បណ្ដឹងអាជ្ញាលើលោក នួន ជា ត្រូវរម្លត់ក្រោយមរណភាពរបស់ជនជាប់ចោទរូបនេះ។ អង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម ប្រកាសកាលពីថ្ងៃទី១៣ សីហា ពោលគឺ ៩ថ្ងៃក្រោយមរណភាពរបស់លោក នួន ជា ថា មរណភាពនេះ មានអានុភាពរលត់បណ្ដឹងអាជ្ញាលើរូបគាត់ និង បញ្ចប់រាល់កិច្ចដំណើរការនីតិវិធី ពាក់ព័ន្ធនឹងរូបគាត់ នៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។
អនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា និងវិធានផ្ទៃក្នុងសាលាក្ដីខ្មែរក្រហម ក្រោយមរណភាពរបស់ជនជាប់ចោទ រាល់បណ្ដឹងអាជ្ញាប្រឆាំងនឹងជននេះ ត្រូវរលត់។ ចំណែកឯនីតិវិធីបណ្ដឹងរដ្ឋប្បវេណី ពោលគឺការទាមទារសំណងពីជនជាប់ចោទ ក៏ត្រូវបញ្ចប់ដែរ។
នេះជាលើកទីបីហើយ ដែលសាលាក្តីខ្មែរក្រហម រំលត់បណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋប្បវេណីលើចុងចោទ។ លើកទីមួយ ករណីលោក អៀង សារី ដែលស្លាប់មុនចេញសាលក្រមក្នុងសំណុំរឿង ០០២/០១។ លើកទីពីរ គឺករណីអ្នកស្រី អៀង ធិរិទ្ធ ដែលស្លាប់ ពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ទោះជាយ៉ាងនេះក្តី លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភាប្រជាជនកម្ពុជានៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សនៃកុម្មុយនិស្តកម្ពុជារបស់ខ្មែរក្រហម ត្រូវបានសាលាក្ដីខ្មែរក្រហម ជំនុំជម្រះក្តីរួចរាល់មួយករណីរួចទៅហើយ ដោយចេញជាសាលដីកាស្ថាពរ ក្នុងករណីសំណុំរឿង ០០២/០១ ផ្ដន្ទាទោសឱ្យគាត់ ជាប់ពន្ធនាគារអស់មួយជីវិត និងត្រូវសងសំណងរដ្ឋប្បវេណី តាមការបង្គាប់របស់តុលាការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។