អ្នកស្រុកនៅតាមតំបន់មួយចំនួន ក្នុងខេត្តសុរិន្ទ ប្រទេសថៃ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្តទៅតាមទំនៀមទម្លាប់ចាស់ របស់ដូនតាដដែល។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគាត់ មានចំណុចខ្លះ ដូចគ្នានឹងទំនៀមទម្លាប់ការរៀបចំរបស់អ្នកស្រុកខ្មែរដែរ ប៉ុន្តែមានចំណុចខ្លះខុសគ្នា។
សុរិន្ទ គឺជាខេត្តមួយនៅភាគឦសានប្រទេសថៃ ដែលបណ្ដុំទៅដោយចម្រុះវប្បធម៌ និងភាសា មានដូចជា ថៃ ខ្មែរ កួយ ចិន និងឡាវជាដើម ក្នុងនោះពលរដ្ឋដើមកំណើតខ្មែររស់នៅច្រើន។ ពលរដ្ឋដើមកំណើតខ្មែរទាំងនោះ ភាគច្រើនរស់នៅតំបន់ជនបទ និងជាយក្រុង នៅប្រើប្រាស់ភាសាខ្មែរ មានសំនៀងរដឺន ក្នុងការនិយាយប្រាស្រ័យទាក់ទងគ្នា ពិសេសនៅក្នុងពិធីកម្មបែបសាសនា និងពិធីបុណ្យប្រពៃណីជាដើម។
អ្នកស្រុកដើមកំណើតខ្មែរសុរិន្ទ មិនត្រឹមតែអាចនិយាយភាសាខ្មែរបាននោះទេ ពួកគាត់អាចរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរបានយ៉ាងខ្ជាប់ខ្ជួន មានដូចជា បុណ្យភ្ជុំបិណ្ឌ ឬសែនដូនតា ពិធីកោរជុក រាំអង្រែ រាំត្រុដិ ការសម្ដែងចម្រៀងមហោរី និងយីកេ ជាដើម។ ដោយសារមានឈាមជ័រជាខ្មែរនេះហើយ ទើបអ្នកស្រុកសុរិន្ទភាគច្រើនមានទម្លាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រហាក់ប្រហែលគ្នានឹងខ្មែរនៅដែនដីកម្ពុជាសព្វថ្ងៃយ៉ាងដូច្នេះដែរ។
ចៅអធិការវត្តតាតំចមស្វាយ ស្ថិតនៅឃុំស្វាយ ខេត្តសុរិន្ទ ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ មានថេរៈដីកាថា ពិធីបុណ្យចូលឆ្នាំថ្មី ឬភាសាតំបន់របស់អ្នកស្រុកសុរិន្ទ ហៅថាបុណ្យខែចែត្រ ប្រព្រឹត្តទៅមានលក្ខណៈដូចគ្នានឹងបុណ្យចូលឆ្នាំថ្មី របស់អ្នកស្រុកខ្មែរដែរ ប៉ុន្តែខុសគ្នាត្រង់ថា អ្នកស្រុកសុរិន្ទ មិនរៀបចំគ្រឿងសក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីនោះទេ ដោយពួកគាត់និមន្តព្រះសង្ឃមកសូត្រមន្តតាមផ្ទះ ដើម្បីបណ្ដេញឧបទ្រពចង្រៃ និងសុំពរជ័យ។ ព្រះអង្គមានថេរៈដីកាបន្តថា ក្នុងទេសកាលបុណ្យចូលឆ្នាំថ្មី អ្នកស្រុកសុរិន្ទ រស់នៅតំបន់ដែលមានអ្នកនិយាយភាសាខ្មែរច្រើន នាំគ្នាទៅវត្ត ដើម្បីជួបជុំគ្នារៀបចំលេងរាំត្រុដិ រាំអង្រែ និងខ្លះទៀតពួនភ្នំខ្សាច់ និងស្រង់ព្រះជាដើម។
ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ «ដូចយ៉ាងឃុំស្វាយ នេះ រដូវកាលសង្ក្រាន្តនេះ គេនាំគ្នាជញ្ជួនខ្សាច់មកពួន ហើយក៏មានរាំអង្រែ រាំត្រុដិ ហើយឥឡូវនេះដល់ពេលរាំត្រុដិហើយខែចេត្រ។ បើនិយាយទៅភាគឦសាននេះ គេលេងដូចគ្នាទាំងអស់រហូតដល់បាងកក។ ឥឡូវនេះបាត់ទៅហើយ(ល្បែងប្រជាប្រិយ)គេលេងតែសាចទឹក។ ពួកក្មេងក្មាងអី គេក៏ផ្អាករៀន គេក៏លេងសាច(ជះ)ទឹកគ្នា ដេញប៉ាតម្សៅគ្នាដូច្នេះ»។
ការរាំត្រុដិរបស់អ្នកស្រុកសុរិន្ទ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ខុសប្លែកពីការរាំត្រុដិរបស់អ្នកស្រុកខ្មែរទាំងការច្រៀង ការតុបតែងខ្លួន និងចង្វាក់ភ្លេង ដោយការរាំត្រុដិរបស់អ្នកស្រុកសុរិន្ទ គេប្រគំភ្លេងស្រដៀងនឹងកន្ត្រឹម មានអ្នករាំស្លៀកសំពត់ក្រមាក្រហមកាន់ចង្ក្រង់ ប៉ុន្តែគ្មានតួអង្គយក្ស ព្រាយ ព្រាហ្មណ៍ សត្វទន្សោង សត្វក្ងោក និងខ្សែទាម ដូចការរាំត្រុដិរបស់អ្នកស្រុកខ្មែរឡើយ។
ពិធីបុណ្យចូលឆ្នាំអ្នកស្រុកសុរិន្ទ ប្រារព្ធមានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមេសា ស្របទៅតាមប្រតិទិនរបស់ប្រទេសថៃ។
នាយិកាវិទ្យាល័យស្វាយ ក្នុងស្រុកមឿងសុរិន្ទ កញ្ញា កេសិនី ឈុមកៀត ប្រាប់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្ត នៅតាមសាលារៀនក្នុងខេត្តសុរិន្ទ មិនមានរៀបចំកម្មវិធីច្រៀង រាំលេងកម្សាន្ត សាចទឹក ឬប៉ាតម្សៅនោះទេ ដោយគណៈគ្រប់គ្រងសាលា បានរៀបចំពិធីស្រង់ទឹកព្រះ និងមនុស្សចាស់។ កញ្ញារៀបរាប់ថា បច្ចុប្បន្នការលេងល្បែងប្រជាប្រិយក្នុងបុណ្យចូលឆ្នាំថ្មី ដូចជា ចោលឈូង ឬលាក់កន្សែង និងបោះអង្កុញ មានតែនៅតាមតំបន់ស្រុកស្រែមួយចំនួនតូចប៉ុណ្ណោះ ចំណែកអ្នករស់នៅទីប្រជុំជន នាំគ្នាលេងជះទឹក ប៉ាតម្សៅ និងច្រៀងរាំជាដើម។
កញ្ញា កេសិនី ឈុមកៀត៖ «ហេតុដូច្នេះហើយ សាលារៀនមិនមានកិច្ចកម្មអ្វីនោះទេ ប៉ុន្តែអ្នកស្រុកនោះហើយគេមានកិច្ចកម្ម។ គេធ្វើស្រោចទឹកលោក(សង្ឃ)ស្រង់ព្រះ ងូតទឹកឱ្យម៉ែឪ ស្រង់ព្រះនៅឯវត្ត រួចក៏មកស្រង់ព្រះក្នុងផ្ទះ ងូតទឹកឱ្យម៉ែឱ្យឪ ហើយក៏ហូបបាយជុំគ្នាតាមធម្មតា»។
ប្រវត្តិវិទូខ្មែរ បណ្ឌិត មីឆែល ត្រាណេ មានប្រសាសន៍ថា កត្តាសំខាន់ ដែលធ្វើឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី របស់អ្នកស្រុកខ្មែរ និងអ្នកស្រុកសុរិន្ទ មានភាពដូចគ្នាភាគច្រើន គឺដោយសារការបន្តវប្បធម៌ ទំនៀមទម្លាប់របស់អ្នកស្រុកខ្មែរសុរិន្ទ ពីជំនាន់ដើម ដែលមានឈាមជ័រជាខ្មែរ និងការសំយោគនៃពិធីកម្មរបស់ព្រះពុទ្ធសាសនា ទៅក្នុងពិធីកម្មសង្ក្រាន្ត។
បណ្ឌិត មីឆែល ត្រាណេ៖ «កុំភ្លេចថា ជាតិខ្មែរ គឺជាជាតិមួយធំណាស់។ ហើយទឹកដីខ្មែរទាំងអស់នោះ នៅបន្សល់នូវស្លាកស្នាមវប្បធម៌។ ដូច្នេះគេនៅរក្សាបានផ្នត់គំនិត ទម្រង់វប្បធម៌ ទម្រង់ប្រពៃណី»។
យ៉ាងណាក៏ដោយចុះ ចៅអធិការវត្តតាតំចមស្វាយ ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ បារម្ភពីការបាត់បង់ទំនៀមទម្លាប់ដើមរបស់ខ្មែរសុរិន្ទ ជាពិសេសភាសា ការនិយាយ ដោយសារកង្វះការអនុរក្ស របស់អ្នកជំនាន់ក្រោយ ដែលធ្វើឱ្យអ្នកនិយាយភាសាខ្មែរ កាន់តែមានតិចទៅ ឬនិយាយមិនសូវច្បាស់ និងភ្លេចពីទំនៀមទម្លាប់ខ្មែរពីដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។