ជនជាតិដើមភាគតិចព្នង មានប្រពៃណីចូលឆ្នាំស្របគ្នានឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររៀងរាល់ឆ្នាំ ក៏ប៉ុន្តែពិធីឡើងអ្នកតា គឺជាប្រពៃណីថ្ងៃដំបូងរបស់សហគមន៍មួយនេះ ដែលរៀបចំសែនព្រេនអ្នកតាព្រៃភ្នំសុំសេចក្តីសុខសប្បាយ និងជួយថែរក្សាសហគមន៍ពួកគេឲ្យបង្កបង្កើនផលបានលទ្ធផលល្អបរិបូរណ៍សម្រាប់ឆ្នាំថ្មី។
នៅរៀងរាល់ថ្ងៃទី១២ ខែមេសា ពោលគឺមុនចូលឆ្នាំខ្មែរមួយថ្ងៃ សហគមន៍ជនជាតិដើមភាគតិចព្នង នៅគ្រប់ភូមិ តែងរៀបចំពិធីឡើងអ្នកតាដើម្បីសែនព្រេនបារមីអារក្សអ្នកតាព្រៃភ្នំ សុំជួយថែរក្សា និងការពារអ្នកអ្នកភូមិ ឲ្យមានសេចក្តីសុខចម្រុងចម្រើនបន្តពីឆ្នាំចាស់ និងឈានចូលឆ្នាំថ្មី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាមួយពលរដ្ឋខ្មែរទូទៅ។
ចាប់ពីម៉ោង ៦ព្រឹក អ្នកភូមិប្រុសស្រីក្មេងចាស់ តាមក្រុមគ្រួសារនៅក្នុងភូមិនីមួយៗនៃសហគមន៍ព្នង មិនមាននរណាម្នាក់ចាកចេញពីភូមិទៅទីណាផ្សេង ក្រៅពីតំបន់ខ្ទមអ្នកតាដែលអ្នកភូមិចាត់ទុកជាវត្ថុស័ក្ដិសិទ្ធិ ឬជាកន្លែងអាទិទេពដែលអ្នកភូមិតែងគោរពបូជា។ គ្រប់ក្រុមគ្រួសារខ្លះ នាំយកស្រាពាង មាន់ស្ងោរ ជ្រូកស្ងោរ នំចំណីមានម្សៅបុក នំអន្សម បាយដំណើបសខ្មៅ នាំគ្នាធ្វើដំណើរមកកាន់ខ្ទមអ្នកតាប្រចាំភូមិ។
មុនពេលចាប់ផ្តើមប្រារព្ធពិធី ចាស់ទុំមេកន្ទ្រាញប្រចាំភូមិ ដឹកនាំយកឈើមកឆ្លាក់ជារូបភ្លុកដំរី ស្នែងគោ និងស្នែងក្របីធ្វើជាដង្វាយដល់អារក្សអ្នកតារបស់ពួកគេ ដើម្បីរំឭកដល់សត្វដំរី គោ និងក្របី ជាកម្លាំងអូសទាញជួយដល់វិស័យដឹកជញ្ជូន និងការធ្វើកសិកម្មរបស់អ្នកភូមិ។
ពិធីសែនព្រេនចាប់ផ្ដើមបន្ទាប់ពីមេកន្ទ្រាញចាស់ទុំ បានរៀបចំដង្វាយសព្វគ្រប់មានស្រាពាង មាន់ ជ្រូក នំចំណីរៀបចំនៅមុខខ្ទមអ្នកតា។ រីឯសមាជិកសហគមន៍ទាំងអស់ នាំគ្នាអង្គុយពីក្រោយមេកន្ទ្រាញ ហើយរៀបចំដុតធូបបួងសួងសុំឲ្យបារមីវត្ថុស័ក្តិសិទ្ធិ ជួយថែរក្សាអ្នកភូមិ និងផ្តល់សេចក្តីសុខ និងសុំឲ្យផលដំណាំអ្នកភូមិទទួលបានភោគផលល្អនាឆ្នាំក្រោយៗទៀត។
ព្រឹទ្ធាចារ្យជនជាតិដើមភាគតិចព្នង រស់នៅភូមិពូនរ៉ែន ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី លោក ទើយ ធិ កត់សម្គាល់ថា បន្ទាប់ពីសែនព្រេនអ្នកតាចំនួនពីរលើកចប់រួចរាល់ អ្នកភូមិនាំគ្នាយកដង្វាយសែនអ្នកតាបរិភោគ និងវាយគងសម្ដែងរបាំកម្សាន្តរហូតដល់រសៀល ទើបវិលត្រឡប់មកលំនៅឋានវិញ៖ « ចូលឆ្នាំថ្មីគេអត់ឲ្យទៅណាទៅណីទេ ឡើងអ្នកតាសិន អត់ឲ្យចេញទេ ព្រោះខ្លាចគ្រោះថ្នាក់។ គេសែនទាំងអស់ហៅតាំងពីព្រៃភ្នំក្រំថ្ម ហៅតាំងពីព្រៃឈើព្រៃត្រណម ហៅទាំងអស់អបអរសាទរឆ្នាំថ្មី ធ្វើម៉េចឲ្យបានទឹកភ្លៀងល្អ កុំឲ្យមានឧបសគ្គ កុំឲ្យមានជំងឺគ្រុន គេសែនពេលផ្លាស់ឆ្នាំថ្មី »។
ក្រៅពីពិធីឡើងអ្នកតា សហគមន៍ព្នង ក៏មានរៀបចំពិធីសែនទទួលទេព្ដាថ្មីដូចពលរដ្ឋខ្មែរដែរ។ នៅគ្រប់ផ្ទះ អ្នកភូមិរៀបចំផ្លែឈើនំចំណី ភេសជ្ជៈទៀនធូបផ្កាដាក់លើរាន ឬតុមុខផ្ទះ ចាំទទួលទេព្តាថ្មីដែលនឹងមកប្ដូរវេនទេព្តាឆ្នាំចាស់តាមការកំណត់នៃពិធីបុណ្យចូលឆ្នាំខ្មែរ។
ប្លែកពីពលរដ្ឋខ្មែរ ជនជាតិដើមភាគតិចព្នង ភាគច្រើនមិនទម្លាប់ធ្វើម្ហូបអាហារជាចង្ហាន់ទៅវត្តនោះទេ ក៏ប៉ុន្តែអ្នកភូមិទិញអាហារ និងផ្លែឈើពីទីផ្សារយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម និងប្រគេនបច្ច័យជាប្រាក់ដើម្បីសុំបុណ្យកុសលជូនបុព្វការីជនដែលបានចែកឋានទៅហើយ៖ « បីថ្ងៃគេទៅវត្តជាប់រហូត គេអត់នៅទេ ភូមិមិនដឹងទៅណាណីទេ ច្រើនកន្លែង គេដើរ ប៉ុន្តែជនជាតិអត់ចេះ បើមានលុយ ការទិញម្ហូបពីផ្សារគេជូនអាហ្នឹង បើធ្វើខ្លួនឯងអត់ចេះទេ។ នេះសម័យពីដើម សម័យឥឡូវអត់ទេ ចាស់ៗពីដើមមានលេងបិទមុខ លេងពួនក្រមាពីក្រោយ »។
ចាប់ពីថ្ងៃទី១៣ រហូតថ្ងៃទី១៦ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ជនជាតិដើមភាគតិចព្នង សម័យមុនមានប្រពៃណីលេងល្បែងប្រជាប្រិយ ដូចជាល្បែងបិទពួន ទាញព្រ័ត្រ ឬល្បែងផ្សេងទៀតដូចជា លាបម្សៅដាក់មុខគ្នា មិនខុសពីប្រពៃណីខ្មែរទេ។
ជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ឃុំ កាន ឲ្យដឹងដែរថា យុវវ័យជនជាតិដើមភាគតិចព្នង បច្ចុប្បន្នមិននិយមរបាំវាយគងកម្សាន្តនៅរដូវចូលឆ្នាំដូចចាស់បុរាណនោះទេ។ ពួកគេនាំគ្នាទៅកាន់តំបន់សហគមន៍ខ្មែរ ទីវត្តអារាមរាំលេងជាមួយភ្លេងសម័យថ្មីដូចពលរដ្ឋខ្មែរដែរ។ លោកកត់សម្គាល់ថា មានជនជាតិដើមភាគតិចព្នង កាន់តែច្រើនឡើងងាកមកគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដោយផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនាដូចជាចូលរួមពិធីពូនភ្នំខ្សាច់ និងបោះបាយបិណ្ឌ ជាដើម៖ « អត់មានឃើញលេងល្បែងប្រជាប្រិយទេ ស្ងាត់ឥឡូវ។ ពីមុនមានវាយគងវាយឃ្មោះ ប៉ុន្តែវត្តអារាមទៅខ្លះ មិនទៅខ្លះ »។
ជនជាតិដើមភាគតិចព្នង ប្រកាន់ប្រពៃណីបុណ្យចូលឆ្នាំ និងគោរពប្រតិបត្តិព្រះពុទ្ធសាសនាច្រើនជាងជនជាតិដើមភាគតិចដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសហគមន៍ព្នង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង មួយចំនួន មានវត្តព្រះពុទ្ធសាសនា និងកូនចៅអ្នកភូមិ បានបួសជាព្រះសង្ឃដែរ។ ដោយសារតែការអភិវឌ្ឍនាសម័យនេះ ធ្វើឲ្យពួកគាត់បាត់បង់ភូមិឋានជាលក្ខណៈប្រពៃណីដើមរបស់ពួកគាត់ ហើយខ្លះបានមករស់នៅលាយឡំនឹងភូមិពលរដ្ឋខ្មែរទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។