មន្ត្រីសហជីពផ្ដល់យោបល់ថា រដ្ឋាភិបាលគួរកែទម្រង់តាមយន្តការ ដែលស្នើឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) និងអឺរ៉ុប ទើបអាចប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសថៃ និងវៀតណាម។
ការលើកឡើងនេះ បន្ទាប់ពី លោក ហ៊ុន ម៉ាណែត បានថ្លែងឌឺដងដាក់អ្នករិះគន់ មួយចំនួន ដែលដាស់តឿនលោកនាយករដ្ឋមន្ត្រី ឱ្យមានការប្រុងប្រយ័ត្នចំពោះ ក្រុមហ៊ុនចិន។លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ បានថ្លែងថា គម្រោងវិនិយោគ ដែលលោកដើរទាក់ម៉ូយបានមិនមែនបានតែពីប្រទេសចិន ដូចអ្នករិះគន់មួយចំនួននិយាយនោះទេ ប៉ុន្តែមានក្រុមហ៊ុនពី ១០ប្រទេស រួមទាំងក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងពីអឺរ៉ុបដែរ។នៅក្នុងពិធីបិទសន្និបាតក្រសួងការងារ កាលពីថ្ងៃទី៨ កុម្ភៈ លោក ហ៊ុន ម៉ាណែត បានថ្លែងចំអកដាក់អ្នករិះគន់ ដោយលោកលើកឡើងថា លោកមិនចេះអួត និងដើរទាក់ខ្យល់ទេ គឺក្រោមការដឹកនាំរបស់លោកជាង ៥ ខែនេះ ដើរកៀរគរបានវិស័យឯកជនច្រើនមកពីក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត៖ «គេថាអួតណាស់ និយាយតែខ្យល់គ្មានឃើញមនុស្សមក ដល់ពេលមានវិស័យឯកជនមកពីក្រៅ ក្រុមហ៊ុនមកពីអឺរ៉ុបពីអាមេរិកពីអីមក ជាបណ្ដាញក្រុមហ៊ុនជាក្រុមអីមកកម្ពុជាក្នុងរយៈពេលប៉ុន្មានខែនេះ ជួបផងអីផងសិក្សាបន្ថែម គេថាមកពីក្រុមហ៊ុនចិន»។
លោក ហ៊ុន ម៉ាណែត បន្តឌឺដងដល់អ្នករិះគន់លោក ដោយលើកឡើងនូវរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ីឌីស៊ី (CDC) ថា មានគម្រោងវិនិយោគបង្កើតថ្មីចំនួន ១៧២គម្រោងគិតជាទុនវិនិយោគជិត ៤ពាន់ (៣,៨៦ពាន់) លានដុល្លារ ដែលនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ជាង ១៩ម៉ឺនកន្លែង នៅពេលខាងមុខ។
លោក ហ៊ុន ម៉ាណែត៖ «ចាប់ផ្ដើមពីខែ៨ មកដល់ខែ១នេះ មិនមែនខ្យល់ទេ ១៧២គម្រោងទាំងគម្រោងវិនិយោគក្នុងស្រុកទាំងគម្រោងមកពីក្រៅផង មកពី ១០ប្រទេស ដែលមកនៅទីនេះ។ សូម្បីតែនៅក្នុងខែមករានេះ យើងមាន ៣២គម្រោង គិតជាទុនវិនយោគជិត ២រយលានដុល្លារ ដឹងអ្នកថា គេថា ម៉េចទេ?គម្រោង ៣២ គឺជាគម្រោងដែលទឹកភ្នែកប្រជាពលរដ្ឋ»។
ទោះបី លោក ហ៊ុន ម៉ាណែត ថ្លែងចំអកអ្នករិះគន់ក៏ដោយ តែរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ីឌីស៊ី (CDC) កាលពីថ្ងៃទី០១ កុម្ភៈ បង្ហាញថា គម្រោងពង្រីកផលិតកម្មក្នុងខែមករា ទាំង ៣២ គម្រោង ដែលមានទុនវិនិយោគជិត ២០០ (១៨៧) លានដុល្លារអាមេរិកនោះ គឺជិត ៨០ (៧៨,៧៣) ភាគរយ ទៅហើយជាទុនវិនិយោគមកពីប្រទេសចិន ហើយមានតែជាង ៥ (៥,៣៤)ភាគរយ ប៉ុណ្ណោះ ជាទុនពីសហរដ្ឋអាមេរិកចំណែកឯអឺរ៉ុបវិញ មិនមាននិយាយ ក្នុងរបាយការណ៍នោះទេ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលព្យាយាមទាក់ទាញអ្នកវិនិយោគបរទេសពិតមែន ប៉ុន្តែលោកថា បើធៀបជាមួយប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម គឺកម្ពុជាមានលទ្ធភាពទាបបំផុត ក្នុងការប្រកួតប្រជែងជាមួយប្រទេសទាំងពីរ ដើម្បីស្រូបយកអ្នកវិនិយោគបរទេសធំៗ ជាបណ្ដាញក្រុមហ៊ុន ដែលមានខ្សែចង្វាក់ពាណិជ្ជកម្មអន្តរជាតិ។
លោក ឃុន ថារ៉ូ ថា តាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ការអនុវត្តនីតិរដ្ឋនៅកម្ពុជា មិនស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អទេ គឺមានបញ្ហាស្ថានភាពសិទ្ធិមនុស្ស នយោបាយ និងអំពើពុករលួយ រីឯតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ ការជួញដូរកម្លាំងពលកម្ម និងការជួញដូរមនុស្សនៅតែមានការកើនឡើង ហើយកត្តាទាំងនេះហើយ ដែលជាឧបសគ្គ ធ្វើឱ្យអ្នកវិនិយោគអន្តរជាតិមានការបារម្ភ។
លោក ឃុន ថារ៉ូ៖ « ភាពប្រកួតប្រជែងយើងអត់មាន អ៊ីចឹងខ្ញុំអាចនិយាយថា បញ្ហាអំពើពុករលួយ វាអាចទាក់ទងទៅនឹងការលាងលុយកខ្វក់នឹង អាហ្នឹងខ្ញុំមិន និយាយឱ្យវាស៊ីជម្រៅទេ ប៉ុន្តែកន្លងមកហ្នឹងគឺ យើងក៏ទទួលបាននូវការវាយ តម្លៃអំពីស្ថាប័នអន្តរជាតិ ទាក់ទងនឹងស្ថានភាពនៃការលាងលុយកខ្វក់នៅក្នុង ប្រទេសកម្ពុជាដែរ។ អ៊ីចឹងធ្វើឱ្យអ្នកវិនិយោគទុនអន្តរជាតិធំៗ ក្រុមហ៊ុនធំៗ គេខ្លាច គេមិនសូវមានសុវត្ថិភាពទេ ក្នុងការដាក់ទុនវិនិយោគ អាហ្នឹងវាជាកត្តាឧបសគ្គ»។
លើសពីនេះទៀត ទោះបីជា លោក ហ៊ុន ម៉ាណែត ថ្លែងឌឺដងអ្នករិះគន់ចំពោះការ បារម្ភរបស់អ្នករិះគន់ អំពីការប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរពីទង្វើរបស់ក្រុមហ៊ុនចិនក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីមិនអាចប្រកែកបានទេ អំពីបញ្ហា ដែលបង្កើតឡើងដោយក្រុមហ៊ុនចិនមួយចំនួន។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចកាលពីពេលថ្មីៗ នេះ ការវិនិយោគរបស់ចិននៅខេត្តព្រះសីហនុកន្លងមក បានបន្សល់នូវអាគារខ្មោចចំនួន ៦៣៨ ដែលភាគច្រើនត្រូវទុកចោលមិនទាន់សង់រួច។
ការបន្សល់ទុកនូវអាគារខ្មោចជាង ៦០០ នៅខេត្តព្រះសីហនុ មិនមែនជាលទ្ធផល អាក្រក់តែមួយរបស់ក្រុមហ៊ុនចិននៅកម្ពុជានោះទេ ប៉ុន្តែការរីកសាយនូវអំពើ ឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ក៏ក្លាយទៅជាវិបត្តិដ៏ធំមួយទៀត ដែលមិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសកម្ពុជា។
របាយការណ៍មួយកាលពីចុងខែសីហា ឆ្នាំ២០២៣ របស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា នៅកម្ពុជាមានមនុស្សជាង១០ម៉ឺននាក់ ត្រូវបានបង្ខំឱ្យ ធ្វើការឆបោកតាមអនឡាញ ដែលទិន្នន័យនេះ ប្រហាក់ប្រហែលនឹងប្រទេសភូមាឬ មីយ៉ាន់ម៉ា ដែលមានចំនួនប្រមាណជា ១២ម៉ឺននាក់។
ឧក្រិដ្ឋកម្មលាងលុយកខ្វក់ ការជួញដូរមនុស្ស ការឆបោកតាមអនឡាញ និង ការចាប់ជំរិតយកប្រាក់ជាដើម កើតទៅជាវិបត្តិកាន់តែធំដោះស្រាយមិនរួច ដោយសារពួកឧក្រិដ្ឋជនត្រូវគេរកឃើញថា មានខ្នងបង្អែកជាមួយអ្នកធំ ឬមានអំណាច។
ជាក់ស្ដែងសេដ្ឋីវ័យក្មេងជនជាតិចិន លោក ចេន ហ្ស៊ី ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប និងជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានតុលាការ ឧក្រិដ្ឋកម្មនៃប្រទេសចិន ចេញសាលក្រមកាលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ពិពណ៌នាអំពីសម្ព័ន្ធក្រុមហ៊ុននេះថា ជា «ក្រុមឧក្រិដ្ឋកម្មបនល្បែងអនឡាញឆ្លងដែនដ៏អាក្រក់» មួយ ដែលរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ៥ពាន់លាន យ័ន (ឬ ៧០០លានដុល្លារ) ជាចំណូលមិនស្របច្បាប់។
មហាសេដ្ឋីចិនវ័យក្មេង លោក ចេន ហ្ស៊ី ដែលល្បីខាងលាងលុយកខ្វក់នេះ បានចូលសញ្ជាតិខ្មែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ តាមរយៈអំណាចទឹកលុយរបស់ លោកជះឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ហើយធ្លាប់ធ្វើជាទីប្រឹក្សារបស់អតីត នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មុនពេលក្លាយជាទីប្រឹក្សារបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាកូន ដែលទើបនឹងឡើងជំនួស។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា ការតាមដានត្រួតពិនិត្យជាសកលរបស់យន្តការអង្គការសហប្រជាជាតិ (UN) រកឃើញថា កម្ពុជាមិនមានការផ្លាស់ប្ដូរវិជ្ជមានទេ គឺស្ថានភាពរំលោភសិទ្ធិការងារ កាន់តែកើនឡើងជាប្រព័ន្ធ ហើយអង្គការអន្តរជាតិខាងការងារនិងសហភាពអឺរ៉ុប នៅតែទាមទារឱ្យកែទម្រង់ឱ្យប្រសើរ។
លោក ឃុន ថារ៉ូ៖«អាយឡូ(ILO)និយាយទៅកាន់រាជរដ្ឋាភិបាល គឺច្បាស់ណាស់ គឺឱ្យទម្លាក់ចោលនូវការចោទប្រកាន់ទាំងឡាយទាំងពួងរបស់មេដឹក នាំសហជីព។ ទី២ គឺធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ហើយចំណុចទី៣ គឺធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេស គឺយន្តការនៅក្នុងការដោះស្រាយ វិវាទធ្វើឱ្យវាមានភាពប្រសើរឡើង។ អាហ្នឹងមិនមែនតែ អាយឡូ(ILO)ទេ សហភាពអឺរ៉ុបក៏បានលើកឡើងដែរ នៅក្នុងរបាយការណ៍របស់ខ្លួន»។
វិបត្តិបង្កឡើងដោយសារការវិនិយោគរបស់ជនជាតិចិន រួមទាំងការរំលាយ គណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ដែលបំផ្លាញប្រជាធិបតេយ្យ និង មិនខ្វល់ពីបញ្ហាសិទ្ធិមនុស្ស បានធ្វើឱ្យកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ជីអែសភី (GSP) របស់អាមេរិក និងបាត់អ៊ីប៊ីអេ (EBA) របស់អឺរ៉ុប ២០ ភាគរយនោះ បានរុញច្រានកម្ពុជាឱ្យលែងជាទីចាប់អារម្មណ៍នៃអ្នកវិយោគអន្តរជាតិល្អៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។