មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងឈប់យកគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលអាចកែច្នៃបានទៅកំទេចចោលហើយ គឺមជ្ឈមណ្ឌលនឹងយកសំណល់ទាំងអស់នោះទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍លក់ឱ្យអ្នកទេសចរវិញ។ ការចាប់ផ្ដើមកែច្នៃសំណល់ជាតិផ្ទុះ ឱ្យទៅជាវត្ថុអនុស្សាវរីយ៍នេះ គឺមានការជួយបណ្ដុះបណ្ដាលជំនាញនិងបច្ចេកទេសពីអង្គការអនដឺរ៉ូត (On The Road) របស់ប្រទេសជប៉ុន។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ឱ្យដឹងថាអង្គភាពរបស់លោកកំពុងរៀបចំបង្កើតរោងជាង ដើម្បីកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ដែលបោសសំអាតបានពីតំបន់នានា ដែលមានជាតិប្លាស្ទិកនិងលោហៈធាតុ ឱ្យទៅជាវត្ថុអនុស្សាវរីយ៍ប្រើប្រាស់វិញ។
កែច្នៃសំណល់គ្រាប់ជាវត្ថុអនុស្សាវរីយ៍
លោកបន្តថា ចាប់ពីពេលនេះតទៅ សំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ដែលមានជាតិប្លាស្ទិក លោហៈធាតុ និងជាតិស្ពាន់ជាដើមនឹងលែងយកទៅកំទេចចោលដោយគ្មានប្រយោជន៍ទៀតហើយ។
លោក ហេង រតនា៖«ប្លាស្ទិកដែលយើងប្រមូលបានពីសំបកគ្រាប់មីនដែលយើងមិនកំទេចចោល ដែលវាអស់ជាតិផ្ទុះនោះ ខ្លះជាដែកនិងខ្លះជាស្ពាន់អាចយកមកស្លធ្វើជាបន្តោងខ្សែក ឬក៏ធ្វើជាចិញ្ចៀននិងធ្វើជាវត្ថុអនុស្សាវរីយ៍។ កន្លងមកយើងកំទេចចោលទាំងអស់ ប៉ុន្តែចាប់ពីពេលនេះយើងអាចយកវាមករំលាយស្លធ្វើជាវត្ថុអនុស្សាវរីយ៍វិញ»។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ On The Roadរបស់ជប៉ុនដើម្បីផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រលោហៈធាតុនៃយុទ្ធភណ្ឌសង្គ្រាមហើយកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍នេះ។
លោក ហេង រតនា បញ្ជាក់ទៀតថាការយកសំណល់គ្រាប់មីន យុទ្ធភណ្ឌសង្គ្រាមទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍លក់ឱ្យអ្នកទេសចរ គឺក្នុងបំណងចង់ប្រែក្លាយវត្ថុដែលធ្លាប់តែសម្លាប់មនុស្ស ឱ្យទៅជាវត្ថុដែលមនុស្សស្រឡាញ់ពេញចិត្តវិញ។ គោលដៅទី២ គឺមិនចង់កំទេចចោលដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយទីបីក៏ចង់ឱ្យវត្ថុអនុស្សាវរីយ៍ទាំងនោះ រំលឹកដល់មនុស្សគ្រប់រូបឱ្យនៅតែចងចាំពីការឈឺចាប់និងគ្រោះថ្នាក់ដោយសារគ្រាប់មីនដែរ។
ការកែច្នៃសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ធ្វើជាវត្ថុអនុស្សាវរីយ៍នេះ នឹងដាក់លក់នៅក្នុងទីផ្សារសារមន្ទីរមីនតេជោសន្តិភាព ដែលជាសារមន្ទីរមីនដ៏ធំជាងគេបំផុតរបស់ពិភពលោក ក្នុងខេត្តសៀមរាប។ មន្ត្រីស៊ីម៉ាក់ក៏រំពឹងថា គម្រោងកែច្នៃគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ឱ្យទៅជាវត្ថុអនុស្សាវរីយ៍នេះ ក៏នឹងជួយផ្ដល់ការងារឱ្យជនពិការដោយសារគ្រាប់មីនចំនួនជាង ៣០០នាក់ មានការងារធ្វើ និងមានកម្រៃប្រចាំថ្ងៃដែរ។
បង្កើតការងារដល់ជនពិការដោយសារគ្រាប់មីន
ប្រធានសមាគមជនពិការអង្គរ លោក សេម សុវន្ថា យល់ថា គម្រោងនេះ នឹងផ្ដល់ការងារជូនជនពិការដោយសារគ្រាប់មីន។ លោកថា ទាំងរូបលោកនិងជនពិការដោយសារគ្រាប់មីនជាច្រើនទៀត ក្នុងពេលបច្ចុប្បន្នគឺរស់នៅគ្មានការងារធ្វើត្រឹមត្រូវ និងគ្មានកម្រៃប្រចាំថ្ងៃសមរម្យទេ។
លោក សេម សុវន្ថា៖«ប្រសិនសារមន្ទីរមីនធំជាងគេបានបើកដំណើរការហើយផ្ដល់ឱកាសការងារឱ្យជនពិការដោយសារគ្រាប់មីន គឺដូចជាផ្ដល់ឱកាសឱ្យពួកយើងអាចរស់នៅ មានជីវិតប្រសើរឡើងវិញ។ ដូចរូបខ្ញុំអីគឺពិការដោយសារគ្រាប់មីនរយៈពេល៣៥ឆ្នាំមកហើយ រស់នៅប្រចាំថ្ងៃពិបាកណាស់។ សព្វថ្ងៃខ្ញុំខំធ្វើការរកស៊ីសម្រាប់ចិញ្ចឹមខ្លួនឯងផង និងបង្កើតការងារឱ្យជនពិការមួយចំនួនផ្សេងទៀតផង។ ដូច្នេះនៅពេលCMAC ជាមួយជប៉ុន បានរៀបចំកម្មវិធីកែច្នៃមីនធ្វើជាវត្ថុអនុស្សាវរីយ៍នេះឡើង គឺខ្ញុំត្រេកអរណាស់»។
អត្ថបទដែលទាក់ទង៖
[ ពលរដ្ឋខ្មែរនៅតែស្លាប់និងពិការដោយសារគ្រាប់មីនOpens in new window ]
ក្នុង១ឆ្នាំៗអ្នកជំនាញបានបោសសំអាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន សរុបប្រមាណជិត១០ម៉ឺនគ្រាប់។ គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមួយចំនួន ក្នុងចំណោមរកឃើញនោះ គឺអាចយកទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍បាន។
កាលពីឆ្នាំ២០២៤ គឺក្រុមអ្នកជំនាញបានរុករកឃើញនិងកំទេចចោលគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទចំនួនជាង ៩ម៉ឺន (៩៦,៣៧១) គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួនជាង ១ម៉ឺន (១៤,០០២) គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១៥៥គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង ៨ម៉ឺន (៨២,២១៤)គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។