អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកប្រកបមុខរបរតូចតាចដូចជាអ្នកប៉ះ កង់ម៉ូតូជាដើម ជារៀងរាល់ព្រឹក បានមកអង្គុយរងចាំនៅក្បែរ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានទីតាំងនៅក្បែរមន្ទីរពេទ្យខ្មែរ សូវៀត ក្រុងភ្នំពេញ ដើម្បីរង់ចាំបរិច្ចាគឈាម ជាថ្នូរ នឹងបានប្រាក់មក វិញ សម្រាប់យកមកដោះស្រាយបញ្ហាជីវភាពគ្រួសារ។
អ្នករត់ម៉ូតូឌុបម្នាក់ឈ្មោះ សុខ ចិន្តា (ឈ្មោះអ្នកនិពន្ធដាក់ឱ្យ ) តែងប្រកាសបរិច្ចាគឈាម ចំពោះក្រុងគ្រួសារអ្នកជំងឺ ណាដែលមករកឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោកបន្តថា មូលហេតុដែលលោកសម្រេចចិត្តដើម្បីបរិច្ចាគឈាមនេះ ដោយសារតែមានអតិថិជនមកពីខាងក្រៅ អាច ផ្តល់ប្រាក់កម្រៃថ្លៃជាង មន្ត្រីនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមផ្ទាល់។
លោកថា បើបរិច្ចាគឈាម ដល់អតិថិជនមកពីខាងក្រៅអាចទទួលបានប្រាក់កម្រៃពី ១០០ដុល្លារ ទៅ១៥០ ដុល្លារ ក្នុងពេលផ្ដល់ឈាមម្ដងៗ តែបើផ្ដល់តាមរយៈអ្នករត់ការ ដែលលោកមិនអាចបញ្ជាក់អត្តសញ្ញាណ គឺបានកម្រៃ ប្រមាណពី៤០ ដុល្លារទៅ ៥០ ដុល្លារ តែប៉ុណ្ណោះ។
លោក សុខ ចិន្តា បន្ថែមថាពេលខ្លះក្នុងរយះពេល១ ខែ លោកសម្រេចចិត្តបរិច្ចាគឈាមពី ២ដង ទៅ ៣ ដង ក៏មានដោយសារតែ ជីវភាពខ្វះខាត ណាមួយការប្រកបមុខរបររត់ម៉ូតូឌុប មិនសូវរកបានដូច មុនពេលដែលកម្ពុជា ផ្ទុះជំងឺកូវីត ១៩ នោះទេ៖«ដោយសារមួយរយះពេលនេះមានជំងឺកូវិតចឹងមានការខ្វះខាត។ ដូចជាថ្លៃផ្ទះជួលជារៀងរាល់ខែ យើងត្រូវបង់ឱ្យគេ ទាំងផ្ទះ និងទឹក ៦៥ ដុល្លារ បាត់ហើយ។ ដល់ពេលខ្ញុំខ្វះខាតចឹង ដោយសារបំពេញកាតព្វកិច្ចខ្លួនឯងផង ជួយសង្គ្រោះគេផង។ បើយើងគិតថា លក់ដូរ វាមិនល្អស្ដាប់ តែប្រសិនបើយើងប្រើភាសា ថាបរិច្ចាគ ឬជួយសង្គ្រោះ វាបានបុណ្យហើយ វាបានផលប្រយោជន៍ពីអ្នកដែលបានទទួល ឈាមពីយើងទៅដែរ។»
មិនមែនមានតែ លោក សុខ ចិន្តា តែម្នាក់នោះទេ ដែលរង់ចាំដើម្បីបរិច្ចាគឈាម ដើម្បីបានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាព។អ្នកប៉ះ កង់ ម្នាក់នៅក្បែរមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក ពេជ្រ រតនា( ឈ្មោះអ្នកនិពន្ធដាក់ឱ្យ) ក៏សម្រេចចិត្តបរិច្ចាគឈាមដែរ។
លោក ពេជ្រ រតនា និយាយថា នៅមុនពេលផ្ទុះជំងឺកូវិត១៩ លោកប៉ះ កង់ មួយថ្លៃបានជាង ១ម៉ឺន ៥ ពាន់ រៀល គឺប្រមាណ ៤ ដុល្លារ ទៅ ២ម៉ឺនរៀល គឺប្រមាណ ៥ ដុល្លារ ក្នុងមួយថ្លៃ តែសព្វថ្លៃនេះរកចំណូលបានត្រឹមតែ ៥ពាន់រៀល ឬស្មើជាង ២ ដុល្លារ ប៉ុណ្ណោះ ហើយថ្ងៃខ្លះរកប្រាក់មិនបានក៏មាន។
លោក ពេជ្រ រតនា បានសម្រេចបរិច្ចាគ បន្ថែមលើមុខរបរប៉ះកង់ ដោយសារតែ គ្មានជម្រើសណាផ្សេងដើម្បីបានប្រាក់។
លោកថា លោកផ្ដល់ឈាមម្ដង រយៈពេល ២ ខែ ឬ ៣ ខែ ក្រោយមកទៀត ទើបលោក សម្រេចបរិច្ចាគឈាម សារជាថ្មីម្ដងទៀត ដោយសារតែលោករង់ចាំទទួលទានអាហារឱ្យគ្រប់គ្រាន់ជាមុនសិន៖«ខ្ញុំទាល់មែនទែន ហើយបង។ថ្លៃផ្ទះអីគេមួយសប្ដាហ៍មិនដឹងរកអីបានចេះតែឡើងទៅផ្ដល់ឈាមទៅ ជួនកាលផ្ដល់បាន ជួនកាលអត់។ ក្នុងការផ្ដល់ឈាមគេតេទាក់ទងមក បើមានបងប្អូនណា ខ្វះឈាម ឬត្រូវការឈាម ពេលគេ តេមក យើងទៅៗ។»
មជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឱ្យដឹងថា ការបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត បានធ្លាក់ចុះនៅក្នុងពេលដែលកម្ពុជា កំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យឈាមក្នុងស្តុកប្រឈមកង្វះខាត។ មជ្ឈមណ្ឌលកំណត់ថា ដើម្បីទទួលបានឈាមពីក្នុងស្តុក ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិរបស់អ្នកជំងឺ ត្រូវការ មានអ្នកមកជំនួស មកបរិច្ចាគឈាម ដើម្បីប្ដូរយកឈាម ពីក្នុងស្តុក សម្រាប់យកទៅសង្គ្រោះអ្នកជំងឺ។
អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អ្នកស្រី មើក សាមៀន ប្រាប់អាស៊ីសេរីថា បច្ចុប្បន្ននេះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មានការថយចុះគឺបានប្រមាណតែ១០% ប៉ុណ្ណោះ គឺនៅខ្វះចំនួន៩០%ទៀត។ អ្នកស្រីបន្តថា ក្នុងរយៈពេលមួយថ្ងៃ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលឈាមពីអ្នកស្ម័គ្រចិត្តបានប្រមាណពី ៣៥០ នាក់ទៅ ៤០០ នាក់ប៉ុណ្ណោះ។ នៅក្នុងចំណោមនោះគ្រូពេទ្យសម្រេចជ្រើសរើសអ្នកបរិច្ចាគ ដែលមានសុខភាពល្អ និងឈាមដែលមានសុវត្ថិភាព ប្រមាណតែជាង ៣០០ ប្លោក ក្រៅពីនោះត្រូវបោះចោលដោយសារឈាមដែលបានផ្ដល់ឱ្យនោះ មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់យកទីសង្គ្រោះអ្នកជំងឺ។
អ្នកស្រីទទួលស្គាល់ថា សព្វថ្ងៃនេះ នៅមានអ្នកបរិច្ចាគឈាមលក់យកប្រាក់កម្រៃខាងក្រៅ តែចំនួនឈាមដែលបានបូមនោះភាពច្រើន មជ្ឈមណ្ឌលជាតិមិនយកឈាមនោះទៅប្រើប្រាស់ដើម្បីសង្គ្រោះអ្នកជំងឺទេ ដោយសារតែអ្នកផ្ដល់ឈាមមួយចំនួន ធ្វើខុសបច្ចេកទេស។
អ្នកស្រីបន្តថា កន្លងមកក្រសួងបានណែនាំពួកគេពីគ្រោះថ្នាក់ដល់សុខភាពនៅពេលខាងមុខ ដោយសារតែពួកគេបរិច្ចាគឈាមញឹកញាប់ពេកអាចបណ្ដាលអោយកើតជំងឺខ្សោយក្រលៀន និងជំងឺខ្វះគ្រាប់ឈាមក្រហម តែទោះជាយ៉ាងណា មិនអាចទប់ស្កាត់សកម្មភាពនេះទេ ដោយសារតែកម្ពុជាមិនទាន់មានច្បាប់ប្រឆាំងនឹងអ្នកដែលបរិច្ចាគឈាមដើម្បីយកកម្រៃ។ អ្នកស្រីបន្ថែមថា ក្រុមគ្រូពេទ្យបានត្រឹមតែ ហៅសមត្ថកិច្ចនាំខ្លួនពួកគេនៅណែនាំប៉ុណ្ណោះ ដើម្បីពន្យល់ឱ្យពួកគេបញ្ឈប់សកម្មភាព បរិច្ចាគឈាមលក់៖« ផ្ដល់ឈាមលក់ហ្នឹងមិនមែនជាអំពើមួយល្អទេ។ ផ្ដល់ឈាមលក់គឺគាត់អស់លុយទៅទិញ ទៅជួល អ្នកលក់ឈាម។អំពើនេះ វាខុសបច្ចេកទេស ពីព្រោះអីអ្នកលក់ឈាមហ្នឹង គាត់ផ្ដល់ឈាមក្នុងរង្វង់ជួនកាល១ អាទិត្យ ជួនកាល២ អាទិត្យ ជួនកាលមួយខែ។អញ្ចឹងហើយអត់គ្រប់លក្ខខណ្ឌយើងទេ។ អត់គ្រប់ធ្វើឱ្យសារធាតុចិញ្ចឹម នៅក្នុងឈាមរបស់គាត់ហ្នឹងគឺ មិនគ្រប់គ្រាន់តាំងពីសារធាតុ ចិញ្ចឹមដ៏ទៃទៀត។ អញ្ចឹងអ្នកជំងឺម្នាក់ បើគាត់ចាក់ឈាម ត្រូវការមួយប្លោក បើសិនជាគាត់ផ្ដល់ឈាម នៅក្នុងឈាមគាត់ គ្មានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ អញ្ចឹងអ្នកជំងឺមិនមែនត្រូវការមួយទេគឺអាចត្រូវការ២ ឬ ៣ ប្លោក បានដាក់ទៅគ្រប់។»
អ្នកស្រី បន្ថែមទៀតថា អ្នកផ្ដល់ឈាមស្ម័គ្រចិត្ត ត្រូវមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ៦០ឆ្នាំ មានទម្ងន់យ៉ាងតិចបំផុត ៤៥គីឡូក្រាម។ សម្រាប់ស្ត្រីអាចផ្ដល់ឈាមបានម្តងក្នុងរយៈពេល ៤ខែ ចំណែកបុរសអាចផ្ដល់ឈាមបានក្នុងរយៈពេល ៣ខែម្ដង។ អ្នកផ្ដល់ឈាម អាចចំណាយពេលតែ ៤៥នាទីប៉ុណ្ណោះ ក្នុងដំណើរការផ្ដល់ឈាម និងបានទទួលអាហារគ្រប់គ្រាន់ក្រោយពេលផ្ដល់ឈាមរួច។
ទាក់ទិននឹងការផ្ដល់ឈាមនេះ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើការលក់ឈាមដើម្បីលុយ ជាការពិតមែននោះ វាជារឿងសោកសៅសម្រាប់ពលរដ្ឋ។
លោកទាមទារឱ្យក្រសួងសុខាភិបាលគួរតែថា វិធានការណ៍ទប់ស្កាត់ដើម្បីកុំអោយសកម្មភាពទាំងនេះកើតមានឡើងតទៅទៀត៖« ទោះជាយ៉ាងណាក៏ដោយខ្ញុំថា គួរតែមានដំណោះស្រាយ សម្រាប់ពួកគាត់ធ្វើយ៉ាងណា ដើម្បី ឱ្យពួកគាត់ មានជីវភាពរស់នៅបាន ហើយនឹងអាចទទួលបាន ការផ្គត់ផ្គង់ណាមួយពីរដ្ឋដើម្បី ឱ្យគាត់អាចនឹងបន្តជីវភាពរបស់គាត់ ហើយនឹងដកឃ្លាសម្រាប់ការរកស៊ីផ្សេងៗ ឬក៏អាចថា បញ្ចូលពួកគាត់ទៅក្នុង បញ្ជីអ្នកដែលក្រ១ ក្រ២ ដែលអាចទទួលបានការឧបត្ថម្ភ នេះជារឿងមួយសំខាន់។»
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ្យ វណ្ណឌីន បានទេ ដោយសារតែអ្នកស្រីថា កំពុងជាប់រវល់។
ទាក់ទិននឹងបញ្ហាបរិច្ចាគឈាមនេះ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែន ករុណា បានបញ្ជាក់ថា ពលរដ្ឋក្រីក្រមួយចំនួន ជាពិសេសពលរដ្ឋដែលរងការបណ្ដេញចេញដោយបង្ខំ រស់នៅជាយៗក្រុង ពួកគេតែងតែ មកបរិច្ចាគឈាមដើម្បីយកប្រាក់។លោក ថា ប្រសិនបើសកម្មភាពនេះនៅតែអូសបន្លាយតទៅទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្នុងសង្គម ដែលអាជ្ញាធរត្រូវតែទប់ស្កាត់៖« នេះជាកាតព្វកិច្ចរដ្ឋតើធ្វើយ៉ាងណាដើម្បី ឱ្យមានការបង្កើននូវជីវភាព និងមុខរបបរដល់ប្រជាពលរដ្ឋ កុំឱ្យពួកគាត់ មានភាពទាល់ច្រក ដល់ថ្នាក់ទៅបូមឈាមលក់។ អាហ្នឹងវាប៉ៈពាល់ទៅដល់ការដឹកនាំ មុខមាត់របស់អ្នកដឹកនាំនៃប្រទេសកម្ពុជា ហ្នឹងដែរ។»
ទាក់ទិនទៅ នឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ទទួលស្គាល់ថា ពិតជាមានការលក់ឈាមនៅកម្ពុជាមែន
ហើយបញ្ហានេះរដ្ឋាភិបាលកំពុងមានវិធានការណ៍ទប់ស្កាត់ដើម្បីបញ្ឈប់សកម្មភាពបរិច្ចាគឈាមលក់តទៅទៀត៖« នៅក្នុងមជ្ឈមណ្ឌលផ្ដល់ឈាមហ្នឹងគេ មានវិធានការណ៍ត្រឹមត្រូវ។ ខ្ញុំបានចុះទៅមើល ហើយគាត់បានរាយការណ៍ ហើយខ្ញុំបានធ្វើសន្និសីទសារព័ត៌មាន អំពីការផ្ដល់ឈាមហ្នឹងដែរ។ យើងបានទប់ស្កាត់ សកម្មភាពនៅជុំវិញ មន្ទីរពេទ្យរុស្ស៊ីដែរ។ យើងបានទប់ស្កាត់រឿងហ្នឹង។»
បើទោះបីជាការលក់ឈាមច្រើនលើសកំណត់ពីការណៃនាំរបស់មន្រ្តីសុខាភិបាលក៏ លោក ពេជ្រ រតនា ថា លោកនៅតែបន្តផ្ដល់ឈាមដើម្បីបានលុយដើម្បីចិញ្ចឹមជីវិត ដោយសារតែគ្មានជម្រើសអ្វីផ្សេងក្រៅពីនេះ នោះទេ៕