រូបត្លុកនយោបាយ​៖ ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ ​«ត្បូងពេជ្រ»​ កម្ពុជា-ចិន?

រដ្ឋាភិបាល​អះអាង​​ថា​ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទ្វេភាគី​ជាលើក​ដំបូង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​ជួប​ក្រុម​មេដឹកនាំ​ចិន​ សម្រេច​បាន​នូវ​ «លទ្ធផល​យ៉ាង​ធំធេង» ​ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការវិនិយោគ​ជាដើម។ ទន្ទឹមនឹង​នេះ ភាគី​ទាំងពីរ​បាន​សង្កត់​ធ្ងន់​ថា មិនថា​ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​យ៉ាងណា​នោះ​ទេ កម្ពុជា​ និង​ចិន​នឹង​អភិវឌ្ឍ ​«ឥត​ឈប់ឈរ»​ នូវ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង​របស់​ខ្លួន និង ​«ធ្វើ​ឱ្យ​ស៊ី​ជម្រៅ»​ នូវ​កិច្ចសហប្រតិបត្តិការ​ «ត្បូង​ពេជ្រ»​ ក្នុង​គោលបំណង​លើក​កម្ពស់​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន​ប្រកប​ដោយ​ «គុណភាព​ខ្ពស់ កម្រិតខ្ពស់ និង​ស្តង់ដារ​ខ្ពស់» ​ក្នុង​យុគសម័យ​ថ្មី។

ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​អំពី​លទ្ធផល​នៃ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​ នា​រយៈពេល​ចុងក្រោយ​នេះ គឺ​កម្ពុជា​កំពុង​ជាប់​ឈ្មោះ​ក្លាយជា ​«មជ្ឈមណ្ឌល» ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដ៏​សម្បើម​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ថ្មីៗនេះ អង្គការ​សហប្រជាជាតិ​បាន​រកឃើញ​ថា មនុស្ស​ប្រមាណ​១សែន​នាក់​នៅ​កម្ពុជា​ក្លាយជា​ជន​រងគ្រោះ​ដោយសារ​ការបង្ខំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ។ ក្រៅពីនេះ ទំនាក់ទំនង​នេះ ក៏បាន​ធ្វើ​ឱ្យ​កម្ពុជា​ផុងខ្លួន​ក្លាយជា​កន្លែង​ឈានមុខ​គេ​ក្នុង​តំបន់​ខាង​​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ឆ្លងដែន កាស៊ីណូ និង​ការធ្លាក់ចូល​អន្ទាក់​បំណុល​វ័ន្តក​របស់​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។