ​ស្នេហ៍​វ័យ​ក្មេង​ពី​នាក់ ស្ថិត​នៅ​បុរី ប៉េងហួត បឹង​ស្នោ ខណ្ឌ​ច្បារអំពៅ ដែល​​​បង្ក​ឡើង​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា គឺ​អស់​រយៈ​​ជាង ១០ខែ​មក​ហើយ។ នៅ​ពេល​នេះ​ជន​ត្រូវ​ចោទ​គឺ លោក ស្រី ស៊ីណា បាន​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ជុំវិញ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក ហើយ​ត្រូវ​បើក​សវនាការ​ជា​លើក​ទី១ នៅ​ថ្ងៃ​ទី១៤ ខែមីនា ប៉ុន្តែ សវនាការ​នេះ ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី២៣ ខែមេសា​វិញ ដោយ​សារ​តែ​លោក ស្រី ស៊ីណា រក​មេធាវី​ការពារ​ក្ដី​មិន​ទាន់​បាន។

ប្អូន​ស្រី​ជន​រង​គ្រោះ លោក ឡុង លីសុង គឺ​កញ្ញា ឡុង លីហ័រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ ខែមីនា យ៉ាង​ខ្លី​ថា កញ្ញា​ថា មិន​ដឹង​ត្រូវ​និយាយ​បែប​ណា​នោះ​ទេ លើ​ករណី​នេះ ប៉ុន្តែ កញ្ញា​គាំទ្រ​ឱ្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​រក្សា​សាលដីកា​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ដដែល។

ជុំវិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៤ ខែមីនា ​ថា សំណុំរឿង​ឃាតកម្ម ពាក់ព័ន្ធ​នឹង​អតីត​ឧកញ្ញ៉ា ស្រី ស៊ីណា នេះ ពុំ​មាន​ការ​វិវត្ត​អ្វី​នោះ​ទេ ព្រោះ​សវនាការ ដែល​ត្រូវ​បើក​​លើ​​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី១៤ ខែ​មីនា បាន​ពន្យារ​ពេល ទៅ​ថ្ងៃ​ទី៣១ ខែមេសា​វិញ ដោយ​សារ​តែ​លោក ស្រី ស៊ីណា រក​មេធាវី​ការពារ​ក្ដី​អត់​ទាន់​បាន។

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ ​បាន​ប្រកាស​សាល​ក្រម​ចំនួន​៣ របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា គឺ​សំណុំ​រឿង​ឃាតកម្ម ​ប៉ុនប៉ង​ឃាតកម្ម ​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ ​និង​​បទ​រំលោភ​លើ​លំនៅឋាន ​ដោយ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស ជន​ជាប់​ចោទ​ ឈ្មោះ ស្រី ស៊ីណា​ ឱ្យ​ជាប់​ពន្ធនាគារ​​​ចំនួន​ ៣១ ឆ្នាំនិង​ផ្ដល់​សំណង​ជំងឺចិត្ត​ដល់​សាច់​ញាតិ​ជន​រងគ្រោះ​បាត់បង់​ជីវិត និង​ជន​រងគ្រោះ​ដែល​រង​របួស​​​​​ចំនួន​២លាន​៥សែន​៥ម៉ឺន​ដុល្លារ​។ ​

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក នី សុខា យល់​ឃើញ​ថា សំណុំ​រឿង​ឃាតកម្ម​លើ​គូរ​ដណ្ដឹង​ពីរ​នាក់​ កាល​ពី​ខែមិថុនា កន្លង​មក​នេះ មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ច្រើន។ ទន្ទឹម​នឹង​នោះ លោក​ថា មហាជន​ក៏​បាន​គាំទ្រ ចំពោះ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក​ថា​ ចំពោះ​ការ​ប្ដឹង​ជំទាស់​របស់​ជន​ត្រូវ​ចោទ គឺ​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ សាលាឧទ្ធរណ៍​ភ្នំពេញ ត្រូវ​តែ​រក​ភស្តុតាង​ឱ្យ​បាន​រឹងមាំ ក្នុង​ករណី ដែល​មាន​ការ​ប្រែប្រួល​មួយ​ចំនួន​លើ​សំណុំ​រឿង​មួយ​នេះ។

លោក នី សុខា៖ «ប្រសិន​បើ​វា​មាន​លក្ខណៈ​ប្រែប្រួល​ ទល់​តែ​​សាលា​​ឧទ្ធរណ៍​នឹង​មាន​មូលដ្ឋាន​​នៅ​ក្នុង​ការ​សម្រេច​ ថា​តើ​វា​​​មាន​មូលដ្ឋាន​អី​ខ្លះ​​នៅ​ក្នុង​ការ​ធ្វើ​​ឱ្យ​សាលក្រម​​នឹង​មាន​ការ​ប្រែប្រួល​​ឡើង​វិញ​។​​ ខ្ញុំ​គិត​ថា​រឿង​ទាំង​អស់​នេះ​សាលាឧទ្ធរណ៍​ ​នឹង​​មានការ​ពិចារណា​នៅ​ក្នុង​កម្រិត​ខ្ពស់​​​ទាក់ទង​បញ្ហា​នេះ ​ព្រោះ​បញ្ហា​នេះ​វា​ជះឥទ្ធិពល​ដល់​បញ្ហា​នៅ​ក្នុង​សង្គម​នឹង​ច្រើន ​ហើយ​ក៏​មាន​ការ​តាម​ដាន​ពី​មហាជន​​ក៏​ច្រើន​ដែរ»

កាល​ពី​រសៀល​ថ្ងៃ​ទី១៧ ខែមិថុនា អតីត​ឧកញ៉ា ស្រី ស៊ីណា បាន​ប្រើ​កាំភ្លើង​ខ្លី​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឱ្យ​គូស្នេហ៍​វ័យ​ក្មេង ២នាក់​បាត់បង់ជីវិត និង​មនុស្ស​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ ស្ថិត​នៅ​បុរី ប៉េង ហួត បឹង​ស្នោ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដែល​ផ្ដើម​ចេញ​ពី​ទំនាស់​បន្តិច​បន្តួច​រឿង​ស្នួ​ហាល​ខោ​អាវ​ឆ្លង​ចូល​ព្រំ​ដី​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។