ដំណាំស្រូវរបស់ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីរាប់ពាន់ហិកតារងាប់អស់ ដោយសារគ្មានទឹកស្រោចស្រព។ កសិករអះអាងថា បញ្ហានេះកើតឡើងដោយសារអាជ្ញាធរពាក់ព័ន្ធប្រកាន់បក្ខពួក និង មិនជួយអន្តរាគមន៍បើកទ្វារទឹកឱ្យបានទាន់ពេលវេលា។
ប្រជាកសិករនៅស្រុករុក្ខគិរី លើកឡើងថា ទឹកតាមដងអូរ និងស្ទឹងមានច្រើនអាចសង្គ្រោះដំណាំស្រូវរបស់ពួកគាត់បាន ក៏ប៉ុន្តែដោយសារអាជ្ញាធរដោះស្រាយប្រកាន់បក្ខពួក និងមិនអើពើជួយដល់ពួកគេទើបបណ្ដាលឱ្យស្រូវងាប់។
ប្រជាពលរដ្ឋនៅភូមិព្រះអណ្ដូង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី លោក ប៉ែន វណ្ណ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ មករា ថា ស្រូវប្រាំងរបស់លោកចំនួន ៥ហិកតារងាប់ទាំងអស់ ដោយសារគ្មានទឹកស្រោចស្រព។ លោកបញ្ជាក់ថា លោកនិងប្រជាកសិករក្នុងភូមិបានស្នើសុំបើកទ្វារបង្ហូរទឹកតាមរយៈមេភូមិ មេឃុំ អភិបាលស្រុករហូតដល់អាជ្ញាធរខេត្តបាត់ដំបងជាច្រើនលើកច្រើនសាមកហើយ ក៏ប៉ុន្តែគ្មានដំណោះស្រាយឡើយ។
លោក ប៉ែន វណ្ណ៖ «គេចេះតែឱ្យចាំមើលសិនៗលុះតែទឹកចែកចាយអស់បានគេឆ្លើយ ថាអត់បាន ហើយដល់ពេលអ៊ីចឹងឥឡូវនាំគ្នាបូមទឹកអណ្ដូងទឹកអីហ្នឹង ដាក់សង្គ្រោះបណ្ដើរក្រែងលោវាកើត ឥលូវមានអីទឹកអណ្ដូងក៏អស់ប្រើស្រែក៏ខូចចប់បណ្ដោយ។ ប៉ះពាល់ច្រើនណាស់សេដ្ឋកិច្ចយើងអត់ដំណើរការអីចឹងមិនដឹងពឹងអីរកអីដល់អ៊ីចឹង។ ងាកទៅគោ គោថោកងាកទៅជ្រូក ជ្រូកថោក ហើយស្រូវក៏ធ្វើអត់បានដល់លុយធនាគារក៏ចេះតែទារលុយអ៊ីចឹងទៅ ដល់អីចឹងទៅបងប្អូនគ្នាលំបាកដោះស្រាយដែរ ឥឡូវរត់ចោលស្រុកចង់អស់ហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ មករា។
ប៉ុន្តែមេឃុំស្ដុកប្រវឹក លោក អ៊ូ អៀង ប្រាប់វិទ្យុអាស៊ីសេរីដោយទទួលស្គាល់ថា ដំណាំស្រូវរបស់កសិកររាប់ពាន់ហិកតារនៅស្រុកមោងឫស្សី និងស្រុករុក្ខគិរី ពិតជាក្រៀមស្វិតងាប់ប្រាកដមែន។ លោកបន្តថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធបានព្យាយាមដោះស្រាយជាបន្តបន្ទាប់ដែរ ក៏ប៉ុន្តែមិនអាចដោះស្រាយបានដោយសារគ្មានប្រភពទឹក។
លោក អ៊ូ អៀង៖ «ហើយទំនប់ដែលកំពុងធ្វើនៅទំនប់ដូនទ្រីនឹងធ្វើមិនហើយ មានតែទំនប់បាសាក់ ហើយទំនប់បាសាក់ស្ទាក់ទឹកបានតិច ទឹកស្ទឹងវាហូរមករេញៗវាអត់លទ្ធភាពដោះទេមើលទៅ។ ដោះអត់បានទេខាងមោងក៏ខូចដែរ បើមានលទ្ធភាពអភិបាលខេត្តគាត់ចុះមកមើលផ្ទាល់ បើដោះបានគាត់ដោះហើយអត់មានបណ្ដោយឱ្យវាខូចអ៊ីចឹងទេ»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី យល់ឃើញថា ការខ្វះខាតទឹកនេះដោយសាររដ្ឋាភិបាលមិនធ្វើប្រព័ន្ធ ធារាសាស្ត្រឱ្យបានច្រើន ដើម្បីស្តុកទឹកទុកឱ្យកសិករស្រោចស្រពដំណាំស្រូវ។ លោកបន្តថា អាជ្ញាធរហាក់ដោះស្រាយបញ្ហានេះលំអៀង ដោយជួយសម្រួលតែតំបន់ដែលមានមន្ត្រីគ្រាក់ៗប្រចាំការ ចំណែកតំបន់ដែលគ្មានខ្សែរយៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគឺគ្មានដំណោះស្រាយនោះទេ។
លោក យិន ម៉េងលី៖ «ស្រុករុក្ខគិរី ក៏ជាប្រភពទឹកមួយដែរ នៅក្បាលហុងហ្នឹង។ អ៊ីចឹង ហើយបានគាត់ចេះតែឆ្ងល់ថា យ៉ាងម៉េចបានទឹកចេះតែបែងចែកខុសគ្នា កន្លែងខ្លះអត់មានទឹក កន្លែងខ្លះប្រមុខរដ្ឋាភិបាលចុះទៅមានទឹក។ អ៊ីចឹងយើងត្រូវធ្វើការពន្យល់ដល់កសិករឱ្យបានយល់ច្បាស់អំពីបញ្ហាទាំងអស់ហ្នឹង ហេតុបានជាតំបន់មួយបើកបានតំបន់ទៀតបើកមិនបាន ដើម្បីឱ្យប្រជាពលរដ្ឋគាត់យល់កាន់តែច្បាស់ជៀសវាងការភ័ន្តច្រឡំ គាត់នឹងធ្វើការចោទប្រកាន់អាជ្ញាធរថា មានបក្ខមានពួកហើយ»។
កាលពីថ្ងៃទី១០ មករា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចុះទៅអន្តរាគមន៍ឱ្យអាជ្ញាធរបើកទ្វារបង្ហូរទឹកនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីឱ្យប្រជាពលរដ្ឋស្រោចស្រពដំណាំស្រូវប្រាំងរាប់ពាន់ហិកតារ។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា អាជ្ញាធរប្រកាន់បក្ខពួកព្រោះតំបន់ពួកគាត់ធ្វើស្រូវនៅស្រុករុក្ខគិរី គឺអាជ្ញាធរមិនបានទ្វារទឹកឱ្យប្រើប្រាស់ឡើយ។
មេឃុំស្ដុកប្រវឹកលោក អ៊ូ អៀង ឱ្យដឹងថា ការខ្វះខាតទឹកនេះដោយសារកសិករធ្វើស្រូវប្រាំងច្រើនពេកដែលមានផ្ទៃដីជិត ១ម៉ឺនហិកតារនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សី។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា កសិករធ្វើស្រូវច្រើនជាការល្អ ជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានប្រសើរឡើង។ ក៏ប៉ុន្តែលោកថា អាជ្ញាធរទៅវិញទេ ដែលមិនដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែសង់ប្រព័ន្ធធារាសាស្ត្រឱ្យបានច្រើនបន្ថែមទៀត នៅតំបន់ដែលមានកសិករធ្វើស្រូវប្រាំងច្រើន ដើម្បីពួកគាត់បានទឹកប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។