ការខ្វែងយោបល់គ្នានេះធ្វើឡើងក្រោយ សេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះលើរឿងនេះរួចទៅហើយ ប៉ុន្តែនៅតែមិនដាច់ស្រេច ដោយសារតែចៅក្រមជាតិ និងអន្តរជាតិនៃអង្គបុរេជំនុំជម្រះក៏ខ្វែងយោបល់គ្នាដែរ។ ក្នុងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះកាលពីថ្ងៃទី ០៧ ខែ មេសា សហចៅក្រមជាតិសម្រេចឲ្យតម្កល់រឿងនេះដោយមិនចាត់ការ។
ប៉ុន្តែសហចៅក្រមអន្តរជាតិសម្រេចឲ្យបញ្ជូនរឿងនេះទៅជំនុំជម្រះដោយស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងទទួលយកសំណុំរឿងនេះ ទៅចាត់ការបន្ត។ ក្រោយសេចក្តីសម្រេចមិនដាច់ស្រេចបែបនេះចេញរួច អ្នកច្បាប់នៅសាលាក្ដីខ្មែរក្រហមបកស្រាយថា សេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះ មានន័យថា សំណុំរឿងរបស់លោក មាស មុត ត្រូវចប់ត្រឹមនេះ ហើយការស៊ើបអង្កេតរឿងនេះកន្លងមក បានត្រឹមតែទុកជាឯកសារប្រវត្តិសាស្រ្តតែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី សហព្រះរាជអាជ្ញាអន្តរជាតិកាលពីថ្ងៃទី១៣ ខែមេសា ចេញ សេចក្តីថ្លែងការណ៍មួយ ដោយបកស្រាយបញ្ជាក់ថា រឿងក្តីរបស់លោក មាស មុត មិនទាន់បញ្ចប់ត្រឹមនេះនោះទេ។ សហព្រះរាជអាជ្ញាអន្តរជាតិអ្នកស្រី ប្រិនដា ហុល្លីស (Brenda J. Hollis) ថាអង្គបុរេជំនុំជម្រះមិនបានសម្រេចឲ្យបញ្ឈប់រឿងក្ដីនេះ ដោយមិនឲ្យបន្តទៅជំនុំជម្រះនោះឡើយ។ អ្នកស្រីយោងលើសម្អាងថា យ៉ាងហោចណាស់មានចៅក្រមអង្គបុរេជំនុំជម្រះ ៥នាក់ ក្នុងចំណោម ៧នាក់ យល់ស្របថា ដីកាបញ្ជូនរឿងលោក មាស មុត ទៅជំនុំជម្រះមានសុពលភាព ដូច្នេះបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់សំឡេងភាគច្រើនលើសលុប។
ដោយសារមូលហេតុទាំងនេះ ហើយផ្អែកលើបទបញ្ជាផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមអ្នកស្រី ប្រិនដា ហុល្លីស ស្នើសុំឲ្យសហចៅក្រមស៊ើបអង្កេតមួយណាក៏បាន ត្រូវបញ្ជូនរឿងនេះទៅអង្គជំនុំជម្រះសាលាដំបូងដើម្បីចាប់ផ្តើមកាត់ក្តីលោកមាស មុត។
មាត្រា ៧២ នៃវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមចែងថា ក្នុងករណីអង្គបុរេជំនុំជម្រះមិនអាចរកសំឡេងគាំទ្រភាគច្រើនបាន មានន័យថា ដីការបស់ចៅក្រមស៊ើបអង្កេតណាម្នាក់ត្រូវមានសុពលភាពឬត្រូវតែយកមកអនុវត្ត។
ផ្ទុយពីការលើកឡើងរបស់សហព្រះរាជអាជ្ញាអន្តរជាតិសហព្រះរាជអាជ្ញាជាតិបានចេញសេចក្តីថ្លែងការណ៍ជំទាស់ដោយលើកឡើងថា សហចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះបានសម្រេចតម្កល់រឿងនេះមិនចាត់ការរួចទៅហើយ។ ដូច្នេះសហព្រះរាជអាជ្ញាជាតិ ថាសំណុំរឿងលោក មាស មុត ត្រូវចប់ត្រឹមនេះដោយយោងរឿងនេះទៅនឹងសំណុំរឿងអតីតកម្មាភិបាលខ្មែរក្រហមមួយរូបទៀត គឺលោក អោ អាន ដែលចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ សម្រេចថា ចប់នៅត្រឹមមុនអង្គសេចក្តី។
នៅពេលដែលចៅក្រម និង ព្រះរាជអាជ្ញានៅសាលាក្ដីបន្តខ្វែងយោបល់គ្នាបែបនេះ សាធារណជនទូទៅត្រូវស្ថិតក្នុងភាពស្រពិចស្រពិលគ្មានទីបញ្ចប់ដែរ។ គេនៅចាំមើលថា តើសំណុំរឿងលោក មាស មុត ដែលនៅតែលតោលជាង ១០ ឆ្នាំទៅហើយនេះ នឹងចប់ត្រឹមនេះ ឬបន្តទៅមុខទៀត។
អ្នកដែលអាចបំភ្លឺរឿងនេះបាន គឺអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា។ ប៉ុន្តែ លោកមិនឆ្លើយតបការសុំបំភ្លឺរបស់អាស៊ីសេរីទេ។
កន្លងមកសហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺជាអ្នកឈានមុខគេក្នុងការជំរុញឲ្យបញ្ចូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ។ ក្រោយចេញសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាអន្តរជាតិនេះ ថាតើសហចៅក្រមស៊ើបអង្កេត នឹងបញ្ជូនសំណុំរឿងនេះ ទៅអង្គជំនុំជម្រះនៅសាលាដំបូងឬយ៉ាងណា?
លោក មាស មុត អាយុ ៨៣ ឆ្នាំ មានស្រុកកំណើតក្នុងខេត្តកំពត បច្ចុប្បន្នរស់នៅក្នុងខេត្តបាត់ដំបង។ លោកត្រូវបានចោទប្រកាន់ថា ធ្លាប់ជាកម្មាភិបាលជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដោយមានតួនាទីជាសមាជិកគណៈមជ្ឈិមបក្ស ជាលេខាធិការរង ជាលេខាកងពល ១៦៤ (រាប់បញ្ចូលទាំងកងទ័ពជើងទឹក) និងជាលេខាស្វយ័តនៅកំពង់សោមផង។
កិច្ចដំណើរការនីតិវិធីមុនអង្គសេចក្ដីពាក់ព័ន្ធនឹងករណីលោកមាស មុត បានចាប់ផ្តើមតាំងពីចុងឆ្នាំ ២០០៨ ដែលគិតមកដល់ពេលនេះប្រើពេលជិត ១៣ ឆ្នាំទៅហើយ នៅតែមិនទាន់ដាច់ស្រេច។ នេះនៅមិនទាន់គិតដល់កិច្ចដំណើការនីតិវិធី ប្រសិនបើសំណុំរឿងនេះ ត្រូវបញ្ជូនទៅជំនុំជម្រះ ដែលអាចស៊ីពេលរាប់ឆ្នាំទៅមុខទៀត។
កន្លងមករឿងក្ដីនីមួយៗ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមសុទ្ធតែប្រើពេលច្រើនឆ្នាំក្នុងការស៊ើបអង្កេត និងជំនុំជម្រះ។ រឿងខ្លះមានរហូតជាងដល់ ១០ឆ្នាំក៏មាន។
អតីតរដ្ឋមន្រ្តីការបរទេសខ្មែរក្រហមលោក អៀង សារី បានស្លាប់ក្នុងពេលឃុំខ្លួននៅសាលាក្ដីខ្មែរក្រហម ក្នុងវ័យ ៨៨ ឆ្នាំ ស្លាប់ទាំងរឿងក្ដីនៅពាក់កណ្តាលទី។ ភរិយារបស់លោក អៀង សារី គឺអ្នកស្រី អៀង ធិរិទ្ធ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចខ្មែរក្រហមបានស្លាប់ក្នុងវ័យ ៨៣ ឆ្នាំ ស្លាប់ក្រោយសាលាក្តីដោះលែង ព្រោះរកឃើញថា អ្នកស្រីគ្មានកាយសម្បទាគ្រប់គ្រាន់ដើម្បីចូលរួមសវនាការ។ រឿងក្តីបងធំទីពីរសម័យខ្មែរក្រហម គឺលោក នួន ជា ប្រើពេលជាង ១០ ឆ្នាំ ទម្រាំសាលាក្ដីនេះ រកឃើញថា គាត់មានទោសត្រូវដាក់ពន្ធនាគារអស់មួយជីវិត។ លោកស្លាប់ពេលកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងនៃសាលាក្ដីខ្មែរក្រហមកាលពីឆ្នាំ ២០១៩ ក្នុងវ័យ ៩៣ ឆ្នាំ។ មេគុកទួលស្លែងលោក កាំងហ្គេកអ៊ាវ ហៅឌុច ប្រើពេលជាង ១០ ឆ្នាំដែរ ទើបជំនុំជម្រះចប់។ សាលាក្ដីខ្មែរក្រហមកាត់ទោសឲ្យលោកជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែលោកបានស្លាប់ក្នុងពន្ធនាគារនាខេត្តកណ្ដាល កាលពីឆ្នាំ២០២០ ក្នុងវ័យ ៧៨ ឆ្នាំ។
គុកទួលស្លែងបន្សល់ទុកនូវស្លាកស្នាមអតីតកាលជាច្រើន រួមទាំងរូបថតជនរងគ្រោះ ដែលគេដាក់តាំងសម្រាប់ភ្ញៀវទេសចរណ៍។ រូបថតទាំងនោះ បង្ហាញនូវទឹកមុខក្រៀមក្រំរបស់អ្នកជាប់ឃុំ ដែលសុទ្ធតែត្រូវគេថតរូប មុនគេយកទៅដាក់ឃុំ និងធ្វើទារុណ្ឌកម្ម រួចសម្លាប់ចោល។ ក្នុងចំណោមអ្នកជាប់ឃុំជាង ១ម៉ឺន២ពាន់នាក់មានតែប្រមាណជាង ១០នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម។
ជុំវិញរឿងជនរងគ្រោះនៅគុកទួលស្លែងនេះ ថ្មីៗនេះ មានវិចិត្រករជនជាតិអៀរឡង់មួយរូប គឺលោក ម៉ាត់ ឡក់រី (Matt Loughrey) បានកែច្នៃរូបថតអ្នកជាប់ឃុំមួយចំនួនពីរូបសខ្មៅ ទៅរូបពណ៌ធម្មជាតិ ហើយលោកថែមទាំងបានកែទឹកមុខជនរងគ្រោះ ដោយបន្ថែមស្នាមញញឹមគ្រប់រូបដែលលោកបានកែ។ រូបថតកែរួចទាំងនេះ លោកបានផ្សាយតាមគេហទំព័ររបស់ក្រុមហ៊ុនផ្សព្វផ្សាយរបស់អាមេរិកមួយឈ្មោះ វ៉ៃស៍ ( VICE) កាលពីសប្តាហ៍មុន។
ការបន្ថែមស្នាមញញឹមនេះ ធ្វើឲ្យសាធារណៈទូទៅជាពិសេសអ្នកធ្លាប់រងគ្រោះក្នុងសម័យខ្មែរក្រហម មិនអាចទទួលយកបានរហូតពួកគាត់ធ្វើយុទ្ធនាការជាសាកល ទាមទារឲ្យក្រុមហ៊ុន វ៉ៃស៍ ដករូបទាំងនេះ ចេញវិញភ្លាម។ ជាលទ្ធផល កាលពីដើមសប្តាហ៍ ក្រុមហ៊ុននេះ បានដករូបទាំងនោះចេញវិញ រួចសរសេរសេចក្តីថ្លែងការណ៍បង្ហាញការសោកស្ដាយដែលមានកំហុសបែបនេះ។
ទោះជាយ៉ាងនេះ ពលរដ្ឋខ្មែរជាច្រើនទៀត នៅបន្តធ្វើយុទ្ធនាការឲ្យវិចិត្រកររូបនេះ សុំទោសជាសាធារណៈ ព្រោះពួកគាត់ចាត់ទុកការកែរូបឈឺចាប់ និងខ្លោចផ្សារបស់ជនរងគ្រោះ ដែលស្ថិតនៅមាត់ចង្កូមមច្ចុរាជ ឲ្យទៅជាញញឹមពព្រាយបែបនេះ គឺជាការប្រមាថមើលងាយព្រលឹងជនរងគ្រោះ និងគ្រួសារ និងធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងធ្វើឲ្យស្នាមរបួសចាស់កាន់តែឈឺផ្សារខ្លាំងឡើងជាដើម។
ជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហមនិងជាដើមបណ្តឹងរដ្ឋប្បវេណីនៅសាលាក្តីខ្មែរក្រហមកញ្ញា សេង ធារី ប្រាប់អាស៊ីសេរី ថាកញ្ញាចាត់ទុកវិចិត្រកររូបនេះ ថាជាមនុស្សសរសៃប្រសាទ។ កញ្ញាចាត់ទុកអ្នកកែរូបថតជនរងគ្រោះរូបនេះ ថាជាតួត្លុកកំប្លែង ដែលចង់ល្បី ប៉ុន្តែមានភាពអមនុស្ស និងគ្មានបេះដូង។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោក ម៉ាត់ ឡក់រី (Matt Loughrey) ថាបើលោកកែពណ៌រូបថតពីសខ្មៅទៅពណ៌ធម្មជាតិ ចុះហេតុអ្វីចាំបាច់កែរូបពីមុខស្ងួត ទៅជាមុខញញឹមពព្រាយបែបនេះទៅវិញ។
តាមតាមរយៈរូបថតដើមរបស់ជនរងគ្រោះទាំងនោះដែលគេបង្ហោះភ្ជាប់ជាមួយរូបកែរួចបង្ហាញថា រូបដើមស្ទើរតែទាំងអស់ ទាំងស្រីទាំងប្រុស គ្មានស្នាមញញឹមនោះទេ គឺមុខស្ងួតស្ទើរគ្រប់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។