សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមទាំងជាតិ និងអន្តរជាតិ ទាត់ចោលសំណើសហព្រះរាជអាជ្ញាអន្តរជាតិ ដែលស្នើបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះ។
តាមរយៈ សេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២០ ខែឧសភា សហចៅក្រមទាំងពីរនៃការិយាល័យសហចៅក្រមស៊ើបអង្កេត អះអាងថា សេចក្ដីសម្រេចមិនបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះនេះ បានបញ្ជាក់ច្បាស់រួចទៅហើយ នៅក្នុង សេចក្ដីសម្រេចរបស់សហចៅក្រមជាតិ នៃអង្គបុរេជំនុំជម្រះ កាលពីថ្ងៃទី៧ ខែមេសា ដែលបិទផ្លូវតវ៉ានោះ។ ប៉ុន្តែ សហចៅក្រមស៊ើបអង្កេតថា សហព្រះរាជអាជ្ញាអន្តរជាតិ មិនយល់ខ្លឹមសារនៃពាក្យពេចន៍របស់សហចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះ ទើបដកស្រង់យកធ្វើសេចក្ដីយោងដោយមិនត្រឹមត្រូវ។ ជាងនេះទៅទៀត សហចៅក្រមស៊ើបអង្កេត បដិសេធការយល់ឃើញរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ដែលថា ចៅក្រមអង្គបុរេទាំងប្រាំរូប ឯកភាពគ្នា និងមានសំឡេងស្របគ្នាជាឯកច្ឆន្ទថា អាចបញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះបាន។
មិនតែប៉ុណ្ណោះ សហចៅក្រមស៊ើបអង្កេត បារម្ភអំពីហានិភ័យនៃការជាប់គាំងសំណុំរឿងលោក មាស មុត ដែលគួរតែបញ្ចប់ដោយខ្លួនឯងដោយអង្គបុរេជំនុំជម្រះ ប៉ុន្តែនៅតែមិនទាន់បញ្ចប់បែបនេះ ដែលនាំឲ្យបំពានសិទ្ធិរបស់ជនជាប់ចោទ ក្នុងការទទួលបាននូវការបិទបញ្ចប់សំណុំរឿងជាស្ថាពរ និងឆាប់រហ័ស។
មិនខុសពីសំណុំរឿងអតីតកម្មាភិបាលខ្មែរក្រហមដទៃទៀតដែរ សំណុំរឿងលោក មាស មុត នេះមានភាពចម្រូងចម្រាស និងខ្វែងយោបល់គ្នារវាងភាគីជាតិ និងអន្តរជាតិ គ្រប់ស្ថាប័ននៅក្នុងសាលាក្ដីខ្មែរក្រហម។ ភាគីជាតិ តែងតែជំទាស់ការកាត់ក្តីបន្ថែមលើអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម ដោយឈរលើសម្អាងថា អតីតកម្មាភិបាលខ្មែរក្រហមទាំងនោះ មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬអ្នកដែលទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ប៉ុន្តែ ភាគីអន្តរជាតិ តែងតែយល់ថា សាលាក្ដីខ្មែរក្រហម មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូនរឿងពួកគាត់ទៅជំនុំជម្រះ ព្រោះពួកគាត់ជាអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មក្នុងសម័យនោះ។
ប៉ុន្តែលើកនេះ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលធ្លាប់ចេញដីកាឲ្យបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះ បែរជាយល់ស្របគ្នាជាមួយភាគីសហចៅក្រមជាតិថា មិនត្រូវបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះវិញ និងឲ្យបិទបញ្ចប់រឿងនេះឲ្យបានឆាប់ ដើម្បីការពារសិទ្ធិលោក មាស មុត ព្រោះយោងលើសម្អាងថា អង្គបុរេជំនុំជម្រះសម្រេចច្បាស់លាស់រួចហើយរឿងនេះ។
ទោះជាយ៉ាងនេះក្ដី រឿងក្ដីរបស់លោក មាស មុត នេះមិនទាន់បិទបញ្ចប់ឆាប់ៗ នោះដែរ ព្រោះសហព្រះរាជអាជ្ញាអន្តរជាតិ មានសិទ្ធិប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សហចៅក្រមស៊ើបអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។