ក្រុម​អតីត​ទាហាន លន់ នល់ រំឭក​ព្រឹត្តិការណ៍​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច​ដោយ​ឃោរឃៅ

0:00 / 0:00

អស់​រយៈពេល ៤០​ឆ្នាំ​មក​ហើយ​ដែល​របប​សាធារណរដ្ឋ​ខ្មែរ​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី លន់ នល់ បាន​ដួល​រលំ​ដោយសារ​ស្នាដៃ​ក្រុម​ខ្មែរ​ក្រហម។ ក្រុម​អតីត​យោធា​របស់​របប លន់ នល់ ដែល​នៅ​រស់​រាន​មាន​ជីវិត​ខ្លះ នៅ​តែ​នឹក​ឃើញ​ពេល​ក្រុម​ខ្មែរ​ក្រហម​បាន​គ្រប់គ្រង​អំណាច​ដោយ​ភាព​ឃោរឃៅ ហើយ​ទាញ​ប្រទេស​ទាំង​មូល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​របប​នរក​អវីចី​ស្ទើរ​រក​របប​ណា​ឲ្យ​ដូច​បាន។

អតីត​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​នាយ​សមុទ្រ បាន​បង្ហាញ​ភាព​សោកស្ដាយ​ទាំង​មិន​អស់​ចិត្ត​ថា សង្គ្រាម​ដែល​នាំ​ឲ្យ​របប លន់ នល់ ដួល​រលំ​នោះ គឺ​ដោយសារ​សង្គ្រាម​ចិត្ត​សាស្ត្រ ឬ​សង្គ្រាម​នយោបាយ​ប៉ុណ្ណោះ។

អតីត​កងទ័ព​នៃ​របប លន់ នល់ ភាគ​ច្រើន​និយាយ​ដូចៗ​គ្នា​ថា ការ​ដួល​រលំ​នៃ​របប លន់ នល់ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​វេទនា​ធ្លាក់​ដុនដាប ហើយ​ប្រទេស​រង​ការ​បំផ្លាញ​ខ្ទេចខ្ទី​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ពី​ទីក្រុង​ហ្វីឡាឌែលហ្វៀ (Philadelphia) រដ្ឋ​ភែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋ​អាមេរិក លោក ជុំ គិរី វ័យ ៦២​ឆ្នាំ បាន​បន្ទោស​នយោបាយ​ថ្នាក់​លើ​ដែល​ធ្វើ​ឲ្យ​របប​សាធារណរដ្ឋ​ខ្មែរ​ចាញ់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៧៥៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​យល់​ថា ការ​ដែល​យើង​ចាញ់​សង្គ្រាម​ខ្មែរ​ក្រហម គឺ​មិន​មែន​ចាញ់​ដោយសារ​កម្លាំង​ទ័ព​ទេ។ យើង​ចាញ់​សង្គ្រាម​ខ្មែរ​ក្រហម គឺ​ដោយសារ​សង្គ្រាម​ចិត្ត​សាស្ត្រ ពីព្រោះ​ថា នៅ​ពេល​ខ្មែរ​ក្រហម​វាយ​សម្រុក​ចូល​ដល់​ទីក្រុង​ភ្នំពេញ​ទូទាំង​ប្រទេស​ហ្នឹង ខ្ញុំ​មើល​ទៅ​កម្លាំង​កងទ័ព​នៅ​មិន​ទាន់​ខ្សោយ​នៅ​ឡើយ​ទេ ជាពិសេស​ពួក​ភូមិ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា។ ហើយ​ទាំង​ពលរដ្ឋ ទាំង​កងទ័ព​ជាតិ មាន​កំហឹង​នឹង​កងទ័ព​ខ្មែរ​ក្រហម និង​ពួក​កុម្មុយនីស្ត​យួន ចូល​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង»

របប​សាធារណរដ្ឋ​ខ្មែរ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧០។ របប​នេះ​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ ជា​រដ្ឋាភិបាល​យោធា​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ពី​អំណាច​នៅ​ថ្ងៃ​ទី​១៨ មីនា ក្នុង​ឆ្នាំ​១៩៧០។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ នេះ ដោយសារ​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​គាំទ្រ​សកម្មភាព​កងទ័ព​វៀតណាម​ខាង​ជើង​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា។ មូលហេតុ​ធំ​មួយ​ទៀត គឺ​ដោយសារ​គោល​នយោបាយ​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ពេល​នោះ បាន​បក​ប្រឆាំង​ជាមួយ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក វិញ។

នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរ​ក្រហម​បាន​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់ លោក លន់ នល់ វិញ​នៅ​ខណៈ​សហរដ្ឋ​អាមេរិក បញ្ឈប់​ជំនួយ​យោធា និង​ថវិកា​ដើម្បី​បន្ត​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​ខ្មែរ​ក្រហម។

លោក ជុំ គិរី បន្ត​ថា កងទ័ព​របស់ លោក លន់ នល់ បាន​ដាក់​អាវុធ​ចុះ​នៅ​ពេល​នោះ ដោយសារ​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ប្រកាស​ថា ខ្មែរ​មិន​ត្រូវ​សម្លាប់​ខ្មែរ​គ្នា​ឯង​នោះ​ឡើយ ប៉ុន្តែ​អ្វី​លើស​ពី​ការ​គិត​របស់​លោក​នោះ គឺ​ក្រុម​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​ជម្លៀស​ពលរដ្ឋ​ពី​ទីក្រុង​ទៅ​ជនបទ ដោយ​បន្លាច​ថា ទាហាន​អាមេរិក​នឹង​ទម្លាក់​គ្រាប់​បែក​ក្រោយ​ពី​ពួក​គេ​យក​បាន​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​រួច​ហើយ​នោះ៖ «ខ្ញុំ​យល់​ថា នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​ដល់​ទីក្រុង​ភ្នំពេញ​ហើយ ដូចជា​មិន​យូរ​ទេ ខ្មែរ​ក្រហម​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​តាម​ភូមិ នៅ​តាម​ខេត្ត​ហ្នឹង​ចេញ​ជា​បន្ទាន់ គឺ​ចេញ​ពី​ស្រុក​ភូមិ ដើម្បី​ទៅ​ព្រៃ​ភ្នំ​តាម​វាល​តាម​ស្រែ​ហ្នឹង ពីព្រោះ​គេ​ប្រើ​ពាក្យ​ថា បើ​មិន​ចេញ​ទេ​នោះ កប៉ាល់​ហោះ​អាមេរិកាំង នឹង​មក​ទម្លាក់​គ្រាប់​បែក។ ប៉ុន្តែ​មាន​ពលរដ្ឋ និង​កងទ័ព​មួយ​ចំនួន​ធំ គឺ​យើង​មិន​ជឿ​ទេ ប៉ុន្តែ​បើ​គេ​ភ្ជង់​យើង ហើយ​ស្រែក​ឲ្យ​យើង​ទៅ​ហើយ គឺ​យើង​ត្រូវ​តែ​ទៅ»

កងទ័ព​របស់ លោក លន់ នល់ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ មាន​ចំនួន ២​សែន ៥​ម៉ឺន​នាក់។ កងទ័ព​ទាំង​នេះ ភាគ​ច្រើន​បាន​ស្លាប់​ក្នុង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ខ្លះ​នៅ​រស់​រាន​មាន​ជីវិត ហើយ​ខ្លះ​បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​ពិត​ប្រាកដ​ថា តើ​កងទ័ព​របស់​របប​សាធារណរដ្ឋ​ខ្មែរ​បាន​ស្លាប់​បាត់​បង់​ជីវិត​ប៉ុន្មាន​នាក់​នោះ​ឡើយ?

អតីត​អ្នក​យក​ព័ត៌មាន ឌឹ ញីវយ៉ក ថែមស៍ (The New York Times) ម្នាក់ លោក ស៊ិដនី ឆាន់ប៊ើក (Sydney Schanberg) ដែល​បាន​ទៅ​យក​ព័ត៌មាន​ក្នុង​សង្គ្រាម​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ជាពិសេស​នៅ​ក្នុង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ពេល​កងទ័ព​ខោ​អាវ​ខ្មៅ​វាយ​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ។ លោក​បាន​ធ្វើ​ជា​សាក្សី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២ ដោយ​លើក​ឡើង​ថា ក្នុង​ពេល​ខ្មែរ​ក្រហម​ចូល​ដល់​ភ្នំពេញ​ភ្លាម ពួក​គេ​បាន​ចោទ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ចំនួន ៧​រូប ថា​ជា​ជន​មហា​ក្បត់​ជាតិ។ មនុស្ស​ទាំង ៧​នាក់​នោះ​រួម​មាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ថ្នាក់​ដឹក​នាំ​កំពូល​ទី​ពីរ លោក លន់ នល់ ដែល​ខ្មែរ​ក្រហម​ចោទ​ថា រួម​គំនិត​ក្បត់​ធ្វើ​រដ្ឋ​ប្រហារ លោក ឡុង បូរ៉េត នាយក​រដ្ឋមន្ត្រី លោក ចេង ហេង អតីត​ប្រធាន​រដ្ឋ លោក អ៊ិន តាំ មេ​ដឹក​នាំ​ជាន់​ខ្ពស់ លោក​ឧត្ដមសេនីយ៍ លន់ នន់ មេ​ចារកិច្ច​កំពូល​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត លោក លន់ នល់ លោក​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បី សុស្ដែន ហ្វ៊ែរណងដេស អគ្គ​មេបញ្ជាការ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ។

នៅ​ក្នុង​លិខិត​បណ្ដាំ​ចុង​ក្រោយ​របស់ លោក លន់ នល់ មុន​ពេល​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​១៩៧៥ បាន​សរសេរ​ថា លោក​បាន​រង​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា។ លោក​សរសេរ​ថា លោក​សោកស្ដាយ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ដែល​បណ្ដាល​ឲ្យ​លោក​បាត់​បង់​កូន ប្អូន​ប្រុស និង​ប្អូន​ស្រី​របស់​លោក និង​ប្រជាជាតិ​ទាំង​មូល។

នៅ​ពេល​របប​របស់​លោក​សេនា​ប្រមុខ លន់ នល់ ដួល​រលំ​ទៅ ពេល​នោះ​កូន​ប្រុស​ម្នាក់​របស់​លោក​ឈ្មោះ លន់ រិទ្ធិ មាន​អាយុ ១៣​ឆ្នាំ​នៅ​ឡើយ ដែល​កំពុង​រៀន​សូត្រ​ក្នុង​រដ្ឋ​ម៉ារីឡែន (Maryland)។ ឥឡូវ​នេះ លន់ រិទ្ធិ មាន​អាយុ ៥៣​ឆ្នាំ​ហើយ។ ពី​ទីក្រុង​ហ្វីឡាឌែលហ្វៀ លោក​បាន​រៀបរាប់​ត្រួសៗ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មាន​ក្តី​រន្ធត់​ជា​ខ្លាំង និង​អស់​សង្ឃឹម​ពេល​បាន​ដឹង​អំពី​ការ​ដួល​រលំ​នៃ​របប​ដឹក​នាំ​ក្រោម​ការ​គ្រប់គ្រង​របស់​ឪពុក​លោក តាម​បណ្ដាញ​សារព័ត៌មាន៖ «ខ្ញុំ​ដឹង​ថា ស្រុក​ខ្មែរ​បាន​ធ្លាក់ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ទេ។ គ្រាន់​តែ​ឃើញ​នៅ​ក្នុង​ព័ត៌មាន​ស្រាប់​តែ​ឃើញ​ខ្មែរ​ក្រហម​ចូល ទាហាន​ដាក់​កាំភ្លើង​ចុះ ប្រជាពលរដ្ឋ​អរ​ណាស់ សប្បាយ​ណាស់ រួច​ហើយ​ក៏​វា​ស្ងាត់​ទៅ ស្ងាត់​មួយ​រយៈ​ខ្លី​ទៅ ស្រាប់​ហើយ​ឮ​សូរ​ថា ឥឡូវ​ស្រុក​ខ្មែរ​គេ​ចាប់​ផ្តើម​ដេញ​មនុស្ស​ចេញ​ពី​ក្រុង​ពី​ភូមិ​ទាំងអស់។ រួច​ហើយ​ឮ​សូរ​ថា​មាន​សម្លាប់​ទៀត ហើយ​បិទ​ព្រំដែន​ហ្នឹង​ជិត​អស់ គ្មាន​បរទេស​ណា​អាច​ចេញ​ចូល​យក​ព័ត៌មាន​បាន​ទេ»

លោក​បន្ត​ថា ប្រសិន​របប​ឪពុក​របស់​លោក​មិន​ដួល​រលំ​ទេ នោះ​កម្ពុជា មិន​ដុនដាប​រហូត​ដល់​សព្វថ្ងៃ​នេះ​ឡើយ។

របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់ ប៉ុន្តែ​មាន​ប្រភព​ខ្លះ​អះអាង​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​របប​នេះ​មាន​ជិត ២​លាន​នាក់ ហើយ​ប្រភព​ផ្សេង​ទៀត​អះអាង​ថា ជិត ៣​លាន​នាក់។ របប​វាល​ពិឃាត​នេះ​បាន​សម្លាប់​មនុស្ស​មិន​រើស​មុខ មិន​រើស​វ័យ មិន​រើស​ជនជាតិ ឬ​វណ្ណៈ ដែល​អ្នក​ទាំង​នោះ​រួម​មាន សែ​រាជវង្ស មន្ត្រី​រដ្ឋាភិបាល កងទ័ព​របស់ លោក លន់ នល់ គ្រូបង្រៀន បញ្ញវន្ត កូន​ក្មេង​ទើប​នឹង​កើត រហូត​ដល់​ពលរដ្ឋ​សាមញ្ញ។ រាល់​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​បាន​បំផ្លិចបំផ្លាញ ទីក្រុង​ត្រូវ​បាន​ទុក​ចោល​ឲ្យ​ក្លាយ​ជា​ទីក្រុង​ខ្មោច ហើយ​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ទៅ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ និង​បង្អត់​អាហារ​នៅ​ជនបទ។

ក្រោយ​ពី​កងទ័ព​ខ្មែរ​ក្រហម​វាយ​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ភ្លាម សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ប្រកាស​ពី​ទីក្រុង​ប៉េកាំង មក​ថា ជ័យជម្នះ​របស់​កងទ័ព​កុម្មុយនីស្ត​ខ្មែរ​ក្រហម គឺ​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

អតីត​យោធា​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ម្នាក់​ទៀត លោក ឃួន ថោងស៊ី មាន​ប្រសាសន៍​ថា ទឹក​ចិត្ត​អ្នក​ប្រយុទ្ធ​នៅ​ពេល​នោះ​មិន​បាន​ចុះ​ចាញ់​ក្រុម​ខ្មែរ​ក្រហម​នោះ​ទេ ប៉ុន្តែ​ការ​ចុះ​ចាញ់​នោះ គឺ​ដោយសារ​នយោបាយ​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត ដោយសារ​អាមេរិក បាន​យក លោក លន់ នល់ ចេញ​ពី​ប្រទេស​ថែម​ទៀត៖ «គឺ​ថា​ការ​តស៊ូ​របស់​យើង គឺ​យើង​ធ្វើ​ការ​អត់​មាន​ឈប់​ឈរ​ទេ។ ហើយ​ក៏​គ្មាន​ចិត្ត​រួញរា​ដែរ ជាពិសេស​ដែល​ខ្ញុំ​ធ្វើ​ការ​ខាង​ឧទ្ធម្ភាគចក្រ​ហ្នឹង គឺ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​កងទ័ព​ជើង​គោក។ ហើយ​បាន​ទៅ​ជួយ​កងទ័ព​ជើង​គោក​ហ្នឹង​រាល់​ថ្ងៃ​រាល់​វេលា ឃើញ​ថា​ទឹក​ចិត្ត​កងទ័ព​ហ្នឹង​ដូចជា​មិន​ខ្លាច​ញញើត​ទេ។ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​ទទួល​ជំនួយ​រដ្ឋាភិបាល​អាមេរិកាំង ហើយ​ជាពិសេស​គេ​យក​លោក​សេនា​ប្រមុខ លន់ នល់ ចេញ​ក្រៅ​បាត់​ទៅ​ទៀត។ យើង​បាត់​មេ​មួយ​ដែល​ជា​អ្នក​ដើម​ចម​នៃ​របប​សាធារណរដ្ឋ ហើយ​គេ​ឲ្យ​លោក​ចេញ ហើយ​បន្ទាប់​មក​គេ​កាត់​ជំនួយ ហើយ​អា​ហ្នឹង​វា​គ្មាន​មធ្យោបាយ​អ្វី​ដែល​ត្រូវ​តស៊ូ​ក្រៅ​ហ្នឹង​ទៀត​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​មាន​ការ​សោកស្ដាយ​ដែល​កងទ័ព​នៃ​របប​សាធារណៈ​ខ្មែរ​មិន​បាន​ប្រយុទ្ធ​ការពារ​ប្រទេស​ដល់​ដំណាក់​កាល​ចុង​ក្រោយ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ឆាង សុង មាន​ប្រសាសន៍​ថា ការ​ដែល​សហរដ្ឋ​អាមេរិក យក លោក លន់ នល់ ចេញ​ពី​ប្រទេស ដោយ​យក​លេស​ថា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា នោះ វា​ដូចជា​ការ​ដាក់​ប្រជាជាតិ​ទាំង​មូល​លើ​ជើង​ពាន​ថ្វាយ​ដល់​ពួក​កុម្មុយនីស្ត​អ៊ីចឹង។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក សម្រេច​ចិត្ត​ខុស​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​នៅ​កម្ពុជា ដែល​បណ្ដាល​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍៖ «រួច​អាមេរិកាំង​គេ​យល់​ថា ប្រសិន​បើ​ដក លន់ នល់ ចេញ​ទៅ​វា​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ហ្នឹង​មាន​កម្លាំង​ឈប់​ច្បាំង ដូចជា​ខាង សីហនុ ខ្មែរ​ក្រហម​អី​អ៊ីចឹង​ទទួល​ធ្វើ​សន្តិភាព​ជាមួយ។ ពីព្រោះ​តាំង​ពី​ដើម​មក ពួក​ខាង​ហ្នឹង​គេ​អត់​ដែល​ទទួល​ធ្វើ​សន្តិភាព​ជាមួយ អត់​ទទួល​ចរចា ដល់​ពេល លោក លន់ នល់ ចេញ​ទៅ​ក៏​អត់​ទទួល​ចរចា​ដដែល គឺ​វៃ​ទាល់​តែ​ឈ្នះ។ អា​ហ្នឹង​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិកាំង បើ​ដក លន់ នល់ ទៅ ពួក​ម្ខាង​ទៀត​គឺ​សំខាន់​បំផុត គឺ​ពួក សីហនុ សុខ​ចិត្ត​ចរចា ហើយ​តែ​ពួក​ខាង សីហនុ ចរចា ពួក​ខ្មែរ​ក្រហម​វា​ត្រូវ​ទៅ​តាម​ហើយ។ ប៉ុន្តែ​វា​អត់​អ៊ីចឹង​ឯណា ដល់​ដក លន់ នល់ ចេញ​ទៅ​វា​រឹត​តែ​ខ្លាំង​ទៅ​ទៀត ខុស​ទទេ»

លោក​បន្ត​ថា លោក លន់ នល់ បាន​សុំ​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក ចំនួន ២២២​លាន​ដុល្លារ ដើម្បី​បន្ត​ច្បាំង​រយៈពេល ៧​ខែ​ប៉ុណ្ណោះ គឺ​ពី​ខែ​មករា ឆ្នាំ​១៩៧៥ ដល់​ខែ​កក្កដា ឆ្នាំ​១៩៧៥ ប៉ុន្តែ​សភា​សហរដ្ឋ​អាមេរិក បាន​បដិសេធ​ចំពោះ​ជំនួយ​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​របប​សាធារណរដ្ឋ​ទាំង​មូល​ដួល​រលំ។ ទាហាន​របស់​របប​នេះ ភាគ​ច្រើន​ត្រូវ​ក្រុម​កងទ័ព​ខ្មែរ​ក្រហម​កាប់​សម្លាប់​ស្ទើរ​គ្មាន​សល់។ ការ​ដួល​រលំ​នៃ​របប​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ស្រប​ពេល​ដែល​សភា​សហរដ្ឋ​អាមេរិក រង​សម្ពាធ​ពី​មហាជន​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​ឥណ្ឌូចិន ជាពិសេស គឺ​សង្គ្រាម​វៀតណាម។ ប្រការ​នេះ​ហើយ ដែល​នាំ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក ត្រូវ​សម្រេច​ចិត្ត​ឈប់​ផ្តល់​ជំនួយ​យោធា​ដល់​រដ្ឋាភិបាល លោក លន់ នល់ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​នោះ ក្នុង​គោល​បំណង​សន្តិភាព និង​ស្ដារ​ស្ថិរភាព​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​វា​ជា​ការ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា។

លោក ឆាង សុង បន្ត​ថា សន្តិភាព​នៅ​អាមេរិក ជា​ឋាន​នរក​នៃ​ការ​សម្លាប់​រង្គាល​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។