មកដល់បច្ចុប្បន្ន ពិធីកាត់សក់បង្កក់ឆ្មប គេឃើញកំពុងតែឈានទៅរកការបាត់ឈ្មោះជាបណ្ដើរៗហើយ។ តើបញ្ហានេះបណ្ដាលមកពីហេតុអ្វី ហើយក្រុមអ្នកអភិរក្សវប្បធម៌មានវិធានការយ៉ាងណាខ្លះដើម្បីរក្សាទំនៀមទម្លាប់មួយនេះ?
នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរពីបុរាណ តែកាលណាទារកកើតមកបានរវាង ៧ថ្ងៃ ឬកន្លះខែ ឬក៏មួយខែគេតែងតែរៀបចំធ្វើពិធីមួយហៅថា «កាត់សក់ បង្កក់ឆ្មប» ដើម្បីជួយប្រោះព្រំផ្ដល់ពរជ័យសិរីសួស្ដីដល់ទារកដែលបានមកកើតមានជីវិតថ្មីនៅក្នុងត្រកូលគ្រួសារម្នាក់ៗ។
ម្យ៉ាងទៀត កាត់សក់បង្កក់ឆ្មប គឺជាពិធីមួយដែលចាស់ទុំខ្មែរក្នុងសម័យមុនលោកបានឲ្យអត្ថន័យជាសំខាន់ទៅលើការប្រសិទ្ធិនាម ឬដាក់ឈ្មោះឲ្យដល់កូនខ្ចី ឬទារកដែលទើបតែកើតនោះ ពីព្រោះគេមានជំនឿថា ឈ្មោះគឺជាតំណាងឲ្យគោត្រត្រកូល ឬវង្សត្រកូល ហើយនិងក៏ជាការកំណត់ដល់ជោគវាសនា អនាគតរបស់កូនតូចនោះ។ ប្រសិនបើគេដាក់ឈ្មោះ ឬផ្ដល់នាមឲ្យមិនត្រឹមត្រូវតាមក្បួនតម្រា គឺនាំឲ្យកូនតូចនោះដល់ពេលធំឡើងអាចនឹងមានបញ្ហាផ្សេងៗ។ ប៉ុន្តែបើគេដាក់ឈ្មោះតាមក្បួនតម្រាល្អត្រឹមត្រូវ ពេលនោះគេរំពឹងថា ដល់ថ្ងៃក្រោយកូនតូចនោះនឹងក្លាយទៅជាមនុស្សមានវាសនាល្អ។
នៅក្នុងពេលដែលគេប្រសិទ្ធិនាមផ្ដល់ពរជ័យដល់ទារក ពេលនោះគឺគេរៀបចំពិធីកាត់សក់ទារកជាមុនសិន ពីព្រោះគេយល់ថា សក់ដែលទើបនឹងកើតនោះគឺជាសក់ព្រៃមិនល្អ។
អ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ បានមានប្រសាសន៍បញ្ជាក់ថា ជំនឿកាត់សក់ព្រៃរបស់ទារកនេះ គឺដូនតាលោកប្រៀបប្រដូចថា ជាមនុស្សព្រៃមិនសូវដឹងខុសត្រូវ ដូច្នេះគប្បីកាត់កោរចេញទើបអាចជាមនុស្សជានា និងមានមង្គលសិរីសួស្ដី៖ «កាត់សក់ហ្នឹងគឺគេកាត់នៅកន្លែងកំប៉ោយបន្តិចហ្នឹង ហើយគេដាក់កន្ទោង ដាក់បង្អែមចម្អាបទៅ ហើយយកទៅដាក់មុខផ្ទះ ដើម្បីប្រកាសជម្រាបជូនម្ចាស់ទឹក ម្ចាស់ដីហ្នឹងឲ្យដឹងពីបញ្ហាដែលថា មានមនុស្សថ្មីទៀតមកនៅហើយ ហើយបានកាត់សក់ចេញហ្នឹងគឺជាសក់ព្រៃ»។
ចំពោះពាក្យថា បង្កក់ឆ្មប គឺចាស់ទុំខ្មែរលោកដៅជាសំខាន់ទៅលើការគោរពដឹងគុណឆ្មបដែលបានជួយសង្គ្រោះដល់ម្ដាយ និងទារកឲ្យបានសម្រាល ឬឲ្យបានឆ្លងទន្លេរួចរស់រានមានជីវិត។
ការគោរពដឹងគុណឆ្មបនាសម័យនោះ ក្រៅពីគេនាំគ្នាសំដែងទឹកចិត្តគោរពដឹងគុណគឺ មាតាបិតា ឬក្រុមគ្រួសាររបស់ទារកបានរៀបចំគ្រឿងរណ្ដាប់ផ្សេងៗដើម្បីជូនឆ្មបដូចជា ស្រូវ អង្ករ ម្ហូបអាហារ សំពត់ ឬខោអាវ និងប្រាក់កាសជាដើម។
អ្នកស្រីបណ្ឌិត កែវ ណារុំ បានមានប្រសាសន៍ថា ដូនតាខ្មែរនាសម័យបុរាណលោកបានធ្វើពិធីកម្មគោរពដឹងគុណចំពោះឆ្មប ឬហៅថា កាត់សក់បង្កក់ឆ្មប នោះគឺ ដើម្បីផ្សារភ្ជាប់នូវភាពជិតស្និទ្ធ ឬជួយបណ្ដុះគំនិតអប់រំដល់ឪពុកម្ដាយទារក ឲ្យមានកតញ្ញុតាធម៌ចំពោះអ្នកដែលបានធ្វើអំពើល្អ និងសង្គ្រោះអាយុជីវិតខ្លួន។
អ្នកស្រីបណ្ឌិត កែវ ណារុំ៖ «ចំពោះឆ្មបដែលមានគុណត្រង់ថា ជួយបង្កើតឲ្យរស់រានមានជីវិតហើយ ហើយនិងលោកប្រឡាក់ប្រឡូសដៃសុទ្ធតែឈាមអីដែលកើតមកហើយហ្នឹងលោកមិនមានការខ្ពើមរអើម គឺថាធ្វើពេញដៃធ្វើម៉េចឲ្យជីវិតអ្នកទាំងពីរហ្នឹងរស់ ដូច្នេះគេក៏ធ្វើបង្កក់ឆ្មបដើម្បីអរគុណ និងសុំខមាទោស។ ក្នុងការអរគុណហ្នឹងមិនមែនមានតែម្ដាយ គឺឪពុកចូលមកលើករណ្ដាប់ចំពោះឆ្មបហើយ»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរបានឲ្យដឹងទាក់ទងនិងពិធីកាត់សក់បង្កក់ឆ្មបនេះថា គឺជាទំនៀមទម្លាប់ដែលខ្មែរបានទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ ឬព្រហ្មញ្ញសាសនានៃប្រទេសឥណ្ឌា ដែលគេហៅថា «នាមគ្គហណមង្គល» ឬមង្គលទី១ របស់ទារកដែលត្រូវបានគេបង្កក់ប្រសិទ្ធិនាម ឬដាក់ឈ្មោះឲ្យ និងទទួលស្គាល់ថាជាមនុស្សថ្មី សមាជិកថ្មីក្នុងគ្រួសារ។
អ្នកសិក្សាស្រាវជ្រាវដដែលបានបញ្ជាក់ទៀតថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរពីបុរាណដែលទទួលឥទ្ធិពលពីព្រហ្មញ្ញសាសនា ហើយដូនតាខ្មែរលោកយកមកឆ្នៃឲ្យទៅជារបស់ខ្មែរស្ដីពីមង្គល ប្រចាំជីវិតមនុស្សមាន ៤យ៉ាងគឺ មង្គលទី១ កាត់សក់បង្កក់ឆ្មប «នាមគ្គហណមង្គល» ឬការផ្ដល់នាម មង្គលទី២ គឺ «ជដាមង្គល » ឬកោរជុក គឺកោរសក់កំប៉ោយ។ ចំណែកមង្គលទី៣ គឺរៀបមង្គលការ ឬ រៀបអាពាហ៍ពិពាហ៍ និងមង្គលទី៤ គឺ «គេហមង្គល » ឬមង្គលឡើងផ្ទះថ្មីក្រោយពីរៀបអាពាហ៍ពិពាហ៍រួច។
ចំពោះពិធី ឬមង្គលទាំងទាំង៤យ៉ាង សម្រាប់ពេលបច្ចុប្បន្នគេឃើញនៅមានធ្វើច្រើនតែពិធីរៀបមង្គលការ និងឡើងផ្ទះ។ ប៉ុន្តែសម្រាប់ពិធីកាត់សក់បង្កក់ឆ្មប គឺឃើញមានធ្វើបន្តិចបន្តួចនៅតាមតំបន់ខ្លះ។
លោក គង់ សុខ ជាអាចារ្យមួយរូបនៅខេត្តកណ្ដាល បានមានប្រសាសន៍ថា កាលពីសម័យមុននៅភូមិស្រុករបស់លោក គឺមានអ្នកនិយមធ្វើពិធីកាត់សក់បង្កក់ឆ្មប និងកោរជុក។ ប៉ុន្តែមកដល់សព្វថ្ងៃនេះមិនសូវឃើញមានអ្នកធ្វើទៀតទេ គឺឃើញមានតែយុវវ័យមួយចំនួនគេនាំគ្នាធ្វើពិធីខួបកំណើតទៅតាមសម័យវិទ្យាសាស្ត្រទំនើបដូចជា កាត់នំ ផ្លុំពន្លត់ទៀនហើយច្រៀងរាំសប្បាយទៅវិញ។
លោក គង់ សុខ៖ «អាហ្នឹងគេធ្វើហ្នឹងដើម្បីជាមិត្តភាពរបស់ក្មេងៗគ្នាគេហ្នឹងទៅមានបច្ច័យលុយកាក់ គឺធ្វើអីដើម្បីរាប់មិត្ត។ ឥឡូវគេគិតធ្វើអ៊ីចឹងទេ បើតាមមើលតាមប្រពៃណីពីដើមមកអត់មាន ហើយដល់ថា បើគេកោរជុកកោរអី យើងកោរជុកមែន ប៉ុន្តែយើងមានបាយស្ពកសម្លស្ពកអ៊ីចឹងទៅ ហៅចាស់ៗ ពីរបីនាក់មកអ៊ីចឹងមកយើងមានហូបមានអី។ ជួនណាខ្លះរហូតដល់មាននិមន្តព្រះសង្ឃមក ធ្វើជាសង្ឃទានទៀតផងក៏មានដែរ ផ្នែកកាលពីជំនាន់មុន»។
ការចម្លងវប្បធម៌បរទេស ហើយមិនសូវមានអ្នកនិយមធ្វើពិធីតាមទម្លាប់ប្រពៃណីជាតិដូចជា កាត់នំ សម្រាប់ខួបកំណើតជំនួសឲ្យពិធីកាត់សក់បង្កក់ឆ្មប ឬកោរជុកជាដើមនោះ បានធ្វើឲ្យអ្នកអភិរក្សវប្បធម៌សំដែងក្ដីបារម្ភថា ជាសញ្ញាបញ្ជាក់នូវភាពបាត់បង់ទំនៀមទម្លាប់ជាតិមួយនេះជាបណ្ដើរៗ។
អ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ បានមានប្រសាសន៍ថា ជាការពិបាកក្នុងការឃុំគ្រងនូវទំនៀមទម្លាប់បុរាណ ពីព្រោះមនុស្សសម័យថ្មីភាគច្រើនគេចូលចិត្តនូវអ្វីដែលថ្មី និងទំនើប។
អ្នកស្រីបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ខ្មែរគួរជួយខ្លួនឯងនាំគ្នារក្សាទុកដូចជា ពិធីកាត់សក់បង្កក់ឆ្មបនេះជាដើម ដែលយ៉ាងហោចណាស់គេគប្បីធ្វើខ្លះដើម្បីជាការរំឭកដល់គុណឪពុកម្ដាយដែលបានប្រឹងជម្នះឧបសគ្គផ្សេងៗក្នុងការបីបាច់បុត្រធីតា៖ «ម្ដាយដែលថ្ងៃហ្នឹងដែលម្ដាយពិបាកយ៉ាងម៉េចខ្លះ។ ដូច្នេះកូនក៏ត្រូវស្វែងយល់ពីការលំបាកពីការដឹងគុណចំពោះឪពុកម្ដាយ»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ជាតិបានបញ្ជាក់ទៀតថា ការរក្សាទុកនូវវប្បធម៌ទំនៀមទម្លាប់ជាតិដូចជា ពិធីកាត់សក់បង្កក់ឆ្មបជាដើម គឺជាកាតព្វកិច្ចខ្មែរទាំងអស់គ្នា ថ្វីបើសម័យនេះជាសម័យជឿនលឿន គេទៅសម្រាលកូននៅមន្ទីរពេទ្យយ៉ាងណាក្ដី។ ប៉ុន្តែការគោរពដឹងគុណមាតាបិតា និងគោរពគុណឆ្មបដែលបានជួយសម្រាលបុត្រធីតាឲ្យរស់រានមានជីវិត គឺនៅតែជាគុណតម្លៃមួយខ្ពស់ដ៏ចម្បង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។