កសិករ​នៅ​ខេត្ត​កណ្ដាល​អស់​សង្ឃឹម​ក្នុង​ការ​ដាំដុះ​ក្រោយ​ភ្ជួរ​បន្លែ​ចោល​ដោយសារ​គ្មាន​ទីផ្សារ

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៅ​ចុងឆ្នាំ​២០២២ លោក ឌិត ទីណា នៅ​ពេល​ឡើង​កាន់​តំណែង​បាន ប្រកាស​ធ្វើ​ឱ្យ​កសិករ មាន​ជីវភាព​ធូរធារ​តាមរយៈ​ផល​ចំណេញ​ពី​របរ​កសិកម្ម។ ប៉ុន្តែ​កសិករ​មួយចំនួន​នៅ​ខេត្ត​កណ្តាល​បញ្ជាក់​ជាថ្មី​ទៀត​ថា បន្លែ​របស់​ពួកគាត់​ដាំ​ដុះ​លក់បាន​តម្លៃ​ទាប​និង​មួយចំនួន​ទៀត​លក់​មិន​ចេញ​ទើប​សម្រេចចិត្ត​ភ្ជួរ​ចោល។

កសិករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល លោក សំ សុគីន បាន​ភ្ជួរ​បន្លែ​សាឡាដ​ចំនួន ៥​តោន ចោល​នៅ​ថ្ងៃទី​២៤ ខែ​មីនា។ លោក សុគីន បញ្ជាក់​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ភ្ជួរ​ចោល​នេះ​ដោយសារតែ​មិន​មាន​អ្នកទិញ​នៅ​ចម្ការ។

លោក សុគីន បន្ត​ថា បើ​លោក​ជួល​គេ​ដក​រៀបចំ​ដឹក​ទៅ​លក់​ដល់​ផ្សារ​ដើម​គរ​ក្នុង​រាជធានី​ភ្នំពេញ​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​នោះ នឹង​ទទួល​បាន​តម្លៃ ១​គីឡូក្រាម តែ ៥​រយ​រៀល​ប៉ុណ្ណោះ​ដែល​ថ្លៃ​នេះ​ធ្វើ​លោក​ខាត​មួយ​កម្រិត​ទៀត។

លោក សំ សុគីន បន្ត​ថា លោក​ខិតខំ​ថែ​បន្លែ​បាន​ល្អ​ចំណាយ​ដើមទុន​អស់​ជាង ៣​លាន​រៀល ហើយ​ការ​ភ្ជួរ​ចោល​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​លោក​ខ្លាំង។

លោក សំ សុគីន៖ «ប៉ះពាល់​ជីវភាព​ធ្ងន់​ណាស់​និយាយ​រួម​ទៅ។ បើ​យើង​ដាំ​ជួន​បាន​ជួន​មិន​បាន តែ​ភាគច្រើន​ជួប តែ​ថោក​ហ្នឹង​ម៉ង​ដល់​អ៊ីចឹង យើង​កសិករ​ពួក​ខ្ញុំ​អ្នក​ដាំ​ហ្នឹង​ជីវភាព​ធាក់​ថយ​ទៅ​រហូត​ហ្នឹង»។

លោក សំ សុគីន វ័យ ៤២​ឆ្នាំ​ថ្លែង​ថា លោក​បាន​ដាំ​បន្លែ​ជាង​១០​ឆ្នាំ មក​ហើយ​គឺ​តែងតែ​ជួប​បញ្ហា​មិន​មាន​ទីផ្សារ ស្ទើរ​រាល់​ឆ្នាំ​។ លោក​បន្ត​ថា កូន​របស់​លោក ៣​នាក់​នឹង​មិន​ឱ្យធ្វើ​របរ​កសិកម្ម​ដូច​លោក​ទេ ព្រោះ​លំបាក​វេទនា​ណាស់។

លោក សំ សុគីន៖ «កូន​ខ្ញុំ​អត់ឱ្យ​ស្នង​បន្ត​ខ្ញុំ​ឱ្យ​ខំរៀន។ អត់ឱ្យ​ធ្វើ​ដូច​ខ្ញុំ​ទេ ធ្វើ​ដូច​ខ្ញុំ​ហត់​នឿយ​ហើយ​អត់​ទៀង​បាន ឬ​មិនបាន​ហើយ​ភាគច្រើន​ជួប​ខាត​ហ្នឹង​ច្រើន​ជាង​ចំណេញ»។

កសិករ​ម្នាក់ទៀត​នៅ​ស្រុក​កោះធំ លោកស្រី សែម សុភា ឱ្យ​ដឹង​ថា កាលពី​ជាង ១​ខែ មុន​បន្លែ​ប្រភេទ​ត្រកួន និង​តាំង​ឱ្យ​របស់​លោក​ស្រី​មួយចំនួន ត្រូវ​ភ្ជួរ​ចោល​ដោយសារ​តម្លៃថោក និង​លក់​មិន​អស់។

លោកស្រី​ថា បច្ចុប្បន្ន​ផ្សារ​ទីរួមស្រុក​កោះធំ និង​ផ្សារ​តូចៗ​ផ្សេងទៀត​នៅ​ក្បែរ​នោះ មិន​សូវ​មាន​មនុស្ស​ទេ ដែល​ពីមុន​លោកស្រី​លក់​បន្លែ​ពី​រាប់​សិប​ទៅ​រាប់​រយ​គីឡូ​ក្នុង​១​ថ្ងៃ តែ​ឥឡូវ​លក់​បាន​ចំនួន​ក្រោម ១០​គីឡូ​ក្នុង​១​ថ្ងៃ។ លោកស្រី​បន្ត​ថា បន្លែ​ស្ទើរ​គ្រប់​ប្រភេទ​មានតម្លៃ​ទាប​ធ្វើ​ឱ្យ​លោកស្រី និង​កសិករ​ផ្សេង​ទៀត​អស់សង្ឃឹម​លើ​របរ​កសិកម្ម។

លោកស្រី សែម សុភា៖ «លក់​អត់​ចេញ​មើល​ត្រសក់ ១​គីឡូ ២​រយ​ត្រប់ស្រួយ ១​គីឡូ ៤​រយ ទៅ​៥រយ​ហ្នឹង ហើយ​អត់​មាន​គេ​ទិញ​ទៀត។ ចំណែក​ម្ទេស​ដាំ​នេះ​បាន ១​គីឡូ ២​ពាន់​ទៅ ៣​ពាន់​ហ្នឹង»។

កសិករ​នៅ​ស្រុក​កោះធំ​ម្នាក់ទៀត​លោក សន សុង ឱ្យ​ដឹង​ថា បន្លែ​ចុះថោក​ពេក​ធ្វើ​ឱ្យ​កសិករ​នៅ​តំបន់​ដែល​លោក​រស់នៅ​ឈប់​ស្រោច​ទឹក​ឈប់​មើលថែ។

លោក សន សុង៖ «បន្លែ​មាន​ដែរ ប៉ុន្តែ បន្លែ​ឥឡូវ​ប្រជាពលរដ្ឋ​ដាំ​វា​ថោក​គ្រប់​តែ​គ្នា​ហ្នឹង។ ដាំ​បន្លែ​ភាគច្រើន​នៅ​ភូមិ​ខ្ញុំ​ដាំ​ត្រប់ស្រួយ​ច្រើន។ ឥឡូវ​១​គីឡូ​៧​រយ​៨​រយ​ត្រប់ស្រួយ​ហ្នឹង។ ទាប រាល់​ឆ្នាំ​២​ពាន់​ទៅ​៣​ពាន់​ឯណោះ ដល់​ធ្លាក់​ដល់​ប៉ុណ្ណឹង​អ្នកខ្លះ​ក៏​លែង​ស្រោច​ទឹក»។

កសិករ​ដែល​ជួប​បញ្ហា​ទាំងនេះ​លើកឡើង​ថា បញ្ហា​បច្ចេកទេស​ដាំ​ដុះ និង​បញ្ហា​ទីផ្សារ​គឺ​ពួកគាត់​តែងតែ​ដោះស្រាយ​ដោយ​ខ្លួនឯង​កម្រ មាន​អាជ្ញាធរ​ទៅ​ជួយ​ដោះស្រាយ​ណាស់​ទោះជា​មានការ​ស្នើសុំ​ក៏ដោយ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើក​ទឹកចិត្ត​ឱ្យ​កសិករ​រួមគ្នា​ហើយ​កំណត់​បញ្ហា​ដែល​កំពុង​ជួប​ទះ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ទាំង​ការ​ជួប​ដោយ​ផ្ទាល់ ការ​ធ្វើ​លិខិត ឬ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម។

ទន្ទឹម​នឹង​នេះ​លោក យង់ គិមអេង ជំរុញ​ឱ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ឆ្លើយតប​បញ្ហា​របស់​ពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេល។

លោក យង់ គិមអេង៖ «ការ​ឆ្លើយ​តប​ជា​លក្ខណៈ​បច្ចេកទេស​មួយចំនួន​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​អាច​សង្ឃឹមទុក​ក្នុង​ចិត្ត នេះ​ជា​រឿង​មួយ​សំខាន់។ ហើយ​បើសិនជា​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ហើយ​អាជ្ញាធរ​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ មិន​មាន​ការ​ឆ្លើយ​តប​ទេ​ប្រជាពលរដ្ឋ​គ្នា​ពិបាក​ណាស់ គ្នា​មិនដឹង​ទៅ​ពឹង​អ្នកណា​ទៀត​។ ជា​ធម្មតា​ពេល​គ្នា​មាន​បញ្ហា​គ្នា​មុខ​ជា​ពឹង​អាជ្ញាធរ​ហើយ»។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​សុំ​ការ​បកស្រាយ​លើ​ករណីនេះ​រួមមាន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​លោក ប៊ុនទួន ស៊ីម៉ូណា និង​អភិបាលខេត្ត​លោក គង់ សោភ័ណ មិន​លើក​ទូរស័ព្ទ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​កញ្ញា អ៊ឹម រចនា លើក​ទូរស័ព្ទ​ហើយ​ប្រាប់​ថា ជាប់​រវល់។

ជុំវិញ​បញ្ហា​នេះ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​ដោយ​ជ្រើសរើស​មន្ត្រី​ឱ្យធ្វើ​ការងារ​នៅ​តាម​ឃុំ ដើម្បី​រៀបចំ​ឱ្យ​កសិករ​មាន​ផែនការ​ផលិត ចងក្រង​ជា​ក្រុម និង​ចុះ​កិច្ចសន្យា​ជាមួយ​អ្នកទិញ។ លោក​បន្ត​ថា ផែនការ​នេះ​ដោះស្រាយ​ទាំង​តម្លៃ​បន្លែ និង​កសិផល​ផ្សេងៗ​ទៀត។

លោក យ៉ង សាំងកុមារ៖ «អ្វី​ដែល​សំខាន់​ក្រសួង​កំពុង​ចាប់ផ្តើម​ធ្វើ​ហ្នឹង​គឺ​ការ​ឱ្យ​កសិករ​ដែល​ផលិត​សម្រាប់​លក់ ទៅកាន់​ទីផ្សារ​មិនមែន​តែ​បន្លែ​ទេ គ្រប់​កសិផល​ទាំងអស់។ យើង​ឱ្យ​គាត់​ចុះឈ្មោះ​ហើយ​រៀបចំ​ជា​ក្រុម​ជា​សហគមន៍ ហើយ​សម្របសម្រួល​ឱ្យ​មាន​កិច្ចសន្យា​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ជាមួយ​អី​ផ្សេងៗ​ដែល​អាច​ទិញ​យក​ទៅ​ត​អីចឹង​ទៅ»។

នៅ​ពេល​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅ​ចុង​ឆ្នាំ​២០២២ លោក ឌិត ទីណា សន្យា​ថា នឹង​ធ្វើ​ឱ្យ​កសិករ​សប្បាយ​រីករាយ​ទទួលផល​ចំណេញ​តាមរយៈ​គោលនយោបាយ​ធ្វើ​ឱ្យ​តម្លៃ​ដើម​នៃ​ការ​ធ្វើ​កសិកម្ម​ទាប។

លោក ឌិត ទីណា៖ «ខ្ញុំ​ឮ​ច្រើន​ជាង​គេ​គឺថា ចង់ឱ្យ​ទំនិញ​យើង​វា​បាន​ថ្លៃ កសិផល​យើង​វា​បាន​ថ្លៃ មែន​ទេ​បងប្អូន​?​ចង់បាន​អ៊ីចឹង​ទេ?បាទ​!អ៊ីចឹង​ថា ធ្វើ​ម៉េច​ក្រែង​រដ្ឋមន្ត្រី​មក​ធ្វើ​ឱ្យ​ឡើងថ្លៃ​?ខ្ញុំ​ជឿ​ថា ដំណោះស្រាយ​មិន​នៅ​លើ​ការ​ធ្វើ​ឱ្យ​ឡើង​ថ្លៃ​ទេ ប៉ុន្តែ​ការ​ធ្វើ​ឱ្យ​ផល​ចំ​ចំណេញ​របស់​បងប្អូន​ហ្នឹង​វា​កាន់តែ​ច្រើន។ ហើយ​ចំណេញ​ហ្នឹង​វា​យ៉ាងម៉េច​?ឥឡូវ​បើសិនជា​យើង​ចំណាយ​១០ យើង​បាន​ចំណូល ១១ គឺ​ចំណេញ​តែមួយ​ទេ មែន​ទេ?»។

ទោះ​យ៉ាងណា​រហូតដល់​ចុងខែ​មីនា ឆ្នាំ​២០២៣ មិន​ទាន់​ឃើញ​គោល​នយោបាយ​របស់​លោក ឌិត ទីណា ចេញ​ជា​រូបរាង​នៅ​ឡើយ។ ចំណែក​ថ្លៃដើម​នៃ​ការផលិត​របស់​កសិករ​នៅតែ​ខ្ពស់ ជាង​មុន ២​ដង ឬ​ច្រើនជាង​នេះ​បើ​ប្រៀបធៀប​អំឡុង​ឆ្នាំ​២០២០ ដែល​ជី​១​បេ ថ្លៃ ៨​ម៉ឺន​រៀល​ឡើង ដល់​២០​ម៉ឺន​រៀល ថ្នាំ​គីមី​ដែល​កសិករ​ធ្លាប់​ប្រើ​មួយ​ឈុត ២០​ម៉ឺន​រៀល ឡើង​ដល់​៤៥​ម៉ឺន​រៀល ជាដើម។

ទន្ទឹម​នឹង​កសិករ​ស្ទើរ​ទូទាំង​ប្រទេស​បាន​បង្ហាញ​វីដេអូ​បន្តបន្ទាប់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​អ្នកខ្លះ​ប្រើ​ពាក្យ​អង្វរករ​សុំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​សម្រាប់​កសិផល​របស់​ពួកគាត់​នោះ ចំនួន​នៃ​ការ​នាំ​បន្លែ​ចូល​ពី​ក្រៅប្រទេស​នៅតែ​ខ្ពស់។

របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា កម្ពុជា​ត្រូវ​ការ​នាំ​បន្លែ​ចូល​ក្នុង​១​ថ្ងៃ ចំនួន ២​ពាន់ ៥​រយ​តោន ដែល​ភាគច្រើន​នាំចូល​ពី​វៀតណាម និង​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។