អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣០ កក្កដា បានបញ្ចប់សវនាការស្ដាប់សាក្សី ២រូប ទាក់ទងនឹងអង្គហេតុការដ្ឋានការងារដោយបង្ខំនៅការដ្ឋានធ្វើវាលយន្តហោះខេត្តកំពង់ឆ្នាំង និងទំនប់ ១មករា ខេត្តកំពង់ធំ។
សាក្សីឈ្មោះ ឃឹន វ៉ាត ដែលអតីតជាយុទ្ធនារីទ័ពអាកាសលេខ៥០២ និងជាអ្នកដាំស្លសម្រាប់អ្នកជំនាញការចិន នៅការដ្ឋានធ្វើវាលយន្តហោះនៅខេត្តកំពង់ឆ្នាំង ប្រាប់អង្គជំនុំជម្រះនៅថ្ងៃទី៣០ កក្កដា ថា លក្ខខណ្ឌធ្វើការងារ និងការរស់នៅ នៅការដ្ឋានការងារនោះលំបាកខ្លាំង។
លោកស្រី ឃឹន វ៉ាត បញ្ជាក់ថា ស្ថានភាពរស់នៅលំបាក និងមិនអាចទ្រាំនឹងការងារដោយបង្ខំធ្ងន់ធ្ងរ ធ្វើឲ្យកម្មករខ្លះសម្លាប់ខ្លួន៖ «អ្នកបើកឡានដឹកថ្មហ្នឹងនិយាយនឹងគ្នាគេ ហើយគាត់ថា មានយុវជនហ្នឹងរត់ពីអង្គភាពទៅចូលក្នុងឡានគាត់ដឹកថ្មហ្នឹង។ គាត់ចាប់ហ្វ្រាំងអត់ទាន់ ធ្វើឲ្យឡានហ្នឹងជាន់ស្លាប់។ ខ្ញុំដឹងប៉ុណ្ណឹងមែន មានម្នាក់ទៀតនៅរោងដាក់ឡានក្រាំងលាវ ហ្នឹង គឺឡើងចងកសម្លាប់ខ្លួនដែរ»។
ក្រៅពីការបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរនៅការដ្ឋានការងារធ្វើវាលយន្តហោះនោះ ក៏មានករណីចាប់កម្មករយកទៅសម្លាប់ដែរ ក្នុងយុទ្ធនាការបោសសម្អាតខ្មាំងរបស់អង្គការ។ កម្មករទាំងនោះ គឺជាអតីតកងទ័ព។ សាក្សីឲ្យដឹងថា ការបោសសម្អាត គឺសំដៅលើយោធាណាដែលជាប់និន្នាការជាមួយវៀតណាម។
សាក្សី ឃឹន វ៉ាត បានអះអាងថា លោកស្រីត្រូវបានអង្គការខ្មែរក្រហម បង្ខំឲ្យរៀបការជាមួយយោធិនជាជនពិការមកពីកងពលលេខ១១ នៅឆ្នាំ១៩៧៧។ ក្រោយមក ប្ដីរបស់លោកស្រីបាត់ខ្លួន ហើយលោកស្រីត្រូវបានដកចេញពីកន្លែងដាំស្ល ទៅធ្វើស្រែនៅខេត្តកំពង់ឆ្នាំង។
លោកស្រីធ្លាប់ដឹងថា លោក ខៀវ សំផន ដែលជាជនជាប់ចោទក្នុងសំណុំរឿង ០០២ វគ្គ២ នេះ ក៏ធ្លាប់ទៅធ្វើទស្សនកិច្ចនៅការដ្ឋានវាលយន្តហោះនេះដែរ។
អតីតជាអ្នកដាំស្លសម្រាប់អ្នកជំនាញការចិន ប៉ុន្តែលោកស្រីមិនបានដឹងថា មានចំនួនសរុបប៉ុន្មានទេ។ លោកស្រីមានប្រសាសន៍ថា អ្នកជំនាញការទាំងនោះ បង្ហាត់យោធាខ្មែរក្រហមអំពីការបើកបរ និងជួសជុលយន្តហោះ។ ធ្លាប់មានគណៈប្រតិភូបរទេសទៅទីនោះដែរ ដូចជា ចិន វៀតណាម និងភូមា។ អ្នកទាំងនោះអាចជាទូត មិនមែនជាអ្នកបច្ចេកទេសទេ។
នៅថ្ងៃដដែល អង្គជំនុំជម្រះ បានបន្តស្ដាប់សក្ខីកម្មរបស់សាក្សីមួយរូបទៀត ឈ្មោះ អ៊ុំ ជី មកពីខេត្តកំពង់ធំ។ លោក អ៊ុំ ជី ជាប្រធានកងចល័តដែលគ្រប់គ្រងកម្លាំងមនុស្សចំនួន ៥០០នាក់ ធ្វើទំនប់ប្រឡាយជាប់ការដ្ឋានទំនប់ ១មករា។
លោក អ៊ុំ ជី ថ្លែងថា ការងារនៅតំបន់របស់លោកក៏ជាការបង្ខំ និងធ្ងន់ធ្ងរដូចគ្នាដែរ។ រីឯការរៀបការ មិនដែលមានការចាប់បង្ខំនារី ឬយុវជនណាម្នាក់ឲ្យរៀបការទេ។ ទន្ទឹមគ្នានេះ លោកឲ្យដឹងថា មានមនុស្ស ៥គ្រួសារ ត្រូវគេយកទៅសម្លាប់៖ «ដែលប្រជាជនទៅហ្នឹង គឺ ហេង និង លាក់ នៅជាប្រធានសហករណ៍ ហើយគាត់រើសទៅ ហើយខ្ញុំក៏មិនឃើញច្បាស់នឹងភ្នែកដែរ ពីព្រោះខ្ញុំនៅចម្ការ។ ដល់ពេលខ្ញុំមកវិញ បាត់ទៅខ្ញុំសួររកគេ គេថាអង្គការបោសសម្អាតហើយ ហើយឈ្មោះដូចខ្ញុំរៀបរាប់ក្នុងឯកសារចាស់ ដែលនៅជិតផ្ទះខ្ញុំ គឺមាន តា ឆេង យាយ អូ និងតា គិន យាយ មាន់។ គាត់នៅជិតផ្ទះខ្ញុំ ធ្លាប់និយាយទំនាក់ទំនងលេងសើចពេលមកពីចម្ការម្ដងៗ។ ដល់ពេលនេះមកស្ងាត់ ខ្ញុំសួររក គេថាបោសសម្អាតអស់ហើយ គឺចប់»។
អង្គជំនុំជម្រះសាលាដំបូង នឹងមិនធ្វើសវនាការទេនៅសប្ដាហ៍ក្រោយនេះ ដោយសារទុកពេលវេលាសម្រាប់ឲ្យភាគីការពារក្ដីជនជាប់ចោទ មានពេលគ្រប់គ្រាន់ដើម្បីពិនិត្យឯកសារជាច្រើន ដែលភាគីសហព្រះរាជអាជ្ញាស្នើសុំដាក់បន្ថែម។ អង្គជំនុំជម្រះប្រកាសថា នឹងធ្វើសវនាការឡើងវិញនៅថ្ងៃច័ន្ទ ទី១០ ខែសីហា ហើយសវនាការនោះ នឹងត្រឡប់មកស្ដាប់សក្ខីកម្មអំពីការងារដោយបង្ខំនៅការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។