ជនជាតិចាមដែលជាជនជាតិភាគតិចរស់នៅក្នុងប្រទេសកម្ពុជារាប់រយឆ្នាំមកហើយនោះជាជាតិសាសន៍មួយដែលខ្មែរក្រហមប៉ុនប៉ងសម្លាប់រង្គាលឱ្យអស់ពីទឹកដីកម្ពុជា។ទោះបីជាជនជាតិភាគតិចមួយនេះប្រឈមនឹងការបោសសម្អាតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនេះក្ដីប៉ុន្តែអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហមបានរកឃើញថាទោះបីជាប្រឈមនឹងសេចក្ដីស្លាប់ដោយការគាបសង្កត់និងការធ្វើទុក្ខបុកម្នេញផ្សេងៗក្ដីប៉ុន្តែពួកគេឥតហ៊ានងើបឈរឡើង តទល់ប្រឆាំងនឹងខ្មែរក្រហមវិញទេ។
តើមូលហេតុអ្វី បានជាខ្មែរក្រហមចង់កម្ទេចជនជាតិចាមឱ្យអស់ពីទឹកដីកម្ពុជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពលរដ្ឋទូទៅត្រូវបានខ្មែរក្រហមបោសសម្អាត ឬសម្លាប់ភា្លម ចំពោះអ្នកដែលប្រឆាំងអង្គការ ក៏ប៉ុន្តែជនជាតិចាមទោះបីជាប្រឈមនឹងសេចក្ដីស្លាប់បែបនេះក្ដី នៅតាមតំបន់មួយចំនួន ពួកគាត់ហ៊ានតតាំងប្រឆាំងនិងអង្គការចាត់តាំង ដើម្បីបុព្វហេតុសាសនានិងទាមទារសិទ្ធិសេរីភាពសេរីភាពមកវិញ។
អ្នកស្រាវជ្រាវប្រវត្តិសាសន៍ខ្មែរក្រហម លោក អ៊ីសា ឧស្មាន ដែលជាសាក្សីដ៏សំខាន់នៅក្នុងសាលាក្ដីខ្មែរក្រហមដែរនោះ។ លោក មានប្រសាសន៍ថា នៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ខ្មែរក្រហមបានដកសិទ្ធិសេរីភាពមនុស្សគ្រប់រូប ប៉ុន្តែសម្រាប់ជនជាចាមវិញ ខ្មែរក្រហម បានដៅជាក្រុមមនុស្សខុសពីគេ ដោយសារតែពួកគាត់កាន់សាសាសនាឥស្លាម ខ្មែរក្រហមបានរឹតត្បិតកាន់តែខ្លាំង បង្ខំឱ្យហូបសាច់ជ្រូក បង្ខំឱ្យបញ្ឈប់ប្រតិបត្តិសាសនា និងបញ្ហាផ្សេងៗទៀត៖ «ខ្មែរក្រហមចង់ឱ្យប្រជាជនទាំងអស់ឱ្យដូចគ្នាទាំងអស់ កាលណាចង់ឱ្យដូចគ្នា អ្នកដែលប៉ះពាល់ខ្លាំងជាគេង គឺអ្នកដែលខុសគេ ឧទាហរណ៍ ខ្មែរក្រហមមិនអាចបង្ខំឱ្យជនជាតិខ្មែរឱ្យឈប់ហូបសាច់ជ្រូកបានទេ មិនអាចបង្ខំឱ្យឈប់និយាយខ្មែរបានទេ សម្រាប់ជនជាតិចាមខ្មែរក្រហមបង្ខំឱ្យទៅរស់នៅលាយឡំជាមួយសហគមន៍ខ្មែរ ដែលបាត់អត្តសញ្ញាណរបស់ពួកគេ បាត់សាសនារបស់ពួកគេ បង្ខំឱ្យហូបសាច់ជ្រូក រហូតដល់ខ្មែរក្រហមបញ្ជាឱ្យបំបាត់ពូជសាសន៍ចាមតែម្ដង ហើយបញ្ជានេះនៅឆ្នាំ១៩៧៧»។
នៅមុនរបបខ្មែរក្រហម ជនជាតិខ្មែរ និងជាតិសាសន៍ដទៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា មានសេរីភាពពេញលេញក្នុងការគោរព ប្រណិប័តន៍ទំនៀមទម្លាប់ និងសាសនា ដែលជាវប្បធម៌បញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ជាយូរលង់ណាស់មកហើយ។ ប៉ុន្តែភ្លាមៗបន្ទាប់ពីផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុកសាសនាទាំងអស់ជាសត្រូវរបស់បដិវត្តន៍។
ជនជាតិចាម ដែលធ្លាប់ជួយខ្មែរក្រហមក្នុងអំឡុងពេលតស៊ូប្រឆាំងរបបសាធារណរដ្ឋខ្មែរ ក៏ខ្មែរក្រហមមិនបានចាត់ទុកពួកគេជាជនជាតិពិសេសអ្វីនោះទេ។ ចំពោះខ្មែរក្រហម សាសនាគឺជាកម្អែលនៃសង្គមចាស់ ដែលធ្វើឱ្យខាតបង់ពេលវេលា និងធនធានឥតប្រយោជន៍។ លើសពីនេះទៀត ខ្មែរក្រហមយល់ថា សាសនាគឺជាឧបសគ្គគំរាមដល់មនោគមវិជ្ជាកុម្មុយនិស្ត និងបដិវត្តន៍ផ្លាស់ប្ដូរសង្គមរបស់ពួកគេដែលត្រូវតែបំបាត់ចោល។
ចំពោះខ្មែរក្រហមដែលប្រើអំណាចផ្ដាច់ការ រាល់ការជំទាស់ទៅនឹងបទបញ្ជាគឺស្មើនឹងប្រឆាំង ហើយរាល់ការប្រឆាំងត្រូវតែបង្ក្រាប។ ដើម្បីរក្សាអត្តសញ្ញាណជាតិសាសន៍របស់ខ្លួនឱ្យបន្តនៅគង់វង្ស ជនជាតិចាម នៅស្រុកក្រូចឆ្មារ ខែត្រកំពង់ចាម ដែលបច្ចុប្បន្នជាខែត្រត្បូងឃ្មុំ បានងើបបះបោរតវ៉ាប្រឆាំងតបនឹង ខ្មែរក្រហម យ៉ាងហោចណាស់បីដង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
លោក អ៊ីសា អូស្មាន អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរក្រហម និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា "ការបះបោររបស់ជនជាតិចាម" មានប្រសាសន៍ថា នៅពេលនោះ ជនជាតិចាម នៅភូមិស្វាយឃ្លាំង និងភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ បានដឹងខ្លួនច្បាស់ថា ពួកគាត់គ្មានជម្រើសអ្វីផ្សេងទេ ក្រៅពីប្រឆាំងតបនឹងគោលនយោបាយផ្ដាច់ការរបស់ខ្មែរក្រហម។ ដូច្នេះមានតែការតស៊ូតតាំងទេ ដែលជាជ្រើសល្អនៅពេលនោះ ដើម្បីសេរីភាពសាសនា ទោះបីប្រឈមនឹងសេចក្ដីស្លាប់ក្ដី៖ «ព្រោះគេចាប់ម្ដងម្នាក់ៗ។ អ៊ីចឹងមុននឹងគាត់ស្លាប់ គាត់ហ៊ាន ជាជាងដេកចាំតែគេចាប់យកទៅសម្លាប់។ ម្នាក់ៗហ៊ានតតាំងជាមួយខ្មែរក្រហម។ គាត់ហាមមិនឱ្យខ្មែរចូលមកក្នុងភូមិរបស់គាត់។ ពួកគាត់ចង់រស់នៅមានសេរីភាពក្នុងសហគមន៍របស់គាត់»។
ខ្មែរក្រហមមានគោលនយោបាយមួយធ្វើឱ្យប៉ះពាល់ដល់ជនជាតិចាម គឺបំបាត់សាសនា ដែលកើតមានការបះបោរនេះ ដូចជានៅឆ្នាំ១៩៧៣ បះបោរនៅភូមិទ្រា ស្រុកក្រូចឆ្មារ និងនៅឆ្នាំ១៩៧៥ មានការបះបោរពីរកន្លែងទៀត គឺនៅភូមិកោះផល និងនៅភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ គឺប្រមាណ២អាទិត្យបន្ទាប់ពីគ្នា។ ជនជាតិចាមរស់នៅចងក្រងជាសហគមន៍ បង្កើតជាភូមិ និងរៀបចំរចនាសម្ព័ន្ធភូមិនីមួយៗ តាមបែបសាសនា មានហាកឹម តួន និងភូឈូយ ជាដើម។ ហើយជនជាតិចាម ដែលងើបបះបោរនោះ មាននៅភូមស្វាយឃ្លាំង ភូមិទ្រា នៅភូមិកោះផលក្នុងស្រុកក្រូចឆ្មារ។ ការបះបោរនៅភូមិកោះផល ត្រូវបានខ្មែរក្រហមបង្ក្រាបក្លាយទៅជាភូមិកោះផេះ ដោយសារតែខ្មែរក្រហមបានបាញ់សម្លាប់បង្ក្រាបងើបតតាំងបះបោរ ដាវកាំបិត តតាំងជាមួយកាំភ្លើងរបស់ក្រុមកម្មាភិបាលខ្មែរក្រហម។ អ្នកដែលរងរបួសត្រូវបានខ្មែរក្រហមសម្លាប់ចោល ហើយអ្នកដែលនៅរស់ត្រូវបានជម្លៀសឱ្យទៅរស់នៅតំបន់ផ្សេងៗ លាយឡំជាមួយជនជាតិខ្មែរ។
អ្នករស់រានជីវិតពីការបង្ក្រាបនៅភូមិកោះផល គឺលោក សុះ ស្លេះ ឱ្យអាស៊ីសេរីដឹង កន្លងមកថា លោកនៅចាំថា ស្ថានការណ៍តានតឹងប្រឈមមុខដាក់គ្នារវាងខ្មែរក្រហម និងអ្នកភូមិ បានកើតឡើងនៅពេលខ្មែរក្រហមប៉ុនប៉ងដកហូតគម្ពីរកូអាន ពីអ្នកភូមិកោះផល ដែលហេតុការណ៍នោះ បានបង្ខំឱ្យអ្នកភូមិធ្វើសកម្មភាពរារាំងមិនឱ្យខ្មែរក្រហមចូលមកក្នុងភូមិ។ បន្ទាប់មកការបាញ់បង្ក្រាបទៅលើអ្នកភូមិ នៅពេលនោះក៏មានការផ្ទុះឡើងបះបោរតបតទៅនឹងខ្មែរក្រហមវិញ៖ «ខ្មែរក្រហមបានទៅប្រជុំក្នុងព្រះវិហារ ចង់ដកគម្ពីរកូអាន ប៉ុន្តែអ្នកភូមិកោះផល មិនព្រមឱ្យ។ គម្ពីរកូអាន សំខាន់ណាស់ ប្រគល់ទៅហ្នឹងបាត់ឈឹងហើយ។ ពេលប្រជុំនោះ គេប្រាប់ថា ពេលត្រូវទះដៃ ទះដៃ។ ចាមគេមិនទះដៃក្នុងព្រះវិហារ ទេ វាបាប។ ខ្មែរប្រាប់ថា កុំជឿបាបជឿអី ជឿលើអង្គការ។ ពេលវ៉ៃហ្នឹងប្រហែលកន្លះខែ ភូមិកោះផល នៅកណ្តាលទន្លេ បាញ់មកហ្នឹង ស្លាប់ច្រើនណាស់ ខ្ញុំដើរកាត់ខ្លោច»។
ឯកសារស្រាវជ្រាវរបស់លោក អ៊ីសា អូស្មាន បានរកឃើញថា ស្ថិតិជនជាតិចាមរស់នៅប្រទេសកម្ពុជា នៅមុនរបបកម្ពុជាប្រជាធិបតេយ្យមានប្រមាណជា ៦សែននាក់ ហើយនៅក្រោយពីរបបនេះ ដួលរលំជនជាតិចាមនៅរស់រានមានជីវិតប្រមាណជា ២សែននាក់ ពោលគឺជនជាតិចាមបាត់ខ្លួននិងខ្មែរក្រហមសម្លាប់នៅក្នុងរបបនេះប្រមាណ ៤សែននាក់។ ឯកសារនេះ បានបញ្ជាក់ ថា ខ្មែរក្រហមមានបំណងលុបបំបាត់ចោលពូជសាសន៍ចាម តាមវិធី ៣យ៉ាង គឺទី១ បំបាត់តាមរយៈសម្លាប់អ្នកចេះដឹងខាងសាសនាឥស្លាម ទី២ ការហាមប្រាមមិនឱ្យជនជាតិចាម គោរពប្រតិបត្តិសាសនា និងទី៣ ប៉ុនប៉ងលុបបំបាត់អត្តសញ្ញាណជនជាតិចាម តាមរយៈជម្លៀសជនជាតិចាម ឱ្យទៅនៅលាយឡំជាមួយជនជាតិខ្មែរ និងបង្ខំឱ្យបរិភោគសាច់ជ្រូកជាដើម។
អ្នកចូលរួមបះបោរនៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំងវិញ ក៏ធ្លាប់ឱ្យអាស៊ីសេរីដឹងកន្លងមកដែរថា ជនជាតិចាមងើបប្រឆាំងតតាំងនិងខ្មែរក្រហម នៅពេលនោះ មូលហេតុចម្បងគឺខ្មែរក្រហមបំផ្លាញវប្បធម៌សាសនាឥស្លាម ដែលជាសាសនារបស់ព្រះអល់ឡោះ ដែលឥសា្លមសាសនិកទាំងអស់មិនអាចបោះបង់បាន ទោះបីជាប្រឈមនឹងសេចក្ដីស្លាប់ក៏ពួកគាត់មិនខ្លាចដែរ ដើម្បីបុព្វហេតុសាសនា៖ «រឿងផ្ទុះបះបោរនោះ ពេលយប់នោះ គេរៀនអក្ខរកម្ម ពេលរៀនទៅ ខ្មែរក្រហមមិនឱ្យរៀនទេ ហើយគេមកចាប់មនុស្ស២០នាក់ ដូច្នេះយើងនាំគ្នាបះបោរតែម្ដង រឿងហ៊ានងើបបះបោរនេះ គឺដោយសារតែយើងគិតថា បើយើងមិនរើក៏ងាប់ បើយើងរើតបត ក៏ត្រូវស្លាប់ ហើយក៏អាចរស់ខ្លះដែរ ដូច្នេះហើយទើបយើងអាចងើបបះបោរ»។
លោក អ៊ីសា អូស្មាន ដែលលោកធ្លាប់បានផ្ដល់សក្ខីកម្មលើសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាមកាលពីឆ្នាំ២០១៦ដែរនោះ លោកធ្លាប់បានស្នើឱ្យសាលាក្ដីខ្មែរក្រហម ហៅមេដឹកនាំបច្ចុប្បន្ន លោក ហ៊ុន សែន និង លោក ហេង សំរិន ដែលជាកម្មាភិបាលខ្មែរក្រហម ហើយលោកបានរកឃើញឯកសារ លោក ហ៊ុន សែន និង លោក ហេង សំរិន ជាប់ទាក់ទង និងការសម្លាប់ជនជាតិចាមនៅក្នុងរបបខ្មែរក្រហម៖ «អ្វីដែលខ្ញុំនិយាយគឺសំអាងលើសាក្សី និងឯកសារភស្តុតាង ឈ្មោះដែលលោករៀបរាប់មិញនេះ គឺជាថ្នាក់ដឹកនាំនៅតំបន់២១ ជាថ្នាក់ដឹកនាំនៅមជ្ឈិមបូព៌ា ប៉ុន្តែខ្ញុំមិនដែលឃើញឯកសារមនុស្សទាំង៤នាក់នោះ មានសម្ដេច ហ៊ុន សែន ហេង ផងហ្នឹងថាសម្លាប់ចាមនោះ ខ្ញុំមិនទាន់ទទួលព័ត៌មាននេះ នៅឡើយទេ ប៉ុន្តែអ្នកជាប់ពាក់ព័ន្ធទាំងនេះ នៅរស់រាននៅឡើយទេ តុលាការអាចហៅមនុស្សទាំងនេះមកសួរបាន»។
ក៏ប៉ុន្តែការផ្ដល់សក្ខីកម្មនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោក និល ណុន បានព្រមានលោក អ៊ីសា អូស្មាន ទៅវិញ នៅពេលលោក បានទាមទារឱ្យសាលាក្ដីកោះហៅ លោក ហ៊ុន សែន និង លោក ហេង សំរិន មកផ្ដល់សក្ខីកម្មបន្ថែម ថាតើ លោក ហ៊ុន សែន និង លោក ហេង សំរិន ពិតជាប់ទាក់ទងនិងការសម្លាប់ជនជាតិចាម ដែរ ឬយ៉ាងណានោះ?៖ «អ្នកជំនាញលោកត្រឹមឆ្លើយត្រឹមតែជំនាញរបស់លោកបានហើយ រឿងកោះហៅឬមិនកោះហៅជាសមត្ថកិច្ចរបស់ចៅក្រមជំនុំជម្រះ កុំប្រូប្រាចច្រើនពេក លោកនឹងប្រឈមកាន់តែខ្លាំងដោយខ្លួនឯង»។
លោក អ៊ីសា អូស្មាន ឱ្យដឹងថា ឯកសារដែលលោករកឃើញគឺមានថ្នាក់ដឹកនាំជាន់ខ្ពស់ ៤នាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់ជនជាតិចាម ក្នុងនោះក៏មានលោក ហ៊ុន សែន និង លោក ហេង សំរិន ដែរ៖ «អ្នកស្រាវជ្រាវបានរកឃើញ ឈ្មោះ ហ៊ុន សែន ហ៊ុន សំរិន អ៊ុក ប៊ុនឈឿន សោ ភឹម ជាប់ពាក់ព័ន្ធការសម្លាប់ជនជាតិចាម ពិសេសនៅក្នុងការបះបោរ ហើយការស្រាវជ្រាវរបស់ខ្ញុំ ការសម្លាប់ចាមនេះ គឺមានតែថ្នាក់តំបន់ ថ្នាក់មជ្ឈិម ដែលអាចសម្លាប់ចាមបាន ព្រោះថ្នាក់មូលដ្ឋានអត់មានកាំភ្លើងក្នុងការបង្ក្រាបទេ»។
សហចៅក្រមជាតិ និងអន្តរជាតិនៃសាលាក្ដីខ្មែរក្រហមមានភាពចម្រូងចម្រាស់ទៅលើការកោះហៅមន្ត្រីជាន់ខ្ពស់នៃរបបលោកក្រុងភ្នំពេញ រួមទាំងលោក ហ៊ុន សែន ផងកាលពីឆ្នាំ២០១៦។ លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា លោកមិនឱ្យមន្ត្រីនៃរបបលោក ទៅផ្ដល់សក្ខីកម្មនៅក្នុងសាលាក្ដីខ្មែរក្រហមនេះជាដាច់ខាត លោក សុខ ចិត្ត ឱ្យសាលាក្ដីនេះ បរាជ័យ តែមិនឱ្យមន្ត្រីរបស់លោកទៅឆ្លើយបំភ្លឺឬផ្ដល់សក្ខីកម្មទេ រួមទាំងខ្លួនលោកផង។
ច្បាប់ស្តីពីការបង្កើតសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមមាត្រា៧ បានចែងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាមានអំណាចវិនិច្ឆ័យទោស ទៅលើជនសង្ស័យទាំងឡាយណាដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងការបំផ្លាញសម្បត្តិវប្បធម៌ យោងតាមអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីការការពារសម្បត្តិវប្បធម៌ក្នុងជម្លោះចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
មេដឹកនាំខ្មែរក្រហម ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចោទប្រកាន់បន្ថែមពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងវៀតណាមនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មាន ៤នាក់រួមមាន នួន ជា អតីតប្រធានសភាតំណាងប្រជាជន អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។