អ្នកឃ្លាំមើលលើកឡើងថា ក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈម នឹងការប្រកាសក្ស័យធន រួចប្ដូរម្ចាស់ថ្មី បន្ទាប់ពីមានលោកឧកញ៉ាម្នាក់ប្រកាសទិញគម្រោងផ្ទះអតិថិជនក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងតម្លៃតែពាក់កណ្ដាលនៃតម្លៃដើមរបស់អតិថិជន។
ជុំវិញរឿងនេះ បុគ្គលិកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា សុំមិនធ្វើអត្ថាធិប្បាយដោយថា ខ្លួនមិនបានដឹងរឿងនេះដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣១ ធ្នូ ថា ឧកញ៉ា ហ៊ួត ជា ហ៊ានប្រកាសកាត់មុខអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយមិនទាន់មានកិច្ចព្រមព្រៀងរវាងគ្នាបែបនេះ លុះត្រាតែមានសញ្ញាពីអ្នកមានឥទ្ធិពលណាមួយ ពីព្រោះតាមច្បាប់ អតិថិជននិងក្រុមហ៊ុន ឡេង ណាវ៉ាត្រា នៅមានកិច្ចសន្យាមិនទាន់អនុវត្តចប់សព្វគ្រប់ជាមួយគ្នានៅឡើយ។
លោកថា មេដឹកនាំរដ្ឋាភិបាលគួរដោះស្រាយរឿងនេះឱ្យបានត្រឹមត្រូវ ជូនអតិថិជន ហើយចៀសវាងលេងល្បែងឱ្យក្រុមហ៊ុនបុរី ឡេងណាវ៉ាត្រា ប្រកាសក្ស័យធន ហើយមិនអើពើនឹងផលប្រយោជន៍របស់អតិថិជនរងគ្រោះ។
លោក ម៉ែន ណាត៖ «គេឱ្យ ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធនឆាប់ៗហើយមើលទៅ ហើយជំនួយអ្នកថ្មី ឡេង ណាវ៉ាត្រា កំពុងជាប់គាំងលើគម្រោងហ្នឹង ហើយកំពុងមានបញ្ហាច្រើន ឡេង ណាវ៉ាត្រា ដែលទាក់ទងជាមួយ ហ៊ុន ម៉ាណែត ហ្នឹង ហ៊ុន ម៉ាណែត មិនឱ្យលុយ មិនឱ្យអីបន្ថែមសម្រាប់ធ្វើបន្ទាប់ ពីគាត់ល្បីល្បាញខាងបោកគេលក់ដីខ្យល់ លក់អគារខ្យល់ហ្នឹង។ អ៊ីចឹងហើយមានតែគេដូរមនុស្សយកមកដាក់ជំនួស ដើម្បីកុំឱ្យវាអាក្រក់មើលពេក»។
កាលពីថ្ងៃទី២៧ ធ្នូ លោកឧកញ៉ា ហ៊ួត ជា បានសរសេរលើហ្វេសប៊ុករបស់ខ្លួន ដោយប្រកាសទិញផ្ទះគម្រោង ៦អា ពីអតិថិជនរបស់ក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា បើអតិថិជន ចង់លក់ ក្នុងតម្លៃពាក់កណ្ដាលនៃតម្លៃដើម។
ឧកញ៉ារូបនេះ មិនបានបញ្ជាក់ទេថា ការប្រកាសរបស់ខ្លួនមានការព្រមព្រៀងពី ក្រុមហ៊ុនបុរី ឡេងណាវ៉ាត្រា ហើយឬនៅ ដោយគ្រាន់តែប្រាប់ថា ខ្លួនជាអ្នកផ្គត់ផ្គង់ គ្រឿងសំណង់មួយចំនួនឱ្យបុរីឡេង ណាវ៉ាត្រា ហើយសរសេរសរសើរ គម្រោងផ្ទះ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ផង និងទទួលស្គាល់នូវការធ្លាក់ចុះចំណូល យ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់គម្រោងដ៏ធំនេះផង។
ឧកញ៉ា ហ៊ួត ជា លើកឡើងថា គម្រោងបុរី ឡេង ណាវ៉ាត្រា ៦អា មានទំហំជាង បួនរយហិកតារ(៤០០) និងប្រើទុនវិនិយោគសរុបជាង ប្រាំរយលានដុល្លារ(៥០០) ដែលត្រូវចំណាយលើការសាងសង់ចន្លោះពី ៥ លាន ទៅ ៧ លានដុល្លារ ក្នុងមួយខែ។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីឧកញ៉ា ហ៊ួត ជា បានទេនៅថ្ងៃទី៣១ ធ្នូ។
រីឯបុគ្គលិកក្រុមហ៊ុនបុរីឧកញ៉ា ឡេង ណាវ៉ាត្រា មួយរូបថ្លែងសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី៣១ ធ្នូ ថា គាត់មិនដឹងច្បាស់ ទាក់ទងនឹងរឿងនេះទេ។
បុគ្គលិក៖«..បុរីឡេង ណាវ៉ាត្រា សូមជម្រាបសួរ!ចាសបងខ្ញុំអត់ច្បាស់ព័ត៌មានដែរបង។ ព័ត៌មាននេះខ្ញុំអត់អាចបកស្រាយជូនបងបានទេ បងអធ្យាស្រ័យ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា វិស័យអចលនទ្រព្យបច្ចុប្បន្នមានភាពច្របូកច្របល់ ហើយភាគច្រើន ម្ចាស់បុរីមិនបានគោរពតាមកិច្ចសន្យា ដោយសំអាងលើការក្ស័យធន ក៏ធ្វើមិនដឹង មិនឮ មិនដោះស្រាយឱ្យបានសមរម្យជូនអតិថិជន។
លោកថា ករណីឧកញ៉ា ហ៊ួត ជា ប្រកាសទិញគម្រោងផ្ទះពីអតិថិជន បុរីក្រុមហ៊ុន ឧកញ៉ា ឡេង ណាវ៉ាត្រា អាចធ្វើទៅបាន ទាល់តែមានកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ ដោយមានការយល់ព្រមពីអតិថិជនដែរ។
លោក វណ្ណ សុផាត៖ «ប៉ុន្តែបើយើងនិយាយទៅតាមសមភាពវិញ ទៅតាមការអនុវត្តកាតព្វកិច្ចកិច្ចសន្យាវិញគឺថាក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវទទួលខុសត្រូវក្នុងការអនុវត្តទៅតាមកាតព្វកិច្ចកិច្ចសន្យាហើយប្រជាពលរដ្ឋលោកក៏មានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹង ដើម្បីឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ហ្នឹង ទទួលខុសត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន»។
លោក វណ្ណ សុផាត បន្ថែមថា ករណីក្រុមហ៊ុនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលខកខាន មិនបានសង់ផ្ទះជូនអតិថិជនតាមកិច្ចសន្យាបែបនេះ ក៏អាចមានវិធីដោះស្រាយតាមរយៈអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយចរចាសម្រួលដំឡើងតម្លៃសងអតិថិជនវិញ ឱ្យពួកគាត់ខាតបង់តិចតួចបំផុត។
លោកបញ្ជាក់ថា អាជ្ញាធរជាតិនេះ ពុំមានសមត្ថកិច្ចបង្ខំឱ្យអតិថិជនទទួលយកឡើយ តែត្រូវសម្របសម្រួលកុំឱ្យប៉ះពាល់ខ្លាំងដល់អតិថិជន តាមការយល់ព្រមរបស់អតិថិជន។
ក្នុងឆ្នាំ២០២៣ អតិថិជនទិញ ផ្ទះឧកញ៉ា ឡេង ណាវ៉ាត្រា ចេញតវ៉ាព្រោងព្រាតទទូចឱ្យរដ្ឋាភិបាល ជួយរកដំណោះស្រាយ ពីព្រោះក្រុមហ៊ុនបុរីមិនទាន់បានប្រគល់ផ្ទះ ឱ្យពួកគាត់ឡើយ បើទោះបីបានបង់ប្រាក់គ្រប់ចំនួនឱ្យក្រុមហ៊ុនអស់ហើយក៏ដោយ។
ជាឧទាហរណ៍ កាលពីថ្ងៃទី២៦ ធ្នូ អតិថិជនម្នាក់ឈ្មោះ ជុំ សូគ្រឺះ ដែលអះអាងថា បានទិញផ្ទះនៅបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា (6A) នៅផ្លូវជាតិលេខ៣ បានសរសេរលើហ្វេសប៊ុកថា ក្រុមហ៊ុនបុរីនេះ មិនបានធ្វើតាមគម្រោងរបស់ខ្លួនច្រើនណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។