ឆ្នាំរោងនេះ គឺជាឆ្នាំតំណាងឱ្យសត្វនាគ។ ខ្មែរមានជំនឿថា នាគគឺជាបុព្វបុរសរបស់ខ្លួនផង និងជានិមិត្តរូបនៃកំលាំងអាទិទេព វត្ថុស័ក្តិសិទ្ធិ ឬវត្ថុទិព្វ របស់ជនជាតិខ្មែរផង។ ជំនឿចំពោះសត្វនាគនេះ កើតមានតាំងពីយូរយារណាស់មកហើយ ហើយជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងការចាប់ផ្តើមប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជាទៀតផង។
ជំនឿរបស់ជនជាតិខ្មែរទៅលើសត្វនាគ មានតាំងពីយូរលង់ណាស់មកហើយ គឺតាំងពីមុនការហូរចូលនៃហិណ្ឌូសាសនា និងព្រះពុទ្ធសាសនាទៅទៀត។ នៅក្នុងសម័យអាណាចក្រភ្នំ ជនជាតិខ្មែរ ដែលរស់នៅតាមដងទន្លេមេគង្គ ភាគខាងក្រោម និងនៅក្នុងដែនដីសណ្ដនៃទន្លេនេះ ជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអំបូរមកពីពូជនាគ។
រឿងរ៉ាវដែលថាខ្មែរមានអំបូរមកពីសត្វនាគនេះ កាន់តែត្រូវគេជឿបន្ថែមទៀត បន្ទាប់ពីជនជាតិចិនម្នាក់បានកត់ត្រាទុកនូវប្រវត្តិស្នេហារវាងបុរសជាជនជាតិឥណ្ឌា ជាមួយនឹងព្រះរាជនីនៃអាណាចក្រភ្នំ។ ជនជាតិចិននោះ ឈ្មោះ កាំង ថៃ។ កាំង ថៃ អះអាងថា ខ្លួនបានមកទស្សនានគរភ្នំ នៅពាក់កណ្តាលសតវត្សទីបី។ កាំង ថៃ បានសរសេរថា ប្រហែលជាក្នុងឆ្នាំ៥០ នៃគ្រឹះសករាជ មានជនជាតិឥណ្ឌាជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា មកកាន់អាណាចក្រភ្នំ។ មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន ពើបប្រយុទ្ធជាមួយនឹងព្រះរាជនីនៃនគរនេះ គឺព្រះនាង លីវ យី ដែលបាននាំកម្លាំងទ័ព ទៅវាយលុកលើសំពៅព្រះអង្គ។
ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះបាទ ហ៊ុន ទៀន ក៏ទទួលជ័យជំនះលើព្រះនាង លីវ យី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅព្រះនាង ឱ្យធ្លាយពីម្ខាងទៅម្ខាង។
ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធីខ្លាំងពូកែដូច្នោះ ព្រះនាងលីវ យី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាង ជាព្រះរាជអគ្គមហេសី តាំងពីពេលនោះមក។
ព្រះរាជពង្សាវតា នៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏ទទួលស្គាល់ថា មានការចងសម្ព័ន្ធមេត្រីរវាងព្រាហ្មណ៍ឥណ្ឌា និងម្ចាស់ស្រុកដែរ។ ក៏ប៉ុន្តែព្រះរាជពង្សាវតារខ្មែរ ថា ម្ចាស់ស្រុកនោះ គឺជាបុត្រីនៃស្តេចភុជង្គនាគ ដែលមានព្រះនាមថា នាងនាគ រីឯព្រាហ្មណ៍ជាជនជាតិឥណ្ឌានោះ មានឈ្មោះថាព្រះថោង។ សម្ព័ន្ធភាពរវាង ព្រះថោង និងនាងនាគនេះ បានបន្សល់ទុកនូវកេរ្តិ៍ដំណែល ទំនៀមទំលាប់ប្រពៃណីជាច្រើន ឱ្យជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃ។
រួមសេចក្តីមក គឺព្រះបាទ ហ៊ុន ទៀន ឬ ព្រះថោង និងព្រះនាងលីវ យី ឬ នាងនាគ នេះហើយ ដែលត្រូវគេជឿថា ជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរ ជាដំបូងគេបង្អស់នោះ។
រហូតមកទល់សព្វថ្ងៃ នៅក្នុងមង្គលការខ្មែរ គេមិនដែលរំលងសោះឡើយ ក្នុងការចាត់ចែងឱ្យកូនកំលោះតោងស្បៃកូនក្រមុំចូលក្នុងបន្ទប់។ នេះគឺជាពិធីនិមិត្តរូបមួយ ដើម្បីរំលឹកឡើងវិញ កាលព្រះថោងតោងស្បៃនាងនាគចុះឋានភុជង្គនាគ ដើម្បីរួមរស់ជាមួយគ្នា បង្កើតបាននូវពូជសាសន៍ខ្មែរដែលជាកូនកាត់សត្វនាគ។
ថ្វីត្បិតតែមានរឿងរ៉ាវតំណាលថា ខ្មែរមានអំបូរមកពីសត្វនាគពាក់កណ្តាលក្តី អ្នកសិក្សាផ្នែកបុរាណវិទ្យាដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា កត់សម្គាល់ថា ខ្មែរជំនាន់ដើមមិនពេញចិត្តនឹងការដែលមានជំនឿថា ខ្លួនមានអំបូរពីសត្វនោះប៉ុន្មានទេ។ លោកសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា អាំង ជូលាន សន្និដ្ឋានថា ប្រហែលជាដោយសារហេតុផលនេះហើយ បានជាឃើញមានចលនាឆ្នៃរំដោះខ្លួនបន្តិចម្តងៗ ចេញពីសត្វនាគ ឱ្យក្លាយមកជាមនុស្សវិញ។ លោកសង្កេតឃើញថា ការប៉ុនប៉ងរំដោះខ្លួនពីនាគនេះ ស្តែងចេញតាមរឿងព្រះថោង និងនាងនាគនេះដដែល។ ក៏ប៉ុន្តែរឿងព្រះថោង និងនាងនាគដែលអាចបញ្ជាក់ពីនិន្នាការចង់រំដោះខ្លួនចេញពីអំបូរនាគនេះ មិនចប់ត្រឹមសម័យនគរភ្នំទេ គឺគេអូសបន្លាយសាច់រឿង ឱ្យមកដល់សម័យសាងប្រាសាទអង្គរធំ ឯខេត្តសៀមរាបឯណេះ។
បើតាមលោកសាស្ត្រាចារ្យ អាំង ជូលាន រឿងនេះមានសេចក្តីថា ស្តេចនាគដែលជាបិតារបស់នាងនាគ ខ្លាចមុខព្រហ្ម ហើយហាមព្រះថោង មិនឱ្យសង់ប្រាសាទ ដែលមានមុខព្រហ្មទេ តែ ព្រះថោងរឹងទទឹង។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «ព្រះថោងហ្នឹងបានចុះទៅឋាននាគ ដើម្បីទៅសុំដណ្តឹងនាងនាគនោះណា៎...រួចទៅបានឪពុកក្មេកដែលជាស្តេចនាគហ្នឹង ក៏លោកក៏សុខចិត្តឱ្យអ៊ីចឹងទៅ...ហើយមកជួយសង់អង្គរនេះ គឺថាអង្គរធំនេះ ដែលមានប្រាសាទបាយ័ននៅកណ្តាលនេះ។ រួចទៅ...ផ្តាំថា កូនឯងបើសង់អីសង់ទៅ កុំឱ្យតែមានមុខព្រហ្មអី។ ឪខ្លាចព្រហ្មណាស់។ ព្រហ្មនោះមុខបួននោះ។ ដល់ព្រះថោង ដូចថា...ធ្វើរបៀបជំទាស់ប្រទូសរ៉ាយនឹងឪពុកក្មេកហ្នឹង ក៏សង់ប្រាសាទបាយ័ន សង់ក្លោងទ្វារអង្គរធំអី សុទ្ធ តែឬមុខព្រហ្មហ្នឹងទៅ។ ដល់តែឪពុកហ្នឹងឡើងពីទឹកមកលេង នឹងកូន...យើងដឹងហើយប្រាសាទបាយ័ន មិនមានកន្លែងមួយ គេហៅថា អណ្តូងប្រេងអ៊ីចឹងណា៎។ គេជឿថាអណ្តូងហ្នឹង ចុះទៅបាតសមុទ្រ។ ដល់ពេលឪពុកហ្នឹង ងើបឡើងមកលេងនឹងកូនទៅ ឃើញព្រហ្មទៅ ខឹងក៏ច្បាំងគ្នាអីអ៊ីចឹងទៅ។ ទីបំផុត ព្រះថោងហ្នឹងសម្លាប់ឪពុកហ្នឹងទៅ...។ ឪពុកក្មេកនោះ»។
លោកសាស្ត្រាចារ្យបន្តថា គឺការសម្លាប់ស្តេចនាគ ដែលជាឪពុកក្មេករបស់ព្រះថោងនេះហើយ ដែលជាការផ្ដាច់ចំណងទាក់ទងពីសត្វនាគ រស់នៅក្នុងទឹក មកជាមនុស្សនៅលើគោកវិញ។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «ដល់អ៊ីចឹងទៅ នាងនាគហ្នឹង លែងបានត្រលប់ទៅស្រុកវិញហើយ។ នាងនាគហ្នឹងក្លាយមកនៅឋានមនុស្សវិញ។ មានន័យថាម៉េច?មានន័យថា ក្នុងការវិភាគរឿងអ៊ីចឹងៗ មានន័យថា យើងពីដើម...ខ្មែរយើងពីដើមនេះ ជាសត្វនាគ សត្វពស់អី ពាក់កណ្តាលណា៎ម្តាយណា៎ ប៉ុន្តែទីបំផុតទៅយើងទាត់ចោល លែងទទួលស្គាល់អាដែងនែ៎...ម៉ាភាគនៃកំណើតរបស់យើង ដែលជានាគហ្នឹងទៅ។ ដូចជានាងនាគ ក្នុងរឿង ព្រះថោង នាងនាគ។ ក្រោយមកមានចុះទៅលេងឋាន របស់ខ្លួនឪពុកអី ស្លាប់អស់ហើយ...ក្លាយទៅជាមួយមនុស្សរហូតទៅ កើតកូន កើតចៅអីមកជាខ្មែរ...»។
ទោះមានចលនាចង់ផ្ដាច់ខ្លួនចេញពីអំបូរនាគតាំងពីចុងសម័យអង្គរក៏ដោយ ក៏រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ខ្មែរនៅតែមានជំនឿទៅលើសត្វនាគ និងគោរពនាគថា ជាម្ចាស់ទឹកម្ចាស់ដីរបស់ខ្លួនដដែល។ ការរៀបចំសែនក្រុងពាលីជាដើម ក៏គឺជាគោរពបូជាដល់សេ្តចនាគនោះឯង។ មុននឹងចាប់ផ្តើមសាងសង់អ្វីមួយ ខ្មែរនិយមធ្វើពិធីសែនព្រេនសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ដែលនោះគឺជាពិធីសែនក្រុងពាលីដែលជាស្តេចនាគ។
សត្វនាគក៏ត្រូវគេនិយមថា ជានិមិត្តរូបនៃកម្លាំងអាទិទេព ឬក៏ជាសត្វដែលតំណាងឱ្យសភាវៈល្អ ទាំងក្នុងហិណ្ឌូសាសនា និងក្នុងព្រះពុទ្ធសាសនា។
នៅក្នុងរឿងកូរសមុទ្រទឹកដោះ នៃលិទ្ធពហុទេវសាសនាហិណ្ឌូ នាគមួយឈ្មោះ វ៉ា សុគី បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យពួកសុរា និងពួកអសុរៈ ធ្វើជាខ្សែព្រ័ត្រក្នុងបេសកកម្មកូរសមុទ្រទឹកដោះស្វែងរកទឹកអម្រឹត ដើម្បីព្យាបាលដល់ទេវតា និងមនុស្សលោកនៅគ្រប់ទីស្ថាន។
ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គេសង្កេតឃើញស្តេចនាគឈ្មោះ មុជ្ជលិន្ទ ដែលមានក្បាល៧ ចេញទៅធ្វើក្បាំងការពារ ប្រក់ពីលើព្រះពុទ្ធ ដែលកំពុងគង់ធ្វើសមាធិផងដែរ។
លោកអ្នកនាងកញ្ញា ក៏ពិតជាបានកត់សម្គាល់ឃើញថា បុព្វបុរសខ្មែរ បានឆ្លាក់រូបនាគតាមក្បូរក្បាច់រចនាផ្សេងៗជាច្រើន នៅតាមប្រាសាទខ្មែរបុរាណ ជាពិសេសជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទ។ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា ការយកនាគសង់ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទដូចនេះ ក៏ព្រោះតែសត្វនាគតំណាងឱ្យទឹក ឬក៏ឥន្ទធនូផង និងជាស្ពានចំលងមនុស្សរំលងពីឋានមួយទៅឋានមួយទៀតផង។
លោកសាស្ត្រាចារ្យ អាំង ជូលាន៖ «នាគវាដូចឥន្ទធនូអ៊ីចឹង គឺជាមធ្យោបាយសំរាប់ចំលងឋានយើង ទៅឋានទេពនោះ។ ព្រោះថាប្រាសាទ...ឧបមាថា អង្គរវត្ត...ប្រាសាទជាលំនៅណា៎ ជាឋាននៃទេពហៅថាលោកធាតុនេះណា៎។ យើងទៅពីឋានយើងនេះ ទៅដល់ឋានទេពហ្នឹង វាមាននាគដើម្បីថាចំលងមនុស្សដើម្បីដល់ទេពអីអ៊ីចឹងទៅ»។
បរិវេណជុំវិញប្រាសាទ និងតួប្រាសាទអង្គរវត្ត តំណាងឱ្យឋានរបស់អាទិទេពគង់នៅ។ ដើម្បីចូលទៅដល់តួប្រាសាទអង្គរវត្ត ដែលតំណាងឱ្យភ្នំព្រះសុមេរុ គេត្រូវដើរឆ្លងទឹកសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ដូច្នេះសំណង់ផ្លូវចូលប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានសាងជារូបនាគក្បាល៧នោះ គឺតំណាងឱ្យទឹកសមុទ្រផង និងតំណាងឱ្យវត្ថុស័ក្ដិសិទ្ធិ ឬក៏ជាស្ពានចំលងមនុស្ស ឱ្យទៅជួបនឹងព្រះអាទិទេពផង។
ចំពោះអ្នកកើតឆ្នាំរោង ដែលជាឆ្នាំសត្វនាគបើតាមការទស្សន៍ទាយរបស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ នៃក្រសួងធម្មការ និងសាសនាថា រមែងជាមនុស្សមាននិស្ស័យ និងជោគសំណាងល្អ នឹងមានសេចក្តីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ថែរក្សា នឹងបានទៅជាអ្នកមានបុណ្យស័ក្តិ រហូតមានកិត្តិយសកិត្តិនាមល្បីល្បាញ។ ជាមនុស្សមានចិត្តបុណ្យសុន្ទរ៍ទាន ចូលចិត្តជួយអ្នកដទៃ។ អាចតាំងខ្លួនឱ្យធំដុំបាន ដោយខ្លួនឯង។ យូរៗទើបមានលាភធំម្តង។ ជាមនុស្សមានព្រះកេតុថែរក្សាអរិសត្រូវ មិនអាចប៉ុនប៉ងពាធាបានឡើយ។
ជាមនុស្សមានវាចាមោះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹង តែឆាប់បាត់វិញ។ អ្នកកើតឆ្នាំរោងជាមនុស្សពេញចិត្តនឹងរស់កាមារម្មណ៍ មិនចេះនឿយណាយ។
មនុស្សឆ្នាំរោង ច្រើនតែទទួលជោគលាភ ពីមនុស្សភេទផ្ទុយ បើធ្វើការជាមួយមនុស្សភេទផ្ទុយហើយតែងតែបានទទួលផលល្អជាវិសេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។