សិប្បករ​ចម្លាក់​ថ្ម​នៅ​ស្រុក​សន្ទុក​តាំង​ចិត្ត​បន្ត​ឆ្លាក់​ថ្ម​ដោយ​ដៃ ដើម្បី​រក្សា​ក្បួន​ខ្នាត និង​រចនាបថ​ដូនតា

0:00 / 0:00

ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្មក្នុង​ឃុំ​កកោះស្រុក​សន្ទុកលើក​ឡើង​ថា បើ​ទោះបីជា​ប្រឈម​នឹង​ការ​កុម្ម៉ង់​ទិញ​តិច​តួច​ក្ដីក៏​ពួកគេ​នៅ​តែ​បន្ត​អាជីវកម្ម​ចម្លាក់​ថ្ម​ដោយដៃ ដើម្បី​អភិរក្ស​មរតក​វប្បធម៌​ដូនតា។មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថាដើម្បី​បង្កើន​ការងារ​ក្នុង​ស្រុកនិង​ថែ​រក្សា​ក្បួន​ខ្នាត​ចម្លាក់​ថ្ម​ខ្មែររដ្ឋាភិបាល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​បរទេសប្រកប​អាជីវកម្ម​ចម្លាក់​ថ្ម​នោះ​ឡើយ។

បើ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុងស្ទឹងសែននៃ​ខេត្តកំពង់ធំសំដៅ​ទៅ​ក្រុងភ្នំពេញតាម​ដង​ផ្លូវ​ជាតិ​លេខ៦ប្រមាណ​១០គីឡូម៉ែត្រអ្នក​ធ្វើ​ដំណើរ​នឹង​បាន​ឃើញ​រូប​ចម្លាក់​ពុទ្ធបដិមានិង​រូប​ចម្លាក់​ផលិត​ចេញ​ពី​ថ្មភក់និង​ថ្មកែវ​ផ្សេងៗ​រាប់​ពាន់​រូប​ដាក់​តម្រៀប​លក់។ក្រៅ​ពី​ឃើញ​មាន​ជាង​កំពុង​ឆាប ដាប់ ចម្លាក់​ថ្ម​ហើយគេ​ក៏​ឧស្សាហ៍​ឃើញ​មាន​អតិថិជន​រក​ទិញ​រូប​ចម្លាក់​ថ្ម​បន្តបន្ទាប់​គ្នា​មិន​ដាច់​នោះ​ដែរ។

កំពុង​រំលីង​រូប​ចម្លាក់​ពុទ្ធបដិមាម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​ម្នាក់នៅ​ភូមិ​សំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ គឺលោក ឯម រីផុន ឆ្លៀត​ប្រាប់​វិទ្យុអាស៊ីសេរី​ថាដោយសារ​តែ​មិន​សូវ​មាន​ការ​កុម្ម៉ង់​ទិញគ្រួសារ​របស់​លោក​អាច​រក​ប្រាក់​ចំណូល​បាន​ត្រឹម​តែ​ប្រមាណ​៥០ភាគរយ​ប៉ុណ្ណោះប្រៀបធៀប​ជាមួយ​ការ​លក់​មុន​ពេល​បោះឆ្នោត​ឆ្នាំ២០២៣។លោក​បន្ត​ថាបើ​ទោះបីជា​ប្រឈម​នឹង​ការ​បាត់បង់​ប្រាក់​ចំណូល​យ៉ាងណា​ក្ដីក៏​លោក​នៅ​តែ​ចង់​បន្ត​អាជីវកម្ម​ចម្លាក់​ថ្មព្រោះ​លោក​យល់​ថាការ​ឆ្លាក់​ថ្ម​តាម​ក្បួន​ខ្នាត​ខ្មែរ​ត្រឹមត្រូវ​ពី​ដូនតាមិន​ត្រឹមតែ​អាច​រក​ចំណូល​ដល់​គ្រួសារ​លោក​តែ​ប៉ុណ្ណោះ​ទេតែ​ថែម​ទាំង​អាច​ថែ​រក្សា​កេរ្តិ៍​ដំណែល​ពី​បុព្វបុរស​ខ្មែរ​ទៀត​ផង។

លោក ឯម រីផុន៖ «នៅ​ក្នុង​ទឹក​ដៃ​ផ្នែក​សិល្បៈ​នេះ ខ្ញុំ​ចង់​និយាយ​ថា យើង​ចង់​លើក​ស្ទួយ​វប្បធម៌​សិល្បៈ​យើង​ផង ដូចជា​ចម្លាក់​ហ្នឹង វប្បធម៌​ស្នាដៃ​ខ្មែរ​យើង ឱ្យ​មាន​តទៅ​ទៀត ព្រោះ​ថា​របស់​នេះ​យើង​អាច​ថែរក្សា គង់វង្ស​បាន​យូរ ថិតថេរ អាច​ទុក​ជា​វត្ថុ​បុរាណ​បាន»។

ក្រៅ​ពី​ផលិត​រូប​ចម្លាក់​បដិមា​ព្រះពុទ្ធនិង​រូប​បុព្វបុរស​ល្បីៗ​ដូចជា​ព្រះបាទជ័យវរ្ម័នទី៧សម្ដេច​សង្ឃរាជ ជួន ណាត អ្នក​ភិរម្យ​ភាសា អ៊ុក អ៊ូ ហៅ ង៉ុយ រូប​ចម្លាក់​ក្បាច់​បុរាណ​ខ្មែរនិង​សត្វ​ផ្សេងៗ​ហើយ​នោះម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​នៅ​ភូមិ​កកោះ​អះអាង​ថាពួកគាត់​ក៏​អាច​ឆ្លាក់​រូប​សំណាក​ផ្សេងៗបាន​គ្រប់​ទម្រង់​តាម​តម្រូវ​ការ​របស់​អតិថិជន​ទៀត​ផង។

ក្រឡេក​មើល​ដំណើរ​ការ​ឆ្លាក់​ថ្ម​វិញម្ចាស់​សិប្បករ​ចម្លាក់​ថ្ម​ដែល​មាន​កូន​ជាង​ប្រមាណ​៣០នាក់ លោក អ៊ុន ធីន ថ្លែងថា ដើម្បី​អាច​ផលិត​បាន​ជា​ចម្លាក់​ថ្មគេ​ត្រូវ​ឆ្លង​កាត់​ដំណាក់​ការ​កែច្នៃ​ថ្ម​ជា​៤ដំណាក់​កាល។ដំណាក់​កាល​ទី១ជាង​ឆ្លាក់​ត្រូវ​ច្រោះ​ថ្ម​កម្រោល​ឱ្យ​ចេញ​ជា​ជ្រុងតាម​រូប​រាង​ចម្លាក់​ដែល​ចង់​បានដោយ​រំលេច​ចេញ​ជា​ស្មា កន្លាក់ដៃ ជើង ផ្ទៃមុខ ជាដើម។ ដំណាក់​កាល​ទី២ជាង​ត្រូវ​ពិនិត្យ​មើល​រូប​ចម្លាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាតរួច​ទើប​លុប​ជ្រុង​ដែល​បាន​ឆ្លាក់​ជា​៦ជ្រុងឱ្យ​ចេញ​ជា​រៀង​មូល។ដំណាក់​កាល​ទី៣ជាង​ឆ្លាក់​ត្រូវ​រំលីងបញ្ចេញ​ក្បាច់​ចម្លាក់ ផ្ទៃមុខ ឱ្យ​បាន​សម​រូប​សម​រាងនិង​ដំណាក់កាល​ចុងក្រោយគឺ​ជាង​ត្រូវ​ខាត់កែ​កុន​ផ្ទៃ​មុខនិង​សម្អាត​រូប​ចម្លាក់​ឱ្យ​បាន​ស្អាត​ល្អមុន​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ។លោក​បន្ត​ថាបើ​ទោះបីជា​ការ​ឆ្លាក់​បច្ចុប្បន្ន​មាន​ការ​ប្រើប្រាស់​ម៉ូទ័រ​ឆាប រំលីង និង​ខាត់​ក្ដីក៏​ជាង​ចម្លាក់​នៅ​តែ​ត្រូវ​មាន​ចិត្ត​អំណត់​ខ្ពស់ទ្រាំ​នឹង​ការ​ហុយ​ពី​កម្ទេច​ថ្មទើប​អាច​ផលិត​រូប​ចម្លាក់​ដែល​រស់​រវើកនិង​រក្សា​ទម្រង់​ដើម​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ។

លោក អ៊ុន ធីន៖ «អ្នក​ដែល​គេ​ស្រលាញ់​ទឹក​ដៃ​ខ្មែរ ទឹក​ដៃ​បរទេស​គេ​បែង​ចែក​ច្បាស់​លាស់ គេ​បែងចែក​ដាច់​ពី​ការ​ធ្វើ​ដោយ​ដៃ ការ​ធ្វើ​ដោយ​ម៉ាស៊ីន អ៊ីចឹង​មាន​ភ្ញៀវ​មួយ​ចំនួន​គេ​លើក​តម្កើង​ទឹក​ដៃ​ខ្មែរ ដល់​ពេល​អ៊ីចឹង​ទោះបី​ចម្លាក់​ម៉ាស៊ីន​ស្អាត​ប៉ុណ្ណា ក៏​គេ​អត់​ចាប់​អារម្មណ៍​ដែរ»។

ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​ម្នាក់​ទៀតដែល​មាន​បទពិសោធន៍​ឆ្លាក់​ជិត​៣០ឆ្នាំ គឺ​លោក ទេព ធាន បញ្ជាក់​ថាកូន​ជាង​ដែល​ចាប់​ផ្ដើម​រៀន​ឆ្លាក់​ថ្ម​អាច​ទទួល​ប្រាក់​ខែ​ចាប់​ពី​៦០ម៉ឺនរៀលទៅ​ដល់​៨០ម៉ឺនខណៈ​ជាង​ដែល​មាន​ទឹក​ដៃ​ល្អអាច​ទទួល​ប្រាក់​ឈ្នួល​រហូត​ដល់ ១០ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​យ៉ាងណាលោក​អះអាង​ថាដោយសារ​តែ​ការងារ​ឆ្លាក់​ថ្ម​លំបាកនិង​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ដូច្នេះ​មាន​សិស្ស​រៀន​ឆ្លាក់​ថ្ម​មិន​ដល់ ៥០ភាគរយ​នោះ​ទេដែល​អាច​បន្ត​ចាប់​អាជីព​ជា​ជាង​ចម្លាក់​ថ្ម​បាន។

លោក ទេព ធាន៖ «ជាង​ចម្លាក់​នេះ​លំបាក​មែនទែន បាន​ថា​លំបាក​មែនទែន ទីមួយ​ដូច​ថា យើង​ឆ្លាក់​អ៊ីចឹង យើង​ឆ្លាក់​ទៅ​ជួន​កាល​វា​ហុយ ធ្វើ​ទៅ​វា​ប៉ះពាល់​ដល់​សុខភាព​យើង ជួន​កាល​វា​ដាច់​ផ្លែ​ម៉ូទ័រ​ចំ​ជើង ចំ​ដៃ វា​មាន​គ្រោះថ្នាក់​ច្រើន​បើ​យើង​មិន​សូវ​ជា​ប្រយ័ត្ន»។

ខុស​ពី​ផលិតផល​សិល្បៈ​ទម្រង់​ផ្សេងៗបើ​ទោះបីជា​ជាង​ចម្លាក់​ខ្មែរ​មាន​ទឹក​ដៃ​ល្អនិង​ផ្ចិតផ្ចង់​យ៉ាង​ណា​ក្ដីក៏​ជាង​ចម្លាក់​ថ្ម​មិន​អាច​ឆ្លាក់​ផ្ទៃ​សាច់​ថ្ម​ឱ្យ​បាន​រលោង​ស្អាតដូច​ផលិតផល​ចម្លាក់​ថ្មឆ្លាក់​តាម​ម៉ាស៊ីន​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ដែរ។

ឆ្លាក់.jpg
ជាងចម្លាក់​ថ្ម​ម្នាក់​កំពុង​ឆ្លាក់​អក្សរ នៅ​ក្នុង​សិប្បកម្មមួយកន្លែង ស្តិត​នៅ​ភូមិ​សំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ម្ចាស់​សិប្បករ​ចម្លាក់​ថ្ម​មួយ​ចំនួន​ព្រួយ​បារម្ភ​ថាចម្លាក់​ថ្ម​ដោយ​ម៉ាស៊ីន​របស់​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិននិង​វៀតណាមអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ចម្លាក់​ថ្ម​ខ្មែរ​ក្នុង​ពេល​អនាគត។

ទោះ​ជា​យ៉ាង​នេះ​ក្ដីអ្នក​ជាវ​ចម្លាក់​ថ្មមក​ពី​ស្រុក​ពួកខេត្ត​សៀមរាបដែល​មាន​អាយុ​ប្រមាណ​៧០ឆ្នាំ លោកស្រី ឯក សាលួន លើក​ឡើង​ថាមូលហេតុ​ដែល​លោក​ស្រីនិង​ពុទ្ធបរិស័ទ​ផ្សេងៗ​នាំ​គ្នា​ទិញ​រូប​ចម្លាក់​ថ្មនៅ​ភូមិ​សំណាក់គឺ​ដោយសារ​តែ​រូប​ចម្លាក់​ដែល​ឆ្លាក់​ដោយ​ទឹក​ដៃ​ជាង​ខ្មែរមាន​រូបរាង​សមសួននិង​រស់​រវើក​ទៅ​តាម​រចនាបថ​ខ្មែរ។

លោកស្រី ឯក សាលួន៖ «គុណភាព​គាត់​ល្អ​មែន ហើយ​តម្លៃ​គាត់​សមរម្យ​ដែល​យើង​អាច​ទទួល​យក​បាន ហើយ​មិន​មែន​តែ​តម្លៃ​សមរម្យ​ហើយ​របស់​អត់​ល្អ​ទេ របស់​គាត់​ល្អ»។

ជុំវិញ​រឿង​នេះមេឃុំ​កកោះស្រុក​សន្ទុក លោក ចាប ធីន លើក​ឡើង​ថាប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សំណាក់​ប្រមាណ​៥០គ្រួសារប្រកប​មុខរបរ​សិប្បកម្ម​ចម្លាក់​ថ្មដោយ​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​២រយនាក់មក​ពី​ភូមិ​ផ្សេងៗ​ក្នុង​ឃុំ​កកោះ។លោក​អះអាង​ថាចម្លាក់​ថ្ម​ភូមិ​សំណាក់មិន​ត្រឹម​តែ​លក់​នៅ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​ទេថែម​ទាំង​លក់​ទៅ​ក្រៅ​ប្រទេសដូច​ជា​សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី និង​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ។ លោក ចាប ធីន បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ចម្លាក់​ថ្ម​ភូមិ​សំណាក់ទទួល​បាន​ការ​គាំទ្រ​ច្រើនគឺ​ដោយសារ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈតែង​ដឹកនាំ​គ្រូ​ចម្លាក់​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈហៅ​សាលា​រចនាមក​បង្រៀន​អំពី​ក្បួន​ខ្នាត​នៃ​ការ​ឆ្លាក់​ថ្មដល់​ជាង​ចម្លាក់​ក្នុង​ភូមិ​សំណាក់​ដោយ​ផ្ទាល់ជា​រៀង​រាល់​ឆ្នាំ។

លោក ចាប ធីន៖ «មន្ទីរ​វប្បធម៌​បាន​យក​គ្រូ​ជំនាញៗ​ពី​សាលា​វិចិត្រ​សិល្បៈ​មក​បង្រៀន​ដល់​ទី​កន្លែង​ផ្ទាល់ នៅ​ក្នុង​ភូមិ​សំណាក់​នេះ​ផ្ទាល់​តែ​ម្ដង​បាន​ច្រើន អ៊ីចឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ហ្នឹង​កាន់​តែ​មាន​ជំនាញ​គ្រប់​សព្វ​របស់​គាត់ ហើយ​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​នៃ​វប្បធម៌​របស់​ខ្មែរ​យើង​មិន​ឱ្យ​ខុស»។

ជុំវិញ​រឿង​នេះប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍនិង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថាសិប្បកម្ម​ចម្លាក់​ថ្មមិន​ត្រឹម​តែ​អាច​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ទេតែ​ក៏​ថែម​ទាំង​ជួយ​អភិរក្ស​វប្បធម៌​ខ្មែរដែល​ជា​កេរមរតក​ពី​បុព្វបុរស​ខ្មែរ​បាន​ទៀត​ផង។

លោក យង់ គិមអេង៖ «ដែល​ទាក់ទង​ជាមួយ​តម្លៃ​វប្បធម៌​ហ្នឹង ជា​ទូទៅ​គេ​មិន​សូវ​ឱ្យ​បរទេស​មក​រកស៊ី​របរ​បែប​ហ្នឹង​ទេ ពី​ព្រោះ​អាច​ធ្វើ​ឱ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​ដើម​ពិត​ប្រាកដ អាច​ធ្វើ​ឱ្យ​វា​ក្លាយ បាត់បង់​នូវ​តម្លៃ​ដើម​របស់​វា អ៊ីចឹង​បាន​ជា​ដូច​នៅ​ថៃ នៅ​អី បាន​គេ​មិន​ឱ្យ​បរទេស​រកស៊ី​បែប​ហ្នឹង​គឺ​ដោយសារ​គេ​បារម្ភ​អ៊ីចឹង​ដែរ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទងអ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេនៅ​ថ្ងៃ​ទី​១៩ខែ​ឧសភា។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថារដ្ឋាភិបាល​គួរ​ទប់ស្កាត់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​អាជីវកម្មទៅ​ដល់​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ម៉ាស៊ីន​ឆ្លាក់​ថ្មព្រោះ​បើ​ទោះបីជា​ផលិតផល​ចម្លាក់​ថ្ម​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ទាំង​នោះស្អាត​វិចិត្រ​យ៉ាង​ណា​ក្ដីក៏​មិន​មាន​តម្លៃ​ជា​ស្នាដៃ​ខ្មែរ​នោះ​ឡើយ។ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្មបញ្ជាក់​គោល​ជំហរ​ថាដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​មោទនភាព​ចំពោះ​ចម្លាក់​ខ្មែរដូច​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​មាន​មោទនភាព​ចំពោះ​ស្ថាបត្យកម្ម​បុព្វបុរស​ខ្មែរ​ពី​បុរាណពួកគេ​នឹង​នៅ​តែ​រក្សា​អាជីវកម្ម​ចម្លាក់​ថ្ម​ដោយ​ដៃតាម​ក្បួន​ខ្នាតនិង​រចនាបថ​ខ្មែរ​ឱ្យ​បាន​គង់​វង្សដោយ​មិន​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​ឱ្យ​ឆ្លាក់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។