សាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៥ ឧសភា បានបញ្ចប់សវនាការស្ដាប់សក្ខីកម្មរបស់សាក្សី ហ៊ីម ហ៊ុយ ដែលជាអតីតមេក្រុមចាប់ចង និងដឹកជញ្ជូនអ្នកទោសចូល និងចេញពីមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែង ទៅសម្លាប់នៅជើងឯក។
មុននឹងបញ្ចប់សក្ខីកម្មរបស់ខ្លួន សាក្សី ហ៊ីម ហ៊ុយ ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម អំពីរបៀបចាប់ខ្លួន គ្រប់គ្រង និងការសម្លាប់អ្នកទោសសំខាន់ៗនៅគុកទួលស្លែង។
លោករំឭកអំពីការចូលរួមរបស់លោក នៅក្នុងការចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់ភូមិភាគឧត្ដរមួយរូប ឈ្មោះ កុយ ធួន ដែលត្រូវបានអង្គការចោទថាក្បត់ប្រុងធ្វើរដ្ឋប្រហារ៖ « ក្រុមអ្នកចាប់ខ្លួនហ្នឹង គឺក្រុមខ្ញុំ ១០នាក់។ ខ្ញុំគឺប្រធានក្រុមកន្លែងចាប់អ្នកទោស កន្លែងទទួលអ្នកទោស គឺខ្ញុំប្រធានក្រុម។ កុយ ធួន គឺចាប់នៅផ្ទះតា ឌុច។ ខ្ញុំក៏បានទៅដែរជាមួយតា ហ៊ ហើយកម្លាំងមាឌធំពីក្នុងមកហ្នឹង គឺគ្នាប្រហែលជា ៦ ទៅ ៧នាក់ទៅចាប់ហ្នឹង »។
លោក ហ៊ីម ហ៊ុយ ឲ្យដឹងថា លោកជាអ្នកនៅចាំទទួលឡានដឹកអ្នកទោសពីខាងក្រៅ ហើយបញ្ជូនបន្តទៅដល់ទ្វារគុកទួលស្លែង។ លោកថា អ្នកទោសដែលមានឋានៈខ្ពស់ និងសំខាន់ៗ ដូចជាលោក កុយ ធួន ត្រូវគេឃុំឃាំងនៅអគារ "ក" នៃគុកទួលស្លែង ហើយក្រោយមក ត្រូវកងសន្តិសុខយកទៅសម្លាប់នៅខាងក្រោយគុកនោះ៖ « តា ហ៊ ថា គេអត់ឲ្យយកទៅទេអ្នកសំខាន់ៗ គឺគេ សម្លាប់នៅ ក្រោយគុកហ្នឹងហើយ អត់ឲ្យទៅជើងឯកជើងអីទេ ព្រោះអង្គការមិនទុកចិត្តអ្នកទៅ ។ មួយទៀត ច្បាប់គេអត់ឲ្យទៅឆ្ងាយទេ។ ពួកហ្នឹងគឺទុកនៅខាងក្រោយគុកហ្នឹងហើយ »។
លោកបន្តថា កងសម្លាប់អ្នកទោសនៅគុកទួលស្លែង ចុងក្រោយបំផុតក៏ត្រូវគេចាប់សម្លាប់នៅក្បែរៗទីនោះដែរ ក្រោយពេលដែលមានអ្នកទោសឆ្លើយដាក់ថា ជាប់ខ្សែក្បត់នឹងអង្គការ ហើយការបែងចែកបក្ខពួករវាងប្រធានគុក ឈ្មោះ ឌុច និងអនុប្រធានឈ្មោះ ហ៊។ លោកថា ស្ថានការណ៍មិនទុកចិត្តគ្នា កាន់តែតឹងតែងនៅចុងឆ្នាំ១៩៧៧ ហើយនៅឆ្នាំ១៩៧៨ ការចាប់អ្នកធ្វើការនៅក្នុងនោះ កាន់តែច្រើនឡើង៖ « ក្រោយមកទៀតមក បានគេដាក់ច្បាប់មួយអត់ឲ្យនរណាទុកចិត្តនរណា ឬនិយាយគ្នាទំនាក់ទំនងគ្នាឯណាទេ គឺម្នាក់ត្រូវតាមដានម្នាក់។ អ៊ីចឹងគឺអត់មានទំនាក់ទំនង ព្រោះពេលនោះ ជាពេលគេចាប់ខ្លួនអ្នកនៅកន្លែងហ្នុង ក្នុងពេលដែលគេចាប់ពួកអ្នកធ្វើការក្នុងហ្នឹង។ គេលែងឲ្យទំនាក់ទំនងលេងសើចអីទៀតហើយ ។ គេឲ្យម្នាក់តាមដានម្នាក់ ។ យុទ្ធជនតាមដានកម្មាភិបាល កម្មាភិបាល តាមដាន យុទ្ធជន ហើយមានសិទ្ធិរាយការណ៍ដូចគ្នា។ អ៊ីចឹងម្នាក់ៗដើរធ្វើទីងមោងដូចគ្នា អត់ហ៊ានទំនាក់ទំនង ជាមួយអ្នក ណាទេ ស៊ីបាយហើយទៅសម្រាក ស៊ីបាយហើយទៅ ធ្វើការ »។
លោកឲ្យដឹងថា នៅឆ្នាំ១៩៧៨ នោះ លោកត្រូវ ឌុច ដកឲ្យទៅធ្វើស្រែនៅខាងត្បូងជើងឯក បន្ទាប់ពីអ្នកទោសឈ្មោះ ណុក នួន ឆ្លើយដាក់លោកថា ប្រុងបះបោរនៅគុកទួលស្លែង។
បន្ទាប់ពីបានបញ្ចប់សវនាការស្ដាប់សាក្សី ហ៊ីម ហ៊ុយ នៅថ្ងៃទី៥ ឧសភា ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសផ្អាកសវនាការរយៈពេល ២សប្ដាហ៍។ អង្គជំនុំជម្រះសាលាដំបូង នឹងចាប់ផ្ដើមធ្វើសវនាការឡើងវិញនៅថ្ងៃច័ន្ទ ទី២៣ ឧសភា ដែលនឹងស្ដាប់សាក្សីថ្មីមួយរូបទៀតមានលេខកូដថា 2TCW-816 ទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ «ស-២១»ឬគុកទួលស្លែងដដែល។ រហូតមកដល់ពេលនេះ អង្គជំនុំជម្រះសាលាដំបូង បានស្ដាប់សក្ខីកម្មចំនួនប្រាំពីរហើយ ក្នុងរឿងឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទួលស្លែង។ ក្នុងចំណោមសក្ខីកម្មទាំងប្រាំពីរ គឺមានអតីតអ្នកទោសមួយរូប និងអតីតអ្នកធ្វើការនៅគុកនេះចំនួនប្រាំមួយរូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។