ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៩៤ និងមាត្រា៤៩៥ ស្ដីពីបទញុះញង់ គឺជាមាត្រាដ៏ពេញនិយមរបស់អាជ្ញាធរកម្ពុជា ប្រើប្រាស់ដើម្បីបង្ក្រាបទៅលើសំឡេងប្រឆាំង និងសេរីភាពបញ្ចេញមតិ នៅកម្ពុជា។ សកម្មជនបក្សប្រឆាំងសកម្មជនការពារបរិស្ថាន សហជីព និងអ្នកសារព័ត៌មាន ត្រូវបានចាប់ខ្លួនរងការចោទថា បានប្រព្រឹត្តបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម។ មេដឹកនាំសហជីពលោក រ៉ុង ឈុន ក៏ជាជនត្រូវចោទម្នាក់ក្នុងបញ្ហានេះផងដែរ។
តើអំពើដែលលោក រ៉ុង ឈុន បានប្រព្រឹត្តពិតជាបង្កឱ្យមានការញុះញង់កើតមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដូចការចោទប្រកាន់មែនឬទេ?
បទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម ត្រូវបានរដ្ឋអំណាចក្រុងភ្នំពេញរាប់ចាប់ពីនគរបាល ព្រះរាជអាជ្ញា អ្នកនាំពាក្យរដ្ឋាភិបាល និងបក្សកាន់អំណាច រហូតដល់មេទាហាន លើកយកមកសំអាង និងស្រែកបន្ទរតាមគ្នា ចោទប្រកាន់ជាបន្តបន្ទាប់ទៅលើក្រុមយុវជន ព្រះសង្ឃ និងអ្នកនយោបាយ ដែលតវ៉ាដោយសន្តិវិធី មានដូចជាការតវ៉ា ទាមទារឱ្យតុលាការដោះលែងមេដឹកនាំសហជីព លោក រ៉ុង ឈុន ជាដើម។
ប៉ុន្តែការចោទប្រកាន់នូវបទញុះញង់ ពីសំណាក់រដ្ឋាភិបាលនេះ ត្រូវបានអង្គការសិទ្ធិមនុស្សជាតិ និងជុំវិញពិភពលោក រួមទាំងឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវផងច្រានចោល ដោយបញ្ជាក់ថា ជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាប់ និងជាការលាបពណ៌។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (HRW) លោក ប្រ៊ែដ អាដាស៍ (Brad Adams) និយាយថា ការលើកយកសេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន ចុះថ្ងៃទី២១ កក្កដា ស្ដីពីបញ្ហាព្រំដែននោះមកចោទថា គាត់បានប្រព្រឹត្តអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ គឺវាមិនត្រឹមត្រូវតាមច្បាប់ឡើយ៖ «ជាការពិតណាស់ សេចក្ដីថ្លែងការណ៍របស់លោក រ៉ុង ឈុន នោះគ្មានការញុះញង់អ្វីបន្តិចសោះឡើយ។ វាជាសេចក្ដីថ្លែងអំពីព្រឹត្តិការណ៍ ដែលប្រជាជននិយាយប្រាប់គាត់ទេតើ។ អ្វីដែលប្រជាជនបាននិយាយប្រាប់គាត់វាពិត ឬមិនពិតប៉ុណ្ណានោះ ត្រូវការឱ្យមានការស៊ើបអង្កេតដោយឯករាជ្យមួយ ដែលការណ៍នេះវាស្រេចលើអាជ្ញាធរ។ ការសួរនាំអំពីថា តើវៀតណាមបានរំកិលព្រំដែនចូលទឹកដីកម្ពុជាមែន ឬទេ វាជាសំនួរសមរម្យ និងស្របច្បាប់។ ខ្លឹមសារក្នុងលិខិតនោះ លោក រ៉ុង ឈុន មិនបានញុះញង់ជនណាម្នាក់ឱ្យប្រព្រឹត្តអំពើហិង្សាទេ គឺគាត់គ្រាន់តែលើកឡើងនូវបញ្ហា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈដ៏ធំមួយនៅកម្ពុជា ដែលប្រធានបទនេះគួរតែត្រូវបានលើកយកមកជជែកដេញដោលជាសាធារណៈ ហើយទង្វើរបស់លោក រ៉ុង ឈុន នេះ ជាសិទ្ធិស្របច្បាប់»។
អាជ្ញាធរក្រុងភ្នំពេញ បានចាប់លោក រ៉ុង ឈុន នៅថ្ងៃទី៣១ កក្កដា ដោយគ្មានដីកា។ ការចាប់ខ្លួននេះធ្វើឡើង ១០ថ្ងៃក្រោយពីតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជារូបនេះ ចេញសេចក្ដីថ្លែងការណ៍មួយរៀបរាប់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅជួបពលរដ្ឋ និងមើលបង្គោលព្រំដែនលេខ១១៤ ដល់លេខ១១៩ ស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លិខិតចំហពីរទំព័ររបស់លោក រ៉ុង ឈុន រៀបរាប់សំដីត្អូញត្អែររបស់ប្រជាពលរដ្ឋ ដូចជាថា ពួកគាត់បាត់បង់ដីច្រើនរយហិកតារទៅវៀតណាម អាជ្ញាធរខ្មែរហាមឃាត់កសិករខ្មែរ មិនឱ្យធ្វើស្រែលើដីខ្លួនចំនួន ៦០ហិកតារ បើទោះជាបង្គោលព្រំដែននៅទីនោះបានបោះរួចរាល់ហើយក្តី។ លិខិតដដែលបញ្ជាក់ថា អាជ្ញាធរវៀតណាមក៏បានចូលក្នុងទឹកដីកម្ពុជាប្រមាណ ២០០ម៉ែត្រ ដើម្បីដេញពលរដ្ឋខ្មែរចេញពីដីស្រែរបស់ខ្លួន ដោយអាជ្ញាធរខ្មែរមិនបានទប់ស្កាត់ពួកគេ ជាដើម។ លោក រ៉ុង ឈុន បញ្ចប់សេចក្ដីថ្លែងការណ៍នោះ ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឱ្យពង្រឹងនូវកម្លាំងការពារព្រំដែន កុំឱ្យអាជ្ញាធរវៀតណាមចូលមកទឹកដីខ្មែរបន្តទៀត និងទទូចឱ្យអាជ្ញាធរប្រគល់ដីស្រែចំនួន ៦០ហិកតាជូនកសិករខ្មែរវិញ។
ប៉ុន្តែអាជ្ញាធរកម្ពុជា បានយកលិខិតនេះជាសំអាងចោទប្រកាន់ពីបទញុះញង់ក្នុងការចាប់ខ្លួនលោក រ៉ុង ឈុន។
ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានចោទមុនតុលាការកាត់សេចក្ដីថា អ្នកដែលត្រូវបានចាប់ និងឃុំខ្លួន គឺពាក់ព័ន្ធចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈញុះញង់រឿងបញ្ហាព្រំដែន៖ «រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់ទេ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការបំភ្លៃការមួលបង្កាច់ និងការញុះញង់ដែលយកប្រធានបទព្រំដែនឱ្យកើតទៅជា ក្នុងចេតនាលាក់លៀមដ៏អាក្រក់ គឺការផ្ដួលរំលំ»។
និស្សិតច្បាប់លោក វ៉ន ចាន់ឡូត យល់ឃើញថា ការចោទប្រកាន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ទៅលើពលរដ្ឋខ្លួនឯង គឺបង្ហាញពីភាពភ័យខ្លាចជ្រុលហួសពីការពិតរបស់រដ្ឋាភិបាលកម្ពុជាទៅវិញទេ។ លោកថា រឿងព្រំដែន រដ្ឋាភិបាលគួរតែប្រើប្រាស់ស្ថាប័នទទួលបន្ទុកការងារព្រំដែន ដែលមានស្រាប់ ដើម្បីផ្ទៀងផ្ទាត់ជាមួយការរកឃើញរបស់លោក រ៉ុង ឈុន ជាជាងចោទប្រកាន់មិនសមទំនងដូច្នេះ៖ «យើងគួរតែប្រើប្រាស់គណៈកម្មាធិការកិច្ចការព្រំដែននេះ ដើម្បីស្វែងរកការពិត បញ្ជាក់បន្ថែមពីអ្វីដែលលោកគ្រូ រ៉ុង ឈុន គាត់ចុះទៅធ្វើការសិក្សា។ បើសិនខុសពីការពិតមែន ហើយអ្វីដែលគាត់ធ្វើវាអាចនឹងបង្ក ឬមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល ដូចអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងហ្នឹង អ៊ីចឹងយើងត្រូវរកភស្តុតាងមកបញ្ជាក់ មិនមែនយើងចេះតែនិយាយប៉ាតណាប៉ាតណី ចេះតែសន្និដ្ឋានទេ។ យើងខ្លួនឯងចេះតែសន្និដ្ឋានអ្នកដទៃក្នុងផ្លូវអវិជ្ជមាន ប៉ុន្តែអត់មើលខ្លួនថា ខ្លួនឯងកំពុងគិតផ្លូវអវិជ្ជមាន ធ្វើឱ្យអ្នកដទៃរងនូវអយុត្តិធម៌ គ្រាន់តែពាក្យសំដីប៉ុន្មានម៉ាត់របស់ខ្លួននោះ » ។
លោក វ៉ន ចាន់ឡូត បន្ថែមថា រដ្ឋាភិបាលហាក់ស៊ីលៀសរអៀសខ្លួន ពោលគឺចាប់តាំងពីបានរំលាយគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧ មក រដ្ឋាភិបាលហាក់កើតមានជំងឺភ័យខ្លាចនូវរាល់សកម្មភាពតស៊ូមតិស្របច្បាប់របស់ពលរដ្ឋខ្លួនឯង។
ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៤៩៤ និងមាត្រា៤៩៥
ក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា៤៩៤ និង៤៩៥ ស្តីពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស ដែលអាជ្ញាធរតែងតែប្រើប្រាស់ចោទប្រកាន់អ្នកតវ៉ានោះ ពុំបានពន្យល់ ឬបកស្រាយឱ្យលម្អិតច្បាស់លាស់នូវអ្វីទៅដែលហៅថា បទញុះញង់ និងអ្វីទៅដែលហៅថា ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះ។
សម្រាប់លោក ប្រ៊ែដ អាដាស៍ (Brad Adams) ដែលជាមេធាវីជំនាញផ្នែកច្បាប់សិទ្ធិមនុស្សផងនោះ ពន្យល់ថា ក្រោមច្បាប់សកល ការញុះញង់អាចក្លាយជាបទល្មើសទៅបាន ទាល់តែការញុះញង់នោះ មានចរិតអុជអាលឱ្យប្រព្រឹត្តអំពើហិង្សា ដោយភ្ជាប់ទៅមួយសកម្មភាពណាមួយ ដែលធ្វើឱ្យអំពើហិង្សានោះអាចនឹងផ្ទុះឡើងបាន៖ «ឧ ទាហរណ៍ ប្រសិនបើខ្ញុំកំពុងឈរនៅលើថ្នល់ ហើយស្រែកប្រកូកប្រកាសទៅកាន់មនុស្សម្នាជាច្រើននៅតាមដងផ្លូវថា តោះនាំគ្នាទៅដុតទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឬទៅដុតក្រសួងយុត្តិធម៌ ឬទៅដុតតុលាការនោះ គឺជាការអុជអាលញុះញង់ឱ្យមានអំពើហិង្សា ដែលច្បាប់ត្រូវហាមឃាត់។ ក៏ប៉ុន្តែប្រសិនបើមនុស្សម្នាក់អង្គុយនៅក្នុងផ្ទះរបស់គាត់ ហើយនិយាយរបៀបនេះអនឡាញ (Online) ទាំងខឹងខ្លះផងទៅកាន់មិត្តភ័ក្ដិរបស់គាត់ម្នាក់ ដោយគាត់មិនបានធ្វើសកម្មភាពអ្វីទេនោះ នោះក៏នៅមិនទាន់គ្រប់ធាតុផ្សំថា ជាបទល្មើសញុះញង់ដែរ»។
លោក ប្រ៊ែដ អាដាមស៍ បញ្ជាក់ថា ដើម្បីឱ្យការញុះញង់ក្លាយជាបទល្មើសទៅបាន ទាល់តែមានធាតុផ្សំពីរ៖ «ទី១ ពាក្យសំដីអុជអាលញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សាពិតជាកើតមាន និងទី២ ត្រូវមានអំពើ ឬសកម្មភាពមួយ ដើម្បីអនុវត្តធាតុផ្សំទី១ គឺពាក្យសំដីញុះញង់។ ដូច្នេះមានន័យថា បើគ្រាន់តែជាពាក្យជាសំដីទេ មិនមែនជាបទល្មើសទេ វៀរលែងតែថា អ្នកកំពុងឈរនៅចំពោះមុខមនុស្សមួយហ្វូង ដោយប្រុងប្រៀបធ្វើសកម្មភាពអ្វីមួយផងតាមពាក្យសំដីញុះញង់របស់ខ្លួន នោះទើបគេអាចផ្ដន្ទាទោសអ្នកបានពីបទល្មើសញុះញង់ឱ្យប្រព្រឹត្តហិង្សាជាក់លាក់ណាមួយ ពីព្រោះក្នុងកាលៈទេសៈបែបនោះ ប្រៀបដូចជាគ្រវែងឈើគូសដែលកំពុងឆេះចូលទៅក្នុងសាំង»។
ក្រៅពីឈឺឆ្អាលខ្លាំងពីរឿងព្រំដែន លោក រ៉ុង ឈុន ជាអ្នកតស៊ូមតិដ៏ស្វិតស្វាញម្នាក់ ដើម្បីផលប្រយោជន៍កម្មករ និងគ្រូបង្រៀន។ បើទោះជារងការសម្លុតគំរាមកំហែង ប្រមាថកាតទានដល់ជីវិត និងរងការប្ដឹងផ្តល់ជាច្រើនច្រើនសាក្តី លោក រ៉ុង ឈុន នៅតែប្រើពាក្យសំដីសមរម្យ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ថែមទាំងមិនព្រមភៀសខ្លួនទៅរកសុវត្ថិភាពនៅក្រៅប្រទេសទៀតផង។
នៅមុនសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ (EBA) ២០% កាលពីខែសីហាកន្លងទៅ លោក រ៉ុង ឈុន បានព្រមានដឹកនាំមហាបាតុកម្ម ដើម្បីបង្ខំឱ្យរដ្ឋាភិបាល ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដើម្បីកុំឱ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ។ ហើយនៅមុនការចាប់ខ្លួនប៉ុន្មានថ្ងៃ លោក រ៉ុង ឈុន ក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជា លោកបានចូលរួមជាមួយក្រុមកម្មកររោងចក្រ វ៉ាយអូលែត អាប់ភែរៀល (VIOLET APPAREL CAMBODIA CO,.LTD .) ជាច្រើនរយនាក់ទៅដាក់ញត្តិតវ៉ានៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងកម្មករ និងថៅកែ។
នេះជាលើកទី២ ហើយដែលលោក រ៉ុង ឈុន ជាប់ពន្ធនាគារដោយសារបញ្ហាព្រំដែន។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ដាក់ពន្ធនាគាររយៈពេលរយៈពេល៣ខែ បន្ទាប់ពីលោករិះគន់ការចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា វៀតណាម។ ពេលនោះ ដោយសាររងសម្ពាធពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ អាជ្ញាធរបានដោះលែងលោកវិញបន្ទាប់ពីត្រូវឃុំខ្លួនអស់រយៈពេលបីខែ។
អ្វីដែលគូរឱ្យកត់សំគាល់នោះ គឺក្រោយពីលោក រ៉ុង ឈុន ចេញសេចក្ដីថ្លែងការណ៍រឿងព្រំដែននៅថ្ងៃទី២១ កក្កដា ស្តីពីបញ្ហាព្រំដែននោះមក រហូតដល់ថ្ងៃចាប់ខ្លួននៅថ្ងៃទី៣១ កក្កដា គេមិនឃើញភាពវឹកវរចលាចលអ្វីកើតមាននៅក្នុងសង្គមកម្ពុជា ដូចការចោទប្រកាន់ឡើយ។
លោក ប្រ៊ែដ អាដាមស៍ ថា លោក ហ៊ុន សែន ចាប់ខ្លួនមេដឹកនាំសហជីព លោក រ៉ុង ឈុន ដែលល្បីលំដាប់ពិភពលោកទាំងគ្មានកំហុស ដាក់គុកបែបនេះ គឺស្មើនឹងដាក់ជីវិតកម្មកររោងចក្រ និងឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជាទៅក្នុងហានិភ័យដ៏គ្រោះថ្នាក់មួយដល់ដង្ហើមសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។