ពិធីបុណ្យមាឃបូជា នៅឆ្នាំនេះ ពុទ្ធបរិស័ទនៅតែនាំគ្នាប្រារព្ធពិធីនៅតាមវត្តដដែល បើទោះជារដ្ឋាភិបាលបានលុបចោលថ្ងៃឈប់សម្រាកសម្រាប់បុណ្យនេះក៏ដោយ។
ក្រុមកម្មករធ្វើការរោងចក្រនិយាយថា ពួកគេសោកស្ដាយ ចំពោះការខកខានមិនបានចូលរួមពិធីបុណ្យមាឃបូជាឲ្យបានពេញលេញសម្រាប់ឆ្នាំនេះ។
ពិធីបុណ្យមាឃបូជានេះឆ្នាំនេះ នៅតែប្រារព្ធធ្វើជាធម្មតា នៅតាមវត្តអារាមនានា និងមានពិធីដង្ហែមាឃបូជាគ្រប់វត្តទាំងអស់ នៅរាជធានីភ្នំពេញ និងវត្តតាមបណ្ដាខេត្តមួយចំនួន។
ព្រះមេគណគណៈមហានិកាយ រាជធានីភ្នំពេញ ព្រះអង្គ ខឹម សន មានថេរៈដីកាឲ្យដឹងថា គ្រប់វត្តទាំងអស់នៅរាជធានីភ្នំពេញ បានធ្វើពិធីដង្ហែមាឃ នៅម៉ោង ៣រសៀល ថ្ងៃទី៨ កុម្ភៈ ដែលត្រូវនឹងថ្ងៃទី១៥ ខ្នើតខែមាឃ ហើយនឹងយកគ្រឿងសក្ការសម្រាប់បូជានៅពេលយប់។ ព្រះអង្គបន្តថា មានវត្តធំៗ ខ្លះ នឹងបន្តប្រារព្ធពិធីបុណ្យមាឃបូជានេះ រហូតដល់ថ្ងៃ ០១រោច ខែផល្គុន។ ទោះជារាជរដ្ឋាភិបាលលុបចោលថ្ងៃឈប់សម្រាកប្រចាំឆ្នាំសម្រាប់បុណ្យនេះក្ដី ក៏ព្រះអង្គ ខឹម សន ឱ្យដឹងថា ពុទ្ធបរិស័ទ នៅតែចូលរួមច្រើនកុះករដូចរាល់ឆ្នាំដែរ៖ « ខ្លះហែធំ ខ្លះហែតូច អ៊ីចឹងទៅ។ បរិស័ទក្នុងរាជធានីភ្នំពេញហ្នឹង គាត់ជ្រះថ្លា ជុំគ្នាតាមទីវត្តអារាម ដង្ហែទៅប្រារព្ធបូជាដោយសក្ការផ្សេងៗ នៅតាមវត្តអារាមហ្នឹង។ មានវត្តខ្លះ ធ្វើតែមួយយប់ហ្នឹង។ ប៉ុន្តែវត្តខ្លះទៀត ដូចជាមានពិធីថ្វាយចង្ហាន់បិណ្ឌបាត្រ ឬក៏និមន្តព្រះសង្ឃគោចរបិណ្ឌបាត្រអ្វី ដល់ឆ្លង ដល់ថ្ងៃត្រង់ស្អែក ថ្ងៃ១រោច។ មានវត្តខ្លះ ត្រឹមម៉ោង១២យប់អ្វី សូត្រមាឃបូជា ថ្វាយគ្រឿងសក្ការអ្វីហ្នឹង ចប់ហើយពរ និងពិធីធម្មទាន ធម្មសាកច្ឆា ស្ដីអំពីខ្លឹមសារមាឃបូជា»។
មាឃបូជា គឺជាពិធីបុណ្យសាសនាសំខាន់មួយ ដូចពិធីបុណ្យសាសនាដទៃទៀត ដូចជា វិសាខបូជា អាសាឍបូជា និងបុណ្យចេញព្រះវស្សាដែរ។ ប្រទេសកាន់ពុទ្ធសាសនាទាំងអស់ នាំគ្នាប្រារព្ធពិធីបុណ្យមាឃបូជា នៅថ្ងៃទី១៥ ខ្នើត ខែមាឃ ដើម្បីរម្លឹកព្រឹត្តិការណ៏សំខាន់៣ ក្នុងព្រះពុទ្ធសាសនា គឺចតុរង្គសន្និបាត ព្រះពុទ្ធសម្ដែងឱវាទបាតិមោក្ខដល់ភិក្ខុសង្ឃ និងការប្រកាសដាក់អាយុសង្ខាររបស់ព្រះពុទ្ធ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាទេ ជុំវិញពិធីបុណ្យមាឃបូជាឆ្នាំនេះ។ ប៉ុន្តែរាល់ឆ្នាំ ពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើបុណ្យមាឃបូជាធំ នៅបរិវេណជុំវិញភ្នំអដ្ឋរស្ស ឬភ្នំឧដុង្គ ជាទីតម្កល់ព្រះសារីរិកធាតុព្រះពុទ្ធ។
សម្រាប់កម្មករ កម្មការិនី ធ្វើការរោងចក្រវិញ សោកស្ដាយចំពោះការមិនបានចូលរួមពិធីបុណ្យមាឃបូជានៅឆ្នាំនេះ ដោយសាររដ្ឋាភិបាលតម្រូវឲ្យធ្វើការងារ។
កម្មការិនីម្នាក់ ធ្វើការនៅរោងចក្រ តេយ៉ុង (គ្មានឈ្មោះជាឡាតាំង) នៅខេត្តកណ្ដាល លោកស្រី ម៉ៅ ស្រីមុំ ឲ្យដឹងថា កម្មករបានរអ៊ូតាំងពីព្រលឹមមកថា ឆ្នាំនេះ ពួកគេខកខានមិនបានទៅវត្តដូចរាល់ឆ្នាំ។ លោកស្រីថា ពួកគាត់សោកស្ដាយ ចំពោះការខកខាននេះ ព្រោះ មិនបានចូលរួមជាមួយចាស់ៗ ប្រារព្ធពិធីនេះ ហើយបារម្ភថា បើអត់ពីចាស់ៗ ធ្វើឲ្យក្មេងជំនាន់ក្រោយ មិនចាប់អារម្មណ៍នឹងពិធីបុណ្យមាឃបូជានេះ៖ « អត់បានទៅធ្វើបុណ្យទេ ព្រោះគេអត់ ( ឲ្យ ) បានសម្រាកផង។ រាល់ឆ្នាំ បានទៅ ព្រោះសម្រាកបុណ្យ យើងទៅធ្វើបង្អែម ធ្វើអ្វីជូនចាស់ៗ ទិញទឹកសុទ្ធ ទិញអ្វីជូនចាស់ៗ នៅវត្តអ្វីអ៊ីចឹងបាន ព្រោះអ្វីទោះបីរោងចក្រគាត់ការរវល់ថែមម៉ោងអ្វី យើងអត់ទៅក៏បាន។ អាហ្នឹង ចង់និយាយថា យើងមានថ្ងៃបុណ្យឈប់សម្រាកអ៊ីចឹង យើងបានទៅធ្វើបុណ្យណា។ តែឥឡូវនេះ កម្មករអត់ទៅធ្វើការអត់បានទេ។ អត់ទៅធ្វើការ ដាច់លុយប្រាក់ឈ្នួល»។
កាលឆ្នាំមុនៗ រដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ មន្ត្រីរាជការ ឈប់សម្រាកថ្ងៃបុណ្យមាឃបូជានេះ។ ប៉ុន្តែ សម្រាប់ឆ្នាំ២០២០ រដ្ឋាភិបាលបានលុបចោលថ្ងៃឈប់ចំនួន ៦ថ្ងៃ ពីបញ្ជីថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ហើយក្នុងនោះ គឺចំថ្ងៃបុណ្យមាឃបូជាមួយថ្ងៃដែរ។ អ្នកធ្វើការងារខាងសិទ្ធិការងារនិយាយថា ការលុបចោលថ្ងៃឈប់សម្រាកទាំងនេះ គឺធ្វើឡើងដើម្បីល្បួងថៅកែរោងចក្រ កុំឲ្យរើចេញពីកម្ពុជា និងជាការកិបកេង ថ្ងៃឈប់សម្រាករបស់កម្មករ ហើយក៏ជាការទប់ទល់នឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។