ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំ មួយ ក្នុងចំណោមបុណ្យជាតិមួយចំនួនទៀត ដូចជា ភ្ជុំ-បិណ្ឌ និងបុណ្យ អុំទូក ជាដើម ។
ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមានវារៈមហាសង្ក្រាន្ត រាប់ថាថ្ងៃទី១ វារៈវ័នបត ជាថ្ងៃទី២ និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ពិធីសង្ក្រាន្តឆ្នាំថ្មី។
កាលពីសម័យដើមព្រះរាជាបានដឹកនាំធ្វើពិធីសង្រ្កានទាំង ៣ថ្ងៃនេះធំជាងគេនៅក្នុងព្រះបរមរាជវាំង គឺវិសេសវិសាលជាងសង្ក្រាន្ត ដែលរៀបចំដោយប្រជារាស្ត្រសាមញ្ញ នៅតាមភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា។
ចាស់ទុំពីបុរាណ បានហៅពិធីឆ្លងឆ្នាំថ្មីតាមលំនាំប្រពៃណីខ្មែរ នៅក្នុងព្រះរាជវាំងនោះថា៖ « ពិធីត្រស្ដិ សង្ក្រាន្ត »។
តើពិធី ត្រស្ដិ សង្ក្រាន្ត មានអត្ថន័យ យ៉ាងណាក្នុងជំនឿខ្មែរ និង មានរបៀបរៀបចំប្រារព្ធពិធីនេះឡើងយ៉ាងដូចម្តេចខ្លះនោះ ?
អ្នកសិក្សាស្រាវជ្រាវ អំពី វប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរពីបុរាណ បានឲ្យដឹងថា ពិធីក្នុងសង្ក្រាន្តឆ្នាំថ្មី ទាំង ៣ថ្ងៃនោះ មានការប្រតិបត្តិខុសគ្នាខ្លះរវាងខាងព្រះបរមរាជវាំង និងប្រជារាស្ត្រធម្មតា។
សាស្ត្រាចារ្យ បណ្ឌិត សួន ឱសថ អ្នកជំនាញ ខាងប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងទស្សនវិជ្ជា មានប្រសាសន៍ថា ព្រះបរមរាជវាំងនៅរដូវចូលឆ្នាំថ្មី តែងតែធ្វើពិធីទទួលទេវតាឆ្នាំថ្មី ឬហៅថា ពិធី ត្រស្ដិសង្ក្រាន្ត អធិកអធម និងមានភាពវិសាល ជាងសង្ក្រាន្ត ដែលរៀបចំនៅតាមភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា។
លោកពន្យល់ថា ចាស់បុរាណតែងតែឲ្យន័យ និងរបៀបរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយចែកចេញជាពីរ គឺសាមញ្ញសង្ក្រាន្ត និងអយ័ន្តសង្ក្រាន្ត៖ « សាមញ្ញសង្ក្រាន្ត គឺលោកសំដៅទៅលើព្រះអាទិត្យដើរត្រង់ទៅលើក្បាល នោះជាសង្ក្រាន្ត ចំណែកអយ័ន្តសង្ក្រាន្ត គឺសំដៅទៅលើព្រះអាទិត្យដើរចំហៀង។ ជាធម្មតា គេច្រើនយកតាមសាមញ្ញសង្ក្រាន្ត ដែលគេគិតតាមដំណើរសុរិយគតិ ហើយពាក្យថា ត្រស្ដិ សង្ក្រាន្ត គឺបានន័យថា ផ្លាស់សង្ក្រាន្តចាស់ចូលកាន់សង្ក្រាន្តថ្មី រៀបចំឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឲ្យឈ្មោះថាត្រស្ដិ សង្ក្រាន្ត »។
វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានសរសេរពន្យល់ថា ត្រស្ដិ (ត្រស់) សង្ក្រាន្ត គឺជាឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោច ខែផល្គុន ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ។ សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្ក្រឹតថា ត្រុដ (កិ.) “កាត់, ផ្ដាច់” ត្រុដិ (ន) ដំណើរកាត់ ការផ្ដាច់។ វចនានុក្រមដដែល បានពន្យល់ទៀតថា ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី” មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេងចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត) ដែលគេលេងតែក្នុងឱកាសចូលឆ្នាំថ្មី ដែលបញ្ជាក់ហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយ ក្លាយមកជាពាក្យថា ត្រស្ដិ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើមហៅថា “ពិធីផ្ដាច់ឆ្នាំ”។
ឯកសារពីក្រុមជំនុំទំនៀមទម្លាប់ខ្មែរស្ដីពីពិធីប្រចាំទាំង ១២ខែ ដែលរៀបរៀងដោយអ្នកស្រី ពេជ្រ សល់ បានឲ្យដឹងថា ពិធីត្រស្ដិ សង្ក្រាន្ត ពីបុរាណ គឺគេច្រើនធ្វើនៅចុងខែផល្គុណ គឺនៅពេលជិតចូលឆ្នាំថ្មី នៅក្នុងព្រះបរមរាជវាំង។
ឯកសារដដែលនេះបានបង្ហាញពីរបៀបធ្វើពិធី ត្រស្ដិ សង្ក្រាន្ត គឺគេសង់រោង មណ្ឌលស្លឹក៥ គឺរោង ៤ខ្នង នៅក្រៅកំពែងព្រះបរមរាជវាំង ប្រចាំទិសទាំង៤ និងរោង ១ខ្នងទៀត នៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ សម្រាប់ឲ្យបារគូព័ទ្ធខ្សែសីមាធ្វើដោយអំបោះ និងស្បូវភ្លាំងដែលក្រុមអាចារ្យព្រាហ្មណ៍ច្រើនប្រើក្នុងពិធីផ្សេងៗ។ អំបោះសីមានោះ ព័ន្ធតាំងពីទ្វារខាងកើត នៃព្រះបរមរាជវាំង មកដល់មណ្ឌលនៃរោងទាំង៤ ហើយ ទើបបង្ហូតចូលទៅក្នុងព្រះបរមរាជវាំង តាមទ្វារខាងត្បូង រួចបញ្ចូលទៅព័ទ្ធ ១ជុំក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ទើបទៅព័ទ្ធស៊ុមទៀនជ័យ ៧ជុំ ហើយ យកទៅព័ទ្ធកំពូលស៊ុមគ្រែព្រះរាជពិធី ៧ជុំទៀត ទើបបង្ហូតចុងអំបោះសីមានោះ ទៅប្រគេនព្រះសង្ឃកាន់សូត្រចម្រើនព្រះបរិត្តនៅពេលយប់។
ព្រះករុណា ទ្រង់យាងអុជទៀនជ័យ នៅចំពោះព្រះភក្រ្តសម្ដេចព្រះសង្ឃរាជ ហើយទៀននោះត្រូវរក្សាឲ្យឆេះ ដរាបរហូតដល់ចប់ពិធី។
ចំណែកព្រះបញ្ចេក្សេត ព្រះខ័នរាជ លំពែងរបស់តាត្រសក់ផ្អែម និងគ្រឿងអាវុធរងដទៃៗ ទៀត និងសន្លឹកមាស ដែលមានចារិក ប្រវត្តិព្រះករុណាដោយសង្ខេប ក៏ត្រូវអញ្ជើញមកតាំងក្នុងព្រះទីនាំងទេវាវិនិច្ឆ័យក្នុងឱកាសនោះរហូតដល់ចប់ពិធីផងដែរ។ ប៉ុន្តែរបស់ដែលមានលក្ខណៈប្លែកក្នុងពិធីនោះ គឺ «ដំបងពេជ្រ» សម្រាប់បណ្ដេញខ្មោចបិសាច ឲ្យវាសចៀសឆ្ងាយទៅ។
«ដំបងពេជ្រ» នេះ ធ្វើពីកំពូលត្នោត កួចចុងម្ខាង និងមានសរសេរមន្តអាគមនៅលើសន្លឹកនោះផង។ គេធ្វើដំបងបែបនេះរាប់រយដើម សម្រាប់ចែកជូនពួកនាម៉ឺនសព្វមុខមន្ត្រី និងភ្ញៀវអ្នកចូលរួមមួយម្នាក់។ លើសពីនេះទៀត ភ្ញៀវត្រូវបានទទួលខ្សែអភិសមរ ១ខ្សែម្នាក់ៗ មកពាក់ឆៀងលើស្មា។
ខ្សែនោះធ្វើដោយអំបោះឆៅ មានចងស្លឹកត្នោតបត់ជា ៤ជ្រុង ចងជា ៥អន្លើ ថែមទាំងសរសេរអក្សរមន្តផង។
វត្ថុទាំងពីរបែបនេះ មានប្រើតែក្នុងព្រះរាជពិធី ត្រស្ដិ សង្ក្រាន្តនេះទេ។ ឯអំបោះក្លុកមានរាងជារង្វេលសម្រាប់ពាក់នៅក្បាល ដែលគេចែកក្នុងពិធីនោះដែរ មិនមែនប្រើ ចំពោះតែក្នុងពិធីត្រស្ដិ សង្ក្រាន្តនោះទេ។ នៅក្នុងពិធីកម្ចាត់ចង្រៃ ឬពិធីកោជុកក៏មានប្រើច្រើនដែរ។ របស់ទាំង ៣មុខ គឺអំបោះក្លុក ដំបងពេជ្រ និងខ្សែអភិសមរ គេត្រូវចែកនៅយប់ទី២ នៃពិធី។
យប់នោះ ភ្ញៀវចូលរួមពិធីទាំងអស់ ត្រូវពាក់អំបោះក្លុក ពាក់ខ្សែអភិសមរ និងដំបងពេជ្រគ្រប់គ្នា ហើយអង្គុយស្ដាប់ព្រះសង្ឃចំរើនព្រះបរិត្ត ដើម្បីបណ្ដេញខ្មោចបិសាច។ សៀវភៅដដែលនេះបានឲ្យដឹងទៀតថា តាំងពីដើមរៀងមក រហូតមកដល់ឆ្នាំ១៤៨៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់បាញ់កាំភ្លើង ដំបូងជាសញ្ញាដល់ពួកបាញ់កាំភ្លើងធំ ដែលត្រៀមចាំនៅខាងក្រៅវាំង ត្រូវបាញ់បន្តរហូតទាល់ព្រឹក។
នៅព្រឹកថ្ងៃបង្ហើយពិធី ព្រះករុណា ទ្រង់យាងស្រង់ព្រះសុគន្ធវារីព្រះពុទ្ធមន្ត យ៉ាងមហោឡារិក ដោយមានក្រុមបារគូថ្វាយស័ង្ខផង។
បន្ទាប់ពីនោះមក ព្រះករុណា ស្ដេចយាងពន្លត់ទៀនជ័យ ជាមួយ សម្ដេចព្រះសង្ឃរាជ។ ដល់ល្ងាចថ្ងៃដដែល ព្រះថេរៈ ដែលចាស់វស្សាជាងគេ ត្រូវនិមន្តបាចសាចទឹកព្រះពុទ្ធមន្ត ពេញព្រះបរមរាជវាំង ដើម្បីកម្ចាត់ឧបទ្រពចង្រៃ នៃឆ្នាំចាស់ចេញឲ្យអស់ អំពីផ្ទៃនៃព្រះបរមរាជវាំង។ សព្វថ្ងៃពិធីនេះគេហៅថា ពិធីសូត្រ ភាណយក្ខ។
អ្នកសិក្សាពីប្រពៃណីវប្បធម៌ខ្មែរ បានឲ្យដឹងថា ពិធីសាសនាដែលប្រារព្ធធ្វើក្នុងព្រះបរមរាជវាំងមួយចំនួន គឺយកលំនាំតាម ព្រហ្មញ្ញសាសនា និងមួយចំនួនទៀតគោរពតាមព្រះពុទ្ធសាសនា។
លោកសាស្ត្រាចារ្យបណ្ឌិត សួន ឱសថ មានប្រសាសន៍ថា ពិធីត្រស្ដិ សង្ក្រាន្ត ឃើញមានចែងក្នុងគម្ពីរទសជាតកតាំងពីសម័យពុទ្ធកាលមកម្ល៉េះ៖ « មានដំណើររឿងនិទានក្នុងជាតក ប៉ុន្តែមិនមែនជាតកក្នុងព្រះត្រៃបិដកទូទៅនានា ដែលនិយាយពីដំណើរនៃសង្ក្រាន្តតាំងពីសម័យពុទ្ធកាលមក គឺសម្ដេចបសេទិកោសល្យ តែងតែបានរៀបចំសង្ក្រាន្ត ដែលប្រព្រឹត្តិទៅតាមប្រពៃណីព្រះពុទ្ធសាសនា »។
លោកបន្តថា ពិធីសំខាន់មួយនៅក្នុងព្រះបរមរាជវាំង ហើយមានលំនាំតាមបែបព្រះពុទ្ធសាសនានោះ គឺពិធីស្រង់ព្រះ និងពិធីពូនភ្នំខ្សាច់ ដែលគេធ្វើធំដុំជាងនៅតាមវត្តអារាម នៅខាងក្រៅព្រះបរមរាជវាំង៖ « គេធ្វើនៅក្នុងវាំងឱឡារិកជាងនៅធ្វើនៅតាមផ្ទះ គឺគេមានពិធីពូនភ្នំខ្សាច់ ៥កន្លែង ឬបួនទិស ប៉ុន្តែកណ្ដាលគេធ្វើភ្នំធំមួយទៀត ទាំងអស់៥ ដែលតំណាងឲ្យព្រះពុទ្ធ ៥ព្រះអង្គ ហើយមានរបាំបាចផ្កាចាំទទួលទេវតាផង »។
អ្នកជំនាញខាងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃជាតិ លោក អាចារ្យ វ៉ាយ វិបុល មានប្រសាសន៍ឲ្យដឹងដែរថា អត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងតែគោរពស្រលាញ់ព្រហ្មញ្ញសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មី នាំឱ្យពួកគេមានលាភជ័យ និងសុខទុក្ខតាមជំនឿឆ្នាំនីមួយៗ។
ក្នុងសម័យកាលបន្តមកទៀត ក្នុងរយៈពេលនៃសង្ក្រាន្តចូលឆ្នាំទាំងបីថ្ងៃប្រជាពលរដ្ឋនាំគ្នារៀបចំពិធីប្លែកៗ ពីគ្នាខ្លះ ទៅតាមជំនឿ និងប្រពៃណីតាមតំបន់ផ្សេងៗ។
ដូចជានៅថ្ងៃវារៈមហាសង្ក្រាន្ត ដែលជាថ្ងៃទី១ ជាពេលទទួលទេវតាឆ្នាំថ្មី គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិកាដែលបានចែកឋានទៅកាន់ទីបរលោកទៅហើយ។
សង្ក្រាន្តថ្ងៃទី២ ជាវារៈវ័នបត គេនាំគ្នាពូនភ្នំខ្សាច់ ដោយនៅពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញវិហារវត្ត ឬជុំវិញដើមពោធិ៍ណាមួយ ដែលមាននៅក្នុងបរិវេណវត្ត ដើម្បីរំដោះកម្មវេរា។ នៅពេលព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ នៅថ្ងៃទីពីរនេះដែរ កូនចៅជូនសំលៀកបំពាក់នំចំណី ប្រាក់កាសដល់អ្នកមានគុណ មានឪពុកម្ដាយជីដូនជីតាជាដើម។
ខ្ញុំបាទ សេក បណ្ឌិត និងក្រុមការងារអាស៊ីសេរីទាំងអស់នៅឯនាយសមុទ្រ ក៏សូមចូលរួមអបអរសាទរឆ្នាំថ្មីពីចម្ងាយ និងសូមជូនពរដល់លោកអ្នកនាង និងក្រុមគ្រួសារអោយមានសេចក្ដីរីករាយ និងសុភមង្គលក្នុងឆ្នាំនេះ និងក្នុងឆ្នាំខាងមុខៗ ទៀត។
ប្រសិនបើធ្វើដំណើរទៅកម្សាន្តសប្បាយនៅទីណា ក៏សូមឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាលោកអ្នកនាងឲ្យមានសុវត្ថិភាពល្អតាមផ្លូវ និងមានសេចក្ដីសុខគ្រប់ពេលវេលា...សួស្ដីឆ្នាំថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។