សាលា​ក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​ស្រប​ពេល​កំពុង​ប្រឈម​នឹង​ខ្វះ​សាក្សី

0:00 / 0:00

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​០០២ វគ្គ​២ បន្ត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ ស្រប​ពេល​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​សាក្សី។ ការ​ខ្វះ​សាក្សី​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ គឺ​ក្នុង​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង កំពុង​ធ្វើ​សវនាការ​ទាក់ទង​នឹង​អង្គ​ហេតុ​សម្លាប់​ជនជាតិ​វៀតណាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ឲ្យ​ដឹង​ថា អង្គ​ជំនុំ​ជម្រះ​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​សាក្សី ឬ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មក​ផ្ដល់​សក្ខីកម្ម​ក្នុង​សវនាការ​នៅ​សប្ដាហ៍​នេះ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ ទី​១១ ធ្នូ ថា សាក្សី​មួយ​រូប​ដែល​អង្គ​ជំនុំ​ជម្រះ​បាន​កំណត់​កោះ​ហៅ​ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​តាម​លំដាប់​លំដោយ​នោះ មិន​បាន​មក​វិញ ដោយសារ​តែ​មាន​បញ្ហា​សុខភាព៖ «ដើម​បណ្ដឹង​រដ្ឋប្បវេណី 2TCCP869 គាត់​មាន​បញ្ហា​សុខភាព។ គាត់​មាន​ជំងឺ​ទី​មួយ។ ទី​ពីរ គាត់​មាន​ចេតនា​សុំ​លះបង់​សិទ្ធិ​របស់​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​រឿង​ក្ដី​នេះ។ តើ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បញ្ជាក់​ពី​បញ្ហា​នេះ ជូន​អង្គ​ជំនុំ​ជម្រះ​បាន​ដឹង​ដែរ​ឬ​ទេ? ដើម្បី​រៀបចំ​កាលវិភាគ​សវនាការ​នៅ​សប្ដាហ៍​ក្រោយ​ឲ្យ​បាន​សមស្រប និង​អស់​លទ្ធភាព​នៃ​ពេលវេលា​ដែល​សេសសល់​នៅ​ក្នុង​ឆ្នាំ​នេះ»

មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ពេជ្រ អង្គ បញ្ជាក់​ថា សាក្សី​រូប​នេះ​ក្រៅ​ពី​មាន​បញ្ហា​សុខភាព គាត់​ក៏​មាន​បញ្ហា​ភ័យ​ខ្លាច​ដែរ៖ «មេធាវី​របស់​គាត់​ពិនិត្យ​ឃើញ​ថា គាត់​មិន​ទុក​ចិត្ត ហើយ​មាន​ការ​ខ្លបខ្លាច​នៅ​ក្នុង​ការ​ចូល​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​អង្គ​សវនាការ នៅ​ពេល​មាន​មនុស្ស​ច្រើន ហើយ​មាន​ន័យ​ថា ហាក់​ដូចជា​មាន​លក្ខណៈ​ជា​ការ​បាក់​ស្បាត នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ឆ្លើយ​នៅ​ចំពោះ​មនុស្ស​មាន​គ្នា​ច្រើន។ ហើយ​ម្យ៉ាង​ទៀត ចេតនា​របស់​គាត់ ដោយសារ​ថា​គាត់​មិន​ទុក​ចិត្ត​ខ្លួន​ឯង​ដូច្នេះ ធ្វើ​ឲ្យ​គាត់​មិន​មាន​បំណង​នៅ​ក្នុង​ការ​ចូល​មក​ឆ្លើយ​នៅ​ចំពោះ​មុខ​អង្គ​សវនាការ​ទេ។ ទោះ​ជា​កន្លង​មក មេធាវី​របស់​គាត់​ធ្លាប់​ណែនាំ​ឲ្យ​ជួប​គ្រូពេទ្យ​ចិត្តសាស្ត្រ ធីភីអូ (TPO) រួច​មក​ហើយ»

លោក​ចៅក្រម និល ណុន ថ្លែង​ថា ក្នុង​ពេល​ប្រឈម​មុខ​ខ្វះ​សាក្សី​បន្ទាន់​នេះ អង្គ​ជំនុំ​ជម្រះ​ចង់​យក​សាក្សី​ពីរ​រូប​ផ្សេង​ទៀត មាន​លេខ​កូដ​ថា 2TCW846 និង 2TCW1000 ដែល​នឹង​ត្រូវ​កោះ​ហៅ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៦ នោះ ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ ជំនួស​វិញ ក៏ប៉ុន្តែ​ទាំង​ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​ការពារ​ក្ដី​ជន​ជាប់​ចោទ សុទ្ធតែ​ជំទាស់​ដូច​គ្នា មិន​គាំទ្រ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​កោះ​ហៅ​សម្រាប់​ថ្ងៃ​ច័ន្ទ ទេ។

មេធាវី​ការពារ​ជន​ជាប់​ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) កត់​សម្គាល់​ថា សាក្សី 2TCW1000 គួរ​តែ​រង់ចាំ​រហូត​ដល់​ការ​ស៊ើប​អង្កេត​ចប់​សិន៖ «ហើយ​ម្យ៉ាង​ទៀត គឺ​ដោយសារ​តែ​វា​មាន​ភាព​ស្មុគស្មាញ​ផង។ បើ​សិន​ជា​គាត់​ត្រូវ​បាន​កោះ​ហៅ​នៅ​សប្ដាហ៍​ក្រោយ យើង​ខ្ញុំ​យល់ស្រប​ជាមួយ​សហ​ព្រះរាជអាជ្ញា មេត្តា​កុំ​កោះ​ហៅ​ឲ្យ​ចំ​ថ្ងៃ​ច័ន្ទ អី គឺ​កោះ​ហៅ​គាត់​នៅ​ចុង​សប្ដាហ៍​ទៅ។ ខ្ញុំ​មិន​ដឹង​ថា តើ​មាន​ការ​កំណត់​ពេលវេលា​សម្រាប់​សាក្សី​រូប​នេះ​មួយ ឬ​ក៏​ពីរ​ថ្ងៃ​នោះ​ទេ»

ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែង​ថា ខាង​អ្នកស្រី​មិន​អាច​រៀបចំ​ខ្លួន​ទាន់​សម្រាប់​សាក្សី​នេះ​ទេ៖ «ចំពោះ​សាក្សី 2TCW846 នោះ គឺ​មិន​ការ​លំបាក​អ្វី​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ 2TCW1000 ជា​សាក្សី​មួយ​រូប​ដែល​នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ផ្ដល់​សក្ខីកម្ម​ទៅ​តាម​សំណើ​ថ្មីៗ​នេះ​របស់​សហ​ព្រះរាជអាជ្ញា។ យើង​មាន​បញ្ហា​ខាង​ការ​រៀបចំ​ខ្លួន​ហើយ។ ប្រសិន​បើ​អង្គ​ជំនុំ​ជម្រះ​កោះ​ហៅ​គាត់​មក​មុន​ខុស​ពី​ការ​គ្រោង​ទុក​នោះ យើង​ជា​មេធាវី​ការពារ​ក្ដី​ពិបាក​រៀបចំ​ខ្លួន​ណាស់។ អ៊ីចឹង​បើ​អាច​កោះ​ហៅ សុំ​ឲ្យ​កោះ​ហៅ សុំ​មេត្តា​កោះ​ហៅ​នៅ​ចុង​សប្ដាហ៍»

ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គ​ជំនុំ​ជម្រះ​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ស្ដាប់​សាក្សី​ទាំង​នេះ​នៅ​ពេល​ណា​នៅ​ឡើយ ហើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ធ្នូ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​មួយ​រូប ដែល​មាន​រហស្សនាម​ថា 2TCW820។ សវនាការ​បន្ត គឺ​ទាក់ទង​នឹង​ការ​សម្លាប់​ជនជាតិ​វៀតណាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។