ទាញព្រ័ត្រជាល្បែងដែលមានប្រជាប្រិយមួយ ក្នុងចំណោមល្បែងមួយចំនួនទៀតរួមមានបោះអង្គញ់ ចោលឈូង និងលាក់កន្សែងជាដើម ដែលពលរដ្ឋខ្មែរតែងនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ លើសពីនេះទាញព្រ័ត្រក៏ត្រូវបានអង្គការយូណេស្កូ (UNESCO) បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបិយរបស់មនុស្សជាតិកាលពីឆ្នាំ២០១៥។
តើល្បែងប្រជាប្រិយទាញព្រ័ត្រនេះមានអត្ថន័យយ៉ាងណា?
នៅក្នុងសៀវភៅល្បែងប្រជាប្រិយខ្មែរនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យឱ្យដឹងថា ល្បែងទាញព្រ័ត្រនេះមានលេងនៅទូទាំងប្រទេស ហើយគេលេងតែក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺក្នុងខែចេត្រ និងខែពិសាខ។
ល្បែងនេះធ្វើឱ្យមានភាពសប្បាយរីករាយ ដោយអ្នកលេងស្រែកហ៊ោកញ្ចៀវព្រមៗគ្នា ទៅតាមការប្រឹងកម្លាំងរបស់គេរៀងៗខ្លួន ចំណែកអ្នកទស្សនាវិញក៏ខំប្រឹងស្រែកហ៊ោជួយលើកទឹកចិត្ត ឬជំរុញដល់អ្នកលេងឱ្យប្រឹងទាញព្រ័ត្រយកឈ្នះក្រុមម្ខាងៗ ដែលគេគាំទ្រ។
ដោយសារតែល្បែងនេះនៅតែមានតម្លៃក្នុងសហគមន៍ខ្មែរគ្រប់ទិសទីនេះ ហើយទើបគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូបញ្ចូលល្បែងនេះជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិទៅតាមសំណើរួមគ្នាមួយនៃប្រទេសចំនួន៤ គឺកម្ពុជា ហ្វីលីពីន ប្រទេសកូរ៉េ និងវៀតណាម ដែលក្រុមប្រទេសទាំងនេះដែលមានល្បែងប្រហាក់ប្រហែលគ្នា។
នៅក្នុងសៀវភៅល្បែងប្រជាប្រិយខ្មែរបញ្ជាក់ថា សមាសភាពអ្នកលេងល្បែងនេះគឺគេត្រូវបែងចែកជា២ក្រុម ដោយក្រុមម្ខាងៗមានអ្នកលេងយ៉ាងតិច៥នាក់ ឬចាប់ពី១០នាក់ឡើងទៅ។ តាមទម្លាប់ជាក់ស្ដែង អ្នកស្រុក ដែលនិយមល្បែងនេះថា បើមានមនុស្សស្រីចូលលេងផង គេតែងបែងចែកឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថាភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឱ្យមានចំនួនច្រើនលើសចំនួនខាងប្រុសយ៉ាងតិចត្រឹម២នាក់ជានិច្ច។
ឈ្មោះថាល្បែងទាញព្រ័ត្រនេះ គឺសំដៅទៅដល់ខ្សែដែកគេយកមកទាញសាកកម្លាំងឱ្យដឹងឈ្នះចាញ់នេះឯង។
នៅក្នុងសៀវភៅល្បែងប្រជាប្រិយខ្មែរបញ្ជាក់ទៀតថា នៅក្រោយពេលបង្កើតបាន ២ក្រុមដើម្បីទាញព្រ័ត្រហើយនោះ គេត្រៀមខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រសម្រាប់ទាញ និងមានសម្ភោរ ឬគង ឬរគាំង១សម្រាប់ទះឬវាយនៅពេលទាញដំបូង។ព្រ័ត្រនេះមានប្រវែងយ៉ាងខ្លីចាប់ពី២០ហត្ថ ឬពី៨ម៉ែត្រឡើងទៅ ដោយមានទំហំប៉ុនកដៃកូនក្មេង។
ប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា បុព្វបុរសខ្មែរបានបង្កើតល្បែងប្រជាប្រិយនេះឡើងសម្រាប់ជាការកម្សាន្តសប្បាយផង និងបង្កប់អត្ថន័យអប់រំ ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរផង៖ «គឺអប់រំឱ្យដឹងថា ប្រសិនបើជាកម្លាំងរបស់យើងទាបឆ្វេងទាប ខ្សោយជាងខាងស្ដាំអ៊ីចឹងគេយកហើយ។ អ៊ីចឹងបង្ខំឱ្យកូនខ្មែរហ្នឹងយល់ដឹងថា យើងត្រូវពង្រឹងកម្លាំងយើងជានិច្ច មិនមែនមានន័យថា ចាំទាល់តែដល់ពេលមានសត្រូវទើបបានយើងពង្រឹងកម្លាំងសាមគ្គីទេ គឺយើងត្រូវមានសាមគ្គីបែបនេះ ដើម្បីតតាំងនឹងវិបត្តិទាំងឡាយ»។
តាមអ្នកស្រាវជ្រាវពីសិល្បៈទំនៀមទម្លាប់ខ្មែរ ល្បែងទាញព្រ័ត្រអាចក្លាយពីរឿងរ៉ាវក្នុងទេវកថា កូរសមុទ្រទឹកដោះ ដែលជារឿងក្នុងព្រហ្មញ្ញសាសនា ដែលខ្មែរទទួលឥទ្ធិពលពីឥណ្ឌា។
ក្នុងទេវកថានេះរៀបរាប់ថា មានកាលវេលាមួយនោះមានពួកអសុរៈ ឬក្រុមយក្សបានដើររាតត្បាត និងសាងបាបទៅលើពួកទេវៈ ឬទេព្ដា។ សឹកសង្គ្រាមបានកើតឡើងនៅពេលទេពតាមួយចំនួនចាប់ផ្ដើមប្រឆាំងតបនឹងពួកយក្ស។ សឹកសង្គ្រាមមិនចាញ់មិនឈ្នះអូសបន្លាយជាច្រើនឆ្នាំ ចំណែកពលទេព្ដាក៏ចុះថមថយកម្លាំង។ ក្រុមនេះរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីបានជីវិតអមតៈ គឺមិនស្លាប់ ទើបពួកគេអាចយកជ័យជម្នះលើពួកយក្សបាន។ ពួកគេរកឃើញថា កូរសមុទ្រទឹកដោះដើម្បីបានទឹកអម្រឹតជាមធ្យោបាយល្អមួយ ប៉ុន្តែចាំបាច់ត្រូវកម្លាំងច្រើន គឺត្រូវមានការចូលរួមពីពួកយក្ស។ ក្រោយការសម្របសម្រួលបញ្ចុះបញ្ចូលពីក្រុមទេព្តា ពួកយក្សបានព្រមព្រៀងសហការគ្នាកូរមហាសមុទ្រទឹកដោះ ដើម្បីបានទឹកអម្រឹត។ ពួកគេសម្រេចយកភ្នំមន្ទីរធ្វើជាស្នូល និងយកពស់ឈ្មោះពាសុកី មកធ្វើជាខ្សែព្រ័ត្រសម្រាប់ទាញកូរចុះ កូរឡើង។ ដំបូងឡើយក្រុមយក្សចាប់ទាញខាងកន្ទុយពស់ ចំណែកក្រុមទេពនៅខាងក្បាលពស់។ ប៉ុន្តែកាលក្រោយមកក៏ប្ដូរឱ្យពួកយក្សនៅទាញខាងក្បាលពស់វិញម្ដង។
ទិដ្ឋភាពនៃកូរសមុទ្រទឹកដោះមានក្នុងចម្លាក់លើថែវខាងកើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៃព្រះបាទសូរ្យវរ្មន័ទី២។ លុះក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កូរសមុទ្រទឹកដោះត្រូវបុព្វបុរសខ្មែរឆ្លាក់ជារូបចម្លាក់ទោល ជាជួរ នៅលើផ្ទៃដី នៃច្រកចូលប្រាសាទបាយ័ន្ត ឬប្រាសាទអង្គរធំ គឺរូបចម្លាក់យក្ស និងទេពតានាំគ្នាទាញសត្វនាគ។ អ្នកស្រុកក្នុងតំបន់អង្គរតែងហៅចម្លាក់បែបនេះថា យក្សទាញព្រ័ត្រ។
ឈុតឆាកក្នុងរបាំកូរសមុទ្រទឹកដោះក៏ត្រូវបានសិល្បករចំលង និងកែច្នៃចេញពីតឹកតាងប្រវត្តិសាស្ត្រនៃចម្លាក់តាមប្រាសាទបុរាណទាំងនេះឯង។
ក្នុងឈុតឆាកកូរសមុទ្រទឹកដោះបង្ហាញទៀតថា នៅពេលក្រុមទេព្ដា និងពួកយក្សបានកូរទាញព្រ័ត្រនោះអស់ជាច្រើនឆ្នាំកន្លងទៅធ្វើឱ្យភ្នំមន្ទរផ្អៀងស្រុតចុះក្រោម ពេលនោះព្រះនារាយណ៍ក៏បានបែងភាគជាសត្វអណ្ដើក ជួយទល់ទ្រភ្នំមន្ទរឱ្យដំណើរការស្វែងរកទឹកអម្រឹតបន្តទៅទៀត។ លុះកូរយូរទៅៗថូទឹកអម្រឹតក៏ផុសឡើង ហើយព្រះនារាយណ៍គឺជាអ្នកសម្របសម្រួលបែងចែកទឹកអម្រឹតទៅដល់គ្រប់អ្នកចូលរួមកូរសមុទ្រទឹកដោះ។ ប៉ុន្តែព្រះនារាយណ៍បានបន្លំបែងភាគកាឡាខ្លួនធីតារូបស្អាតជាស្រីរបាំទៅរាំបន្លំភ្នែកពួកយក្ស ដើម្បីឱ្យពួកយក្សភ្លេចខ្លួន និងបោះបង់ថូទឹកអម្រឹត។ ពួកយក្សលង់នឹងការបន្លំរបស់ព្រះនារាយណ៍បានបរាជ័យគឺមិនបានក្រេបទឹកអម្រឹតឡើយ។
នេះជារឿងរ៉ាវក្នុងទេវកថា ដែលអាចជាប់ទាក់ទងនឹងល្បែងទាញព្រ័ត្រ ដែលពលរដ្ឋខ្មែរនិយមលេងក្នុងពិធីបុណ្យចូលឆ្នាំ តាមទម្លាប់តាំងពីបុរាណរៀងមក បន្តរហូតមកដល់សព្វថ្ងៃនេះ។
យុវជនដែលចូលរួមលេងល្បែងទាញព្រ័ត្រសម្ដែងការពេញចិត្ត និងស្នើឱ្យពលរដ្ឋខ្មែរ ពិសេសយុវជនជំនាន់ក្រោយឱ្យនាំគ្នាគាំទ្រ និងលេងល្បែងប្រជាប្រិយ ដែលដូនតាបានបន្សល់ទុកឱ្យ៖ «យើងគួរតែថែរក្សាប្រពៃណីហ្នឹងការទាញព្រ័ត្រហ្នឹង ព្រោះអីវាមានអាយុកាល រយៈពេលយូរហើយ។ យើងលេងល្បែងដូចជាយើងរំលឹកវប្បធម៌របស់យើង។ យើងចាំកូនខ្មែរត្រូវដឹងពីវប្បធម៌យើងច្រើនទាក់ទងល្បែងប្រជាប្រិយមិនថាតែ ល្បែងហ្នឹងទេគឺមានច្រើនទៀត។ ល្បែងធ្វើឱ្យយើងស្គាល់គ្នា រវាងខ្មែរនឹងខ្មែរ។ ចូលរួមគាំទ្រនូវល្បែងទាញព្រ័ត្ររបស់ខ្មែរយើង ដើម្បីថែរក្សាឱ្យបានគង់វង្ស ព្រោះថាវប្បធម៌របស់ជាតិកាលណាយើងលើកឡើងឱ្យទូលំទូលាយទៅជាតិយើងក៏រីកចម្រើនតាមហ្នឹងទៅ ដើម្បីបង្ហាញអន្តរជាតិឱ្យគេស្គាល់ថាខ្មែរយើងមានល្បែងប្រជាប្រិយមួយទៀតគឺល្បែងទាញព្រ័ត្រនេះ»។
ក្រៅតែពីជាល្បែងកម្សាន្តសប្បាយ និងជាការហ្វឹកហាត់ ដើម្បីឱ្យរាងកាយស្វាហាប់ល្បែងទាញព្រ័ត្រត្រូវអ្នកសិក្សាពីប្រព័ន្ធជំនឿខ្មែរលើកឡើងថា ក៏អាចជាប់ទាក់ទងនឹងជំនឿខ្មែរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលទំនងសំដៅទៅដល់ការបង្កើតឱ្យថ្មីឡើងវិញ ឬការផ្ដាច់ឆ្នាំចាស់ ចាប់ផ្ដើមឆ្នាំថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។