ចៅក្រម​អាម៉េរិក​ ត្រូវ​បាន​តែងតាំង​ជំនួស​ចៅក្រម​បារាំង​ ស្រប​ពេល​សាលា​ក្ដី​ខ្មែរក្រហម​ជិត​បិទទ្វារ​

សហ​ចៅក្រម​អន្តរជាតិ​ ជនជាតិ​អាម៉េរិក​ ត្រូវ​បាន​តែងតាំង​ថ្មី​ នៅ​សាលា​ក្ដី​ខ្មែរក្រហម​ ដើម្បី​ជំនួស​សហ​ចៅក្រម​អន្តរជាតិ​ ជនជាតិ​បារាំង​ ដែល​លាឈប់​។ លោក​ ម៉ា​ទីន​ ហ្គ្រែ​ក ខា​រ៉ុប​ឃីន​ (Martin​ Greg​ KAROPKIN​) ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ ទ្រង់​ប្រោស​ព្រះរាជទាន​ តែងតាំង​ ជា​ចៅក្រម​ពេញ​សិទ្ធិ​ នៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ នៃ​សាលា​ក្ដី​ខ្មែរក្រហម​ ជំនួស​លោក​ចៅក្រម​ ហ្សង់​ម៉ាក​ ឡា​វែញ​ (Jean​-Marc​ LAVERGNE​) ដែល​លាឈប់​ពីមុខ​តំណែង​ កាលពីដើម​ឆ្នាំនេះ​។

​អង្គ​ជំនុំជម្រះ​សាលាដំបូង​ ដែល​ជម្រះ​ក្ដី​លើ​អង្គ​សេច​ក្ដី​ មាន​ចៅក្រម​ពេញ​សិទ្ធិ​ប្រាំ​រូប​ គឺ​ចៅក្រម​ជាតិ​បី​រូប​ និង​ ចៅក្រម​អន្តរជាតិ​ពីរ​រូប​។ សាលក្រម​កាត់ទោស​ តម្រូវ​ឱ្យ​មានការ​វិនិច្ឆ័យ​យ៉ាងហោចណាស់​ចៅក្រម​ចំនួន​ ៤ រូប​ក្នុងចំណោម​ ៥ រូប​នោះ​។

​សាលាដំបូង​នេះ​ បាន​ជំនុំជម្រះ​ក្ដី​ចំនួន​ពីរ​សំណុំរឿង​ រួចរាល់​ហើយ​ គឺ​សំណុំរឿង​ ០០១​ ដោយ​កាត់ទោស​ឱ្យ​អតីត​មេ​គុក​ទួល​ស្លែង​ឈ្មោះ​ កាំង​ ហ្កេ​កអ៊ា​វ ហៅ​ឌុច​ ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ និង​ សំណុំរឿង​ ០០២​ ដោយ​កាត់ទោស​ឱ្យ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីរ​រូប​ គឺ​លោក​ នួន​ ជា​ និង​ លោក​ ខៀវ​ សំ​ផន​ ឱ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ដែរ​។

​នៅមុន​ការតែងតាំង​ចៅក្រម​សាលាដំបូង​ថ្មីនេះ​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ ដែល​ជា​ជនជាតិ​អង់គ្លេស​លោក​ ម៉ៃ​ឃើល​ បូ​ឡែន​ឌ័រ​ (Michael​ Bohlander​) បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង​។ ​; លោក​ថា​ការ​បំពេញការងារ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​ ស្ថិត​ក្នុង​ស្ថានភាព​លំបាកលំបិន​។ លោក​គឺជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ទី​ ៥ ហើយដែល​បាន​លាឈប់​ពីសា​លា​ក្ដី​។ ចៅក្រម​អន្តរ​ជា​តិ​មុន​ៗ បាន​លាឈប់​ ក្រោយ​មាន​ភាព​ចម្រូងចម្រាស​ និង​ ខ្វែងយោបល់​គ្នា​យ៉ាង​ខ្លាំង​ ជាមួយ​សហ​ចៅក្រម​ជាតិ​ រឿង​ស៊ើបអង្កេត​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​បន្ថែម​ទៀត​ ឱ្យ​លើស​ពី​សំណុំរឿង​ ០០១​ និង​ ០០២​ ដែល​អ្នកឃ្លាំមើល​ដំណើរការ​ក្ដី​នៅ​សាលា​ក្ដី​ខ្មែរក្រហម​ ថា​ដោយសារតែ​ការ​ជ្រែ​តជ្រែក​ផ្នែក​នយោបាយ​ ពី​ខាង​របប​លោក​ ហ៊ុន​ សែន​។ ចៅក្រម​អន្តរជាតិ​ ពិបាក​បំពេញការងារ​ឱ្យ​បាន​ពេញលេញ​ ព្រោះតែ​ខ្វះ​ភាព​សហការ​ពី​ភាគី​ជាតិ​ ក្នុង​ការស៊ើបអង្កេត​ទាំងនេះ​។

​ទោះជាយ៉ាងណា​ ក្នុង​ពេលនេះ​ សាលា​ក្ដី​ខ្មែរក្រហម​ បាន​ត្រៀមខ្លួន​នឹង​បិទទ្វារ​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ហើយ​ ដោយ​បាន​កាត់បន្ថយ​ចំនួន​បុគ្គលិក​យ៉ាងច្រើន​គ្រប់​ផ្នែក​៕