ជុំវិញការស្លាប់របស់ ឌុច នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម៉័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័ររបស់លោកនៅថ្ងៃទី២ កញ្ញាថា សហរដ្ឋអាមេរិកសម្ដែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ក្រោមបញ្ជាគាត់។ លោកថា សហរដ្ឋអាមេរិក ចូលរួមជាមួយកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការទ្រទ្រង់ដល់ដំណើរការកាត់ក្តីរបស់តុលាការខ្មែរក្រហម ដែលបាននាំឲ្យមានការកាត់ទោស «ឌុច» ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការធានាឲ្យមាននូវការទទួលខុសត្រូវ។
ដោយឡែកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កាង (Pablo Kang) ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី២ កញ្ញាថា ថ្ងៃនេះ ប្រទេសអូស្ត្រាលីស្ថិតនៅជាមួយអ្នកដែលរងគ្រោះដោយរបបខ្មែរក្រហម និងក្រុមគ្រួសាររបស់ពួកគេ។ លោកថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏ឈឺចាប់សម្រាប់មនុស្សភាគច្រើននៅកម្ពុជា ក៏ប៉ុន្តែ ប្រទេសអូស្ត្រាលី សង្ឃឹមថា ការណ៍ដែលសមមិត្ត ឌុច ត្រូវបាននាំយកមកកាត់ទោសដោយសារតែទង្វើរបស់គាត់ នឹងនាំមកនូវសេចក្តីស្ងប់ចំពោះមនុស្សមួយចំនួន។ លោកគូសបញ្ជាក់ថា យើងមានសេចក្ដីរីករាយដែលជំនួយរបស់អូស្ត្រាលីសម្រាប់សាលាក្ដីខ្មែរក្រហម បានជួយអ្នកដែលនៅរស់រាន និងក្រុមគ្រួសាររបស់ពួកគេ ឲ្យទទួលបាននូវការទទួលស្គាល់ ហើយដែលជំនួយរបស់អូស្ត្រាលីបានជួយគាំទ្រដល់ពលរដ្ឋកម្ពុជាឲ្យអាចស្វែងយល់ពីអតីតកាលរបស់ពួកគេ និងបានជួយឲ្យពិភពលោកធានាថា អំពើឃោរឃៅដូចអ្វីដែលសមមិត្ត ឌុច ធ្លាប់បានប្រព្រឹត្តិ នឹងមិនកើតមានឡើងជាថ្មីទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។