ជនជាប់ចោទមួយរូបទៀតនៃសាលាក្ដីខ្មែរក្រហម អ្នកស្រី អៀង ធីរិទ្ធ បានទទួលមរណភាពហើយ នៅក្នុងវ័យ ៨៣ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា សាលាក្ដីខ្មែរក្រហមអោយដឹងថា អ្នកស្រីបានទទួលមរណភាពនៅវេលាម៉ោង ១០កន្លះព្រឹកថ្ងៃទី២២ ខែសីហា នៅខេត្តប៉ៃលិន។
សហព្រះរាជអាជ្ញានៃសាលាក្ដីខ្មែរក្រហមចាកចេញទៅកាន់ក្រុងប៉ៃលិន ភ្លាមៗនៅក្រោយទទួលបានដំណឹងពីមរណភាពរបស់អ្នកស្រី អៀង ធីរិទ្ធ ដើម្បីប្រមូលព័ត៌មានប្រគល់អោយសាលាក្ដី។
ជនជាប់ចោទ អៀង ធីរិទ្ធ កើតនៅថ្ងៃទី១២ ខែមីនា ក្នុងឆ្នាំ១៩៣២ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម។ ក្នុងសំណុំរឿង ០០២ អ្នកស្រីត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្ស៊ឺណែវ ឆ្នាំ១៩៤៩។
មន្ត្រីនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្រ្ដា មានប្រសាសន៍ថា ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានតុលាការសម្រេចដោះលែងអោយនៅក្រៅឃុំ ដោយសារតែជំងឺវង្វេងរង្វាន់បាត់បង់ការចងចាំរបស់អ្នកស្រីមានសភាពធ្ងន់ធ្ងរ។ យ៉ាងណាអ្នកស្រីត្រូវដាក់អោយឋិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក នេត ភក្រ្តា ពុំអាចបញ្ជាក់បាននៅឡើយទេពីមូលហេតុនៃមរណភាពរបស់អ្នកស្រី ដោយរង់ចាំការបញ្ជាក់ពីក្រុមគ្រួសារ ឬរបាយការណ៍របស់សហព្រះរាជអាជ្ញា។ លោក នេត្រ ភត្រ្តា ក៏មិនអាចបញ្ជាក់បានដែរថា តើមរណភាពរបស់អ្នកស្រី អៀង ធីរិទ្ធ នឹងធ្វើអោយប៉ះពាល់យ៉ាងណាដល់ដំណើរការសាលាក្ដីខ្មែរក្រហម៖ «ចំពោះករណីរបស់គាត់នេះ គឺអង្គជំនុំជម្រះនឹងពិនិត្យជាមួយអង្គជំនុំជម្រះសាលាដំបូង ហើយអង្គជំនុំជម្រះ នឹងសម្រេចនៅក្នុងដំណាក់កាលបន្តបន្ទាប់ទៀត នៅពេលទទួលរបាយការណ៍ពីសហព្រះរាជអាជ្ញា ដែលធ្វើការត្រួតពិនិត្យស្ថានភាពនៃការស្លាប់របស់គាត់ហ្នឹង។ មកដល់ពេលនេះ យើងមិនទាន់មានលទ្ធផលយ៉ាងណាទេ ព្រោះចំណាត់ការកំពុងបន្តធ្វើ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីសាច់ញាតិរបស់អ្នកស្រី អៀង ធីរិទ្ធ បានទេ នៅល្ងាចថ្ងៃទី២២ ខែសីហា។
អ្នកស្រី អៀង ធីរិទ្ធ ជាអតីតមេដឹកនាំខ្មែរក្រហមជាស្ត្រីតែមួយរូបគត់ក្នុងចំណោមជនជាប់ចោទដទៃទៀត ដែលតុលាការបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្ស៊ឺណែវ ដែលអង្គជំនុំជម្រះសាលាដំបូងកំពុងធ្វើសវនាការសព្វថ្ងៃនេះ។
ឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា អ្នកស្រី អៀង ធីរិទ្ធ កើតនៅខេត្តបាត់ដំបង ក្នុងគ្រួសារដែលមានជីវភាពធូរធារ។ អ្នកស្រីមានឈ្មោះដើម ខៀវ ធីរិទ្ធ និងឈ្មោះបដិវត្តន៍ថា ភា ឬ ហុង។ អ្នកស្រីរៀបការជាមួយ លោក អៀង សារី ក្នុងទសវត្សរ៍ទី៥០ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលកំពុងរៀនជាមួយគ្នា។ កាលណោះ អ្នកស្រី អៀង ធីរិទ្ធ រៀនផ្នែកអក្សរសាស្ត្រអង់គ្លេស។ លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម ដែលជាជនជាប់ចោទក្នុងសំណុំរឿង ០០២ ដែរនោះ បានទទួលមរណភាពកាលពីឆ្នាំ២០១៣។ បងស្រីរបស់ អៀង ធីរិទ្ធ គឺលោកស្រី ខៀវ ប៉ុណ្ណារី ត្រូវជាភរិយារបស់ ប៉ុល ពត។ អ្នកស្រីមានកូនប្រុសមួយរូប គឺលោក អៀង វុធ ដែលសព្វថ្ងៃជាអភិបាលរងក្រុងប៉ៃលិន។
មន្ត្រីនៃអង្គការឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហម លោក ឡុង បញ្ញាវុឌ្ឍ មានប្រសាសន៍ថា មរណភាពរបស់អតីតមេដឹកនាំនៃរបបខ្មែរក្រហមជាបន្តបន្ទាប់នេះ ជាសញ្ញាបង្ហាញថា សាលាក្ដីខ្មែរក្រហមត្រូវតែពន្លឿនដំណើរការរបស់ខ្លួន៖ «ជនជាប់ចោទកាន់តែចាស់ ហើយជនរងគ្រោះក៏កាន់តែចាស់ដែរ ហើយការទន្ទឹងចាំយុត្តិធម៌នេះក៏យូរមកហើយដែរ។ ដូច្នេះការស្លាប់របស់លោកស្រី អៀង ធីរិទ្ធ ជាការរំឭកដល់ចៅក្រមឲ្យពន្លឿននីតិវិធីសំណុំរឿង០០២ វគ្គ២ ជាពិសេសទាមទារឲ្យមានការរីកចម្រើនថែមទៀត ទាក់ទងនឹងសំណុំរឿង និងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤»។
ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងទទួលខុសត្រូវផ្នែកសុខាភិបាល អ្នកស្រី អៀង ធីរិទ្ធ ត្រូវចាត់ទុកថា បានរួមចំណែកជំរុញការអនុវត្តគោលនយោបាយខ្មែរក្រហម រួមមានការជម្លៀសប្រជាជន មនុស្សឃាត ការដាក់ឃុំឃាំង និងការសម្លាប់បំផុតពូជជាដើម។ ក៏ប៉ុន្តែអ្នកស្រី អៀង ធីរិទ្ធ បានជំទាស់ថា ការអះអាងនោះខុសទាំងស្រុង៕
[ ចុចដើម្បីអាន និងស្ដាប់ប្រវត្តិសង្ខេបរបស់ អ្នកស្រី អៀង ធីរិទ្ធOpens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។