ពលរដ្ឋជនជាតិភាគតិចឡាវ ខេត្តស្ទឹងត្រែង ឲ្យដឹងថា ទំនៀមទម្លាប់ប្រពៃណី វប្បធម៌របស់ពួកគាត់ ត្រូវបានប្ដូរដូចខ្មែរស្ទើរទាំងស្រុង ដូចជាការប្រើប្រាស់ភាសា ការប្រារព្ធពិធីបុណ្យទាន និងមង្គលការ ជាដើម។ ការផ្លាស់ប្ដូរនេះ ពួកគេអះអាងថា ដោយសារតែការទំនាក់ទំនងគ្នាជាភាសាឡាវ តាមតំបន់មិនមានភាពទូលំទូលាយ។
តើមានមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យការប្រើប្រាស់ភាសា និងទំនៀមទម្លាប់ជនជាតិភាគតិចមួយនេះ ត្រូវបានផ្លាស់ប្ដូរស្ទើរដូចខ្មែរទាំងស្រុង?
អ្នកភូមិជនជាតិភាគតិចឡាវ រស់នៅតាមដងទន្លេក្នុងឃុំភ្លុក ឃុំសាមឃួយ និងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ឲ្យដឹងថា ការនិយាយភាសាឡាវ នៅតំបន់ដែលគាត់រស់នៅបច្ចុប្បន្ន និងភាសាឡាវ នៅឯប្រទេសឡាវ មិនអាចទំនាក់ទំនងរួមគ្នាបាននោះទេ ត្បិតជាឈ្មោះភាសាឡាវ ដូចគ្នាក៏ដោយ។ មូលហេតុដែលមិនអាចប្រើប្រាស់បាន ដោយសារតែភាសាជនជាតិភាគតិចឡាវ ដែលគាត់កំពុងប្រើប្រាស់សព្វថ្ងៃជាគ្រាមភាសា ឬជាភាសានៅតាមតំបន់ដែលមានលក្ខណៈខុសគ្នាដាច់ស្រឡះនឹងភាសាឡាវ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។ តែយ៉ាងណា ការប្រើប្រាស់ភាសាតំបន់ ក៏កំពុងធ្លាក់ចុះបណ្ដើរៗដែរ។
ទាក់ទិនបញ្ហានេះ អង្គការសង្គមស៊ីវិល ព្យាករថា អាចក្មេងជំនាន់ក្រោយមិនសូវយកចិត្តទុកដាក់ទំនាក់ទំនងគ្នាឡើយ។ អ្នកភូមិបារម្ភថា ភាសាតំបន់ដែលគាត់ប្រើប្រាស់សព្វថ្ងៃ នឹងត្រូវបាត់បង់នៅពេលដ៏ឆាប់ខាងមុខ ព្រោះជាប្រពៃណីវប្បធម៌ ដូចជាការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ អ្នកភូមិបានប្ដូរឥរិយាបថតាមខ្មែរស្ទើរទាំងស្រុង។ មូលហេតុដែលបណ្ដាលឲ្យបាត់បង់ ព្រោះតែការប្រើប្រាស់ជាទូទៅជាភាសាខ្មែរ មានភាពទូលំទូលាយជាង និងងាយស្រួលទំនាក់ទំនង ព្រមទាំងការអប់រំតាមមូលដ្ឋាននៅតំបន់នោះ សិស្សានុសិស្សក៏កំពុងសិក្សាភាសាខ្មែរចាប់ពីថ្នាក់បឋម ដល់អនុវិទ្យាល័យ។
ស្ត្រីចំណាស់ម្នាក់ដែលមានវ័យជាង ៦០ឆ្នាំ កំពុងស្ពាយកាផា ឬភាសាខ្មែរហៅថា កញ្ជើ នៅខាងក្រោយខ្នង សម្បុរខ្មៅស្រអែម ដែលកំពុងធ្វើដំណើរពីចម្ការមានចម្ងាយឆ្ងាយពីផ្ទះប្រហែលជាង ៣គីឡូម៉ែត្រ រស់នៅឃុំភ្លុក ស្រុកសេសាន គឺអ្នកស្រី ឃី ស៊ីម៉ា។ អ្នកស្រីនិយាយថា កាលពី ១០ឆ្នាំមុន នៅតំបន់នេះពលរដ្ឋនិយាយភាសាឡាវ ប្រហែល ៩៥ភាគរយ ហើយរហូតមកដល់បច្ចុប្បន្ន កាន់តែធ្លាក់ចុះបន្តិចម្តងៗ ព្រោះតែមានពលរដ្ឋខ្មែរខ្លះមករស់នៅតំបន់នេះ និងមានពលរដ្ឋខ្មែរមួយចំនួនយកប្រពន្ធជនជាតិភាគតិចឡាវ។ អ្នកស្រីថា ការធ្លាក់ចុះនៃការប្រើប្រាស់ភាសាឡាវ ហើយប្ដូរប្រើភាសាខ្មែរ ក៏ជាការប្រសើរដែរ ព្រោះកំពុងរស់នៅក្នុងប្រទេសខ្មែរ។ មួយវិញទៀត ភាសានៅតំបន់របស់ពួកគេ មិនអាចប្រើប្រាស់នៅតំបន់ឆ្ងាយពីខេត្តស្ទឹងត្រែង និងខេត្តមួយចំនួន កម្រមានជនជាតិភាគតិចឡាវ ព្រោះមិនសូវមានអ្នកដែលចេះនិយាយ ទាំងនេះក៏ជាគុណវិបត្តិបង្កការលំបាកដល់ការធ្វើទំនាក់ទំនងរកស៊ីផ្សេងៗ ប្រសិនពលរដ្ឋនៅតំបន់នោះពុំចេះខ្មែរ។ អ្នកស្រីបញ្ជាក់ថា នៅឃុំភ្លុក នៅមានពលរដ្ឋដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ មួយចំនួនមិនទាន់ចេះប្រើប្រាស់ភាសាខ្មែរ និងមានមួយចំនួនចេះតិចតួច៖ «ហ្នឹងហើយកែបន្តិចៗ ឥឡូវដូចខ្មែរវិញអស់ហើយ ប្រាំពីរយប់ប្រាំពីរថ្ងៃ ឥឡូវពីរថ្ងៃហើយៗ ពីរថ្ងៃហើយ កាប់គោកាប់ក្របីមែនហ្នឹងហើយឥឡូវ បើរឿងខ្មោចអីនៅសែនធម្មតារហូតខ្មោចក៏ចូលមកហ្នឹងហើយ ហើយក៏អារក្សចូលមកក៏រាំ គេក៏ចងក្បាលក្រហម ហើយក៏ស្លៀកក្រហម សំពត់ក្រហម ក៏ក្រោកចូលមករាំរែកលេង»។
ទំនៀមទម្លាប់ប្រពៃណីរៀបការ ពិធីបុណ្យរបស់ជនជាតិឡាវ នៅតំបន់នោះ បច្ចុប្បន្នកំពុងប្រែក្លាយទាំងស្រុងទៅជាប្រពៃណីខ្មែរ ដូចជាពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូក ជាដើម ប៉ុន្តែនៅមានប្រពៃណីមួយចំនួននៅមិនទាន់ប្រែក្លាយទាំងស្រុងដូចខ្មែរនោះទេ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ដោយពួកគេមិនប្រារព្ធពិធីហែជំនូន ហាមមិនឲ្យកូនកំលោះឡើងដើមឈើ ចូលព្រៃកាប់ឈើមុនរៀបការ ថែមទាំងតម្រូវឲ្យមានអារក្សចូលខ្លួនដើម្បីរាំរែក ជូនពរដល់កូនកំលោះកូនក្រមុំក្នុងថ្ងៃមង្គលការ។
ស្ត្រីវ័យ ៤០ឆ្នាំជាជនជាតិភាគតិចឡាវ រស់នៅឃុំសាមឃួយ ស្រុកសេសាន អ្នកស្រី ទី ឡា ឲ្យដឹងថា ក្នុងភូមិសាមឃួយ ភាគច្រើនស្ទើរតែ ១០០ភាគរយ សុទ្ធសឹងតែជនជាតិភាគតិចឡាវ រស់នៅច្រើនតែប្រកបរបរធ្វើស្រែចម្ការ នេសាទត្រី កម្មករ និងមួយចំនួនតូច ចូលព្រៃកាប់ឈើលក់ ជាដើម។ អ្នកស្រីបន្តថា ពីដើម ជនជាតិភាគតិចឡាវ បានប្រារព្ធពិធីបុណ្យទានផ្សេងៗនៅតំបន់នោះ ពុំសូវមាននោះទេ តែប្រហែលជាង ១០ឆ្នាំមកនេះ ពិធីបុណ្យជាលក្ខណៈប្រពៃណីខ្មែរ កំពុងត្រូវបានពលរដ្ឋជនជាតិឡាវ គោរព និងប្រតិបត្តិមិនចាញ់ជនជាតិខ្មែរឡើយ ព្រោះតែមានវត្តអារាមខ្មែរនៅក្នុងភូមិស្រាប់៖ «អត់មានពីណាចេះអក្សរទេអក្សរឡាវ គេនិយាយស្តាប់គេបានតិចតួច និយាយឡាវ នៅនេះមានតែធ្វើស្រែចម្ការ»។
ទាក់ទិនករណីនេះ មេឃុំភ្លុក លោក ទួន ថាំង មានប្រសាសន៍ថា ហេតុដែលប្រពៃណីវប្បធម៌ជនជាតិភាគតិចឡាវ នៅពេលបច្ចុប្បន្ន កំពុងប្រែក្លាយស្ទើរតែទាំងស្រុងដូចជាខ្មែរ ដោយសារតែវិស័យអប់រំតាមមូលដ្ឋាន ការទំនាក់ទំនងគ្នាក្នុងរបររកស៊ី និងការប្រកបរបរចិញ្ចឹមជីវិត ជាដើម មានការលំបាក ប្រសិនបើជនជាតិភាគតិចឡាវ ទាំងនោះ ពុំចេះភាសាខ្មែរនោះទេ។ លោកកត់សម្គាល់ថា កាលពីជាង ១០ឆ្នាំមុន នៅក្នុងឃុំភ្លុក នេះ ពលរដ្ឋជនជាតិភាគតិចឡាវ ស្ទើរតែជិត ១០០ភាគរយនិយាយភាសាឡាវ ហើយនៅពេលបច្ចុប្បន្ន ការប្រើប្រាស់ភាសានេះក៏កាន់តែធ្លាក់ចុះយ៉ាងគំហុក។ លោក ទួន ថាំង បញ្ជាក់ថា អ្វីដែលលោកបារម្ភប្រពៃណីលែងគោក្របីរបស់ជនជាតិនេះ ត្រូវជួបបញ្ហាច្រើននៅប៉ុន្មានឆ្នាំនេះ ដោយសារតែមានជនខិលខូចលួចកាប់វះយកសាច់នៅក្នុងព្រៃ។ លោកកត់សម្គាល់ថា ឃុំភ្លុក ក្នុងមួយឆ្នាំ គោក្របីត្រូវបានបាត់ដោយសារតែជនខិលខូចលួច ចាប់ពីជាង ២០ក្បាលទៅជាង ៣០ក្បាល ព្រោះតែអ្នកភូមិមានប្រពៃណីលែងគោក្របីចូលព្រៃនៅរដូវធ្វើស្រែរួច ហើយដល់ខែធ្វើស្រែវិញ អ្នកភូមិក៏ចូលព្រៃចាប់គោក្របីមក៖ «កាលមុនវាអត់សូវបាត់ទេ វាព្រៃច្រើន កាលមុនវាអត់សូវមានក្រុមហ៊ុន ហើយអត់សូវមានអ្នកដែលធ្វើចម្ការតាមឆ្ងាយៗ ហើយវាអត់មានអ្នកដែលមានគោយន្តបរបាញ់អី គេលួចបាញ់លួចដាក់អន្ទាក់យក»។
ឃុំដែលនៅជាប់តាមដងទន្លេសេកុង ខេត្តស្ទឹងត្រែង មានដូចជាឃុំសាមឃួយ ឃុំកំភុន និងឃុំភ្លុក ស្រុកសេសាន មានពលរដ្ឋភាគច្រើនជាជនជាតិភាគតិចឡាវ រស់នៅអមសងខាងផ្លូវតាមបណ្តោយមាត់ទន្លេឆ្ងាយពីទីរួមខេត្តជាង ១០គីឡូម៉ែត្រ តាមផ្លូវលំក្រាលក្រួសក្រហម។

មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បណ្តុះបណ្តាលពលរដ្ឋតាមមូលដ្ឋាន ឲ្យយល់ពីចំណេះដឹងមូលដ្ឋាន ផ្នែកច្បាប់ សុខភាព និងកសិកម្មជាដើម ព្រមទាំងវប្បធម៌ទំនៀមទម្លាប់ខ្មែរផង។ លោករកឃើញថា ពលរដ្ឋនៅតំបន់នោះខ្វះការអប់រំផ្នែកសុខភាព និងអនាម័យ ដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ ចំណែកការរស់នៅទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិភាគតិចឡាវ ត្រូវបានផ្លាស់ប្ដូរ។ លោកយល់ថា គឺជាការប្រសើរដែលអ្នកភូមិនៅតំបន់នោះ ក៏ពុំធ្លាប់មានវប្បធម៌ដូចជាខ្មែរដែរកន្លងមក។ លោកថា ការផ្លាស់ប្ដូរនេះ ក៏ជាចំណុចវិជ្ជមានមួយដែលអាចឲ្យពួកគេជឿលើពុទ្ធសាសនា អាចប្រែប្រួលផ្នត់គំនិតរបស់អ្នកភូមិឲ្យធ្វើអំពើល្អក្នុងសង្គម ជាមូលដ្ឋានសំខាន់ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេស៖ «ខ្មែរ-ឡាវ តាំងពីដើមមក ប៉ុន្តែឥឡូវក៏គាត់នៅតែកាន់បន្តិចបន្តួច ដែលគាត់បែរមកព្រះពុទ្ធសាសនាខ្លះ ទោះបីជាគាត់កាន់ ឬមួយកាន់វប្បធម៌របស់គាត់ក៏ដោយ អាជ្ញាធរមូលដ្ឋាន ឬរដ្ឋាភិបាល គាត់ត្រូវតែមានការយកចិត្តទុកដាក់ មិនត្រូវមានការរើសអើង»។
សមាគមអាដហុក ឲ្យដឹងថា បច្ចុប្បន្នខេត្តស្ទឹងត្រែង មានជនជាតិភាគតិចឡាវ រស់នៅចាប់ពី ២០% ទៅ ៦០% រស់នៅស្រុកទាំង៥ នៃខេត្តនេះ ហើយស្រុកដែលមានជនជាតិឡាវ រស់នៅច្រើនជាងគេ គឺស្រុកសេសាន ស្រុកសៀមប៉ាង និងស្រុកសៀមបូក។ ដោយឡែកនៅខេត្តរតនគិរី វិញ ក៏មានជនជាតិភាគតិចឡាវ រស់នៅច្រើនដូចគ្នាដែរ ដូចជាស្រុកវ៉ឺនសៃ និងស្រុកលំផាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។