ក្រុមអតិថិជនដែលអស់លទ្ធភាពបង់ប្រាក់បន្តទៅបុរីពិភពថ្មីលើកគ្នាចេញតវ៉ាជាថ្មី ស្នើម្ចាស់បុរីគោរពតាមគោលការណ៍ គឺការទទួលទិញផ្ទះក្នុងតម្លៃ ៥០% នៃទឹកប្រាក់ដែលក្រុមអតិថិជនបានបង់ ហើយបញ្ឈប់ការបង្ខំរឹបអូសយកផ្ទះវិញ។ ការចេញទាមទារជាថ្មីនេះ ស្របពេលមានអតិថិជនខ្លះ ដែលត្រូវបានបុរីរឹបអូសយកផ្ទះរួចហើយ ធ្លាក់ខ្លួនក្រីក្រ គ្មានប្រាក់ធ្វើដើមទុនរកស៊ី និងបង្ខំចិត្តទៅរស់នៅតាមបន្ទប់ជួល។
ក្រុមអតិថិជនបុរីពិភពថ្មីនៅក្នុងខណ្ឌកំបូលប្រមាណ ១០០ នាក់ ចេញតវ៉ាជាថ្មីនៅថ្ងៃទី ៣១ មករា បន្ទាប់ពីការតវ៉ា និងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល កន្លងមក ពុំឃើញមានតម្រុយដំណោះស្រាយអ្វី ផ្ទុយទៅវិញ ខាងម្ចាស់បុរី នៅតែបន្តចេញលិខិតព្រមានរឹបអូសយកផ្ទះពីពលរដ្ឋបន្ថែមទៀត។
ពួកគាត់បាននាំគ្នាឈរស្រែកតវ៉ានៅខាងមុខការិយាល័យលក់នៃក្រុមហ៊ុនបុរីពិភពថ្មី ដើម្បីឱ្យលោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីគោរពតាមគោលការណ៍ទិញផ្ទះត្រឡប់ទៅវិញក្នុងតម្លៃ ៥០% ដោយខ្លះកាន់បដានិងរូបថតក្រុមគ្រួសារត្រកូល «ហ៊ុន» រួមមានលោក ហ៊ុន សែន និងភរិយាលោកស្រី ប៊ុន រ៉ានី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយាលោកស្រី ពេជ ចន្ទមុន្នី។
លោកស្រី ខាន់ ច័ន្ទកក្កដា ដែលកំពុងប្រឈមទៅនឹងការព្រមានពីបុរីឱ្យរើចេញពីផ្ទះ ដោយសារលោកស្រីគ្មានលទ្ធភាពបង់ប្រាក់បន្តនោះ ប្រាប់វិទ្យុអាស៊ីសេរី នៅពេលកំពុងឈរពរកូនតូចតវ៉ានៅក្រោមពន្លឺថ្ងៃក្ដៅថា ការចេញតវ៉ាជាថ្មីនេះ ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្គាប់ឱ្យក្រុមពលរដ្ឋជាអតិថិជនរក្សាភាពស្ងៀមស្ងាត់ផ្អាកការចេញតវ៉ាមួយរយៈ ប៉ុន្តែខាងរដ្ឋាភិបាលមិនបានផ្ដល់ពន្លឺយុត្តិធម៌អ្វីឡើយ ពាក់ព័ន្ធនឹងការតវ៉ាកន្លងមករបស់ពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ខាងម្ចាស់បុរី បែរជាឱ្យមេធាវីចេញលិខិតបន្ថែមទៀត ឱ្យខាងអតិថិជនដែលគ្មានលទ្ធភាពបង់ប្រាក់បន្ត ត្រូវតែប្រគល់ផ្ទះឱ្យខាងបុរីវិញ។
លោកស្រី ខាន់ ច័ន្ទកក្កដា៖ «ជាក់ស្ដែងនេះ បុរីចេះតែចេញលិខិតទី១ ទី២ លិខិតពីមេធាវី ហើយបងប្អូន (អតិថិជន) ទាំងអស់គ្នា ជំពាក់បុរីលើសដើម។ ម្នាក់ ៦ ពាន់ ៧ ពាន់ ១ ម៉ឺនដុល្លារជាងជាដើម។ អ៊ីចឹង! សម្រាប់ពួកខ្ញុំជាជនរងគ្រោះ ខ្ញុំទទួលយកអត់បានទេ» ។
បន្ទាប់ពីនាំគ្នាឈរតវ៉ានៅខាងមុខការិយាល័យលក់បុរីពិភពថ្មីអស់មួយព្រឹក ក្រុមពលរដ្ឋនាំគ្នាដង្ហែក្បួនតវ៉ាដោយជិះម៉ូតូ ឆ្ពោះទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែត្រូវបានក្រុមសមត្ថកិច្ចនិងក្រុមសន្តិសុខខណ្ឌកំបូលប្រមាណ ៣០ នាក់ ចុះមករារាំង មិនអនុញ្ញាតឱ្យពួកគាត់នាំគ្នាដង្ហែក្បួនតវ៉ា ដោយមានលើកបដា និងកាន់រូបលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ឡើយ ក្រោមលេសថា ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់។
អតិថិជនបុរីពិភពថ្មីម្នាក់ទៀតលោក ឡាយ ពុទ្ធី លើកឡើងថា ប្រសិនបើការលើកគ្នាទៅតវ៉ាជាថ្មីនៅក្រសួងដែនដី នគរួបនីយកម្ម និងសំណង់ នៅតែគ្មានដំណោះស្រាយ ក្រុមពលរដ្ឋ មានតែនាំគ្នាទៅតវ៉ានៅផ្ទះលោក ហ៊ុន សែន តែម្ដង។
លោក ឡាយ ពុទ្ធី ថា៖ «អ៊ីចឹង! គោលដៅរបស់ពួកខ្ញុំ ប្រសិនបើទៅដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មហើយ ពួកខ្ញុំនៅតែអត់ទាន់បានទទួលដំណោះស្រាយទៀត។ ពួកខ្ញុំទាំងអស់គ្នា មានតែទៅដល់ផ្ទះសម្ដេចតេជោ ហ៊ុន សែន។ លោកជាបិតាសន្តិភាព ជាទេវតារបស់ពួកខ្ញុំ ដើម្បីសុំឱ្យលោកជួយ» ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយបំភ្លឺពីម្ចាស់បុរីពិភពថ្មីលោក ហុង ពីវ និងពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូត បានទេនៅថ្ងៃទី៣១មករា។ កាលពីខែមិថុនាឆ្នាំ២០២៣ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីធ្លាប់ស្នើឱ្យម្ចាស់បុរីយោគយល់បញ្ចៀសការរឹបអូសផ្ទះពីពលរដ្ឋដែលគ្មានលទ្ធភាពបង់ ដោយសារតែការរកប្រាក់ចំណូលរបស់ពួកគាត់ធ្លាក់ចុះ តាមរយៈការពន្យារពេលសង ឬកាត់បន្ថយទឹកប្រាក់ដែលត្រូវបង់ប្រចាំខែជាដើម។
មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ច នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ឃើញថា រដ្ឋាភិបាលគួរតែស្វែងរកយន្តការណាមួយ សម្របសម្រួលដោះស្រាយឱ្យអតិថិជន និងម្ចាស់បុរី អាចទទួលយកបានទាំងអស់គ្នា ដើម្បីកុំឱ្យវិបត្តិនេះ រីកកាន់តែធំនៅក្នុងសង្គម។
លោក វណ្ណ សូផាត ថា៖ «អាហ្នឹង មានតែប៉ុណ្ណឹងទេ បើថាមិនអ៊ីចឹងទេ បន្តិចទៀតទៅ វាកាន់តែមានបញ្ហារីករាលដាលធំទៅៗ វាធ្វើឱ្យអស្ថិរភាពសង្គម» ។
ការរឹបអូសផ្ទះពីខាងបុរីពិភពថ្មីនេះ បានធ្វើឱ្យអតិថិជនខ្លះធ្លាក់ខ្លួនក្រីក្រ។ លោកស្រី បាន សុផល អាយុ ៥៧ ឆ្នាំ លើកឡើងថា លោកស្រីធ្លាប់រស់នៅសុខស្រួល កាលនៅក្នុងបុរី ដោយសារកូនចៅនៅរកប្រាក់ចំណូលបាន តែងទំនុកបម្រុងឱ្យលោកស្រីដើរតែធ្វើបុណ្យតាមវត្តអារាម ប៉ុន្តែបច្ចុប្បន្ន គ្រួសារលោកស្រីកំពុងធ្លាក់ខ្លួនក្រីក្រស្ទើរដល់ចំណុចសូន្យ ចាប់តាំងពីខាងបុរីបង្ខំឱ្យក្រុមគ្រួសារលោកស្រីរើចេញតាំងពីថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២៣មក បន្ទាប់ពីអស់លទ្ធភាពបន្តបង់រំលស់បុរីពិភពថ្មី។
បច្ចុប្បន្ន លោកស្រី ធ្វើនំប៉័ងនិងចេកចៀនលក់នៅតាមមុខរោងចក្រ ដែលក្នុងមួយថ្ងៃលក់បានថវិកាប្រហែល ១០ ម៉ឺនរៀល ប៉ុន្តែបន្ទាប់ពីផាត់ចំណាយថ្លៃដើម នៅសល់ប្រាក់ចំណេញប្រហែល ២ ទៅ ២ ម៉ឺន ៥ ពាន់រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ហើយមានថ្ងៃខ្លះ លក់នំសល់ គឺមិនបានរួចថ្លៃដើមក៏មាន ដែលធ្វើឱ្យលោកស្រី ស្ទើររកលុយមិនគ្រប់សម្រាប់បង់ថ្លៃបន្ទប់ជួលក្នុងមួយខែ ៥០ ដុល្លារទៀតផង។ លោកស្រី រកបានប្រាក់បន្តិចបន្តួចនេះ សម្រាប់ចិញ្ចឹមចៅកំព្រាចំនួន ៤ នាក់ និងកូន ៣ នាក់ ក្នុងនោះកូនភ្លោះ ២ នាក់ ទើបប្រឡងឆ្លាក់បាក់ឌុប បន្ទាប់ពីលោកស្រីគ្មានលុយឱ្យកូនរៀនគួរ មុនពេលប្រឡង។
លោកស្រី បាន សុផល ថា៖ «ចុះមានអីទៀត អស់រលីងពីខ្លួន ស្អីក៏គ្មានៗ រស់បានន័យអី រាល់ថ្ងៃប្រាប់ត្រង់ កុំតែមានចៅ កុំអីទៅ (លោតទឹក)។ ខ្ញុំឆ្ងល់ខាងបុរី លោកឧកញ៉ា (ហុង ពីវ) គាត់ធ្វើបុណ្យដែរ មិនគួរណាគាត់ដាច់ចិត្ត» ។
លោកស្រី បាន សុផល លើកឡើងថា លោកស្រីបានទិញផ្ទះបង់រំលស់នៅបុរីពិភពថ្មី ក្នុងតម្លៃ ៥ ម៉ឺន ៨ ពាន់ដុល្លារ និងមុនពេលបុរីរឹបអូសផ្ទះទៅវិញ លោកស្រីបង់បាន ៣៤ ខែ ឬប្រហែល ៣ ម៉ឺនដុល្លារ។ លោកស្រីក៏ដូចពលរដ្ឋដទៃទៀតដែរ គឺទាមទារប្រាក់បង់ទាំងនោះមកវិញ ត្រឹម ៥០% ដើម្បីទិញដីសម្រាប់កសាងគ្រួសារឡើងវិញ ឬយកលុយទៅធ្វើដើមទុនរកស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។