មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមយល់ថា លោក ហ៊ុន សែន ហាក់គ្មានការទទួលខុសត្រូវក្នុងនាមជាមេដឹកនាំនោះឡើយ។ ការរិះគន់ធ្ងន់ៗ នេះ ក្រោយពេលលោក ហ៊ុន សែន ប្រកាសថា មិនត្រូវខ្វល់រឿងប្រភពវ៉ាក់សាំង ឬយីហោវ៉ាក់សាំងនោះទេ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំង និងអ្នកឃ្លាំងមើលសង្គមបន្តរិះគន់លោក ហ៊ុន សែន ថា កំពុងយកអាយុជីវិតប្រជាពលរដ្ឋទៅលេងសើច និងខ្វះការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាបលោក អ៊ុំ សំអាន មានប្រសាសន៍ថា ការលើកឡើងរបស់លោក ហ៊ុន សែន ដែលមិនឲ្យប្រជាពលរដ្ឋសួរនាំ ឬដឹងលឺពីប្រភពវ៉ាក់សាំងកូវីដ១៩ នេះ គឺជារំលោភសិទ្ធិពលរដ្ឋ និងយកអាយុជីវិតរបស់ពួកគាត់ទៅលេងសើច៖ « លោក ហ៊ុន សែន គាត់មិនបានគិតពីសុខភាពប្រជាពលរដ្ឋជាធំទេ ទោះបីវ៉ាក់សាំងនោះមានហានិភ័យខ្ពស់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ។ក៏ដោយ គាត់មិនបានយកចិត្តទុកដាក់ទៅលើសុខុមាលភាព ហើយនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរនោះទេ។ ផ្ទុយទៅវិញ គាត់ទៅយកអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទៅពិសោធន៍វ៉ាក់សាំងរបស់ចិនដែលមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ ដូច្នេះ គាត់យកអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទៅពិសោធន៍វាក់សាំងចិនហ្នឹងជំនួសសត្វកណ្តុរ» ។
ដូចគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទទួលខុសត្រូវឲ្យបានខ្ពស់ជាងនេះ ចំពោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា។ លោកសង្កេតឃើញ ការប្រើប្រាស់វ៉ាក់សាំងចិននេះ លោក ហ៊ុន សែន ហាក់ចង់ផ្គាប់ចិត្តប្រទេសចិន ជាងការយកចិត្តទុកដាក់លើសុខភាពរបស់ពលរដ្ឋ៖ « ខ្ញុំយល់ថា ក្នុងនាមជាមេដឹកនាំម្នាក់ត្រូវតែគិតអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់ប្រទេសជាតិជាធំ មុននឹងខ្លួនសម្រេចទៅលើកិច្ចការអ្វីមួយ ជាពិសេសគឺកិច្ចការដែលពាក់ព័ន្ធជាមួយនឹងអាយុជីវិតជាតិដូចជា ការចាក់វ៉ាក់សាំងទៅលើប្រជាពលរដ្ឋខ្មែរ។ ព្រោះប្រជាជនកម្ពុជាមិនមែនជាប្រជាជនសម្រាប់ការពិសោធន៍របស់មហាអំណាចណាមួយទេ» ។
ប្រតិកម្មធ្ងន់ៗ ពីសំណាក់មន្ត្រីបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍កម្ពុជានេះ កើតមានឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា ពលរដ្ឋមិនគួរព្រួយបារម្ភអំពីកម្ពុជាបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកពីប្រភពណា ឬមានម៉ាកអ្វីនោះទេ។ លោកថា អ្វីដែលគួរឱ្យបារម្ភនោះ គឺរឿងគ្មានវ៉ាក់សាំងចាក់ទៅវិញទេ ព្រោះវ៉ាក់សាំងកូវីដ១៩ គ្មានលក់នៅតាមផ្សារដូចត្រី និងត្រកួនឡើយ។
លោក ហ៊ុន សែន ថ្លែងបែបនេះលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ កុម្ភៈ បន្ទាប់ពីកូនៗ របស់លោកមួយចំនួន និងមន្ត្រីគ្រាក់ៗ ជាច្រើននាក់ទៀត បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន។ កូនបង្កើត និងកូនប្រសាររបស់លោក ហ៊ុន សែន ដែលចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ រួមមាន លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ាណិត និងលោក សុខ ពុទ្ធិវុធ។ ចំណែក លោក ហ៊ុន ម៉ានី និងលោក ឌី វិជ្ជា វិញ គ្រូពេទ្យមិនទាន់ចាក់វ៉ាក់សាំងឱ្យនៅឡើយទេនៅថ្ងៃទី១០ កុម្ភៈ ក្រោមហេតុផលថា ពួកលោកមានបញ្ហាសុខភាព។ លោក ហ៊ុន សែន អះអាងថា ការដែលកូនៗ របស់លោកចាក់វ៉ាក់សាំងជំនួសលោកដែលលើសអាយុមិនអាចចាក់បាននេះ បង្ហាញពីការទទួលខុសត្រូវរបស់លោក ចំពោះមុខប្រជាពលរដ្ឋ។
ក្រៅពីនេះ មន្ត្រីកំពូលៗ ថ្នាក់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអភិបាលខេត្ត ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូប ក៏បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះដែរ។ ក្រុមមន្ត្រីទាំងនោះអះអាងដូចៗ គ្នា ក្រោយពេលចាក់វ៉ាក់សាំងនោះថា ពួកគេពុំមានអាការៈខុសប្លែកអ្វីនៅក្នុងខ្លួន ឬអស់កម្លាំងអ្វីនោះទេ។
ការដំណើរការចាក់វ៉ាក់សាំងលើកដំបូងនេះ ធ្វើឡើងនៅទីតាំង ៥កន្លែង រួមមាន មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអ្នកដែលមានឋានៈស្មើ មន្ទីរពេទ្យព្រះអង្គឌួងសម្រាប់អនុរដ្ឋលេខាធិការ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់អភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន និងមន្ទីរពេទ្យព្រះកេតុមាលាសម្រាប់នាយទាហាន។
ជុំវិញការចាក់វ៉ាក់សាំងកូវីដ១៩ នេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ស្នើឲ្យរដ្ឋាភិបាលត្រូវបង្ហាញពត៌មានអំពីប្រភេទវ៉ាក់សាំងដែលយកមកចាក់ឲ្យពលរដ្ឋឲ្យបានច្បាស់ ជាពិសេស គឺត្រូវមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។
វ៉ាក់សាំងដែលជាជំនួយរបស់ចិនជំហានដំបូង ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ មានចំនួន ៦សែនដូស ខណៈវ៉ាក់សាំង ៤សែនដូសទៀតនឹងត្រូវបញ្ជូនមកដល់នៅពេលក្រោយ។ លោក ហ៊ុន សែន រំពឹងថា ភាគីចិនអាចនឹងបញ្ជូនលើសពីចំនួន ១លានដូសដល់កម្ពុជា ស្របពេលប្រទេសឥណ្ឌាបានសន្យាផ្តល់វ៉ាក់សាំង ១សែនដូសដល់កម្ពុជា។ ទោះជាយ៉ាងណា មកដល់ដើមខែកុម្ភៈនេះទៅហើយ រដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ប្រកាសថា ទិញបានវ៉ាក់សាំងណាមួយ ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់នៅឡើយទេ ក្រៅពីការស្នើសុំប្រទេសជាមិត្តនោះ ខណៈលោក ហ៊ុន សែន កៀរគរបានថវិការាប់សិបលានដុល្លារ និងធ្លាប់ប្រកាសថា រដ្ឋាភិបាលមានថវិកាបម្រុងទុកជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហាកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។